ក្រុមហ៊ុនស្រាបៀហនុមានប្រើគ្រប់មធ្យោបាយ ផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង
2024.09.17
ក្រុមហ៊ុនស្រាបៀហនុមាន កំពុងតែប្រើប្រាស់គ្រប់មធ្យោបាយផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងដើម្បីទាក់ទាញមហាជន ជាពិសេសគឺយុវជនឱ្យទទួលទានគ្រឿងស្រវឹងរបស់ខ្លួនដោយគ្មានការអើពើពីស្ថាប័នមានសមត្ថកិច្ច។ ហេតុអ្វីបានជាក្រុមហ៊ុនមួយនេះអាចធ្វើសកម្មភាពផ្សព្វផ្សាយគ្រឿងស្រវឹងបានទូលំទូលាយដូចសព្វថ្ងៃ?
ក្នុងពេលបច្ចុប្បន្ន គេសង្កេតឃើញថា កូនៗរបស់ម្ចាស់ក្រុមហ៊ុនស្រាបៀហនុមាន ចំនួន២នាក់ កំពុងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀយ៉ាងសកម្មលើបណ្ដាញសង្គមនានា។ ក្នុងនោះមានកូនពៅម្ចាស់ក្រុមហ៊ុនស្រាបៀហនុមាន លោក ផន មុតច័ន្ទឧត្តម មានឈ្មោះហៅក្រៅថា អ៊ីរីក (Erich) និងភរិយាកូនច្បងក្រុមហ៊ុនស្រាបៀហនុមាន លោក ផន មុតសុក្រឆពណ្ណ មានឈ្មោះក្រៅ រីកឈី (Richie) គឺអ្នកស្រី តាំង ប៉ោហ្គិច ហៅ ចេត (Jade) ។
លោក ផន មុតច័ន្ទឧត្តម ហៅ អ៊ីរីក និងលោក ផន មុតសុក្រឆពណ្ណ ហៅ រីកឈី ត្រូវជាកូនរបស់ឧត្តមសេនីយ៍ពាក់ផ្កាយពីរ លោក ម៉ឹង ពន្លក កាន់តួនាទីជាអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ជាមួយនឹងអ្នកស្រី ខៀវ សស៊ីលៀប អគ្គនាយិកាក្រុមហ៊ុនស្រាបៀហនុមាន និងជាដៃគូជំនួញជាមួយនឹងកូនស្រីរបស់លោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាណា ។ ពួកគាត់ ក៏ត្រូវជាចៅប្រុសរបស់ឧត្តមសេនីយ៍ផ្កាយបី លោក ម៉ឹង សំផន ដែលជាអតីតដន្លងរបស់លោក ហ៊ុន សែន និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការពារជាតិ។
ចំណែកឯ អ្នកស្រី តាំង ប៉ោហ្គិច ហៅ ចេត ជាកូនបង្កើតឧកញ៉ា តាំង គីមថុង និងអ្នកស្រី ស៊ុយ សុផាន់ ដែលជាម្ចាស់ក្រុមហ៊ុន ផានអីមិច គ្រុប។
លោក មុតច័ន្ទឧត្តម ហៅ អ៊ីរីក (Erich) តែងបង្ហាញមុខក្នុងវីដេអូដាក់រង្វាន់ក្នុងកំប៉ុងស្រាបៀ លើបណ្ដាញសង្គមជាច្រើនដូចជា ហ្វេសប៊ុក (Facebook) និងតិកតុក (Tiktok) ជាដើម។ ថ្មីៗនេះ លោកក៏បានជួលបុគ្គលល្បីៗលើពិភពលោក ដូចជាអ្នកកាត់សក់ដ៏មានប្រជាប្រិយភាពម្នាក់ឈ្មោះ ជេ ប៊ី (Jbwaysfresh) ឲ្យផ្សព្វផ្សាយស្រាបៀ តាមរយៈសកម្មភាពកាត់សក់ឲ្យលោក ខណៈលោកអង្គុយលើសាឡុងរៀបចំដោយស្រាបៀផងដែរ ។
លោក ជេ ប៊ី (Jbwaysfresh) ក្នុងពេលមកកាត់សក់ឲ្យលោក មុតច័ន្ទឧត្តម ហៅ អ៊ីរីក បានគាស់កំប៉ុងស្រាបៀ បង្ហោះក្នុងបណ្ដាញសង្គមតិកតុក (Tiktok) ហើយមានអ្នកទស្សនាជិត៣០លាននាក់។
ចំណែកឯ កូនប្រសារក្រុមហ៊ុនស្រាបៀហនុមានវិញ អ្នកស្រី តាំង ប៉ោហ្គិច ហៅ ចេត (Jade) ក៏បានព្យាយាមផ្សព្វផ្សាយស្រាបៀនេះដែរ។ អ្នកស្រី បានបង្ហាញសកម្មភាពគាស់ក្រវិលកំពុង ដើម្បីផឹក និងអ៊ុតមើលរង្វាន់ ព្រមទាំងសកម្មភាពដាក់រង្វាន់ចូលក្នុងកំប៉ុងស្រាបៀជាដើម។
ក្រៅពីនេះ កាលពីដើមឆ្នាំ២០២៤ ក្រុមហ៊ុនស្រាបៀហនុមាន ក៏បានអញ្ជើញកំពូលកីឡាករប្រដាល់សាកលជនជាតិហ្វីលីពីន (Philippines) លោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) ដើម្បីមកធ្វើជាទូតសុឆន្ទៈ (BA) ឲ្យផ្សព្វផ្សាយស្រាបៀនេះផងដែរ។
ក្រៅពីក្រុមហ៊ុនស្រាបៀហនុមាន មានក្រុមហ៊ុនស្រាបៀផ្សេងទៀតដូចជា ក្រុមហ៊ុនស្រាបៀគ្រុឌ (Krud) ស្រាបៀហ្គេនស៍ប៊ឺត (Ganzberg) និងស្រាបៀកម្ពុជាជាដើម ក៏កំពុងប្រើប្រាស់បណ្ដាញសង្គមនានា ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរបស់ខ្លួនដែរ។
ក្រុមហ៊ុនស្រាបៀទាំងនេះ តែងជួលអ្នកមានប្រជាប្រិយភាពដូចជាតារាចម្រៀង តារាសម្ដែង សិល្បករ និងអ្នកផលិតមាតិកាតាមអនឡាញជាដើម ព្រមទាំងប្រើរូបភាពជាអ្នកឧបត្ថម្ភកម្មវិធីនានាតាមប៉ុស្តិ៍ទូរទស្សន៍ ដូចជា កម្មវិធីប្រគំតន្ត្រី និងកម្មវិធីប្រដាល់ជាដើម ដើម្បីផ្សាយពាណិជ្ជកម្មស្រាបៀ និងផលិតផលផ្សេងទៀតរបស់ខ្លួន។ លើសពីនេះ ជារឿយៗក្រុមហ៊ុនស្រាបៀខ្លះទៀត ថែមទាំងឧបត្ថម្ភស្រាបៀរាប់រយកេស ដល់អាជ្ញាធរតាមស្ថាប័នរដ្ឋជាច្រើនទៀត។
ងាកមកមើលរង្វាន់ស្រាបៀរបស់ក្រុមហ៊ុនទាំងនោះវិញ ពួកគេបានប្រើរង្វាន់ច្រើនហួសហេតុ ដើម្បីទាក់ទាញពលរដ្ឋឲ្យផឹកស្រាបៀរបស់ពួកគេ ដូចជា រង្វាន់ឡាន ម៉ូតូ និងទឹកប្រាក់ប្រចាំខែជាដើម។
ទាក់ទងនឹងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនេះ ក្រសួងសុខាភិបាល កាលពីថ្ងៃទី១០ មករា បានប្រកាសថា ជាតិអាល់កុល ដែលមាននៅក្នុងផលិតផលគ្រឿងស្រវឹងនោះ គឺប៉ះពាល់ដល់សុខភាព និងប្រឈមនឹង ជំងឺក្រិនថ្លើម ជំងឺមហារីក ប្រព័ន្ធភាពស៊ាំចុះខ្សោយ ជំងឺបេះដូង សរសៃឈាម និងក្លាយជាអ្នកញៀនគ្រឿងស្រវឹងជាដើម។ ក្រសួងសុខាភិបាល បានស្នើដល់ស្ថាប័នផ្សេងទៀត និងពលរដ្ឋ ឲ្យចូលរួម កាត់បន្ថយ និងទប់ស្កាត់ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង។
ចំណែក រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ដ្រា កាលពីថ្ងៃទី៨ មករា ក៏បានចេញលិខិតស្ដីពីការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងថា ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយ ការលើកទឹកចិត្ត ការអូសទាញពលរដ្ឋឲ្យប្រើប្រាស់គ្រឿងស្រវឹង ដោយស្នើឲ្យម្ចាស់ក្រុមហ៊ុនសេវាកម្មផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ ត្រូវអនុវត្តតាមស្មារតីស្ដីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងរបស់ក្រសួងព័ត៌មាន ហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងផ្ដល់រង្វាន់ ហាមយកស្ត្រី និងអនីតិជនក្រោម១៨ឆ្នាំ មកផ្សាយពាណិជ្ជកម្ម និងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ត្រូវដាក់សារព្រមាន។
លើសពីនេះកាលពីថ្ងៃទី៣០ ខែកក្កដា ក្រសួងព័ត៌មាន បានចេញសេចក្ដីប្រកាសមួយផ្សេងទៀតបញ្ជាក់ថា ការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង ត្រូវមានការអនុញ្ញាតពីក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ហើយការផ្សព្វផ្សាយនោះត្រូវគោរពគោលការណ៍ដូចជា មិនផ្សព្វផ្សាយពាណិជ្ជកម្មមានលក្ខណៈអូសទាញ មិនត្រូវផ្សាយពាណិជ្ជកម្មដោយឲ្យអ្នកទទួលទានឡើងផឹកគ្រឿងស្រវឹងលើឆាតកម្មវិធីនានា និងហាមផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងគ្រប់រូបភាពនៅចម្ងាយ២រយម៉ែត្រ ជុំវិញសាលារៀន និងមន្ទីរពេទ្យជាដើម។
ប្រធានប្រតិបត្តិគណបក្ស ភ្លើងទៀនខេត្តប៉ៃលិន លោក ខឹម មុនីកុសល ដែលកំពុងភៀសខ្លួននៅប្រទេសថៃ ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៥ ខែកញ្ញាថា ការផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀហួសហេតុបែបនេះ អាចធ្វើទៅបានលុះត្រាតែមានជាប់សែស្រឡាយនឹងថ្នាក់ដឹកនាំរដ្ឋាភិបាល។ លោកថា បញ្ហានេះ កំពុងតែពង្វក់យុវជន ឲ្យប្រើប្រាស់គ្រឿងស្រវឹង។ អតីតមន្ត្រីជាន់ខ្ពស់នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិនរូបនេះ លើកឡើងថា មានតែក្រុមអ្នកមានលុយមានអំណាចស្និទ្ធនឹងគ្រួសារត្រកូលហ៊ុន ទើបអាចផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀ ដោយគ្មានការត្រួតពិនិត្យពីអាជ្ញាធរពាក់ព័ន្ធបែបនេះ។
លោក ខឹម មុនីកុសល៖ «ការគ្រប់គ្រងគ្រឿងស្រវឹងគឺជាអាទិភាពទី១ សំខាន់បំផុត គឺត្រូវតែគ្រប់គ្រង និងមានច្បាប់ទម្លាប់ត្រឹមត្រូវ ដើម្បីឲ្យប្រជាពលរដ្ឋកាត់បន្ថយក្នុងកម្រិតអតិបរមាលើការសេពគ្រឿងស្រវឹង ដែលមិនមានការគ្រប់គ្រងច្បាស់លាស់ ធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ ធ្វើឲ្យប៉ះពាល់ដល់កម្លាំងពលកម្មនៅក្នុងសង្គម។ បើគាត់វក់តែផឹកស្រា ហើយជួបជុំគ្នាឲ្យតែដល់ម៉ោង គឺចាំតែអង្គុយផឹក អត់រកការងារ អត់រកអ្វីផ្សេងធ្វើ ដូច្នេះវាធ្វើឲ្យសង្គមជាតិរបស់យើងហ្នឹងកាន់តែដុនដាបទៅថ្ងៃមុខទៀត។ ច្បាប់ទម្លាប់ និងការតាំងចិត្តរបស់រដ្ឋាភិបាល គឺជាកត្តាមួយសំខាន់ក្នុងការគិតគូរពីសុខទុក្ខ ជីវភាព និងសុខភាពរបស់ពលរដ្ឋ»។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ និងអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ ដើម្បីសុំការឆ្លើយតបជុំវិញបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី១៦ ខែកញ្ញា។ ចំណែកឯ អគ្គនាយិកាក្រុម ហនុមាន អ្នកស្រី ខៀវ សស៊ីលៀប ក៏វិទ្យុអាស៊ីសេរី មិនអាចទាក់ទងបានដែរ។
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា សង្កេតឃើញថា នៅតាមខេត្តមួយចំនួន បានរុះរើស្លាកផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ប៉ុន្តែនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀតនៅមិនទាន់រុះរើនៅឡើយទេ។ លោកស្នើដល់អាជ្ញាធរពាក់ព័ន្ធឲ្យចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុន ឬបុគ្គលទាំងឡាយណា ដែលល្មើសបទបញ្ញត្តិស្ដីពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។
លោក រស់ សុដ្ឋា៖ «មានតែគណៈកម្មាធិការចម្រុះ ដែលលោកបានបង្កើតហ្នឹង មានក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម និងក្រសួងមួយចំនួនទៀត លោកគួរតែពង្រឹងយន្តការហ្នឹងឡើងវិញ ហើយចាត់វិធានការតាមដានការផ្សព្វផ្សាយហ្នឹង ជាពិសេសអ្វីដែលងាយឃើញហ្នឹង គឺតាមប្រព័ន្ធអនឡាញហ្នឹង។ ប្រសិនបើយើងអង្កេតឃើញហើយ គឺត្រូវបិទតែម្ដងទៅ ដោយសាររដ្ឋាភិបាលមានព្រះរាជអាជ្ញា ក្នុងការស្នើឲ្យបិទ បើមិនបិទត្រូវមានការពិនិត្យយ៉ាងណាលោក ធ្លាប់ធ្វើបានហើយតើ»។
កន្លងទៅក្រុមអង្គការសង្គមស៊ីវិល ធ្លាប់បានធ្វើយុទ្ធនាការមួយចំនួន បំណងជំរុញដល់រដ្ឋាភិបាល ពន្លឿនការបង្កើតច្បាប់ស្ដីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង ដែលសេចក្ដីព្រៀងច្បាប់នេះ បានធ្វើឡើងតាំងពីឆ្នាំ២០១៥ ។
របាយការណ៍របស់ វ៉ៃស៍ វ៉ូតធ័រ (Wisevoter) កាលពីឆ្នាំ២០២៣ រកឃើញថា កម្ពុជាឈរនៅលេខរៀងទី១ ក្នុងតំបន់អាស៊ាន ដែលមានប្រជាជនទទួលទានគ្រឿងស្រវឹងច្រើនជាងគេ ខណៈរបាយការណ៍សិក្សាថ្មីមួយរបស់ក្រុមហ៊ុនភេសជ្ជៈជប៉ុនឈ្មោះ គីរិន (Kirin) ចេញផ្សាយកាលពីពេលថ្មីៗ នេះ ក៏បានឱ្យដឹងថា ពលរដ្ឋខ្មែរបានចំណាយប្រាក់ប្រមាណពីរពាន់បីរយលានដុល្លារ ក្នុងមួយឆ្នាំ ទៅលើស្រាបៀដោយពលរដ្ឋម្នាក់ៗ ទទួលទានស្រាបៀប្រមាណ ៧២លីត្រក្នុងមួយឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។