កម្មករ​រោងចក្រ ហ៊ឹង ជីង ជាង ១០០​នាក់ ដាក់​វេន​គ្នា​ដេក​យាម​មុខ​រោងចក្រ ទាមទារ​បើក​ប្រាក់​​ឈ្នួល និង​ប្រាក់​រំលឹក

កម្មករ​រោងចក្រ ​ហ៊ឹង ជីង (Hoeng Gin) ជាង ១០០នាក់ នៅ​ខណ្ឌ​មានជ័យ បណ្ដាក់​វេន​គ្នា ដេក​យាម​មុខ​រោងចក្រ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​បើក​ប្រាក់​ឈ្នួល និង​ប្រាក់​រំលឹក​អតីត​ភាព។ អាជ្ញាធរ​វិស័យ​ការងារ ប្រាប់​កម្មករ​ថា បាន​បញ្ជូន​ញត្តិ​ស្នើសុំ​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​រួច​ហើយ។

កម្មការិនី​ម្នាក់ នៃ​រោងចក្រ ហ៊ឹងជីង លោកស្រី ពៅ លីនណា ប្រាប់​ថា កម្មករ​បាន​លើក​គ្នា​ទៅ​តវ៉ា នៅ​មុខ​ក្រសួង​ការងារ កាល​ពី​ថ្ងៃ​ទី៨ តុលា តែ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ទេ ទើប​ក្រុម​កម្មករ​បន្ត​នាំ​គ្នា បោះ​តង់​ដេក​មុខ​រោងចក្រ​បន្ត​ទៀត។ កម្មការិនី​រូប​នេះ ថា កម្មករ​ទាមទារ​២ គឺ​ប្រាក់​ឈ្នួល​ប្រចាំ​ខែ​ ដែល​កម្មករ​ខកខាន​បើក​ចំនួន ២ខែ គឺ​ខែ​សីហា និង​ខែ​កញ្ញា និង​ទាមទារ​ប្រាក់​រំលឹក​អតីតភាព ដែល​ច្បាប់​តម្រូវ​បើក​ឲ្យ​រាល់ ៦ខែ​ម្ដង។

កម្មករ​អះអាង​ថា ថៅកែ​បាន​គេចវេះ មិន​ព្រម​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ ទើប​ពួក​គេ​នាំ​គ្នា។ នៅ​ពេល​នេះ មាន​កម្មករ​កាន់​តែ​ច្រើន​បាន​នាំ​គ្នា​ មក​ដេក​នៅ​មុខ​រោងចក្រ ដោយសារ​គ្មាន​ប្រាក់​បង់​ថ្លៃ​បន្ទប់​ជួល​ និង​ថ្លៃ​អាហារ៖ « និយាយ​ទៅ ពួក​ខ្ញុំ​នៅ​បន្ត​នៅ​ហ្នឹង។ បើ​សិន​ជា​ខាង​ក្រសួង​ គាត់​មាន​ការ​ដោះ​ស្រាយ​ឲ្យ​ពួក​ខ្ញុំ​បញ្ចប់ ពួក​ខ្ញុំ​អត់​ទៅ​ណា​ទៀត​ទេ។ តែ​បើ​ថា ការ​ដោះ​ស្រាយ​ពួក​ក្រសួង​មិន​ទាន់​ឃើញ​ដំណោះ​ស្រាយ ប្រហែល​ជា​ទៅ​ផ្ទះ​សម្ដេច​ហើយ​មើល​ទៅ ព្រោះ​ពួក​ខ្ញុំ​ដេក​នៅ​មុខ​រោងចក្រ ២ខែ​ហើយ។ ឥឡូវ​ហ្នឹង​មាន​អ្នក​ខ្លះ ម្ចាស់​ផ្ទះ​ជួល គេ​លែង​ឲ្យ​នៅ​ហើយ។ អ៊ីចឹង​ណា​បង ព្រោះ ២ខែ​ហើយ។ យើង​សុំ​គេ​រហូត។ អ៊ីចឹង ដល់​ពេល​យើង​អត់​មាន​លុយ​ឲ្យ​ថ្លៃ​ផ្ទះ គេ​អត់​ឲ្យ​យើង​នៅ​អ៊ីចឹង​ណា។ និយាយ​ទៅ ពួក​ខ្ញុំ​ជា​កម្មករ ខ្ញុំ​ទាមទារ​ឲ្យ​ខាង​ថៅកែ​ហ្នឹង គិត​លុយ​ឲ្យ​ពួក​ខ្ញុំ​តាម​ផ្លូវ​ច្បាប់​មក។ បិទ​ទ្វារ​ មិន​បិទ​ទ្វារ​ គាត់​អត់​មាន​ប្រាប់​ពួក​ខ្ញុំ​ទេ។ គាត់​បាន​តែ​ឆ្លើយ​ថា អត់​មាន​លុយ​បើក​អ៊ីចឹង​ណា»

រោងចក្រ​កាត់​ដេរ​សំលៀក​បំពាក់ ហ៊ឹង ជីង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១ ក្នុង​ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មានជ័យ​ទី២ ខណ្ឌ​មានជ័យ។ កម្មករ​ឲ្យ​ដឹង​ថា រោងចក្រ​នេះ មាន​កម្មករ​សរុប​ជាង ១រយ (១០៧) នាក់ មាន​ថៅកែ​ជា​ជនជាតិ​ចិន និង​មាន​កាត់ដេរ​សំលៀក​បំពាក់​ល្បីៗ មួយ​ចំនួន តែ​ពួកគេ​មិន​សូវ​ស្គាល់​ទេ ដោយសារ​មិន​ចេះ​ភាសា​អង់គ្លេស។

មន្ត្រី​សម្រប​សម្រួល​របស់​សម្ព័ន្ធ​សហជីព ស៊ីខៅឌូ (C-CAWDU) លោក ឃឹម មករា ដែល​ចុះ​អង្កេត​ករណី​នេះ ឲ្យ​ដឹង​ថា ជម្លោះ​​រវាង​កម្មករ និង​ថៅកែ​ នៅ​រោងចក្រ ហ៊ឹងជីង កើត​ឡើង​ កាល​ពី​ថ្ងៃ​ទី១៤ សីហា គឺ​ក្រោយ​ពេល​កម្មករ​ទាមទារ​បើក​​ប្រាក់​រំលឹក​អតីតភាព​ការងារ​រាល់ ៦ខែ​ម្ដង តាម​ប្រកាស​របស់​ក្រសួង​ការងារ តែ​ភាគី​ថៅកែ​ ប្រាប់​ថា មិន​ទាន់​មាន​ប្រាក់​បើក​ឲ្យ​ទេ។ ក្រោយ​មក ភាគី​ក្រសួង​ការងារ បាន​ចុះ​ទៅ​សម្រប​សម្រួល​ឲ្យ​កម្មករ​ចូល​ធ្វើការ​វិញ ដោយ​ថៅកែ​សន្យា​ពន្យារ​ពេល​បើក​ប្រាក់​រំលឹក ឬ​ប្រាក់​អតីតភាព​ការងារ មក​នៅ​ចុង​ខែ​សីហា​វិញ។

លុះ​​ដល់​ថ្ងៃ​ទី១០ ខែ​កញ្ញា ជា​ថ្ងៃ​បើក​ប្រាក់​ឈ្នួល​ប្រចាំ​ខែ ភាគី​ថៅកែ​ក្រុមហ៊ុន ប្រាប់​កម្មករ​ថា មិន​មាន​ប្រាក់​បើក​ឲ្យ​កម្មករ​ទេ គឺ​គ្មាន​ទាំង​ប្រាក់​រំលឹក​អតីតភាព និង​ប្រាក់​ឈ្នួល​ប្រចាំ​ខែ ទើប​បណ្ដាល​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម ឈប់​ធ្វើ​ការ​តាំង​ពី​ថ្ងៃ​នោះ​មក។ លុះ​ការ​តវ៉ា​នៅ​មុខ​រោងចក្រ​ជិត​មួយ​ខែ ទើប​ក្រុម​កម្មករ បាន​នាំ​គ្នា​មក​លើក​បដា តវ៉ា​នៅ​មុខ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ កាល​ពី​ថ្ងៃ​ទី៨ តុលា។

មន្ត្រី​សម្រប​សម្រួល​របស់​សម្ព័ន្ធ​សហជីព ស៊ីខៅឌូ លោក ឃឹម មករា បន្ត​ថា ការ​តវ៉ា​នៅ​មុខ​ក្រសួង​ការងារ កាល​ពី​ថ្ងៃ​ទី៨ តុលា មន្ត្រី​ក្រសួង​ការងារ ដឹក​នាំ​ដោយ​មន្ត្រី​ខុទ្ទកាល័យ​រដ្ឋមន្ត្រី គឺ​លោក និន វណ្ណៈ បាន​កោះហៅ​តំណាង​កម្មករ ៦នាក់ ឲ្យ​ចូល​ចរចា​ក្នុង​ក្រសួង។ លោក និន វណ្ណៈ បាន​សន្យា ​ជាមួយ​តំណាង​កម្មករ​ថា នឹង​បញ្ជូន​សំណើ​នោះ​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ឲ្យ​បាន​លឿន ដើម្បី​ដោះ​ស្រាយ​ជូន​កម្មករ៖ « ព្រឹក​មិញ​ខាង​ភាគី​កម្មករ គាត់​បាន​ខល​ទៅ​សួរ​ឯក​ឧត្ដម​ និន វណ្ណៈ ​ហ្នឹង គាត់​បាន​ថា គាត់​បាន​បញ្ជូន​លិខិត​ដែល​កម្មករ​បាន​ដាក់​ទៅ​ហ្នឹង ទៅ​ឯក​ឧត្ដម​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ហើយ។ បាទ ! អ៊ីចឹង រង់​ចាំ​ចម្លើយ​ពី​​ឯក​ឧត្ដម​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​តប​មក​កម្មករ​វិញ។ បើ​សិន​ជា​មិន​មាន​ទេ ក្នុង​មួយ​អាទិត្យ​ក្រោយ ពួក​យើង​នឹង​មាន​យុទ្ធនាការ​បន្ត»

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​ខុទ្ទកាល័យ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ លោក និន វណ្ណៈ ដែល​ទទួល​ញត្តិ​ពី​ពលរដ្ឋ​បាន​ទេ ដោយសារ​មិន​ទទួល​ទូរស័ព្ទ នៅ​ថ្ងៃ​ទី៩ តុលា។ អាស៊ី​សេរី ក៏​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ខាង​ភាគី​ថៅកែ​រោងចក្រ ហ៊ឹងជីង បាន​ដែរ ដោយសារ​គ្មាន​ប្រភព។ ប៉ុន្តែ​ប្រធាន​រដ្ឋបាល​រោងចក្រ ហ៊ឹង ជីង អ្នកស្រី អួយ ណៃស៊ីម ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា កម្មករ និង​សហជីព ជា​អ្នក​ធ្វើ​ឲ្យ​រោងចក្រ​លែង​ដំណើរ​ការ ដោយ​សារ​សហជីព​បាន​ដឹក​នាំ​កម្មករ​ធ្វើ​កូដកម្ម​រហូត​ថៅកែ​បិទ​ទ្វារ​រោងចក្រ។ អ្នកស្រី​អះអាង​ថា ថៅកែ​រោងចក្រ​មិន​បាន​គេចវេះ​ក្នុង​ការ​ដោះ​ស្រាយ​​សំណង​ជូន​កម្មករ​ទេ ដោយ​ថៅកែ​សម្រេច​ឲ្យ​កម្មករ​លក់​សម្ភារៈ​ក្នុង​រោងចក្រ​ទាំង​អស់ ដើម្បី​ទូទាត់​សំណង ប៉ុន្តែ​ភាគី​កម្មករ​មិន​ព្រម​ខ្លួន​ឯង។

កម្មករ​ប្រាប់​ថា ពួកគេ​ចង់​បាន​ប្រាក់​រំលឹក​អតីត​ភាព​ការងារ និង​ប្រាក់​ឈ្នួល​ប្រចាំ​ខែ​គ្រប់​ចំនួន​តាម​ច្បាប់ និង​កិច្ច​សន្យា​ការងារ​របស់​ពួក​គេ ព្រោះ​កម្មករ​ខ្លះ មាន​អតីត​ភាព​ជិត ឬ​ជាង ១០ឆ្នាំ​ក៏​មាន។ ពួក​គេ​ មិន​មែន​ចង់​បាន​សម្ភារៈ​របស់​រោងចក្រ ឬ​ការ​លក់​ទូទាត់​ដោយ​ខ្លួន​ឯង​ទេ គឺ​ចង់​បាន​ប្រាក់​កម្រៃ​របស់​ពួក​គេ។ កម្មករ​ ប្រាប់​ថា ពួកគេ​នៅ​បន្ត​រង់ចាំ​ដំណោះស្រាយ​ពី​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​១​សប្ដាហ៍​ទៀត ហើយ​នៅ​សប្ដាហ៍​ក្រោយ ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ​ទេ ពួក​គេ​នឹង​ទៅ​លើក​បដា​តវ៉ា​នៅ​មុខ​ក្រសួង​ការងារ​ម្ដង​ទៀត និង​នៅ​មុខ​ភូមិ​គ្រឹះ មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន ដើម្បី​ស្នើសុំ​ដំណោះ​ស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។