លោក ហ៊ុន ម៉ាណែត អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​ទុក​ចិត្ត​លើ​តុលាការ​​ក្នុង​ករណី​ឃាតកម្ម​គូ​ស្នេហ៍​វ័យ​ក្មេង

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ​ក្នុង​ការ​ដោះស្រាយ​ករណី​អតីត​ឧកញ៉ា ស្រី ស៊ីណា បាន​បាញ់​សម្លាប់​គូ​ដណ្ដឹង​វ័យ​ក្មេង​មួយ​គូ។ ប៉ុន្តែ​អ្នក​សិក្សា​ផ្នែក​ច្បាប់ និង​អ្នក​ឃ្លាំមើល យល់ថា ពលរដ្ឋ មិន​អាច​ទុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​នោះ​ទេ ប្រសិនបើ​ការ​អនុវត្ត​ច្បាប់​នៅតែ​គ្មាន​ប្រសិទ្ធភាព​ដូច​សព្វថ្ងៃ។

បន្ទាប់​ពី​សាធារណជន​ផ្ទុះ​កំហឹង ចំពោះ​ករណី​ឃាតកម្ម​លើ​គូ​ដណ្ដឹង​វ័យ​ក្មេង ១គូ និង​ព្រួយ​បារម្ភ​អំពី​ការ​ដាក់​ទោស​ទណ្ឌ​តិចតួច​លើ​ជន​ដៃដល់​ធ្លាប់​មាន​គោរមងារ​ជា «ឧកញ៉ា» នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ទី២៥ មិថុនា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់ ស្ងៀមស្ងាត់ ដើម្បី​ទុក​កិច្ចការ​នេះ​ជូន​ស្ថាប័ន​អនុវត្ត​ច្បាប់​ចាត់ចែង និង​ដោះស្រាយ​ទៅ​តាម​ច្បាប់។

បន្ថែម​ពី​នេះ លោក​សូម​ឱ្យ​ប្រជាពលរដ្ឋ​ជឿ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ក្នុង​ការ​ចាត់ការ និង​ដោះ​ស្រាយ​ផ្ដល់​យុត្តិធម៌​ឱ្យ​បាន​ត្រឹមត្រូវ ចំពោះ​ករណី​ឃាតកម្ម​នេះ។ ទោះ​ជា​បែប​នេះ​ក្តី តាម​រយៈ​សារ ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) លោក ហ៊ុន ម៉ាណែត ក៏​អំពាវនាវ​ឱ្យ​ស្ថាប័ន​តុលាការ និង​ស្ថាប័ន​អយ្យការ យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ពិនិត្យ និង​អនុវត្ត​ច្បាប់​លើ​ករណី​នេះ​ឱ្យ​បាន​តឹងរ៉ឹង ម៉ឺងម៉ាត់ និង​ត្រឹមត្រូវ​តាម​ច្បាប់ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ ដោយ​គ្មាន​ការ​អន្តរាគមន៍​ណា​មួយ​ជា​ដាច់ខាត។

បន្ទាប់​ពី​បង្ហោះ​សារ​នេះ​រួច ហើយ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក លោក ហ៊ុន ម៉ាណែត បាន​បង្ហោះ​សារ​មួយ​ទៀត ដោយ​ណែនាំ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ឲ្យសិក្សា និង​រៀបចំ​បញ្ចូល​ទៅ​ក្នុង​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ​នា​ពេល​ខាង​មុខ​នូវ​ចំណុច​ខ្វះខាត​ទាំង​ឡាយ​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ ជាពិសេស ចំណុច​ខ្វះខាត​ទាក់ទង​នឹង​ការ​ដាក់​ទម្ងន់​ទោស ចំពោះ​ស្ថានភាព​នៃ​បទ​ល្មើស ដូច​ករណី នៃ​ការ​បាញ់​ប្រហារ​ដ៏​សាហាវ​របស់​ជន​ល្មើស ស្រី ស៊ីណា។ការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ាណែត នេះ គឺ​បន្ទាប់​ពី​អ្នក​លេង​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ វង់ច័ន្ទ រស្មីតារា (Vongchan Reaksmeidara) បាន​ផ្ញើ​សារ​ទៅ​លោក​ថា ច្បាប់​ក្រម​ព្រហ្មទណ្ឌ ត្រង់​មាត្រា១៩៩ ដល់​មាត្រា២០៥ ដែល​ចែង​អំពី​បទល្មើស​ឃាតកម្ម​នោះ នៅ​ចន្លោះ​ប្រហោង ដែល​ចាំបាច់​ត្រូវ​កែប្រែ​ដោយ​បន្ថែម​ស្ថាន​ទម្ងន់​ទោស បើ​ពុំ​នោះ​ទេ ទោះបី​ចៅក្រម​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​យ៉ាង​ណា ក៏​មិន​អាច​ផ្តល់​យុត្តិធម៌​ជូន​រង​គ្រោះ​បាន​ដែរ។ លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ទោះ​បី​ពេល​នេះ តុលាការមិន​អាច​ផ្ដន្ទាទោសជន​ល្មើស​លើស​ពី​អ្វី ដែល​ច្បាប់​បាន​ចែង ឬ​បញ្ញត្តិ​ក្តី ក៏​ថ្ងៃ​អនាគត អាច​ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​បង្កើន​ទម្ងន់​ទោស​ទណ្ឌ​សម្រាប់​អ្នក​ប្រព្រឹត្ត​ខុស​បែប​នេះ។

ទោះជាយ៉ាងណាក្ដី អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន់ ចាន់ឡូត លើក​ឡើង​ថា ច្បាប់​ក្រម​ព្រហ្មទណ្ឌ​បច្ចុប្បន្ន​នេះ មាន​ភាព​ខ្លាំង​គ្រប់គ្រាន់​រួច​ទៅ​ហើយ ប៉ុន្តែ​រឿង​សំខាន់ គឺ​តុលាការ​ទៅ​វិញ​ទេ ដែល​មាន​បញ្ហា​នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់ និង​បញ្ហា​ស៊ើប​អង្កេត​រឿង​ក្តី​មិន​ដល់​ឫសគល់។ លោកយល់ថា អំពើ​បាញ់​ប្រហារ​ដ៏​ឃោរឃៅ​របស់​អតីត​ឧកញ៉ា ស្រី ស៊ីណា ដែល​សម្លាប់​មនុស្ស ២នាក់ និង​ពីរ​នាក់​ទៀត​រង​របួស គួរតែ​ត្រូវ​បាន​ចោទ​ប្រកាន់​តាម​មាត្រា២០០ នៃ​ក្រម​ព្រហ្មទណ្ឌ​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន ដែល​ចែង​ពី​ការ​ដាក់​ពន្ធនាគារ​មួយ​ជីវិត។

អ្នកឃ្លាំមើលយល់ថា ប្រសិនបើ​លោក ហ៊ុន ម៉ាណែត អំពាវនាវ​ដល់​ពលរដ្ឋ ឱ្យ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​នោះ លុះ​ត្រា​តែ​តុលាការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព និង​យុត្តិធម៌​ជា​មុន​សិន។ ពួក​គាត់​សង្កេត​ឃើញ​ថា អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ នៅ​ស្រុក​ខ្មែរ​ជា​ច្រើន​ទសវត្ស​ក្រោម​ការ​គ្រប់គ្រង​អំណាច​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត នេះ ប្រជាពលរដ្ឋ​ខ្មែរ​ពិបាក​នឹង​ជឿជាក់​ថា ពួក​គាត់​អាច​ទទួល​បាន​យុត្តិធម៌​ណាស់។

អ្នកវិភាគ​នយោបាយ បណ្ឌិត សេង សារី ថ្លែង​ថា ករណី​លោក ហ៊ុន ម៉ាណែត ចេញ​សារ​អំពាវនាវ​ដល់​តុលាការ​ឱ្យ​អនុវត្ត​ឲ្យ​បាន​យុត្តិធម៌​​ក្នុង​ករណី​ឃាតកម្ម​ថ្មីៗ នេះ និង​អំពាវនាវ​ដល់​ពលរដ្ឋ​​ឱ្យ​ទុក​ចិត្ត​លើ​តុលាការ​នោះ ជា​ការ​ចេញ​មក​សម្រួល​ស្ថានការណ៍​ប៉ុណ្ណោះ ដោយសារ​ផ្ទុះ​ប្រតិកម្ម​ខ្លាំង​ពី​មហាជន និង​ឈាន​ដល់​ការ​វាយ​តម្លៃ​លើ​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ជា​ពិសេស លើ​វិស័យ​យុត្តិធម៌។ លោកថា ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត គួរតែ​ប្រើ​អំណាច​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ដើម្បី​ស្ដារ​ទំនុក​ចិត្ត​ពលរដ្ឋ​ឡើង​វិញ មិនមែន​ត្រឹម​តែ​ចេញ​សារ​អំពាវនាវ​ធម្មតា​នោះ​ទេ។

រយៈ​ពេល​ជាង ១សប្តាហ៍​មក​នេះ ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស រួម​ទាំង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ផង បាន​ផ្ទុះ​កំហឹង​ខ្លាំង ចំពោះ​តុលាការ ដែល​ប្រើប្រាស់​បទ​ចោទ​ស្រាល​ទៅ​លើ​ជន​ល្មើស​មាន​ងារ​ជា​ឧកញ៉ា គឺ​លោក ស្រី ស៊ីណា ដែល​ប្រើប្រាស់​កាំភ្លើង​ចូល​ទៅ​បាញ់​សម្លាប់​ជន​រងគ្រោះ​ដល់​ក្នុង​ផ្ទះ។ ការ​បាញ់​ប្រហារ​នោះ បណ្ដាល​ឲ្យ​គូ​ដណ្ដឹង​ជិត​រៀបការ ១គូ ស្លាប់​បាត់បង់​ជីវិត និង ២នាក់​ទៀត​រង​របួស​ធ្ងន់​ស្រាល។ ពលរដ្ឋ និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ទាមទារ​តុលាការ​ឱ្យ​កាត់ទោស​អតីត​ឧកញ៉ា ស្រី ស៊ីណា ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត ​ទើប​សម​នឹង​ទង្វើ​ឃោរឃៅ​នោះ។

អ្នក​ឃ្លាំមើល​ផ្នែក​សិទ្ធិមនុស្ស និង​សង្គម លោក ស៊ឹង សែនករុណា ពិនិត្យ​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​របស់​តុលាការ​ក្នុង​សំណុំរឿង​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​មិន​ប្រក្រតី និង​ការ​ជួយ​សម្រាល​ទោស​ឲ្យ​ឃាតក​តាំង​ពី​ដំបូង​មក​ហើយ ដូច្នេះ​ហើយ ទើប​ផ្ទុះ​ប្រតិកម្ម​ពី​មហាជន។ លោក​ថា នេះ​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ ដែល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ចេញ​មុខ​ការពារ​តុលាការ​ថា ជា​ស្ថាប័ន​ឯករាជ្យ ប៉ុន្តែ​មក​ទល់​ពេល​នេះ ពលរដ្ឋ​ក្រីក្រ​ទន់​ខ្សោយ​នៅតែ​រង​គ្រោះ និង​ជួប​ភាព​អយុត្តិធម៌។

នៅ​ប្រទេស​កម្ពុជា គ្មាន​សម័យ​ណា​ដែល​មាន​ឧកញ៉ា​ច្រើន​ជាង​សម័យកាល ដែល​គ្រប់គ្រង​ដោយ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត នេះ​ទេ ហើយ​ក៏​គ្មាន​សម័យ​ណា ដែល​មាន​ឧកញ៉ា​ប្រព្រឹត្ត​ខុស​ច្បាប់ ឬ​ប្រើ​អំណាច​ធ្វើ​បាប​ពលរដ្ឋ​ស្លូតត្រង់ ដូច​សម័យ​នេះ​ដែរ។ គិត​មក​ទល់​ពេល​នេះ កម្ពុជា​ដែល​ជា​ប្រទេស​ក្រីក្រ​មួយ មាន​ឧកញ៉ា​ជាង ១ពាន់ ៣រយ​នាក់ (១.៣០០) ហើយ ក្នុង​នោះ​ភាគ​ច្រើន​ជា​ឧកញ៉ា ដែល​មាន​ឥទ្ធិពល ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អ្នក​ចិញ្ចឹម​គណបក្ស​កាន់​អំណាច ហើយ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន។ ដោយសារ​តែ​អ្នក​ជំនួញ និង​អ្នក​កាន់​អំណាច មាន​ទំនាក់ទំនង​ស្អិត​ជាប់​គ្នា​បែប​នេះ​ហើយ ទើប​ពលរដ្ឋ​នៅតែ​ព្រួយ​បារម្ភ​ថា ជនល្មើស ស្រី ស៊ីណា ដែល​ជា​អ្នក​ជំនួញ​អចល​នទ្រព្យ​នោះ អាច​ប្រើ​លុយ និង​ខ្នង​បង្អែក ដើម្បី​គេច​ពី​ការ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់​ដោយ​ស្ងាត់ៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។