លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​សង់​វិទ្យាល័យ​លើ​​ភ្នំ​គូលែន ក្រោយ​ពលរដ្ឋ​ត្អូញ​ថា កូនៗ​ឈប់​រៀន ព្រោះ​សាលាឆ្ងាយ

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បញ្ជា​ឱ្យ​មន្ត្រី​សាងសង់​វិទ្យាល័យ​មួយ​លើ​ភ្នំគូលែន​ក្នុង​ខេត្ត​សៀមរាប​ បន្ទាប់ពី​ពលរដ្ឋ​ត្អូញត្អែរ​ថា​ កូនៗ​របស់​ពួកគាត់​បោះបង់​ការសិក្សា​ទាំង​វ័យ​ក្មេង​ ដោយសារ​សាលា​រៀន​នៅ​ឆ្ងាយ​ពី​ផ្ទះ។

មន្ត្រី​សង្គម​ស៊ីវិល​គិត​ថា លោក ហ៊ុន ម៉ាណែត អាច​នឹង​មិន​ទុក​ចិត្ត​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន ទើប​ចុះ​ដល់​មូលដ្ឋាន​ស្វែង​យល់​ពី​តម្រូវ​ការរបស់​ពលរដ្ឋ​ដោយខ្លួនឯង។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ទទួល​យក​សំណូមពរ​របស់​ពលរដ្ឋ ហើយ​សន្យា​ថា​ លោក​នឹង​ពិនិត្យ​លទ្ធភាព​សង់​វិទ្យាល័យ​មួយ​ព្រម​ទាំង​ពង្រីក​អគារ​អនុវិទ្យាល័យ​សម្តេចឪ សម្តេច​ម៉ែ អន្លង់ធំ ឋិតនៅ​លើ​ខ្នង​ភ្នំ​គូលែន នៃ​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយលើ ​ខេត្ត​សៀមរាប ​ដែល​ជា​តំបន់​ទេសចរ​ប្រវត្តិសាស្ត្រ អតីត​រាជ​ធានី​បុរាណ។

នាយករដ្ឋមន្ត្រី​ចុះជួបពលរដ្ឋ​ផ្ទាល់ស្ងាត់ៗ

ការ​សម្រេច​នេះ​ធ្វើ​ឡើង ក្រោយ​លោក​នាយក​រដ្ឋ​មន្ត្រី​រូប​នេះ ​និង​អភិបាល​ខេត្ត​សៀមរាប លោក ប្រាក់ សោភ័ណ បាន​ចុះ​ចួប​ពលរដ្ឋ​ដោយស្ងាត់ៗ កាល​ពី​ថ្ងៃទី២៥ កុម្ភៈ ។

លោក ហ៊ុន ម៉ាណែត បាន​ជជែក​ជា​មួយ​អ្នកភូមិ​ពី​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន​រួមមាន ​ផ្លូវ​ពិបាកធ្វើ​ដំណើរ សហគមន៍​ទេសចរណ៍ តំបន់​អភិរក្ស​ធម្មជាតិ និង​វិស័យ​អប់រំ​ជាដើម។

លោក ហ៊ុន ម៉ាណែត៖«ឥឡូវ​ខ្ញុំ​ប្រគល់​ភារកិច្ច​ឲ្យ​អភិបាល​ខេត្ត​ចុះ​ទៅ​សិក្សា​មើល ហើយ​រាយការណ៍​ឲ្យ​ខ្ញុំ ហើយ​កៀរគរ​គ្រូ​ឱ្យ​ខ្ញុំ​ ខ្ញុំ​ឲ្យ​ក្រសួង​អប់រំ​រៀបចំ​ដើម្បី​បញ្ជាក់​ទម្លាក់​មក​ឲ្យ។ ឥឡូវ​អនុវិទ្យាល័យ​មាន​ប៉ុន្មាន​មួយ​អាគារ?»។

ក្នុង​ពេល​សំណេះ​សំណាល​ជាមួយ​នាយករដ្ឋ​មន្ត្រី​ដោយ​ផ្ទាល់​ ប្រជា​សហគមន៍​រស់​នៅ​លើ​ខ្នង​ភ្នំ​គូលែន​ត្អូញត្អែរ​ថា ​ផ្លូវ​លំបាក​ធ្វើ​ដំណើរ និង​វិទ្យាល័យ​នៅ​ឆ្ងាយ​ពី​ផ្ទះ​ជិត ២០ គីឡូ​ម៉ែត្រ ជា​កត្តា​រួមផ្សំ​នាំ​ឱ្យ​កូនៗ​របស់​ពួកគាត់​ឈប់​រៀន​ទាំង​វ័យ​ក្មេង។ ពលរដ្ឋ​ក៏​ស្នើ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពន្លឿន​សាង​សង់​ផ្លូវ​ឱ្យ​បាន​សមរម្យ ដើម្បី​ទាក់​ទាញ​អ្នក​ទេសចរ​ បង្កើន​ប្រាក់​ចំណូល​សហគមន៍​ផង។

ពលរដ្ឋ​រស់​នៅ​ខេត្ត​សៀមរាប សាទរ​ចំពោះ​ការ​សាង​សង់​វិទ្យាល័យ​នេះ​ ដែល​ជា​ផ្នែក​មួយ​ផ្តល់​ភាព​ងាយ​ស្រួល ឱ្យ​សិស្សានុសិស្ស ចំនួន ០៣ ​ស្រុក​ដែល​កំពុង​រស់​នៅ​លើ​ខ្នង​ភ្នំ​គូលែន​រួមមាន ​ស្រុក​ស្វាយ​លើ ស្រុក​វ៉ារិន និង​ស្រុក​បន្ទាយស្រី អាច​បន្ត​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​នៅ​តំបន់​នោះ​បាន។ អាជ្ញាធរ​ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​អនុវិទ្យាល័យ​សម្តេច​ឪ​សម្តេច​ម៉ែ មាន​សិស្ស​រៀន​ចំនួន ២១៥នាក់ និង​សិស្ស​បឋម​សិក្សា ៣២៦នាក់។

សាលាវិទ្យាល័យឆ្ងាយពីផ្ទះ

ពលរដ្ឋ​រស់​នៅ​ខេត្ត​សៀមរាប កញ្ញា យែប ស្រីម៉ៅ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កន្លង​ទៅ​យុវជន​​ទើប​រៀន​បញ្ចប់​ថ្នាក់​អនុវិទ្យាល័យ នៅ​តំបន់​នោះ​ ត្រូវ​បន្ត​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ ​នៅ​ឯទី​រួម​ស្រុក​ស្វាយ​លើ ដែល​មាន​ចម្ងាយ​ជិត ២០​គីឡូ​ម៉ែត្រ ពីផ្ទះរបស់ពួកគាត់ រីឯ​សិស្ស​ខ្លះ​ទៀត​ បន្ត​ការ​សិក្សា​នៅ​ក្រុង​សៀមរាប។

អត្ថបទ​ដែល​ទាក់ទង៖

មន្ត្រី​សង្គម​ស៊ីវិល​ថា សិស្ស​នៅ​តែ​បោះ​បង់​ការ​សិក្សា​បើ​ទោះ​ជា​រដ្ឋាភិបាល​ចាត់​ទុក​ការ​អប់រំ​គឺជា​វិស័យ​អាទិភាពOpens in new window ]

អ្នកភូមិ​ធ្លកត្រាំកង់​ខេត្ត​សៀមរាប​ភាគច្រើន​បង្ខំចិត្ត​ឱ្យ​កូន​ឈប់​រៀន​ដោយសារ​ជីវភាព​ខ្វះខាត​និង​បញ្ហា​បំណុលOpens in new window ]

សិស្ស​និស្សិត​នៅ​តាម​ខេត្ត​មួយ​ចំនួន​បន្ត​បោះបង់​ការ​សិក្សា​ដោយសារ​កត្តា​ជីវភាព​ខ្វះខាតOpens in new window ]

កញ្ញា​យល់​ថា ការ​សាងសង់​វិទ្យាល័យក្នុង​តំបន់​នោះ​ជា​កត្តា​រួមផ្សំ​សំខាន់ កាត់​បន្ថយ​ការ​ចំណាយ​របស់​អាណាព្យាបាលនិង​កាត់​បន្ថយ​អត្រា​បោះបង់​ការ​សិក្សា​របស់​សិស្ស។

កញ្ញា យែប ស្រីម៉ៅ៖«១០០​នាក់​អ៊ីចឹង​គាត់​មាន​អាច​លទ្ធភាព​មក​រៀន​បាន​ត្រឹមតែ​៩០​នាក់ ទៅ​៩៥​នាក់​ទេ ឯ៥​ឬ​១០​នាក់​គាត់​បោះបង់ ដោយសារ​គិត​ថា សាលា​ឆ្ងាយ​គាត់​អត់​មក​ នោះ​អាស្រ័យ​លើ​ពួកគាត់​ដែរ ហើយ​ភាគច្រើន​សិស្ស​មក​រៀន​នៅ​វិទ្យាល័យ​មាន​ច្រើន​ តែ​សិស្ស​បន្ត​ទៅ​សាកល​វិទ្យាល័យ​បាន​តិច»។

ជុំវិញ​រឿង​នេះ​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី សាទរ​ចំពោះ​ការ​អន្តរាគមន៍​របស់​លោក ហ៊ុន ម៉ាណែត ភ្លាមៗ​ដូច្នេះ។ ក៏​ប៉ុន្តែ​លោកស្រី​ស្នើ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​រូប​នេះ ​ត្រូវ​ពង្រឹង​សមត្ថភាព​ និងឆន្ទៈមន្ត្រី​ក្រោម​ឱវាទ​បន្ថែម​ទៀត ឱ្យ​ទទួល​ខុស​ត្រូវ​ ក្នុង​ការ​បំពេញ​ភារកិច្ច​ និង​ត្រូវ​មាន​ភាព​ស្មោះត្រង់​រាយការណ៍​ពី​បញ្ហា​ប្រឈម​ជាក់​ស្តែង ចៀសវាង​ធ្វើ​របាយការណ៍​មិន​ពិត។

អ្នកស្រី អ៊ុក ឆាយ៉ាវី៖«កន្លែង​ផ្សេងៗ​ទៀត​នៅ​ខេត្ត​ក្រុង​ផ្សេងៗ​ទៀត​ ខ្ញុំ​ឃើញ​តែ​សម្រែក​ស្រែក​យំ​ទាមទារ​កន្លែង​គាត់​ត្រូវ​ការ ជា​ពិសេស​អត់​គ្រូ ជា​ពិសេស​អត់​សាលា​ ហាក់​បី​ដូច​ជា​ប្រព័ន្ធ​អប់រំ​របស់​យើង​មិន​ទាន់​រីក​ដុះដាល​រហូត​ដល់​ទី​ជនបទ​អ៊ីចឹង»។

ឃុំ​ខ្នង​ភ្នំ ស្រុក​ស្វាយ​លើ មាន​ភូមិ​ចំនួន​៥ ដែល​មាន​ពលរដ្ឋ​រស់​នៅ​រាប់​ពាន់​គ្រួសារ​ ឋិត​នៅ​លើ​ភ្នំ​គូលែន រហូត​ដល់​ជម្រាល​ភ្នំ និង​ចង្កេះ​ភ្នំ ប៉ែក​ខាង​កើត។ ភ្នំ​គូលែន​លាត​សន្ធឹង​ក្នុង​ស្រុក​ចំនួន២ ទៀត គឺ​ស្រុក​វ៉ារិន និង​ស្រុក​បន្ទាយស្រី​ មាន​ប្រជាជន​រាប់​រយ​គ្រួសារ​កំពុង​រស់​នៅ​ទីនោះ ជា​យូរយារ​មក​ហើយ។ ពលរដ្ឋ​ភាគ​ច្រើន​ប្រកបរបរ​កសិកម្ម វិស័យ​ទេសចរ លក់ដូរ និង​រក​អនុផល​ព្រៃឈើ នៅ​លើ​ខ្នង​ភ្នំ​គូលែន។ ពួកគាត់​អះអាង​ថា កូនៗ​របស់​អ្នកភូមិ​ភាគច្រើន​ មិនសូវ​មាន​លទ្ធភាព​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕