លោក ហ៊ុន ម៉ាណែត បញ្ជា​អភិបាល​ខេត្ត​ទូទាំង​ប្រទេស​ឱ្យ​ពិនិត្យ និង​ផ្អាក​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ល្បែងស៊ីសង

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជា​អភិបាល​រាជធានី ខេត្ត​ឱ្យ​ចាត់​វិធានការ​ជា​បន្ទាន់​លើ​ការ​លួច​បើក​អាជីវកម្ម​បនល្បែង​ស៊ីសងនៅ​ទូទាំង​ប្រទេស។ ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​អាជីវកម្ម​បនល្បែង​តាម​អនឡាញ (Online) ដែល​កំពុង​រាលដាល​ដូច​ផ្សិត ដ្បិត​អាជ្ញាធរ​តាម​មូលដ្ឋាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ។

លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ទី១៤ ខែកុម្ភៈ បាន​ថ្លែង​តាមរយៈ​សារ​សំឡេង​បង្ហោះ​តាម​គេហទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន ដោយ​បញ្ជា​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​តាម​មូលដ្ឋាន​ទូទាំង​ប្រទេស​ត្រួតពិនិត្យ និង​ផ្អាក​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​នៃ​អាជីវកម្ម​បនល្បែង​អនឡាញ​គ្រប់​ប្រភេទ។

លោក ហ៊ុន ម៉ាណែត៖«ក្នុង​ករណី​មាន​បន្ត​បើក​ថ្មី​ថែម​ទៀត សូម​ចាត់​វិធានការ​បិទ​ជា​បន្ទាន់ ហើយ​រាយការណ៍​ត្រង់​មក​ខ្ញុំ ដើម្បី​ចាត់​វិធានការ ដែល​អាច​ឈាន​ដល់​ការ​ដក​អាជ្ញាប័ណ្ណ​នៅ​ក្នុង​ខេត្ត ឬ​នៅ​ទូទាំង​ប្រទេស​តែ​ម្ដង»។

បទ​បញ្ជា​របស់​នាយករដ្ឋមន្ត្រី​រូប​នេះ ស្រប​ពេល​អាជីវកម្ម​បនល្បែង​តាម​អនឡាញ ដូចជា ឆ្នោត ឡូតូ និង​ល្បែង​ផ្សង​សំណាង​ផ្សេងៗ ទៀត កំពុង​រីក​រាលដាល​តាម​មូលដ្ឋាន និង​មាន​ការ​ផ្សព្វផ្សាយ​យ៉ាង​ផុលផុស​តាម​បណ្ដាញ​សង្គម។

ទោះ​បី​ជា​យ៉ាងណា ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា ចំណាត់​ការ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រៀប​ដូចជា​ភ្លើង​ចំបើង​តែ​ប៉ុណ្ណោះ ដោយសារ​តែ​អាជីវកម្ម​បនល្បែង​តាម​អនឡាញ​បាន​រីក​ដុះដាល​ដូច​ផ្សិត។ ក្រៅ​ពី​នេះ​ពលរដ្ឋ​ឱ្យ​ដឹង​ទៀត​ថា អាជីវកម្ម​បនល្បែង​នៅ​តាម​កន្លែង​ខ្លះ​បើក​ដំណើរ​ការ​ទៅ​បាន​ដោយសារ​តែ​មាន​ការ​សម្របសម្រួល​របស់​អាជ្ញាធរ​មូលដ្ឋាន។

ពលរដ្ឋ​ម្នាក់​នៅ​ខេត្តកំពត លោក ចាន់ វាសនា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ការ​ភ្នាល់​ល្បែង​តាម​អនឡាញ និង​តាម​ទូរទស្សន៍​នៅ​តែ​បន្ត​កើត​មាន​ច្រើន ជាពិសេស​នៅ​តូប​កាហ្វេ និង​កន្លែង​លក់ដូរ​ជាដើម។ លោក​បញ្ជាក់​ថា មូលហេតុ​សមត្ថកិច្ច​គ្មាន​ការ​ចុះ​បង្ក្រាប ដោយសារ​តែ​អាជ្ញាធរ​ខ្លះ​ទទួល​សំណូក​ពី​ក្រុម​ឈ្មួញ​បើក​បនល្បែង​ទាំង​នោះ។

លោក ចាន់ វាសនា៖«ហើយ​ដូច​បង​ប្អូន​ខ្ញុំ​ម្នាក់​រត់​ម៉ូតូ​ឌុប មក​ពី​ដឹក​អីវ៉ាន់​ហើយ​គាត់​ចូល​មក​ផឹក​កាហ្វេ​នៅ​ហាង ពេល​ប៉ូលិស​មក​ចាប់ៗ ដោយ​គាត់​នៅ​ខាង​មុខ​ហាង ហើយ​ណា​មួយ​បើ​ចាប់​មិន​ចាប់​ម្ចាស់​ផ្ទះ​ឆ្ងល់​ដែរ?មក​ចាប់​អ្នក​ផឹក​កាហ្វេ​នៅ​ខាង​ក្រៅ។ គាត់​ប្រាប់​ទៀត​មិន​បាន​ឃើញ​គេ​ទៅ​ចាប់​ម្ចាស់​ផ្ទះ​ទេ ព្រោះ​ម្ចាស់​វា​ស៊ិះស៊ុះ​ជាមួយ​អាជ្ញាធរ ពេល​បង់​លុយ​ឱ្យ​អាជ្ញាធរ​ទៅ​គេ​ចាប់​តែ​អ្នក​ខាងក្រៅ អ្នក​ដែល​អត់​មាន​ដឹង​រឿង​អី អត់​មាន​ចាក់​ល្បែង​គេ​ចាប់​តែ​អា​ហ្នឹង អា​នៅ​ខាង​ក្នុង​គេ​ចាប់​ហើយ​គេ​ដោះ​វិញ ដោះ​ដោយសារ​លុយៗ គេ​ដល់»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អភិបាល​ខេត្តកំពត លោក ម៉ៅ ធនិន និង​អគ្គលេខាធិការ​នៃ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម លោក រស់ ភីរុណ ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១៤ ខែកុម្ភៈ។

របាយការណ៍​ក្រសួង​មហាផ្ទៃ បង្ហាញ​ថា គិត​ត្រឹម​រយៈ​ពេល ២៨ថ្ងៃ ក្នុង​ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ច​នគរបាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ល្បែង​ស៊ីសង​ចំនួន ៥៣ទីតាំង ក្នុង​រាជធានី និង​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន១៥ ក្នុង​នោះ អាជ្ញាធរ​រក​ឃើញ​អាជីវកម្ម​ល្បែង​ខុស​ច្បាប់ ចំនួន ២៩ទីតាំង និង​បញ្ជូន​ជនសង្ស័យ​លេងល្បែង​ស៊ីសង​ចំនួន ៧២នាក់​ទៅ​តុលាការ។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ លើក​ទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ ជៀសវាង​ការ​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ ព្រោះ​លោក​ថា ការ​លេង​ល្បែង​ពុំ​បាន​ផ្ដល់​ផល​ចំណេញ​អ្វី​ដល់​ពលរដ្ឋ និង​សង្គម​ជាតិ​ឡើយ។ លោក​ជំរុញ​ដល់​រដ្ឋាភិបាល​បិទ​អាជ្ញាប័ណ្ណ​បនល្បែង​ទាំង​ចាស់ និង​ទាំង​ថ្មី ដើម្បី​កុំ​ឱ្យ​ឈ្មួញ​លួច​បន្លំ​បន្ត​បើក​បនល្បែង​ពង្វក់​ពលរដ្ឋ​បន្ត​បន្ថែម​ទៀត។

លោក សន ជ័យ៖«ល្បែង​ដែល​មាន​ការ​បើក​ថ្មី ល្បែង​ដែល​អនុញ្ញាត​ពី​មុន​មក វា​នៅ​បន្លំ​គ្នា​ពេញ​ហ្នឹង អ៊ីចឹង​កុំ​ឱ្យ​ស្មុគស្មាញ​ដល់​ការ​ធ្វើ​ការងារ​របស់​អាជ្ញាធរ​រដ្ឋ​នោះ​ក្នុង​ការ​បង្ក្រាប​នោះ គួរតែ​បិទ​ចោល​ទាំង​អស់​តែ​ម្ដង។ នេះ​គឺ​ជា​ជម្រើស​ហើយ។ ទុក​ឱ្យ​ពលរដ្ឋ​យក​ពេល​វេលា​ទៅ​ប្រកប​របរ​រក​ស៊ី ក្មេង​មួយ​ចំនួន​វិល​មក​ជួយ​ការងារ ឪពុកម្ដាយ ឬ​ទៅ​រៀន​ជាប់​លាប់។ ប្រសិនបើ​មាន​ការ​លេង​លួច​លាក់​តាម​អនឡាញ យើង​បើក​ចំហ​ឱ្យ​មាន​ការ​រាយការណ៍​ពី​ពលរដ្ឋ រាយការណ៍​បែប​អនាមិក ព្រោះ​អី​កន្លែង​ខ្លះ​សុទ្ធ​តែ​មាន​អ្នក​កាង មាន​មនុស្ស​កាច​សាហាវ ឃោរឃៅ អ៊ីចឹង​វា​អាច​ប៉ះពាល់​ដល់​ការ​រាយការណ៍»។

ពលរដ្ឋ និង​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​ផ្សព្វផ្សាយ​ល្បែង​តាម​អនឡាញ​ច្រើន​លើសលប់ ផ្គួបផ្សំ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​អាជ្ញាធរ​ជា​ប្រព័ន្ធ​អនុញ្ញាត​ទើប​ធ្វើ​ឱ្យ​អាជីវកម្ម​ល្បែង​តាម​អនឡាញ​រីក​ស្គុសស្គាយ​ដូច​ផ្សិត។ ពួកគាត់​ជំរុញ​ដល់​រដ្ឋាភិបាល​ឱ្យ​ដាក់​ចេញ​វិធាន​ការ​បង្ក្រាប និង​លុប​បំបាត់ ល្បែង​អនឡាញ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ជា​រៀង​រហូត ព្រោះ​ល្បែង​ស៊ីសង​គឺ​ជា​ប្រភព​នៃ​បញ្ហា​ជា​ច្រើន​រួមមាន អំពើ​ចោរកម្ម អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​សហគមន៍ ព្រមទាំង​ធ្វើ​ឱ្យ​ពលរដ្ឋ​ធ្លាក់​ខ្លួន​ក្រីក្រ ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។