អ្នក​វិភាគ​ថា​ ចិន​កំពុង​ស្ទង់​ជំហរ​លោក​ ហ៊ុន ម៉ាណែត ទាក់ទិន​និន្នាការវៀតណាម​ និង​ចិន

ហេង រស្មី
2021.01.12
អ្នក​វិភាគ​ថា​ ចិន​កំពុង​ស្ទង់​ជំហរ​លោក​ ហ៊ុន ម៉ាណែត ទាក់ទិន​និន្នាការវៀតណាម​ និង​ចិន លោក​ ហ៊ុន ម៉ាណែត​ សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​និង វ៉ូ ឈុនប៉ីង ​(Wu Chuanbing)​ ទីប្រឹក្សា​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា ប្រគល់​វត្ថុ​អនុស្សាវរីយ​ឱ្យ​គ្នា​កាល​ពី​ថ្ងៃ​ទី​ ១២​ មករា​ ២០២១។
រូបថត៖​ គេហទំព័រ​គណបក្ស​ប្រជាជន​កម្ពុជា

អ្នក​វិភាគ​នយោបាយ​ ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ហ្វាំង​ឡង់​ លោក​ គឹម សុខ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១២​ មករា​ថា​ ប្រទេស​ចិន​មិន​ចង់​ឱ្យ​មេដឹកនាំ​ណា​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ មាន​ជំហរ​ងាក​ចេញ​ពី​ចិន​ទេ​ ប្រសិន​បើ​​នៅ​ថ្ងៃ​អនាគត លោក ហ៊ុន ម៉ាណែត ​កូន​ប្រុស​ច្បង​លោក​ ហ៊ុន សែន​ ​ស្នង​តំណែង​ពី​ឪពុក។

លោក​ គឹម សុខ​ បន្ត​ថា ជំនួបរវាងលោក ហ៊ុន ម៉ាណែត និងមន្ត្រីស្ថានទូតចិន ទំនង​ជាចិនចង់​ស្ទង់​មើល​ជំហរ​របស់​លោក​ ហ៊ុន ម៉ាណែត​ ថា តើ​រវាង​ចិន​ និង​វៀតណាម​ គាត់នៅ​ជាមួយ​ភាគី​ណា​ប៉ុន្មាន​ភាគ​រយ​ ហើយ​នៅ​ពេល​អនាគត​ ​ពេល​ដែល​លោក​ ហ៊ុន ម៉ាណែត​ ទទួល​មរកត​អំណាច​ពី​លោក​ ហ៊ុន សែន​ ហើយនោះ​ ​តើ​លោក​ ម៉ា ណែត​ នៅ​ជា​មួយ​ភាគី​ណា​ពិត​ប្រាកដ៖ «ពី​ព្រោះ​តាម​ខ្ញុំ​កត់​សំគាល់​ ទី​ប្រឹក្សា​នៃ​ស្ថាន​ទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ មាន​តួនាទី​សំខាន់​មួយ​គឺ​ ស្ទង់​នៃ​និន្នាការ​ ជំហរ​ និង​គោល​នយោបាយ​នៃ​មេ​ដឹក​នាំ​ប្រទេស​ជា​មិត្ត​ ដើម្បី​ចិន​អាច​កំណត់​នៅ​គោល​នយោបាយ​ អនាគត​ជាមួយ​ប្រទេស​ចិន​ជាមួយ​ប្រទេស​ជា​មិត្ត​ ដូច​ជា​កម្ពុជា​ជា​ដើម​ហ្នឹង»

អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក​ ផៃ ស៊ីផាន​​ បាន​ថ្លែង​ថា រដ្ឋាភិបាល​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្រប់​បណ្ដា​ប្រទេស​ទាំង​អស់​ ដោយ​មិន​លំអៀង​ទៅ​រក​ប្រទេស​ណា​មួយ​ទេ។

លោក​ថា​ លោក​មិន​ឱ្យ​តម្លៃ​ទៅ​លើ​ការ​វិភាគ​គ្មាន​មូលដ្ឋាន​ជាក់លាក់​នោះទេ​ ដោយ​សារ​ជំនួប​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ ដែល​លោក​ ហ៊ុន ម៉ាណែត​ ជូប​ជាមួយ​ទី​ប្រឹក្សា​ស្ថាន​ទូត​ចិន​​។ ​លោក​បន្ត​ថា ​​ជំហរ​របស់​កម្ពុជា​គឺ ​រក្សា​ទំនាក់​ទំនង​ល្អ​ជា​មួយ​គ្រប់​បណ្ដា​ប្រទេស​ទាំង​អស់៖ «​ចំពោះ​គោល​នយោបាយ​ការ​បរទេស​ របស់​កម្ពុជា​គឺ​ បាន​បង្ហាញ​កំណត់​ច្បាស់​លាស់​ គឺ​អ៊ីចឹង​ គ្មាន​យក​អ្នក​ណា​ជា​សត្រូវ​ទេ​ គឺ​ស្ថិត​នៅ​ក្នុង​អព្យាក្រឹត្យ​ និង​ឯករាជ្យ​។ យើង​មិន​អនុញ្ញាត​ឱ្យ​ខ្លួន​យើង​នៅ​ក្រោម​ឥទ្ធិពល​នៃ​បក្ស​សម្ព័ន្ធ​ ណាមួយ​ឡើយ។​ នេះ​ជា​គោល​ជំហរ​កិច្ច​ការ​បរទេស​របស់​កម្ពុជា»

​គេហទំព័រ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១២​ មករា​ថា​ លោក ហ៊ុន ម៉ាណែត សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​ និង​ជា​ប្រធាន​យុវជន​គណបក្ស​ថ្នាក់​កណ្ដាល ​បាន​អនុញ្ញាត​ឲ្យ​​លោក វ៉ូ ឈុនប៉ីង​ (Wu Chuanbing)​ ទីប្រឹក្សា​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​ ចូល​ជួប ​​ដើម្បី​ពិភាក្សា​ការងារ​ ក្នុង​គោលបំណង​​ពង្រឹង​​បន្ថែម​ទៀត​ នូវ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​យុវជន​នៃ​ប្រទេស​ទាំងពីរ​។​

អាស៊ីសេរី​មិន​អាច​សុំ​អត្ថាធិប្បាយ​បញ្ជាក់​បន្ថែម​ពី​លោក​ ហ៊ុន ម៉ាណែត​ អំពី​លទ្ធផល​នៃ​ជំនួប​នោះ​បានទេ។ ប៉ុន្តែ​លោក​​មាន​ប្រសាសន៍​នៅ​ក្នុង​គេហទំព័រ​របស់​គណបក្ស​ប្រជាជន​ថា ជំនួប​នោះ​គឺ​ដើម្បី​លើក​ស្ទួយ​ទំនាក់ទំនង​រវាង​យុវជន​ចិន​ និង​យុវជន​កម្ពុជា​ និង​ដើម្បី​ចូល​រួមចំណែក​ពង្រីក​ទំនាក់​ទំនង​រវាង​កម្ពុជា​ចិន​លើ​គ្រប់​វិស័យ​។ ​លោក​ ហ៊ុន ម៉ាណែត​ បាន​ស្នើសុំ​ភាគី​ចិន​ឱ្យ​ផ្ដល់​អាហារូបករណ៍​ និង​ការ​បណ្ដុះបណ្ដាល​នៅ​ក្នុង​ប្រទេស​ ដើម្បី​ជួយ​បណ្ដុះបណ្ដាល​បង្កើន​សមត្ថភាព​ ចំណេះ​ដឹង​របស់​យុវជន​កម្ពុជា។​

​​លោក វ៉ូ ឈុនប៉ីង ​(Wu Chuanbing)​ ទីប្រឹក្សា​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​ មាន​ប្រសាសន៍​ថា​ កម្ពុជា-ចិន​ មាន​ទំនាក់ទំនង​ល្អ​ជា​ប្រពៃណី​ ហើយ​ទំនាក់ទំនង​នេះ​ គឺជា​គុណ​តម្លៃ​ដ៏​ល្អ​​សម្រាប់​ប្រជាជន​ទាំង​ពីរ​។ លោកថា ​តាម​រយៈ​ផ្លែផ្កា​នៃ​ទំនាក់ទំនង​​នេះ​ ប្រទេស​ទាំងពីរ​​បាន​ផ្តល់​ផល​ប្រយោជន៍​ល្អ​ឱ្យ​គ្នា​ទៅវិញ​ទៅមក។

ទោះជាយ៉ាងនេះក្តី អ្នក​វិភាគយល់ឃើញ​ថា​ ចិន​មិន​ចង់​ឱ្យ​កម្ពុជា​ដើរ​ចេញ​ពី​គន្លង​របស់​ខ្លួន​ ហើយ​ងាក​ទៅ​ចាប់​ដៃ​ជាមួយ​ប្រទេស​វៀតណាម​ទេ ព្រោះ​ចិន​ចង់​គ្រប់គ្រង​កម្ពុជា​ផ្ដាច់មុខ។​

​លោក ហ៊ុន ម៉ាណែត ​ត្រូវ​​បានឪពុក​របស់​លោក​ គឺ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ រៀបចំ​ជើង​ព្រួល​ដំឡើង​ឋានន្តរសក្ដិ​​ជា​បណ្ដើរៗ​។ កាល​ពី​ចុង​ឆ្នាំ២០២០ កន្លង​ទៅ លោក ហ៊ុន ម៉ាណែត ទទួល​បាន​តួនាទី​ខ្ពស់​មួយទៀត​នៅ​ក្នុង​បក្ស គឺ​ជា​អនុប្រធាន​គណៈ​ចលនា​មហាជន ដែល​ជា​សេនាធិការ​ដ៏​សំខាន់​ ក្នុង​ការ​ឃោសនា​ផ្សព្វផ្សាយ​អំពី​គោល​នយោបាយ ធ្វើ​យ៉ាង​ណា​ឱ្យ​មហាជន​យល់​ដឹង ជឿជាក់ និង​ដើរ​តាម​ការ​ដឹក​នាំ​របស់​ឪពុក ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។

តាមរយៈ​ការ​ជួយជ្រោមជ្រែង​ពី​ឪពុក​នេះ​ដែរ លោក ហ៊ុន ម៉ាណែត កាន់​តួនាទី​ជា​ច្រើន​នៅ​ជួរ​គណបក្ស និង​រដ្ឋ ក្នុង​នោះ លោក​គឺ​ជា​អគ្គ​មេបញ្ជាការ​រង​​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​ទ័ព​ជើង​គោក។ ចំណែក​ក្នុង​បក្ស​វិញ លោក​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍ ស្ថិត​ក្នុង​ចំណោម​ថ្នាក់​ដឹក​នាំ​កំពូល​ទាំង ៣៤នាក់ របស់​គណបក្ស​កាន់​អំណាច។ ក្រៅ​ពី​នេះ លោក ហ៊ុន ម៉ាណែត គឺ​ជា​ប្រធាន​យុវជន​បក្ស​ទៀត​ផង។

លោក ហ៊ុន សែន បាន​ប្រកាស​កាល​ពី​ខែ​មិថុនា​ថា លោក​កំពុង​ជួយ​ជ្រោមជ្រែង​លោក ហ៊ុន ម៉ាណែត ឱ្យ​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី។ ប៉ុន្តែ​លោក​ថា លោក ហ៊ុន ម៉ាណែត ត្រូវ​រង់ចាំ​យ៉ាង​ហោច​ណាស់ ក៏ ១០ឆ្នាំ​ទៀត​ដែរ ព្រោះ​ពេលនេះ​លោក​កំពុង​កាន់​អំណាច​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។