តុលាការ​សម្រេច​ឃុំ​ខ្លួន លោក លី សាម៉េត ទីប្រឹក្សា​ផ្ទាល់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន នៅ​ពន្ធនាគារ​ព្រៃ​ស​ពី​បទ​ឆបោក

ដោយ សុជីវី
2024.11.05
តុលាការ​សម្រេច​ឃុំ​ខ្លួន លោក លី សាម៉េត ទីប្រឹក្សា​ផ្ទាល់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន នៅ​ពន្ធនាគារ​ព្រៃ​ស​ពី​បទ​ឆបោក លោក លី សាម៉េត ពេលធ្វើ​វីឌីអូ​​សារភាព នៅ​លើ​ហ្វេសប៊ុក កាល​ពី​យប់​ថ្ងៃ​ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុក

សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​បញ្ជូន​ខ្លួន ឧកញ៉ា លី សាម៉េត ទីប្រឹក្សា​ផ្ទាល់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី១ ឬ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ល្ងាច​ថ្ងៃ​ទី៥ ខែវិច្ឆិកា។

ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ថោង ផល្លារង្សី បាន​បង្គាប់​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឃុំខ្លួន លោក លី សាម៉េត បន្ទាប់​ពី​ដាក់​ក្រោម​ការ​ពិនិត្យ​ពី​បទ «ឆបោក» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ខែកញ្ញា ឆ្នាំ២០២២ និង​ខែតុលា ឆ្នាំ២០២២ តាម​បញ្ញត្តិ​មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រម​ព្រហ្មទណ្ឌ។

ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួនដដែល​នេះ​បញ្ជាក់​ថា លោក លី សាម៉េត ហៅ​គ្រូមា មាន​មុខរបរ​ជា​អ្នក​រកស៊ី កម្រិត​វប្បធម៌​គ្មាន ឬ​មិន​ចេះ​អក្សរ។

ការ​សម្រេច​របស់​តុលាការ​នេះ​ធ្វើ​ឡើង នៅ​ក្រោយ​ពេល​ដែល​លោក លី សាម៉េត បាន​ចូល​សារភាព នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នៅ​ក្រុង​កំពង់សោម កាល​ពី​យប់​ថ្ងៃ​ទី៤ ខែវិច្ឆិកា និង​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី៥ ខែវិច្ឆិកា។ ចំណាត់​ការ​របស់​អាជ្ញាធរ និង​តុលាការ​នេះ​ទៀត​សោត ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​លោក ហ៊ុន សែន ចេញ​សារ​លើ​ហ្វេសប៊ុក​បើក​ផ្លូវ​ឱ្យ​សមត្ថកិច្ច​នាំ​ខ្លួន​លោក លី សាម៉េត បញ្ជូន​ទៅ​តុលាការ។ លោក ហ៊ុន សែន ចេញ​សារ​បែប​នេះ ឆ្លើយតប​នឹង​វីដេអូ​រយៈ​ពេល ៥នាទី​របស់​លោក លី សាម៉េត ដែល​ចេញ​មុខ​សារភាព​កំហុស និង​ស្នើសុំ​សម្រាក​ព្យាបាល​ជំងឺ​នៅ​ផ្ទះ។ បើ​ទោះ​ជា​យ៉ាង​ណា​ក្ដី សារ​សំខាន់​នៅ​ក្នុង​វីដេអូ​សារភាព​កំហុស​នោះ គឺ​លោក លី សាម៉េត ប្រឹង​និយាយ​ដដែល ដើម្បី​លាង​ជម្រះ​ថា លោក ហ៊ុន សែន មិន​ពាក់ព័ន្ធ​នឹង​អំពើ​បោកប្រាស់​របស់​ខ្លួន។

ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​តាមដាន​បញ្ហា​សង្គម និង​នយោបាយ​កម្ពុជា​ស្នើ​ឱ្យ​តុលាការ​ស៊ើបអង្កេត​រឿង​នេះ​ឱ្យ​ស៊ីជម្រៅ ដើម្បី​នាំ​អ្នក​ពាក់ព័ន្ធ​មក​ផ្ដន្ទាទោស ដោយសារ​ករណី​ចាប់​ខ្លួន​លោក លី សាម៉េត នេះ មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន និង​ម្យ៉ាង​ទៀត គឺ​ឧកញ៉ា លី សាម៉េត ធ្លាប់​និយាយ​ថា លោក​យក​លុយ ដែល​បាន​មក​ពី​ការ​បោកប្រាស់​ប្រគល់​ឱ្យ​ទៅ​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។