កម្ពុជា«កាន់តែផ្ដាច់ការ»ព្រោះមេដឹកនាំបង្ខំពលរដ្ឋគាំទ្រអ្វីៗដែលជាគំនិតរបស់ខ្លួន
2024.08.05
ប្រជាពលរដ្ឋ ព្រួយបារម្ភថា ក្រុមគ្រួសារត្រកូល «ហ៊ុន» ទាញឱ្យកម្ពុជាធ្លាក់ក្នុងរបៀបដឹកនាំកាន់តែផ្ដាច់ការដូចបណ្ដាប្រទេសកុម្មុយនិស្ត ព្រោះក្រុមមេដឹកនាំហាក់បង្ខំឱ្យពលរដ្ឋស្រែកបន្ទរគាំទ្រគំនិតអភិវឌ្ឍន៍របស់ខ្លួនជាពិសេសគម្រោងចុងក្រោយ គឺព្រែកជីកហ្វូណន ដែលរដ្ឋាភិបាលធ្វើពិធីបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ សីហា នេះ។
រដ្ឋបាលតាមបណ្ដាខេត្ត និងមន្ត្រីអាជ្ញាធរចាប់ផ្ដើមរៀបចំដោយដាក់ទង់ជាតិនៅខាងមុខកន្លែងធ្វើការពួកគេ និងរម្លឹកដល់ប្រជាពលរដ្ឋ សិស្សនិស្សិត និងព្រះសង្ឃវាយស្គរ និងចូលរួមអបអរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណននៅថ្ងៃទី៥ ខែសីហា តាមបញ្ជាមេកើយរបស់ខ្លួនគឺប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
ចំណែក ពលរដ្ឋដែលមើលឃើញពីចំណុចអវិជ្ជមានពីគម្រោងនេះ លើកឡើងថា ការសម្រេចគាំទ្រ ឬមិនគាំទ្រជាសិទ្ធិសម្រេចរបស់ប្រជាពលរដ្ឋ ហើយរដ្ឋាភិបាលក៏មិនគួរដាក់សម្ពាធ ឬបង្ខិតបង្ខំក្នុងរូបភាពគំរាមកំហែងណាមួយដែរ។
ពលរដ្ឋម្នាក់រស់នៅខេត្តសៀមរាប លោក ហាន ប៊ុនហ៊ាន ថ្លែងថា ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណននេះ ហាក់ធ្វើឡើងតក់ក្រហល់ ហើយរដ្ឋាភិបាលពុំបានបង្ហាញតម្លាភាពភាពគ្រប់គ្រាន់លើផលប៉ះពាល់បរិស្ថាន និងសង្គមឱ្យពលរដ្ឋបានដឹងនៅឡើយ។ បន្ថែមពីនេះ លោកព្រួយបារម្ភថា ប្រសិនគម្រោងនេះ ធ្វើឡើងក្នុងគោលដៅបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយប្រទេសដទៃនោះ កម្ពុជាមិនត្រឹមតែខាតបង់ប៉ុណ្ណោះទេ ប៉ុន្តែអាចនឹងប៉ះពាល់ដល់ដែនអធិបតេយ្យរបស់ខ្លួនថែមទៀត។
លោក ហាន ប៊ុនហ៊ាន៖ «ហេតុអ្វីចាំបាច់អីឱ្យប្រជាពលរដ្ឋទៅគាំទ្រ តើថវិកានោះជាថវិកាជាតិយើង ឬប្រទេសដទៃ អ្វីដែលចំណេញខ្ញុំគាំទ្រ អ្វីដែលមិនចំណេញច្បាស់ជាទឹកភ្នែកហើយ។ រាល់ថ្ងៃនេះ ប្រជាពលរដ្ឋណាមិនគាំទ្រគេចាត់ទុកមាននិន្នាការផ្សេង អត់បានគិតពីទុក្ខលំបាករបស់ប្រជាពលរដ្ឋយើងទេ។ ទិដ្ឋភាពជាក់ស្ដែង ខ្ញុំបារម្ភភ័យខ្លាច នឹកឃើញថា យើងមានប្រវត្តិសាស្ត្រមានរួចមកហើយ យើងបាត់បង់យ៉ាងច្រើន។ រដ្ឋាភិបាលសុទ្ធតែបណ្ឌិត ហេតុអ្វីប្រទេសយើងក្រ តើបណ្ឌិតនោះទៅធ្វើការក្នុងរដ្ឋ ធ្វើការស្អីខ្លះ បណ្ដាលឱ្យប្រទេសកាន់តែទន់ទាបអាប់ឱនយ៉ាងនេះ? នេះគ្រាន់តែបណ្ឌិតក្នុងជួររាជរដ្ឋាភិបាលសព្វថ្ងៃ។ បណ្ឌិតច្រើនណាស់ ប្រជាជនតិចទេ ហេតុអ្វីប្រទេសយើងក្រ»។
ចំណែក អ្នករត់ម៉ូតូឌុបម្នាក់ទៀតនៅរាជធានីភ្នំពេញ លោក សាន់ ចាន់ម៉ៅ ឱ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញ និងពលរដ្ឋអ្នករកស៊ីបើកហាងធំៗមួយចំនួនបានរៀបចំដាក់ទង់ជាតិនៅខាងមុខកន្លែងធ្វើការ និងកន្លែងរកស៊ីរបស់ពួកគេ។ ទោះជាយ៉ាងណា លោកយល់ថា សកម្មភាពពលរដ្ឋ និងមន្ត្រីរាជការមួយចំនួនអាចធ្វើឡើងទាំងបង្ខំ ដោយសារតែរងសម្ពោធពីក្រុមមន្ត្រីថ្នាក់លើ។
លោក សាន់ ចាន់ម៉ៅ៖ «និយាយពីចិត្តយើងនៅមិនព្រមទទួលយក ប៉ុន្តែគេទៅហើយ យើងមិនទៅក៏មិនឈ្នះគេ អ៊ីចឹងប្រជាពលរដ្ឋម្នាក់ៗមានតែតាមដំណើរមានសិទ្ធិអីសម្រេចទៅលើរដ្ឋសព្វថ្ងៃ ដូចកង្កែបក្នុងអណ្ដូង មានសិទ្ធិអី? យើងនិយាយខ្លាំងគេថា យើងក្រុមជ្រុលនិយម បើយើងមិននិយាយថា យើងមិននិយាយ ដល់ពេលយើងរិះគន់ខ្លាំងវាប៉ះពាល់»។
នៅមុនពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសឱ្យមន្ត្រីរាជការ សិស្សនិស្សិត និងកម្មករតាមរោងចក្រសហគ្រាសទាំងអស់ ឈប់សម្រាកនៅថ្ងៃទី៥ ខែកក្កដា ជាថ្នូរទាមទារឱ្យពលរដ្ឋ និងមន្ត្រីរាជការចូលរួមអបអរពិធីបើកការដ្ឋានព្រែកជីកហ្វូណននេះ និងអំពាវនាវឱ្យព្រះសង្ឃទូទាំងខេត្តវាយស្គរចំថ្ងៃបើកការដ្ឋានសាងសង់គម្រោងនេះ។ ចំណែក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី១ សីហា ក៏បានប្រកាសដែរថា នៅថ្ងៃទី៥ ខែសីហា កម្មករតាមរោងចក្រអាចឈប់សម្រាក និងពុំមានការកាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនោះទេ។ ទោះជាយ៉ាងណា ក្រុមថៅកែតាមរោងចក្រមួយចំនួនដូចជា ក្រុមហ៊ុន ម៉េង ដា ហ្វូតរៀ អ៊ីនដាស់ស្ទ្រីល (Meng Da Footwear Industrial) កាលពីថ្ងៃទី២ សីហា ចេញលិខិតប្រកាសថា នៅថ្ងៃទី៥ សីហា ប្រសិនបើកម្មករណាមិនចូលកម្មវិធីអបអរពិធីបើកការដ្ឋានព្រែកជីកហ្វូណន នឹងមិនបានប្រាក់ឈ្នួលឡើយ។
ទាក់ទងនឹងរឿងនេះដែរ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បកស្រាយថា រដ្ឋាភិបាលពុំបានទាមទារឱ្យមន្ត្រីរាជការសិស្សសាលាកម្មករចូលរួមគាំទ្រ និងអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនទេ ប៉ុន្តែពួកគេបង្ហាញការគាំទ្រដោយខ្លួនឯង។ ទោះជាបែបនេះក្ដី លោក សុខ ឥសាន ចាត់ទុកថា ពលរដ្ឋណាដែលមិនគាំទ្រគម្រោងនេះ គឺជាក្រុមប្រឆាំងជ្រុលនិយម និងមិនយល់ពីស្ថានការណ៍ក្នុងការកសាងគម្រោងនេះ ដើម្បីជំរុញសេដ្ឋកិច្ចជាតិ។
លោក សុខ ឥសាន៖ «ការគាំទ្រមានទូទាំងប្រទេស ប៉ុន្តែគេគាំទ្រនៅផ្ទះរបស់គេក៏បាន នៅអង្គភាពរោងចក្រសហគ្រាសរបស់គេក៏បានមិនបាច់ ទៅគាំទ្រដល់ពិធីបើកការដ្ឋានឯណា។ អ៊ីចឹងមិនមែនមានន័យថា អ្នកនៅផ្ទះអត់គាំទ្រទេ គេគាំទ្រជាសតិអារម្មណ៍ ជាមនោសញ្ចេតនារបស់គេ ព្រោះនេះជាសមិទ្ធផលរបស់ជាតិទាំងមូល អ្នកណាក៏គាំទ្រដែលក្នុងនាមជាខ្មែរ។ លើកលែងតែពួកក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេសដែលប្រឆាំងនឹងការដ្ឋានហ្នឹងទេដែលមិនគាំទ្រនោះ មានតែអ្នកដើរតាមសម រស្ស៊ី ដែលជ្រុលនិយមដែលអត់គាំទ្រ»។
ផ្ទុយពីការលើកឡើងនេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ មើលឃើញថា ក្នុងបរិបថសង្គមកម្ពុជាសព្វថ្ងៃប្រជាពលរដ្ឋមិនទាន់មានសិទ្ធសេរីភាពគ្រប់គ្រាន់ក្នុងការធ្វើសេចក្ដីសម្រេចចិត្តនោះទេ ហើយការប្រកាសគាំទ្ររបស់ពលរដ្ឋលើគម្រោងនានារបស់រដ្ឋាភិបាល ភាគច្រើនកើតចេញពីការកៀរគររបស់រដ្ឋាភិបាល។ លោកយល់ថា ទោះបីគម្រោងព្រែកជីកហ្វូណនអាចបម្រើដល់សេដ្ឋកិច្ចជាតិ ប៉ុន្តែ រដ្ឋាភិបាលក៏ត្រូវតែគិតគូរជាចម្បងលើផលប៉ះពាល់ពលរដ្ឋនៅមូលដ្ឋានដែរ។
លោក សេក សុជាតិ៖ «ខ្ញុំនៅតែលើកទឹកចិត្តមួយថា សូមកុំឱ្យប៉ះពាល់ដល់ផលប្រយោជន៍រួម ធ្វើម៉េចកុំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅកាន់កាប់ដីរបស់គាត់នាពេលកន្លងមក ហើយត្រូវតែទូទាត់សំណងឱ្យគាត់ កុំធ្វើបាបពួកគាត់ កុំឱ្យពួកគាត់ក្លាយជាជនរងគ្រោះដោយសារតែការអភិវឌ្ឍ ដោយមិនផ្ដល់សំណង ទៅដល់ពួកគាត់ជាម្ចាស់ដី ជាម្ចាស់ទ្រព្យទាំងអស់»។
រដ្ឋាភិបាលកម្ពុជាគ្រោងចាយដើមទុនប្រមាណ ១ពាន់ ៧រយលានដុល្លារលើគម្រោងព្រែកជីកហ្វូណន និងគ្រោងបញ្ចប់គម្រោងនេះនៅឆ្នាំ២០២៨។ ដំបូងឡើយរដ្ឋាភិបាលកម្ពុជារំពឹងលុយភាគច្រើន ដើម្បីអនុវត្តគម្រោងពីភាគីចិន ប៉ុន្តែនៅពេលមានការរិះគន់ និងចោទប្រកាន់ពីភាគីវៀតណាមថា គម្រោងព្រែកជីកហ្វូណន អាចជួយសម្រួលឱ្យយោធាចិនចូលកម្ពុជាកាន់តែជ្រៅនោះ រដ្ឋាភិបាល បានកៀរគរឱ្យក្រុមឧកញ៉ា និងអ្នកជំនួញដែលស្និទ្ធនឹងខ្លួនឱ្យមកដាក់ទុកចូលរួមវិនិយោគគម្រោងនេះ។
ទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រញាប់ប្រញាល់ត្រៀមបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនឱ្យចំថ្ងៃខួបកំណើតឪពុករបស់លោកគឺលោក ហ៊ុន សែន នៅថ្ងៃទី០៥ ខែសីហា ក្តី រដ្ឋាភិបាលនៅមិនទាន់ដោះស្រាយកង្វល់ និងហានិភ័យជាច្រើនពាក់ព័ន្ធនឹងគម្រោងនេះដូចជា តម្លាភាពនៃចំនួនប្រាក់កម្ចីពីចិន ក្រុមហ៊ុនដាក់ទុនសាងសង់ ផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងផែនការជម្លៀសពលរដ្ឋរាប់រយគ្រួសារចេញពីលំនៅឋានជាដើម នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។