ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​ស្ទឹងត្រែង​ប្រតិកម្ម​នឹង​អាជ្ញាធរ​រឹតត្បិត​សេរីភាព​ធ្វើ​បុណ្យ​ក្នុង​សហគមន៍

0:00 / 0:00

ជនជាតិ​ដើម​ភាគ​តិច​នៅ​ឃុំ​ក្បាលរមាស និង​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ប្រតិកម្ម​នឹង​អាជ្ញាធរ ថា​បាន​រឹតត្បិត​សេរីភាព​ធ្វើ​បុណ្យ​បែប​ព្រះពុទ្ធ​សាសនា​នៅ​វត្ត​អារាម​ក្នុង​សហគមន៍។

ការ​លើក​ឡើង​នេះ នៅ​គ្រា​អាជ្ញាធរ​ឃុំ​ក្បាលរមាស សរសេរ​លិខិត​ចុះ​ថ្ងៃ​ទី​១៥ កក្កដា បដិសេធ​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ទាក់ទិន​ការ​រៀបចំ​ពិធី​បុណ្យ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី។ អាជ្ញាធរ​ចាត់​ទុក​ការ​រៀបចំ​ពិធី​បុណ្យ​បែប​ព្រះពុទ្ធ​សាសនា​នោះ មិន​បាន​ជូន​ដំណឹង​ទៅ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន ថា​ជា​ទង្វើ​ខុស​ច្បាប់។

ជនជាតិ​ដើម​ភាគ​តិច​ឃុំ​ក្បាលរមាស និង​ឃុំ​ស្រែគរ ចាត់​ទុក​លិខិត​របស់​អាជ្ញាធរ ថា​ជា​ការ​រឹតត្បិត​សេរីភាព​ធ្វើ​បុណ្យ​បែប​ព្រះពុទ្ធ​សាសនា និង​រើសអើង​និន្នាការ​នយោបាយ បន្ទាប់​ពី​អ្នក​ភូមិ​ជាច្រើន​នាក់ បាន​ចូលរួម​ពិធី​បុណ្យ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី រយៈពេល ៣​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ កក្កដា។

ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ លោក ពុធ ឃឿន កត់​សម្គាល់​ថា តាម​ការ​គ្រោង​ទុក ពលរដ្ឋ​នៅ​ឃុំ​ស្រែគរ ប្រមាណ​ជិត ១០០​នាក់ គ្រោង​ធ្វើ​ដំណើរ​ទៅ​ឃុំ​ក្បាលរមាស ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី ក៏ប៉ុន្តែ​ផ្លូវ​ធ្វើ​ដំណើរ​លំបាក ហើយ​ជា​រដូវ​វស្សា​ផង ទើប​អ្នក​ភូមិ​ខ្លះ​អាក់​ខាន។ តែ​យ៉ាង​ណា លោក​ច្រាន​ចោល​ការ​អះអាង​របស់​មេ​ឃុំ​ក្បាលរមាស ដែល​ថា​មាន​ពលរដ្ឋ​តែ ២-៣​នាក់​ប៉ុណ្ណោះ​ដែល​ចូលរួម​ពិធី​បុណ្យ​នោះ៖ « អត់​មាន​សុំ​ច្បាប់​ទេ គឺ​ច្បាប់​នោះ គឺ​ច្បាប់​ព្រៃ ហើយ​គ្រាន់​តែ​មនុស្ស​ងាប់​អ្នក​ស្នេហា​ជាតិ ចាំបាច់​សុំ​លិខិត​អី​ណា ? មាន​ច្បាប់​មក​ពី​ណា​ចែង​ឲ្យ​សុំ​លិខិត​អី​សុំ​ធ្វើ​បុណ្យ អត់​មាន​ទេ »

ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ឃុំ​ក្បាលរមាស លោក ដាំ សំណាង អះអាង​ថា សហគមន៍ និង​យុវជន​ជនជាតិ​ដើម​ភាគ​តិច បាន​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី ជា​បន្តបន្ទាប់ ទោះ​បី​ពួក​គេ​រវល់​ការងារ​ស្រែ​ចម្ការ​ក្តី។ លោក​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​មេ​ឃុំ​ក្បាលរមាស ដែល​ថា​រូប​លោក​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដើរ​បំផុស​ពលរដ្ឋ​ឲ្យ​ចូលរួម​ពិធី​បុណ្យ​ខុស​ច្បាប់៖ « ខ្ញុំ​មិន​សប្បាយ​ចិត្ត​ដែរ​ក្នុង​ការ​វាយ​ប្រហារ​ប្រឆាំង​រូប​ខ្ញុំ ថា​ខ្ញុំ​ជា​អ្នក​បក្ស​ប្រឆាំង ហើយ​មិន​ទទួល​ស្គាល់​លើ​ការ​វាយ​ប្រហារ​របស់​ពួក​គាត់​ដែរ ព្រោះ​ពលរដ្ឋ​មិន​មែន​ចូលរួម​មក​ទាំង​ដុំ ៣០០​នាក់​ទេ ក្នុង​ភូមិ​មួយ​មិន​មែន​មាន​តែ​មនុស្ស ៣០០​នាក់​ទេ »

មេ​ឃុំ​ក្បាលរមាស លោក វឿន សម្បត្តិ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ពី​បញ្ហា​នេះ​ទេ នៅ​ថ្ងៃ​ទី​១៨ កក្កដា រីឯ​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការ​អធិប្បាយ​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៨ កក្កដា។

ចំណែក​មេ​ប៉ុស្តិ៍​ស្រែគរ លោក ថាយ ស៊ុនអ៊ី និយាយ​យ៉ាង​ខ្លី​ថា ការ​លើក​ឡើង​របស់​មេ​ឃុំ​ស្រែគរ ថា​មាន​ពលរដ្ឋ​ជាង ១០០​នាក់​ធ្វើ​ដំណើរ​ចូលរួម​ពិធី​បុណ្យ​នោះ គឺ​ជា​រឿង​បំផ្លើស​ការ​ពិត៖ « ក្នុង​រឿង​នេះ​បើ​អត់​មាន​ជាង ១០០ ដូច​គេ​ថា​ចឹង យើង​មិន​បដិសេធ »

ព្រះតេជព្រះគុណ​គង់​នៅ​វត្ត​ក្បាលរមាស ព្រះ​នាម ស្រន់ ស្រឿន មាន​ថេរ​ដីកា​ថា ពិធី​បុណ្យ​នេះ​មាន​ពលរដ្ឋ​រាប់​រយ​នាក់​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី និង​បាន​ស្តាប់​ធម៌​ទេសនា​នៅ​ពេល​រាត្រី ហើយ​ពិធី​បុណ្យ​នេះ​មាន​ព្រះសង្ឃ ៧​អង្គ​សម្ដែង​ធម៌​ទេសនា រាប់បាត្រ ប្រគេន​ចង្ហាន់ និង​សម្ភារៈ​ផ្សេងៗ​ដល់​ព្រះសង្ឃ៖ « គឺ​គាត់​ធ្វើ​ឲ្យ​ដោយ​សុទ្ធចិត្ត​ឲ្យ​បាន​ទៅ​កាន់​សុគតិភព អត់​មាន​ចូល​នយោបាយ។ គ្រាន់​តែ​ធ្វើ​ឧទ្ទិស​កុសល​ផល​បុណ្យ​ដើម្បី​ឲ្យ​បណ្ឌិត​បាន​ទៅ​កាន់​សុគតិភព »

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល ឲ្យ​ដឹង​ថា ពលរដ្ឋ​ប្រារព្ធ​ពិធី​បុណ្យ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី អាជ្ញាធរ​បាន​អះអាង​ថា មាន​ពលរដ្ឋ​តែ ២ ទៅ ៣​នាក់​ប៉ុណ្ណោះ​ដែល​ចូលរួម​ពិធី​បុណ្យ​នេះ ដោយ​មិន​បាន​ជូន​ដំណឹង​ទៅ​អាជ្ញាធរ គឺ​ជា​ទង្វើ​ខុស​ច្បាប់។ លោក​ចាត់​ទុក​ការ​លើក​ឡើង​របស់​អាជ្ញាធរ​រដ្ឋាភិបាល គឺ​ជា​រឿង​បំផ្លើស​ការ​ពិត និង​កេង​ចំណេញ​នយោបាយ។ លោក​ថា អាជ្ញាធរ​មិន​គួរ​រឹតត្បិត​សិទ្ធិ​សេរីភាព​បែប​ព្រះពុទ្ធ​សាសនា​ដែល​ជា​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ និង​ជនជាតិ​ដើម​ភាគ​តិច​នោះ​ទេ៖ « បើ​តាម​គំនិត​របស់​ពលរដ្ឋ​មិន​មាន​ចំណេញ​នយោបាយ បើ​តាម​ពិត ភាគី​ខាង​មេ​ឃុំ និង​មេ​ប៉ុស្តិ៍​វិញ​ទេ ដែល​កេង​ចំណេញ​នយោបាយ។ បើ​ខ្ញុំ​ថា​កេង​ដោយ​គាត់​បំភ័ន្ត​ថា ការ​ចូលរួម​ពលរដ្ឋ គឺ​មាន​តែ ២ ទៅ ៣​នាក់ »

លិខិត​បដិសេធ​ចុះ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៦ របស់​មេ​ឃុំ​ក្បាលរមាស លោក វឿន សម្បត្តិ មេ​ប៉ុស្តិ៍​ក្បាលរមាស លោក ឡត ម៉ារ៉ន និង​មេ​ប៉ុស្តិ៍​ស្រែគរ លោក ថាយ ស៊ុនអ៊ី សរសេរ​ថា ពួក​គេ​បដិសេធ​ទាំង​ស្រុង ថា​មាន​ជនជាតិ​ដើម​ភាគ​តិច​ប្រមាណ ៣០០​នាក់​មក​ពី​ឃុំ​ក្បាលរមាស និង​ឃុំ​ស្រែគរ ប្រារព្ធ​ពិធី​បុណ្យ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី ដោយ​អះអាង​ថា​មាន​តែ​ពលរដ្ឋ ២ ទៅ ៣​នាក់​ប៉ុណ្ណោះ។ លើស​ពី​នេះ ពួក​គេ​ថា​ការ​ចុះ​ផ្សាយ​ព័ត៌មាន​នេះ បាន​ប្រាសចាក​ការ​ពិត ក្នុង​គោល​បំណង​កេង​ចំណេញ​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។