ជនជាតិដើមភាគតិចសួយចំនួន ៨ភូមិ នៅខេត្តកំពង់ស្ពឺ ធ្វើបុណ្យភ្ជុំបិណ្ឌ បុណ្យកឋិន និងបុណ្យចូលឆ្នាំ ដូចជាពលរដ្ឋខ្មែរទូទៅដែរ។
ក៏ប៉ុន្តែមានឧបសគ្គខ្លះៗ រារាំងដល់ការប្រតិបត្តិជំនឿទាំងនេះ ដោយសារបាត់បង់ព្រៃឈើធ្វើឱ្យជីវភាពសហគមន៍ថយចុះ ខ្វះខាតថវិកាធ្វើបុណ្យ ហើយគ្រួសារអ្នកភូមិខ្លះធ្វើចំណាកស្រុកទៅតំបន់ឆ្ងាយៗ ខកខានមិនបានចូលរួមពិធីបុណ្យទាន។
ទិដ្ឋភាពពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំធំ នៅថ្ងៃទី២ តុលា របស់ជនជាតិដើមភាគតិចសួយចំនួន ៨ ភូមិនៅឃុំសង្កែសាទប ស្រុកឱរ៉ាល់ ហាក់មានភាពស្ងប់ស្ងាត់ជាងឆ្នាំមុនៗ ដោយសារសហគមន៍មិនសូវមានធនធាន សម្រាប់ធ្វើបុណ្យទានជាដុំកំភួននោះឡើយ។
ពលរដ្ឋភាគច្រើននាំគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ នៅវត្ត កែវមុនី ហៅ វត្តកន្ទួត និងវត្តកោដូនតី ដែលឋិតនៅកៀកនឹងភូមិកំណើតរបស់ពួកគាត់ ហើយអ្នកភូមិបានចែកវេនគ្នា ធ្វើចង្ហាន់ប្រគេនព្រះសង្ឃ។
ជនជាតិដើមភាគតិចសួយ លោកស្រី កែប អឹប ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២ តុលា ថា ការបាត់បង់ព្រៃឈើមិនត្រឹមតែធ្វើឱ្យធ្លាក់ចុះប្រពៃណីវប្បធម៌ជនជាតិដើមភាគតិចប៉ុណ្ណោះទេ វាបង្កឱ្យប៉ះពាល់ដល់ការប្រតិបត្តិប្រពៃណីខ្មែរដូចគ្នាដែរ ដោយសារពលរដ្ឋធ្វើចំណាកស្រុកច្រើន ជីវភាពសហគមន៍ថយចុះ និងអាកាសធាតុឡើងកម្តៅ ជាដើម។
ប្រការនេះហើយ លោកស្រីថា ធ្វើឱ្យការសាមគ្គីគ្នាក្នុងសហគមន៍ថយចុះ ហើយការប្រារព្វពិធីកាន់បិណ្ឌនៅរយៈពេលជាង ១០ឆ្នាំកន្លងទៅនេះក៏ពុំសូវមានអ្នកភូមិចូលរួមច្រើនដែរ ព្រោះពួកគាត់រវល់ការងារស្រែចម្ការ និងខ្លះទៀត ធ្វើការខេត្តឆ្ងាយៗ ខកខានមិនបានមកលេងស្រុកកំណើត។
លោកស្រី កែប អឹប៖ «យើងទៅសែនប្រាប់ដូនតាអ៊ីចឹងណា៎ មុនទៅវត្តជូនដល់តាយាយដែលបានចែកឋានទាំងប៉ុន្មាននោះឱ្យមកជួបជុំគ្នា យើងត្រូវប្រាប់ដូនតាយើងមុនទៅវត្តវ៉ា»។
ចាប់ពីថ្ងៃកាន់បិណ្ឌទី១ រហូតថ្ងៃបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ អ្នកភូមិបានចែកវេនគ្នាធ្វើចង្ហាន់នាំយកនំចំណី ផ្កាភ្ញី ទៀនធូបទៅប្រគេនព្រះសង្ឃតាមជំនឿ និងរាប់បាត្របោះបាយបិណ្ឌ ឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន។
អ្នកភូមិខ្លះធ្វើពិធីសែនផ្នូរ សូត្រមន្តបង្សុកូលក្នុងតំបន់ព្រៃកប់ខ្មោច និងតំបន់ល្អាងភ្នំ ដែលពួកគាត់តែងតែធ្វើពិធីនេះជារៀងរាល់ឆ្នាំ។
ម្យ៉ាងវិញទៀត ប្រពៃណីជនជាតិដើមភាគតិចសួយ ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ពួកគេតែងនាំគ្នាសម្អាតទីកន្លែងគោរពបូជាអារក្សអ្នកតា ធ្វើពិធីសែនអារក្ស រាំរបាំប្រពៃណី និងសែនព្រេន មានមាន់ស្ងោរ ផ្កា និងនំចំណី ជាដើម។
ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ឋិតក្នុងតំបន់ជនបទដាច់ស្រយាលមួយ ឋិតនៅភាគខាងលិចនៃរាជធានីភ្នំពេញដែលមានចម្ងាយជាង ១០០គីឡូម៉ែត្រ។
ជនជាតិដើមភាគតិចសួយមានជំនឿ និងឱ្យតម្លៃលើព្រលឹងដូនតា ម្ចាស់ទឹកម្ចាស់ដី ដែលពួកគាត់តែងតែគោរពបូជា រួមមាន អ្នកតាប្រាក់ អ្នកតាប្រប តាឫក និងតារឹល ដែលអ្នកស្រុកមានជំនឿថា ពូកែសក្ដិសិទ្ធិ អាចជួយឱ្យអ្នកភូមិខ្លះ ជាសះស្បើយពីជំងឺ ប្រសិនបើគ្រូពេទ្យព្យាបាលមិនជា។
ស្ទើរជារៀងរាល់ឆ្នាំឱ្យតែដល់រដូវបុណ្យជាតិសំខាន់ សហគមន៍រៃអង្គាសប្រាក់គ្នា ធ្វើពិធីសែនអ្នកតា ដោយថ្វាយមាន់ស្ងោរនិងកាប់គោជាដើម។ ក្នុងពិធីនោះ អ្នកភូមិបានចាត់ឱ្យ មនុស្សវ័យចំណាស់ម្នាក់ស្លៀកក្បិនក្រហម រុំក្រណាត់ក្រហមលើក្បាល ដោះអាវ ដើម្បីរៀបចំកិច្ចបញ្ចូលរូបអ្នកតាភ្នំ ដោយផឹកឈាមគោ និងឈាមក្របីឆៅ។
ចាស់ព្រឹទ្ធាចារ្យ និងជាគ្រូអាចារ្យជាជនជាតិដើមសួយ លោក ទូច ខ្លុំ វ័យ ៨០ ឆ្នាំ ឱ្យដឹងថា អ្នកភូមិប្រកាន់ទំនៀមទម្លាប់ជនជាតិដើមភាគតិច និងទំនៀមទម្លាប់ប្រពៃណីខ្មែរ ដូចគ្នាផ្សារភ្ជាប់នឹងទំនាក់ទំនងក្នុងសហគមន៍ ដើម្បីសុំសេចក្តីសុខចម្រើន។
លោកថា ប្រសិនបើបាត់បង់ព្រៃឈើ និងដីធ្លីទាំងស្រុង អត្តសញ្ញាណរបស់ជនជាតិដើមភាគតិច នឹងបាត់បង់ដែរ ហេតុនេះសហគមន៍ត្រូវរួបរួមគ្នាថែរក្សាព្រៃដែលនៅសល់ឱ្យគង់ ដោយដាំស្ដារឡើងវិញ ជាពិសេសត្រូវរៀបចំពិធីផ្សេងៗ ដើម្បីរំលឹកវប្បធម៌ ជនជាតិដើមភាគតិចក្នុងថ្ងៃបុណ្យជាតិ។
លោក ទូច ខ្លុំ៖«រឿងនឹងពិបាកដែរ ព្រោះប្រជាជនពីដើមគាត់រស់នៅអាស្រ័យផលតាមព្រៃភ្នំ និងតាមតំបន់គាត់រស់នៅ។ តែឥឡូវនេះ គេហាមឃាត់មិនឱ្យយើងចូលទៅកន្លែងនឹងទៀតទេ ហើយពួកយើងក៏ពិបាក ដើរទៅកន្លែងគោរពបូជា ជួនកាលគេចិត្តល្អក៏ឱ្យឆ្លងកាត់ ជួនកាលគេមិនឱ្យឆ្លងកាត់»។
ឆ្លើយតបរឿងនេះ មេឃុំសង្កែសាទប លោក ណន សារុន មានប្រសាសន៍ថា ក្នុងឃុំសង្កែសាទប មានជនជាតិដើមភាគតិចសួយជាង ២០០គ្រួសារប៉ុណ្ណោះ ដោយពួកគាត់តែងតែសាមគ្គីគ្នា ធ្វើបុណ្យភ្ជុំបិណ្ឌ និងប្រតិបត្តិជំនឿបែបជនជាតិដើមភាគតិចជារៀងរាល់ឆ្នាំ។លោកថា តំបន់នោះ មានវត្តចំនួន២ ដែលជនជាតិដើមសួយភាគច្រើនចូលរួមពិធីកាន់បិណ្ឌ រួមមាន វត្តកន្ទួត និងវត្តកោដូនតី។
លោក ណន សារុន៖«គាត់ចូលបុណ្យភ្ជុំបិណ្ឌ កឋិន ចូលអីទាំងអស់ដូចខ្មែរយើងដែរ លាយគ្នាតាមជនជាតិជាមួយខ្មែរ ឧទាហរណ៍៥០គ្រួសារ លាយពួកគាត់ជាមួយដប់ ម្ភៃ សាមសិបគ្រួសារដែរ»។
ជុំវិញរឿងនេះ អនុប្រធានអង្គការពលរដ្ឋយើង លោក មាន ព្រហ្មមុនី យល់ថា ដើម្បីអភិរក្សអត្តសញ្ញាណជនជាតិដើមភាគតិចឱ្យគង់វង្ស អាជ្ញាធរត្រូវពន្លឿន ចុះបញ្ជីដីសមូហភាពជូនសហគមន៍ដែលជាផ្នែកមួយលើកកម្ពស់សេដ្ឋកិច្ចពួកគាត់ និងបង្កើនសាមគ្គីភាពធ្វើបុណ្យទានរបស់សហគមន៍។
លោក មាន ព្រហ្មមុនី៖ «រដ្ឋមានកាតព្វកិច្ចចូលរួមការពារ ផលប្រយោជន៍ជាតិ ការពារធនធានធម្មជាតិ ក្នុងច្បាប់តំបន់ការពារធម្មជាតិ និងច្បាប់ភូមិបាល ការពារដីសមូហភាព គឺការពារអត្តសញ្ញាណជនជាតិដើមភាគតិច ព្រោះប្រទេសនីមួយៗ មានជនជាតិដើម។ យើងត្រូវផ្តល់សិទ្ធិឱ្យជនជាតិដើម ចុះបញ្ជីដីសមូហភាពឱ្យជនជាតិដើម»។
ជនជាតិដើមភាគតិចសួយចាត់ទុកព្រៃឈើ ជាប្រភពអនុផលធនធានធម្មជាតិសម្បូរបែបរបស់សហគមន៍ និងជាកន្លែងគោរពបូជាអារក្សអ្នកតាភ្នំ ដោយមានទឹកអូរធម្មជាតិសម្បូរត្រី ទឹកផុសចេញពីល្អាងភ្នំ និង ព្រៃជំនឿដែលអ្នកស្រុកធ្វើពិធីសែនព្រេន ជារៀងរាល់ឆ្នាំ។
ពួកគាត់តែងតែនិមន្តព្រះសង្ឃធ្វើពិធីបុណ្យបង្សុកូល រាល់ពេលបុណ្យភ្ជុំបិណ្ឌក្នុងតំបន់ព្រៃសហគមន៍ភ្នំវិហារ ដើម្បីបួងសួងឱ្យអារក្សអ្នកតា ជួយការពារធនធានធម្មជាតិ ដែលកំពុងប្រឈមការបាត់បង់ជាបន្តបន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
