ក្រសួងមហាផ្ទៃ អនុញ្ញាត​ឲ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ហែ​ក្បួន​ធម្មយាត្រា កំណត់​ត្រឹម ៥០នាក់

ដោយ សេក បណ្ឌិត
2023.01.26
Share on WhatsApp
Share on WhatsApp
ក្រសួងមហាផ្ទៃ អនុញ្ញាត​ឲ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ហែ​ក្បួន​ធម្មយាត្រា កំណត់​ត្រឹម ៥០នាក់ រូបឯកសារ​ក្នុង​ទិវាគ្រូបង្រៀនអន្តរជាតិ កាល​ពី​ថ្ងៃ​ទី៥ ខែតុលា ឆ្នាំ២០២០ (អាវលឿង) អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដែលគ្រោង​រៀបចំ​ហែ​​ក្បួន​ធម្មយាត្រា​ពី​ភ្នំពេញ ទៅ​ខេត្តពោធិ៍សាត់​ ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម ​ពីថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី១០ ខែកុម្ភៈ។
Photo: RFA

ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឱ្យ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ហែធម្មយាត្រា​ចាប់​ពី​ថ្ងៃទី១ ខែកុម្ភៈ ប៉ុន្តែ​បាន​ស្នើ​ឱ្យ​គណៈកម្មការ​រៀបចំ​ធម្មយាត្រា​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី ខេត្ត ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ។ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​រីករាយ​ចំពោះ​ការ​អនុញ្ញាត​របស់​ក្រសួង​មហាផ្ទៃ​បែប​នេះ ប៉ុន្តែ​សោក​ស្ដាយ​ចំពោះ​ការ​កំណត់​របស់​ក្រសួង ដែល​តម្រូវ​ឱ្យ​មាន​អ្នក​ចូលរួម​ត្រឹមតែ​៥០នាក់។

ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ទី២៦ ខែមករា បាន​ចេញ​លិខិត​អនុញ្ញាត​ឱ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ចាប់​ផ្ដើម​ដង្ហែ​ធម្មយាត្រា​នៅ​ថ្ងៃទី១ ខែកុម្ភៈ ប៉ុន្តែ​ក្រសួង​ដាក់​កំហិត​ឱ្យ​មាន​អ្នក​ចូលរួម​ត្រឹម​តែ ៥០នាក់​​ប៉ុណ្ណោះ។ ក្រសួង​ក៏​បាន​ណែនាំ​ឱ្យ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខេត្ត​ដែល​ពាក់ព័ន្ធ ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ។

ការ​អនុញ្ញាត​របស់​ក្រសួង​មហាផ្ទៃ​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ដាក់​លិខិត​ជូន​ដំណឹង​មួយ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង អំពី​ការ​ហែ​ធម្មយាត្រា​ពី​ភ្នំពេញ ទៅ​ខេត្តពោធិ៍សាត់​កាល​ពី​ថ្ងៃ​ទី១៦ ខែមករា​កន្លង​ទៅ ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម។

ឆ្លើយតប​នឹង​ការ​អនុញ្ញាត​នេះ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រាប់​វិទ្យុអាស៊ីសេរី​ថា អ្នក​ស្រី​រីករាយ​ដែល​ក្រសួង​មហាផ្ទៃ​បាន​អនុញ្ញាត​ឱ្យ​សមាគម​ដង្ហែ​ធម្មយាត្រា។ ទោះ​ជា​យ៉ាង​ណា អ្នកស្រី​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​រំខាន​ពី​ក្រុម​អាជ្ញាធរ ព្រោះ​ក្រសួង​មហាផ្ទៃ​បាន​ដាក់​កំហិត​ឱ្យ​មាន​អ្នក​ចូលរួម​ត្រឹមតែ ​៥០នាក់ ខណៈ​មក​ទល់​នឹង​ពេល​នេះ មាន​អ្នក​ចង់​ចូលរួម​ធម្មយាត្រា​រាប់​រយ​នាក់​ឯណោះ។ អ្នកស្រី អ៊ុក ឆាយ៉ាវី បន្ថែម​ថា​ធម្មយាត្រា​ផ្សព្វផ្សាយ​អំពី​ការ​លើក​កម្ពស់​សីលធម៌​សង្គម​នេះ គ្រោង​នឹង​ធ្វើ​ឡើង​រយៈពេល​១០ថ្ងៃ ដោយ​ចាប់​ផ្ដើម​ចេញ​ពី​រូប​សំណាក លោក​យាយ​ដូនពេញ នៅ​ព្រឹក​ថ្ងៃ​ទី១ ខែកុម្ភៈ ឆ្លង​កាត់​តាម​ខេត្ត​កណ្ដាល កំពង់ស្ពឺ និង​ខេត្ត​កំពង់ឆ្នាំង ហើយ​បញ្ចប់​ទៅ​វិញ​នៅ​ពេល​ក្បួន​ធម្មយាត្រា​បាន​ទៅ​ដល់​រូប​សំណាក​អ្នកតា​ឃ្លាំងមឿង ក្នុង​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី១០ ខែកុម្ភៈ។

អ្នកស្រី អ៊ុក ឆាយ៉ាវី៖ «ដោយសារ​តែ​យើង​ឃើញ​មួយ​រយៈ​នេះ សីលធម៌​បាន​ធ្លាក់​ចុះ​ខ្លាំង​មែនទែន អ៊ីចឹង​ចង់​ឱ្យ​អ្នក​នយោបាយ​ហ្នឹង ងាក​បែរ​មក​រក​សីលធម៌ ហើយ​ចេះ​អត់​ឱន​ឱ្យ​គ្នា។ យើង​ឃើញ​ថា​ប្រទេស​មួយ​ដែល​យើង​គិត​តែ​ពី​ឈ្លោះ​គ្នា ហើយ​ប្រើ​ពាក្យ​អា​ម៉ឹង ធ្វើ​ឱ្យ​សីលធម៌​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង​ឡើង នេះ​អ្វី​ដែល​ជា​ទិសដៅ​របស់​សមាគម​យើង»

ការ​ធ្វើ​ធម្មយាត្រា​នេះ​ដោយ​សារ​ពួកគាត់ មើល​ឃើញ​ថា ក្រម​សីលធម៌​នៅ​ក្នុង​សង្គម​កាន់​តែ​ធ្លាក់​ចុះ ក្នុង​នោះ​រួម​ទាំង​សីលធម៌​របស់​អ្នក​នយោបាយ​ជា​ដើម ។ជា​ឧទាហរណ៍​ថ្មីៗ​នេះ អ្នក​នយោបាយ​ដែល​មាន​អំណាច នៅ​តែ​ប្រើប្រាស់​ភាសា​មិន​សមរម្យ​ទៅ​លើ​ដៃ​គូរ​ប្រកួត​ប្រជែង​នយោបាយ ហើយ​ថែមទាំង​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ថែម​ទៀត​ផង។

ជុំវិញ​រឿង​នេះ សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ម្នាក់ ដែល​គ្រោង​នឹង​ចូលរួម​ដង្ហែ​ធម្មយាត្រា​ជាមួយ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ គឺ​អ្នកនាង ឈឿន ដារ៉ាវី យល់​ឃើញ​ថា ការ​អនុញ្ញាត​របស់​ក្រសួង​មហាផ្ទៃ​នេះ​គ្រាន់​តែ​ជា​ការ​បំពេញ​ការងារ​របស់​ក្រសួង​តែ​ប៉ុណ្ណោះ ព្រោះ​ការ​ដង្ហែ​ធម្មយាត្រា​គឺជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ដែល​អាជ្ញាធរ​ត្រូវ​តែ​គោរព និង​លើក​កម្ពស់។ អ្នកនាង​បន្ថែម​ថា មូលហេតុ​ដែល​អ្នក​នាង​ចង់​ចូលរួម​ធម្មយាត្រា​នេះ ក៏​ព្រោះ​តែ​អ្នកនាង​ចង់​ផ្សព្វផ្សាយ​ឱ្យ​អ្នក​នយោបាយ និង​ថ្នាក់​ដឹកនាំ​ប្រទេស លើក​កម្ពស់​ក្រម​សីលធម៌​របស់​ខ្លួន​ឡើង​វិញ ដើម្បី​ជា​គំរូ​ទៅ​ដល់​ប្រជាពលរដ្ឋ និង​ផ្សះផ្សា​ជាតិ។ ជាមួយ​គ្នា​នេះ​ដែរ អ្នកនាង ឈឿន ដារ៉ាវី ក៏​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ផ្លូវ ចូលរួម​គាំទ្រ​ដល់​ក្បួន​ធម្មយាត្រា នៅ​ពេល​ក្បួន​ដង្ហែ​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្ទះ​ពួកគេ​ផង​ដែរ។

អ្នកនាង ឈឿន ដារ៉ាវី៖ «សំណូមពរ​ដល់​ប្រជាពលរដ្ឋ​យើង​តាម​ដង​ផ្លូវ បើ​សិន​ជា​ឃើញ​ក្បួន​ធម្មយាត្រា​ពួក​យើង​ទៅ​ទីណា សូម​ទទួល​ស្វាគមន៍​ដោយ​ស្នាម​ញញឹម ហើយ​និង​យល់​នូវ​អ្វី​ដែល​ពួក​យើង​ធ្វើ​នេះ ហើយ​សូម​ផ្ដល់​ជា​ទឹក​អី​តាម​ផ្លូវ​ហ្នឹង ក៏​ជា​ទឹកចិត្ត​របស់​យើង​ដែល​ជា​ខ្មែរ​ដូចគ្នា ហើយ​យើង​ស្រលាញ់​គ្នា​ទៅ​ដល់​ទីណា​ក៏​ដោយ ហើយ​ក៏​សង្ឃឹម​ថា​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​នឹង​ជួយ​ធ្វើ​ចរាចរណ៍​ជា​ដើម​ដល់​ពួក​យើង​ដើម្បី​ធានា​នូវ​សុវត្ថិភាព»

បើ​ទោះ​បី​ជា​មាន​ការ​ដាក់​កំហិត​ឱ្យ​មាន​អ្នក​ចូលរួម​ត្រឹម​តែ ៥០នាក់​ក្ដី ក៏​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​អះអាង​ថា ធម្មយាត្រា​អាច​នឹង​លើស​ពី​ចំនួន​នេះ ប៉ុន្តែ​គណៈកម្មការ​រៀបចំ​នឹង​រៀបចំ​ឱ្យ​ធម្មយាត្រា​ប្រព្រឹត្ត​ទៅដោយ​រលូន និង​មិន​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ​ឡើយ។ តាម​រយៈ​ការ​ដង្ហែ​ធម្មយាត្រា​នេះ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ នៅតែ​ទទូច​ទាមទារ​ឱ្យ​អ្នក​នយោបាយ​លើក​កម្ពស់​ក្រមសីលធម៌​របស់​ខ្លួន​ឡើង​វិញ ដើម្បី​ផ្ដល់​គុណ​តម្លៃ​ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន និង​បង្កើត​សាមគ្គីភាព​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។