បេក្ខជនប្រឡងចូល សិស្សចៅក្រមជំនាន់ទី១០ ចំនួន ៥នាក់ តវ៉ាមិនសុខចិត្តថា មានភាពមិនប្រក្រតីក្នុងដំណើរការប្រឡង តាំងពីវិញ្ញាសាសរសេរ ដល់វិញ្ញាសាផ្ទាល់មាត់។ ពួកគេដាក់សំណើទាមទារឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន អន្តរាគមន៍ដោះស្រាយករណីនេះ។
បេក្ខជនតវ៉ានឹងលទ្ធផលប្រឡងសិស្សចៅក្រមជំនាន់ទី១០ លោក គង់ ប៊ុនរិទ្ធិ ឱ្យដឹងថា ភាពមិនប្រក្រតីក្នុងការប្រឡងសិស្សចៅក្រមជំនាន់ទី១០ កើតឡើងតាំងពីដំណាក់កាលដំបូង ដោយសារគណៈកម្មការរៀបចំការប្រឡង មិនបង្ហាញពិន្ទុតាមសំណួរនីមួយៗ មិនបង្ហាញពិន្ទុដែលបេក្ខជនទទួលបាន ទាំងនៅវិញ្ញាសាសរសេរ វិញ្ញាសា ផ្ទាល់មាត់ និងលទ្ធផលផ្លូវការ។
លោកថា បេក្ខជនទាំង ៥នាក់ បានដាក់ពាក្យស្នើសុំពិនិត្យមើលពិន្ទុប្រឡង ហើយគណៈកម្មការរៀបចំការប្រឡងបានយល់ព្រមឱ្យមើល ប៉ុន្តែហាមថត និងហាមចែកគ្នាមើល ព្រមទាំងមិនអនុញ្ញាតឱ្យបេក្ខជនទាំង ៥នាក់ បានផ្ទៀងផ្ទាត់លទ្ធផលជាមួយបេក្ខជនជាប់ចំនួន ៥០នាក់ ទើបធ្វើឱ្យពួកគេមិនអស់ចិត្ត ហើយបានពាក្យស្នើទៅខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំកិច្ចអន្តរាគមន៍រឿងនេះ។ លោកថា មន្ត្រីខុទ្ទកាល័យបានទទួលហើយ និងសន្យាបញ្ជូនញត្តិទៅថ្នាក់លើ៖ «មូលហេតុដែលខ្ញុំធ្វើការស្នើសុំគណៈកម្មការនាយក រៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមជំនាន់ទី១០ ធ្វើការបង្ហាញអំពីតម្លាភាព ចំពោះលទ្ធផលនៃការប្រឡងនោះគឺ ដោយខ្ញុំមើលឃើញពីភាពមិនប្រក្រតីមួយចំនួន ចំពោះការប្រឡងទើបខ្ញុំ ធ្វើការដាក់ពាក្យស្នើសុំ។ ពាក្យស្នើសុំ អន្តរាគមន៍ ដាក់ពាក្យទៅសម្ដេចនាយករដ្ឋមន្ត្រី គឺខ្ញុំបានដាក់ហើយ នៅថ្ងៃទី២។ ខ្ញុំបានដាក់នៅវិមានសន្តិភាព ខុទ្ទកាល័យរបស់សម្ដេច ក៏ គាត់បានទទួលយកពាក្យខ្ញុំហើយដែរ។ គាត់សន្យាថា នឹងជួយធ្វើការដោះស្រាយជូន»។
លទ្ធផលផ្លូវការនៃការប្រឡងចូលរៀននៅ សាលាភូមិន្ទចៅក្រម ជំនាន់ទី១០ បានប្រកាសកាលពីដើមខែធ្នូ ឆ្នាំ២០១៩។ លទ្ធផលបង្ហាញថា ក្រោយការប្រឡងមានបេក្ខជន៥០នាក់ ទទួលបានជាប់ និងបានចូលរៀនជាសិស្សនៅសាលាភូមិន្ទចៅក្រម នៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ហើយពួកគេ នឹងក្លាយជាចៅក្រម ឬព្រះរាជអាជ្ញា នៅតាមសាលាជម្រះក្ដី ក្រោយបញ្ចប់ការសិក្សារយៈពេល ២ឆ្នាំ។
បេក្ខជនប្រលងសិស្សចៅក្រមម្នាក់ទៀត ដែលតវ៉ានឹងលទ្ធផលនេះដែរ សុំលាក់ឈ្មោះ ប្រាប់ថា ពួកគេ ចង់ឱ្យគណៈកម្មការរៀបចំការប្រឡង បង្ហាញការផ្ទៀងផ្ទាត់ពិន្ទុតាមសំណើ ទើបអស់ចិត្ត។ លោកថា បើភាពមិនប្រក្រតីមានតាំងពីដំណាក់កាលប្រឡងទៅហើយ នៅពេលដែលបំពេញការងាររដ្ឋ ចៅក្រមដែលជាប់ដោយសារភាពមិនប្រក្រតី នឹងបង្កើតភាពអយុត្តិធម៌ ឱ្យពលរដ្ឋច្រើនរាប់មិនអស់៖ «យើងដឹងហើយថា ចៅក្រមម្នាក់ហ្នឹង គេគាត់ចេញទៅ មិនមែនកាន់តែមួយរឿងទេ គឺកាន់រាប់រយរឿង ក្នុងមួយជីវិតរបស់គាត់។ អ៊ីចឹង វាមិនមែនថា សម្រាប់តែពួកយើងខ្ញុំទេ។ ពួកយើងខ្ញុំ ស្នើសុំថា ធ្វើម្ដេចឱ្យវាមានតម្លាភាព ទាក់ទងនឹងការប្រឡង ដើម្បីជ្រើសរើសធនធានមនុស្សពិតប្រាកដ ទៅបម្រើការងារ នៅក្នុងវិស័យច្បាប់ណា ដើម្បីជាតិមាតុភូមិយើងណាបង។ ចំណុចហ្នឹង ខ្ញុំសំណូមពរថា រឿងនេះ វាមិនមែនរឿងបុគ្គលម្នាក់ៗទេ វាជារឿងរួមទាំងអស់គ្នា អ៊ីចឹងណា ព្រោះអ្វីពេលដែលផលិតចេញទៅ ធម្មតាបើយើងផលិតមិនបានល្អ ពេលដែលទៅ បម្រើក្នុងវិស័យហ្នឹង គាត់កាត់សេចក្ដី ក៏វាអត់បានល្អតាមហ្នឹងដែរ»។
ការសង្ស័យពីភាពមិនប្រក្រតីនៃការប្រឡងសិស្សចៅក្រមជំនាន់ទី១០ កើតមានឡើងតាំងពីថ្ងៃប្រកាសលទ្ធផលផ្លូវការភ្លាមៗ។ ប៉ុន្តែ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានចេញសេចក្ដីថ្លែងការណ៍ ការពារភាពស្អាតស្អំ នៃការប្រឡងនេះ។ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ចេញសេចក្ដីបំភ្លឺ នៅថ្ងៃទី២៧ ធ្នូ ឆ្នាំ២០១៩ ថា ការប្រឡងប្រជែង សិស្សចៅក្រម ជំនាន់ទី១០ ដែលក្រសួងយុត្តិធម៌ រាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ និងសាលាវិជ្ជាជីវៈចៅក្រម បានដំណើរការ ដោយតម្លាភាព។
អាស៊ីសេរី បានព្យាយាមសុំការបញ្ជាក់បន្ថែមពីនាយកសាលាភូមិន្ទចៅក្រម នៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ លោក កេង សុម៉ារិទ្ធិ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន នៅថ្ងៃទី០៤ មករា តែទូរស័ព្ទរោទ៍គ្មានអ្នកទទួល។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង សង្កេតឃើញថា ការប្រឡងចូលបម្រើជា មន្ត្រីរាជការ ចៅក្រម ព្រះរាជអាជ្ញា កន្លងមក តែងលេចលឺពីភាពមិនយុត្តិធម៌ គ្មានតម្លាភាព និងមានអំពើពុករលួយ។
លោកថា ដើម្បីដោះស្រាយបញ្ហាការមិនទុកចិត្តរបស់បេក្ខជនប្រឡងចូលក្របខ័ណ្ឌរដ្ឋ ឬសាលាវិជ្ជាជីវៈតុលាការនេះ រដ្ឋាភិបាល ត្រូវជ្រើសរើសសមាជិកគណៈកម្មការប្រឡងដោយតម្លាភាព ហើយពួកគេ មិននៅក្រោមសំពាធ អ្នកមានអំណាច៖ «មានចចាមអារ៉ាមពីរឿងពុករលួយលើសិស្សចៅក្រមយូរមកហើយ ប៉ុន្តែអត់ឃើញមានការដោះស្រាយយ៉ាងម្ដេច ដើម្បីជម្រះមន្ទិលអស់ហ្នឹងទេ បាទ»។
របាយការណ៍ អង្គការតម្លាភាពអន្តរជាតិ (TI) បានចេញផ្សាយ កាលពីឆ្នាំ២០១៩ បង្ហាញថា ប្រទេសកម្ពុជា ទទួលបាន២០ពិន្ទុ ជាពិន្ទុទាប និងមានចំណាត់ថ្នាក់ ទី១៦១ ក្នុងចំណោមប្រទេសចំនួន ១៨០ ដែលមានអំពើពុករលួយខ្ពស់។ របាយការណ៍ដដែលនេះ បង្ហាញថា ប្រទេសកម្ពុជាមានស្ថានភាពអំពើពុករលួយខ្លាំង ក្នុងចំណោមប្រទេសអាស៊ាន គឺត្រសងត្រសោមគ្នា ជាមួយប្រទេសឡាវ ហើយស្ថាប័នរដ្ឋរបស់កម្ពុជា ដែលមានចំណាត់ថ្នាក់អំពើពុករលួយខ្លាំងជាងគេ គឺអំពើពុករលួយនៅក្នុងប្រព័ន្ធតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។