សមត្ថកិច្ច​​ចាប់ខ្លួន​​ស្នងការ​រង​​ខេត្ត​កំពត​​រឿង​​ជួញ​ដូរ​​គ្រឿងញៀន​​ ​និង​​កំពុង​ស៊ើប​​អង្កេត​​រក​​អ្នក​ពាក់ព័ន្ធ

0:00 / 0:00

មន្ត្រី​ជាន់ខ្ពស់​​នគរបាល​ជាតិ​​ឱ្យ​ដឹង​ថា​​ ​សមត្ថកិច្ច​​ជំនាញ​​កំពុង​ស៊ើប​អង្កេត​​រក​អ្នក​ពាក់ព័ន្ធ​​ដទៃទៀត​​មក​​អនុវត្ត​ច្បាប់​​ ​បន្ទាប់ពី​​បាន​​ចាប់ខ្លួន​​មន្ត្រី​​ប៉ូលិស​​ជាន់ខ្ពស់​​ម្នាក់​​ពាក់ព័ន្ធ​​នឹង​​ករណី​ជួញ​ដូរ​​គ្រឿងញៀន​។​​ ​មន្ត្រី​សង្គម​ស៊ីវិល​​គាំទ្រ​​ចំណាត់​​ការ​បែប​នេះ​​របស់​អាជ្ញាធរ​​ ​និង​​ជំរុញ​ឱ្យ​មានការ​​អនុវត្ត​ច្បាប់​​បន្ថែម​​ទៀត​​លើ​​ជនល្មើស​​ជួញ​ដូរ​​គ្រឿងញៀន​​ទ្រង់ទ្រាយ​​ធំ​។​​

មន្ត្រី​ជាន់ខ្ពស់​​នៃ​​អគ្គ​ស្នងការដ្ឋាន​ន​គ​របាល​​ជាតិ​​ ​ប្រាប់​អាស៊ី​សេរី​​នៅ​ថ្ងៃ​ទី​៨​ ខែ​មេសា​ថា​​ ​សមត្ថកិច្ច​ប្រឆាំង​​គ្រឿងញៀន​​​នៃ​​ក្រសួង​មហាផ្ទៃ​​បាន​​ឃាត់ខ្លួន​មន្ត្រី​នគរបាល​​ពាក់​ផ្កាយ ​១ ​ម្នាក់​ ​ដែល​​ជា​ស្នងការ​រង​​ខេត្ត​កំពត​​ ​គឺ​លោក​ ​អ៊ឹម​ ​ឈួន​​ ​រួម​ទាំង​ជន​សង្ស័យ​​ពីរ​នាក់​ទៀត​ ​កាលពី​ថ្ងៃ​ទី​៦​ ខែ​មេសា​។​​ ​ប្រតិបត្តិការ​​បង្ក្រាប​​នេះ​​ ​សមត្ថកិច្ច​រឹបអូសបាន​​គ្រឿងញៀន​ជិត​​ ​២ ​គីឡូក្រាម​​ (​១​៧​៣​៨​.​៣​៣​ ​ក្រាម​)​ ​និង​​ភស្តុតាង​​មួយ​ចំនួន​ទៀត​​។​​

​អ្នកនាំពាក្យ​​អគ្គ​ស្នងការដ្ឋាន​​នគរបាល​ជាតិ​​លោក​ ​ឆាយ​ ​គឹម​ខឿន​​ ឱ្យ​ដឹង​ថា​​ ​សមត្ថកិច្ច​​ជំនាញ​​កំពុង​​ស្រាវជ្រាវ​​រកឫ​សគល់​​ ​និង​​មេខ្លោង​​ក្នុង​រឿង​​នេះ​។​​ ​លោក​អះអាង​ថា​​ ​ប្រសិនបើ​​រក​ឃើញ​​ថា​​ ​ស្នងការ​រង​​ខេត្ត​កំពត​​រូប​នេះ​​ ​ពិតជា​​ប្រព្រឹត្ត​កំហុស​មែន​​ ​នោះ​​អាជ្ញាធរ​​នឹង​​អនុវត្ត​តាមច្បាប់​​ ​និង​​បណ្តេញ​ចេញ​ពី​​ក្របខណ្ឌ​​នគរបាល​ជាតិ​។​​ ​លោក​បដិសេធ​​អត្ថាធិប្បាយ​​ចំពោះ​សំណួរ​​ផ្សេងទៀត​​ ​ក្រោម​​ហេតុផល​ថា​​ ​សមត្ថកិច្ច​ជំនាញ​​កំពុង​​បន្ត​នីតិវិធី​​ស៊ើប​អង្កេត​​៖​ ​«​​យើង​​នឹង​​ស្រាវជ្រាវ​​រកឫសគល់​ ​​និង​​មេខ្លោង​ ​​តែ​ខ្ញុំ​សូម​រក្សា​សិទ្ធិ​សិន​​ដោយសារតែ​យើង​​កំពុង​ធ្វើការ​បន្ត​​ទៀត​។​ ​​ខ្ញុំ​មិន​អាច​​បញ្ជាក់​​អី​ផ្សេងទៀត​ទេ​​ ​ដោយសារ​ខ្ញុំ​​ទុក​​ឱ្យ​បងប្អូន​​ធ្វើការ​ឱ្យ​បាន​​ចប់​សព្វគ្រប់​សិន​​ឱ្យ​ច្បាស់លាស់​សិន​​» ។​

អាស៊ី​សេរី​​មិនទាន់​​អាច​ទាក់ទង​​សុំ​ការ​​បំភ្លឺ​​រឿង​នេះ​​បន្ថែម​​ពី​​អ្នកនាំពាក្យ​​តំណាង​អយ្យការ​​អម​តុលាការ​​ក្រុង​ភ្នំពេញ​​​លោក​ គុ​ជ​ ​គឹម​ឡុង​​ ​អគ្គលេខាធិការ​រង​​នៃ​​អាជ្ញាធរ​ជាតិ​​ប្រយុទ្ធ​ប្រឆាំង​​គ្រឿងញៀន​​លោក​ ​ម៉ក់​ ​ជី​តូ​ ​និង​​អ្នកនាំពាក្យ​​ស្នងការ​​រាជធានី​ភ្នំពេញ​​លោក​ ​សាន​ ​សុខ​សីហា ​បាន​​នៅឡើយ​ទេ​​ ​នៅ​ថ្ងៃ​ទី​៨​ ខែ​មេសា​​ ​ព្រោះ​​ទូរសព្ទ​​ហៅ​ចូល​​​តែ​​គ្មាន​​អ្នកទទួល​។​​

​ក៏ប៉ុន្តែ​​ ​លោក​​ ​ម៉ក់​ ​ជី​តូ បាន​​ប្រាប់​កាសែត​​ក្នុងស្រុក​​ថា​​ ​ជន​​សង្ស័យ​ទាំង​​ ​៣​ ​នាក់​នោះ​​ ​ត្រូវ​បាន​​សមត្ថកិច្ច​​កសាង​សំណុំរឿង​​បញ្ជូន​ទៅ​​តុលាការ​ក្រុងភ្នំពេញ​​ ​កាលពី​ល្ងាច​ថ្ងៃ​ទី​​៧​ ខែ​មេសា​។​​ ​លោក​ថា​ ​សមត្ថកិច្ច​ជំនាញ​​កំពុង​ពង្រីក​​ការស៊ើបអង្កេត​​ ​និង​ស្រាវជ្រាវ​ស្វែងរក​​អ្នក​ពាក់ព័ន្ធ​​តាម​បណ្ដា​ខេត្ត​​មួយ​ចំនួន​​ទៀត​។​​

​មន្ត្រី​សង្គម​ស៊ីវិល​​ស្វាគមន៍​ចំណាត់​ការ​​តឹងរ៉ឹង​​របស់​អាជ្ញាធរ​​ទៅលើ​ជនល្មើស​​ដែល​ពាក់ព័ន្ធ​​នឹង​​បទល្មើស​គ្រឿងញៀន​​ ​ពីព្រោះ​​គ្រឿងញៀន​កំពុង​​រីក​រាលដាល​​ខ្លាំង​​នៅ​​កម្ពុជា​​ ​ទាំង​​នៅ​តាម​ទីក្រុង​​ ​និង​ជនបទ​។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​​នៃ​​សមាគម​អា​ដ​ហុ​ក​​ (​A​D​H​OC)​ ​លោក​ ​នី​ ​សុខា​​ ​ចាត់​ទុក​​ចំណាត់​ការ​​របស់​​សមត្ថកិច្ច​នេះ​​ ​ជា​​សញ្ញា​វិជ្ជមាន​​បង្ហាញ​ពី​​ការ​​អនុវត្ត​​ច្បាប់​​ ​ដោយ​​មិន​រើសមុខ​។​​ ​លោក​លើកទឹកចិត្ត​​ឱ្យ​​សមត្ថកិច្ច​បន្ត​ចាត់​វិធានការ​​រឿង​នេះ​​ឱ្យ​កាន់តែ​ច្រើន​​ ​ចំពោះ​​មន្ត្រី​ធំ​ៗ​​ទាំងឡាយ​ណា​​​ដែល​​ប្រើ​តួនាទី​​ប្រព្រឹត្ត​​អំពើ​ល្មើស​ច្បាប់​៖​ «​លើកទឹកចិត្ត​ធ្វើ​ម៉េច​​ឱ្យ​សមត្ថកិច្ច​​បន្ត​ស្រាវជ្រាវ​រក​​ខ្សែ​បណ្តាញ​​ដែល​ពាក់ព័ន្ធ​​បញ្ហា​ហ្នឹង​​ដើម្បី​យកមក​​ផ្តន្ទាទោស​ឱ្យ​បា​ន​​ត្រឹមត្រូវតាម​​ច្បាប់​​​ហើយ​​យើង​​នឹង​​បន្ត​ការ​ឃ្លាំមើល​​បន្ត​ទៀត​ថា​​ ​តើ​ចំណាត់​ការ​​របស់​សមត្ថកិច្ច​ហ្នឹង​​ ​នឹង​​ចាត់វិធានការ​បាន​សព្វ​សមស្រប​ ​និង​​ត្រឹមត្រូវ​​ទៅតាម​​នីតិវិធី​ច្បាប់​​ឬ​អត់​ ?​»​។

​របាយការណ៍​របស់​​អគ្គ​ស្នងការដ្ឋាន​​នគរបាល​ជាតិ​​បង្ហាញ​ថា​​ ​យ៉ាងហោចណាស់​មាន​​មនុស្សជា​ង​ ​២​​ម៉ឺន​នាក់​​ ​ត្រូវ​បាន​​សមត្ថកិច្ច​ចាប់​​ឃាត់ខ្លួន​​ ​និង​​រឹបអូស​​គ្រឿង​ញៀន​​ជាង​ ​៣​​តោន​ ​នៅ​ក្នុង​ការ​​បង្ក្រាប​ទូទាំង​​ប្រទេស​​រយៈពេល​ពេញ​​មួយ​​ឆ្នាំ​២​០​២​០​៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។