កម្មកររោងចក្រចំនួន២នៅក្រុងតាខ្មៅនាំគ្នាបោះតង់តវ៉ាមុខរោងចក្រទាមទារសំណងការងារ
2020.07.11
ក្រុមកម្មករជាង ១.៣០០នាក់ នៃរោងចក្រចំនួន២ នៅក្រុងតាខ្មៅ នាំគ្នាបោះតង់តវ៉ាមុខរោងចក្រទាំងថ្ងៃ ទាំងយប់ដើម្បីទាមទារឱ្យអាជ្ញាធរជួយដោះស្រាយវិវាទការងារ ដែលអូសបន្លាយជាងកន្លះឆ្នាំមកហើយ។ ក្រុមកម្មករព្រមានថា ពួកគេនឹងលើកគ្នាតវ៉ានៅតាមស្ថាប័នរដ្ឋ បើនៅតែគ្មានដំណោះស្រាយ។
រោងចក្រទាំង២ ដែលក្រុមកម្មករកំពុងតវ៉ានោះគឺរោងចក្រ ឌីកនើធី នីតធើរ (Dignity Knitter Limited) និងរោងចក្រ អេខូបេស (Ecobest) ស្ថិតក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ រោងចក្រទាំងពីរនេះស្ថិតនៅជាប់គ្នា និងមានថៅកែតែមួយ ជាចិនហុងកុង។ ក្រុមកម្មករទាំងពីររោងចក្រនិយាយថា ពួកគេបានស៊ូទ្រាំតវ៉ាមុខរោងចក្ររយៈពេលជាង ៧ខែមកហើយ នៅតែគ្មានដំណោះស្រាយ ដូច្នេះក្រុមកម្មករ នឹងតវ៉ាតាមស្ថាប័នរដ្ឋវិញ ដើម្បីស្នើសុំពន្លឿនដំណោះស្រាយ។
ប្រធានសហជីពស៊ីខៅឌូ ប្រចាំរោងចក្រ ឌីកនើធី នីតធើរ លោក ភិន សុភា ចោទថា វិវាទអូសបន្លាយដោះស្រាយមិនចេញ ដោយសារក្រុមហ៊ុនល្មើសកិច្ចព្រមព្រៀងថា បើកលុយ ៤ចំណុចគឺប្រាក់ឈ្នួលប្រចាំខែ ប្រាក់ជូនដំណឹង ប្រាក់បន្ទាប់បន្សំ និងអតីតភាពឆ្នាំ២០១៩ ឱ្យកម្មករតែដល់ថ្ងៃសន្យា បែរជាក្រុមហ៊ុនក្រឡាស់ថា គ្មានលុយបើកឱ្យទៅវិញ។
លោកអះអាងថា ក្រុមប្រឹក្សាអាជ្ញាកណ្ដាលកាលពីខែមិថុនា បានកាត់ក្ដីឱ្យកម្មករឈ្នះនិងតម្រូវឱ្យក្រុមហ៊ុនអនុវត្តកាតព្វកិច្ចទូទាត់លុយឱ្យកម្មករ តាមច្បាប់ការងារ តែក្រុមហ៊ុនគេចវេះពីការទទួលខុសត្រូវ។ លោកបន្តថា មន្ត្រីក្រសួងការងារទទួលបន្ទុកដោះស្រាយបាតុកម្ម កូដកម្ម ធ្លាប់ចុះមកដោះស្រាយវិវាទនេះច្រើនដងហើយ តែមិនសះជាទេ ដោយសារក្រុមហ៊ុនរក្សាជំហរគ្មានប្រាក់បើកឱ្យកម្មករ ឯកម្មករគ្មានសិទ្ធិលក់ឡាយឡុង សម្ភារៈក្នុងរោងចក្រទៀត។ សហជីពរូបនេះ អះអាងថា ជាងកន្លះឆ្នាំមកនេះ ក្រុមកម្មករសរុបជាង ១.០០០នាក់ បានបណ្ដាក់គ្នាដេកយាមមុខរោងចក្រទាំងថ្ងៃទាំងយប់ ព្រោះតែការពារសម្ភារៈក្នុងរោងចក្រ មិនឱ្យមានការលួចដឹកចេញក្រៅ។
លោកបន្តថា ជីវភាពកម្មករកាន់តែដុនដាប ដោយកម្មករខ្លះ ដើរស៊ីឈ្នួលដកស្មៅ និងស្វែងរកការងារនៅរោងចក្រផ្សេងដែរ តែមិនអាចទ្រទ្រង់ជីវភាពប្រចាំថ្ងៃបានទេ។ លោកប្រាប់ថា នៅសប្ដាហ៍ក្រោយ ក្រុមកម្មកររោងចក្រឌីកនើរធី គ្រោងហែក្បួនទៅតុលាការខេត្តកណ្ដាលស្នើសុំឱ្យចេញដីកាលក់ឡាយឡុងសម្ភារៈរោងចក្រឱ្យលឿន ដើម្បីយកលុយសងកម្មករ៖ «កម្មករតវ៉ាមកដល់ពេលបច្ចុប្បន្ននេះ គឺនៅតែអង្គុយ ក៏ដូចជាដេកយាម នៅមុខរោងចក្រទាំងយប់ទាំងថ្ងៃ ទាំងភ្លៀងទាំងរលឹម ទាំងខ្យល់ដដែលបង ដោយសារក្រុមហ៊ុន មិនគោរពនិងអនុវត្តទៅតាមកិច្ចព្រមព្រៀងដែលកន្លងមកដោះស្រាយ ព្រមព្រៀងជាមួយគ្នា តែដល់ថ្ងៃដល់ពេល គាត់មិនគោរពតាមកិច្ចព្រមព្រៀងហ្នឹង»។
ចំណែកក្រុមកម្មករ នៃរោងចក្រ អេខូបេស ដែលនៅក្បែរគ្នានោះ អះអាងថា ពួកគាត់ជាងពីររយ (២២៤)នាក់ បានបណ្ដាក់គ្នាដេកយាម តវ៉ា ទាំងថ្ងៃ ទាំងយប់ ព្រោះខ្លាចមានការលួចដឹកសម្ភារៈចេញដែរ។
តំណាងកម្មកររោងចក្រ អេខូបេសលោកស្រី ឡេង ស្រី ឱ្យដឹងថា ជម្លោះរោងចក្រនេះ កើតឡើងតាំងពីចុងខែធ្នូ ឆ្នាំ២០១៩ ដូចរោងចក្រឌីកនើរធីដែរ ហើយមន្ត្រីក្រសួងការងារ បានចុះមកសម្របសម្រួលដោះស្រាយក្រៅប្រព័ន្ធតុលាការ។ លោកស្រីថា ខាងក្រុមហ៊ុនព្រមព្រៀងទូទាត់លុយ ៤ចំណុចដូចគ្នា តែដល់ថ្ងៃបើកលុយ ខាងថៅកែ ប្រកែកថា គ្មានប្រាក់បើកឱ្យកម្មករ។ តំណាងកម្មកររូបនេះបន្តថា ពួកគេកំពុងត្រៀមដាក់ញត្តិទៅប្រមុខរដ្ឋាភិបាលឱ្យជួយអន្តរាគមន៍ ព្រោះការដេកយាមតវ៉ា៧ខែហើយនៅមិនទាន់មានដំណោះស្រាយទៀត៖ «កំពុងតែរកដាក់ញត្តិដែរ សុំឱ្យខាងរដ្ឋាភិបាលហ្នឹងជួយពន្លឿនអារឿងវិវាទហ្នឹង ឱ្យលឿនព្រោះប្រាំមួយ ប្រាំពីរខែហើយ គាត់ដេកយាមទាំងមុខទាំងថ្ងៃហ្នឹងហើយគ្នាអត់បាយ ជំពាក់លុយអង្គការវេទនាណាស់អូនហើយណាមួយការងារឥឡូវហ្នឹងដូចថា មិនសូវសំបូរផង ព្រោះរោងចក្រព្យួរការងារអ៊ីចឹងណា។ ចង់ឱ្យនាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍ឱ្យឆាប់អ៊ីចឹងណា»។
រោងចក្រទាំងពីរនេះ ផលិតអាវនិងស្រោមជើងប្រភេទចាក់ ឬតម្បាញ។ អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីភាគីខាងតំណាងរោងចក្រឌីកនើរធី និងរោងចក្រ អេខូបេស បានទេ នៅថ្ងៃទី១១ កក្កដា។
អនុប្រធាននៃអគ្គលេខាធិការដ្ឋានដោះស្រាយកូដកម្ម បាតុកម្ម គ្រប់មុខសញ្ញា នៃក្រសួងការងារ លោក អ៊ូ រតនា ប្រាប់អាស៊ីសេរីថា ការដោះស្រាយវិវាទការងារនៅរោងចក្រទាំងពីរកំពុងស្ថិតក្នុងដំណាក់កាលតុលាការ។ លោកប្រាប់ថា មន្ត្រីក្រសួងការងារ កំពុងរង់ចាំដីកាសម្រេចរបស់សាលាដំបូងខេត្តកណ្ដាល ដើម្បីអនុវត្តតាម៖ «អត់អ្វីទេ ក្នុងចំណាត់ការតុលាការកំពុងធ្វើការ។ ធម្មតាទេ យើងកំពុងរង់ចាំនីតិវិធីរបស់តុលាការ»។
អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារ នៃអង្គការសង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ យល់ថា វិវាទការងារនេះ ទាមទារឱ្យមន្ត្រីក្រសួងការងារត្រូវជំរុញទៅស្ថាប័នពាក់ព័ន្ធបន្ថែម និងត្រូវកោះហៅថៅកែរោងចក្រមកទទួលខុសត្រូវ ទូទាត់លុយឱ្យកម្មករតាមច្បាប់ការងារ។ លោក ឃុន ថារ៉ូក៏ជំរុញឱ្យមន្ត្រីដោះស្រាយវិវាទ រកវិធីណាក៏បាន ដើម្បីបើកផ្លូវឱ្យកម្មករអាចលក់ឡាយឡុងសម្ភារៈរោងចក្រឱ្យបានលឿន យកប្រាក់មកផ្គត់ផ្គង់ជីវភាព៖ «បើសិនជាមានការលក់ឡាយឡុងវាទាល់តែចេញដីការក្សាការពារ ដែលតំណាងដោយកូនបំណុល។ មានន័យថា កម្មករ និយោជិក ឬក៏ក្នុងនាមឱ្យគណៈកម្មការ(ចម្រុះ)ហ្នឹង អ៊ីចឹងណា ហើយអាចលក់ឡាយឡុង។ លក់ឡាយឡុងទៅ ក្នុងករណីដែលទូទាត់ឱ្យកម្មករគ្រប់ចំនួនតាមផ្លូវច្បាប់ហើយ អាហ្នឹងសល់ប៉ុន្មានទូទាត់ខាងក្រុមហ៊ុន ខ្ញុំគិតថា អាហ្នឹងជាដំណោះស្រាយមួយដែរ»។
ក្រុមកម្មកររោងចក្រឌីកនើធីរ និងអេខូបេស ប្រាប់ថា ការបោះតង់តវ៉ា និងដេកយាមមុខរោងចក្រច្រើនខែមកនេះ គ្មានការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរមូលដ្ឋានទេតែបារម្ភក្រុមក្មេងទំនើងផឹកស្រវឹង មករករឿងក្រុមកម្មករនៅពេលយប់និងខ្លាចគ្រោះថ្នាក់ចរាចរណ៍ ព្រោះក្រុមកម្មករខ្លះដេកផ្ទាល់ដី ខ្លះដេកលើគ្រែ លើចិញ្ចឹមផ្លូវ មុខរោងចក្រ។ កម្មករ ទទូចឱ្យអាជ្ញាធរ ជួយដោះស្រាយបញ្ចប់វិវាទការងារនេះ ឱ្យបានលឿន ដើម្បីកម្មករ មានលទ្ធភាពរកការងារថ្មីធ្វើទៀត៕