ភរិយា​បណ្ឌិត កែម ឡី ថា​តុលាការ​មិន​ដែល​ទាក់ទង​លោកស្រី​លើ​សំណុំ​រឿង​ឃាតកម្ម​ស្វាមី​ទេ

ដោយ ទីន ហ្សាការីយ៉ា
2018.02.20
គ្រួសារ​ កែម ឡី ៦២២ ភរិយា​ និង​​កូនៗ​របស់​លោក​បណ្ឌិត កែម ឡី នៅ​​ប្រទេស​អូស្ត្រាលី។ រូបថត​ខែ​កុម្ភៈ ឆ្នាំ​២០១៨
រូបថត៖ ម៉ាលី ម៉ាលី

ភរិយា​របស់​លោក​បណ្ឌិត កែម ឡី គឺ​លោកស្រី ប៊ូ រចនា ឲ្យ​ដឹង​ថា នៅ​មុន​ពេល​មាន​ករណី​ឃាតកម្ម​ស្វាមី​របស់​លោកស្រី គឺ​មាន​មន្ត្រី​នគរបាល​ជិះ​ម៉ូតូ​នៅ​ឆ្វែល​ក្បែរ​ផ្ទះ​របស់​គាត់​ជា​ច្រើន​លើក​រហូត​មាន​ព្រឹត្តិការណ៍​បាញ់​លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៦។

លោកស្រី ប៊ូ រចនា រៀបរាប់​ថា លោក​បណ្ឌិត កែម ឡី បាន​ប្រាប់​លោកស្រី​ថា មាន​អ្នក​គំរាមកំហែង​ចង់​ចាប់​ខ្លួន​ស្វាមី​របស់​លោកស្រី ដែល​លោកស្រី​មិន​នឹក​ស្មាន​ថា លោក​បណ្ឌិត កែម ឡី ត្រូវ​ឃាតក​បាញ់​សម្លាប់​ឡើយ។ តើ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី មាន​ភាព​មិន​ប្រក្រតី​អ្វី​ខ្លះ?

នៅ​ក្នុង​បទសម្ភាសន៍​ជា​លើក​ដំបូង​របស់​លោកស្រី ប៊ូ រចនា ពី​ប្រទេស​អូស្ត្រាលី ក្រោយ​ពី​លោកស្រី​បាន​សម្ងំ​លាក់ខ្លួន​នៅ​ទីក្រុង​បាងកក ជិត​ពីរ​ឆ្នាំ​ដើម្បី​សុវត្ថិភាព​នោះ លោកស្រី ប៊ួ រចនា បាន​រៀបរាប់​ថា អាជ្ញាធរ និង​តុលាការ​បាន​បំផ្លើស​ព័ត៌មាន​ដែល​ថា បាន​កោះហៅ​លោកស្រី​ទៅ​មើល​ខ្សែ​វីដេអូ​ឃ្លីប​នៅ​ក្នុង​ស្តារម៉ាត កាល់តិច ស្ដុប​បូកគោ ជា​ទី​កន្លែង​ដែល​ឃាតក​បាញ់​លោក​បណ្ឌិត កែម ឡី នោះ ថា​មិន​មែន​ជា​ការពិត។

លោកស្រី ប៊ួ រចនា បញ្ជាក់​ថា លោកស្រី​មិន​បាន​ពឹង​ពាក់​មេធាវី ហើយ​ក៏​មិន​ដែល​ត្រូវ​បាន​តុលា​កោះ​ហៅ​​សួរ​នាំ​អ្វី​ជុំវិញ​សំណុំរឿង​ឃាតកម្ម​របស់​លោក កែម ឡី នៅ​មុន​ពេល​ចាកចេញ​ពី​ប្រទេស​កម្ពុជា ដែរ៖ «អត់​មាន​ទំនាក់​ទំនាក់​មក​ខ្ញុំ​ទេ គឺ​គេ​បំផ្លើស​ទាំង​អស់ ហើយ​មួយ​ទៀត​រឿង​ថា ហៅ​ខ្ញុំ​ទៅ​មើល​កាមេរ៉ា​សុវត្ថិភាព​នៅ​ម៉ាត កាល់តិច តាម​ពិត​មិន​មាន​ទេ»

ភរិយា​របស់​លោក​បណ្ឌិត កែម ឡី លោកស្រី ប៊ូ រចនា បាន​ភៀសខ្លួន​ភ្លាមៗ​ទៅ​កាន់​ទីក្រុង​បាងកក ទាំង​ពរ​ពោះ​ក្នុង​ផ្ទៃ ដើម្បី​ទទួល​សិទ្ធិ​ជ្រក​កោណ​ជា​ជនភៀសខ្លួន​ពី​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​ទីក្រុង​បាងកក។ ការ​ភៀស​ខ្លួន​នេះ នៅ​ក្រោយ​ពេល​លោកស្រី និង​ក្រុម​គ្រួសារ​បាន​ដង្ហែ​សាកសព​លោក​បណ្ឌិត កែម ឡី យក​តម្កល់​នៅ​ខែត្រ​តាកែវ ជា​ទី​កន្លែង​កំណើត​របស់​លោក​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦ ដែល​មាន​មនុស្ស​ចូលរួម​រាប់​លាន​នាក់។ លោកស្រី​បាន​ទៅ​ដល់​ប្រទេស​អូស្ត្រាលី កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ក្រោយ​ពី​សម្ងំ​លាក់​ខ្លួន​ដើម្បី​សុវត្ថិភាព​នៅ​ប្រទេស​ថៃ ជិត ២​ឆ្នាំ។

​ក្រុម​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ទាំង​ក្នុង និង​ក្រៅ​ប្រទេស​កម្ពុជា ស្វាគមន៍​ក្រុម​គ្រួសារ​បណ្ឌិត កែម ឡី បាន​ទៅ​ដល់​ប្រទេស​អូស្ត្រាលី ទី​ដែល​មាន​សុវត្ថិភាព​ដើម្បី​កសាង​ជីវិត​ថ្មី។ អ្នកខ្លះ​សរសេរ​រៀបរាប់​ថា ពួកគាត់​មាន​អារម្មណ៍​រំភើប ត្រេកអរ​ក្រៃលែង ពេល​បាន​ដំណឹង​ថា នៅ​មាន​ឈាម​បណ្ឌិត​ខ្មែរ​ដែល​ស្មោះត្រង់​នឹង​ជាតិ បាន​ទទួល​ការ​យកចិត្ត​ទុក​ដាក់​រួច​ផុត​ដំណាក់កាល​ដ៏​សាហាវ​ឃោរឃៅ​នេះ។ ក្នុង​នាម​ពួកគាត់​ជា​ពលរដ្ឋ​ខ្មែរ​សូម​អរគុណ​អស់​លោក​អ្នក​ដែល​បាន​ជួយ​ក្រុម​គ្រួសារ​អ្នក​វិភាគ​នយោបាយ និង​សង្គម ដែល​ហ៊ាន​ពលី​ជីវិត​ដើម្បី​ប្រទេស​ជាតិ​នេះ ពិសេស​គ្រួសារ​លោក ហុង លីម។

​អ្នក​ខ្លះ​ទៀត​អះអាង​ថា មហាជន​ដឹង​ថា ឃាតក​ពិត​ជា​នរណា​ពិត​ប្រាកដ ក្រោយ​ពី​លោក​បណ្ឌិត កែម ឡី បាន​វិភាគ​របាយការណ៍​របស់​អង្គការ Global Witness ពី​អាណាចក្រ​ជំនួញ​ត្រកូល "ហ៊ុន"។ លោក​បាន​ឃ្លាត​កាយ​ឆ្ងាយ​មែន តែ​មនសិការ​ជាតិ​របស់​លោក​បាន​ជ្រាប​ពេញ​បេះដូង​កូន​ខ្មែរ​អស់​ហើយ។ ជា​ចុង​ក្រោយ សូម​បារមី​បុព្វបុរស​ខ្មែរ​តាម​ថែរក្សា​ភរិយា និង​កូនៗ​របស់​លោក​បណ្ឌិត កែម ឡី បាន​សាង​ជីវិត​ថ្មី​ប្រកប​ដោយ​ជោគជ័យ។

​ក្រុម​សមាគម​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ព្រម​ទាំង​លោក​តំណាងរាស្ត្រ​អូស្ត្រាលី ដើម​កំណើត​ខ្មែរ បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ថា ពួកគាត់​នឹង​ជួយ​ជ្រោមជ្រែង​ផ្គត់ផ្គង់​ក្រុម​គ្រួសារ ប្រពន្ធ​កូន​លោក​បណ្ឌិត កែម ឡី ឲ្យ​រស់​នៅ​លើ​ទឹកដី​ដែល​មាន​សុវត្ថិភាព​ឲ្យ​មាន​សេចក្ដី​សុខ​មិន​ខុស​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត​ឡើយ។

លោក ហុង លីម ដែល​ជា​មនុស្ស​ម្នាក់​ចំណោម​មនុស្ស​ជា​ច្រើន​ទៀត បាន​ជួយ​ជ្រោមជ្រែង​ខ្នះខ្នែង​ជួយ​ក្រុម​គ្រួសារ លោក​បណ្ឌិត កែម ឡី ឲ្យ​បាន​ទៅ​តាំងទី​លំនៅ​ថ្មី​នេះ មាន​ប្រសាសន៍​ថា ជំហាន​ដំបូង​ពួក​លោក​ត្រូវ​រៀបចំ​បញ្ជូន​កូនប្រុស​លោក​បណ្ឌិត កែម ឡី ទាំង ៥​នាក់ ឲ្យ​ចូលរៀន​ដោយ​មិន​បង្អង់​យូរ​ឡើយ៖ «យើង​សប្បាយ​ចិត្ត​ទាំង​អស់​គ្នា​នៅ​ពេល​ពួកគាត់​បាន​មក​ដល់​ទី​នេះ ហើយ​នៅ​ថ្ងៃ​សៅរ៍ ទី​២៤ កុម្ភៈ​នេះ យើង​នឹង​ធ្វើ​បុណ្យ​ផង ពិធី​ស្វាគមន៍​ផង សូម​បងប្អូន​មក​ជួបជុំ​ទាំង​អស់​គ្នា»

មក​ទល់​ពេល​នេះ សមត្ថកិច្ច​ចាប់​ខ្លួន​បាន​លោក អឿត អាង ហៅ ជួប សម្លាប់ តែ​ម្នាក់​គត់ ដែល​ជា​ឃាតក​សម្លាប់​លោក​បណ្ឌិត កែម ឡី ក្រោយ​ពី​ឃាតកម្ម​ភ្លាមៗ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នោះ។ ៨​ខែ​ក្រោយ​មក តុលាការ​បាន​កាត់​ទោស​លោក អឿត អាង ឬ ជួប សម្លាប់ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន។ ការ​កាត់​ទោស​នេះ ដោយ​តុលាការ​យោង​លើ​ចម្លើយ​សារភាព​របស់ ជួប សម្លាប់ ដែល​ថា គេ​បាន​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដោយសារ​តែ​លោក​បណ្ឌិត កែម ឡី ជំពាក់​លុយ​ចំនួន ៣​ពាន់​ដុល្លារ។

ការ​កាត់​សេចក្ដី​ដោយ​យោង​លើ​ចម្លើយ​សារភាព​របស់ ជួប សម្លាប់ តែ​មួយ​បែប​នេះ ​សហគមន៍​ជាតិ និង​អន្តរជាតិ ចាត់​ទុក​ថា ជួប សម្លាប់ ជា​ឃាតក​សិប្បនិម្មិត ហើយ​ថា ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នេះ មិន​ខុស​ពី​ឃាតកម្ម​លោក ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សមត្ថកិច្ច​បង្កើត​ឃាតក​សិប្បនិម្មិត ឈ្មោះ ប៊ន សំណាង និង សុខ សំអឿន នោះ​ឡើយ។

​ភរិយា​លោក​បណ្ឌិត កែម ឡី លោកស្រី ប៊ូ រចនា អះអាង​ថា ស្វាមី​របស់​លោកស្រី​មិន​បាន​ជំពាក់​លុយ ជួប សម្លាប់ ចំនួន ៣​ពាន់​ដុល្លារ​ឡើយ ហើយ​លោក​បណ្ឌិត កែម ឡី ក៏​មិន​ដែល​ស្គាល់ ជួប សម្លាប់ ដែរ។ លោកស្រី​អះអាង​ថា គ្រួសារ​របស់​លោកស្រី​រស់​នៅ​ក្នុង​ជីវភាព​សមរម្យ​ដែល​លោក​បណ្ឌិត កែម ឡី រក​ចំណូល​បាន​ច្រើន​គួរ​សម​ក្នុង​អាជីព​ជា​អ្នកស្រាវជ្រាវ​លើ​គម្រោង​ផ្សេងៗ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នោះ៖ «គ្រួសារ​ខ្ញុំ​មិន​បាន​ខ្ចី​ទេ ហើយក៏​មិន​មាន​រឿង​ហ្នឹង​កើត​ឡើង​ដែរ ព្រោះ​អី​គ្រួសារ​ខ្ញុំ​គាត់​រក​លុយ​បាន​ក្នុង​មួយ​អាទិត្យ​ពី ៥​ពាន់ ទៅ ៦​ពាន់​ដុល្លារ គាត់​ធ្វើ​ការ Research»

ក្រុម​គ្រួសារ​របស់ ជួប សម្លាប់ ធ្លាប់​ឲ្យ​អាស៊ីសេរី ដឹង​កន្លង​មក​ថា ជួប សម្លាប់ គ្មាន​មុខ​របរ​ច្បាស់លាស់ ហើយ​ក៏​មិន​ដែល​មាន​លុយ​ដែរ។ ជួប សម្លាប់ ជា​មនុស្ស​ចូលចិត្ត​លេងល្បែង ហើយ​ថែម​ទាំង​បាន​យក​ម៉ូតូ​កញ្ចាស់​របស់​ប្រពន្ធ​យក​ទៅ​លក់​ទៀត​ផង។ នេះ​បើ​តាម​ការ​អះអាង​របស់​ប្រពន្ធ ជួប សម្លាប់ គឺ​លោកស្រី ហឿម ហ៊ត់ រស់​នៅ​ភូមិ​នគរភាស២ ឃុំ​នគរភាស ស្រុក​អង្គរជុំ ខេត្ត​សៀមរាប។

​សំណុំ​រឿង​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី នេះ មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន។ ក្រៅ​ពី​សមត្ថកិច្ច និង​តុលាការ​មិន​បាន​បង្ហាញ​ឃាតក​ពិត និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នោះ បែរ​ជា​តុលាការ​បាន​ចាត់​ការ​បណ្ដឹង​របស់​ប្រធាន​គណបក្ស​ថ្មី​ថ្មោង​មួយ​ទើប​បង្កើត​ឡើង ដែល​គេ​ដឹង​ថា ជា​ឧបករណ៍​របស់​គណបក្ស​កាន់​អំណាច​នោះ បាន​ប្ដឹង​អតីត​គណៈកម្មការ​រៀប​ចំ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី ចំនួន ៣​រូប គឺ​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លោក មឿន តុលា នាយក​ប្រតិបត្តិ​អង្គការ​សង់ត្រាល់ និង​លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ពី​រឿង​ពាក់ព័ន្ធ​នឹង​បច្ច័យ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី និង​បទ​រំលោភ​លើ​ទំនុក​ចិត្ត ហើយ​តុលាការ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​អ្នក​ទាំង​បី។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ ទាំង​ប្អូនប្រុស​បង្កើត​លោក​បណ្ឌិត កែម ឡី ទាំង​លោកស្រី ប៊ូ រចនា អះអាង​ថា ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លោក មឿន តុលា និង​លោក ប៉ា ងួនទៀង មិន​បាន​កិបកេង​បច្ច័យ​បុណ្យ​សព​ឡើយ។ លោកស្រី ប៊ូ រចនា បញ្ជាក់​ជា​ថ្មី​ថា ថវិកា​ដែល​ប្រមូល​បាន​គឺ​លោកស្រី​ជា​អ្នក​គ្រប់គ្រង និង​ក្រុម​គ្រួសារ​ស្វាមី​របស់​លោកស្រី​ជា​អ្នក​គ្រប់គ្រង គឺ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​អតីត​គណៈកម្មការ​បុណ្យ​សព​ឡើយ៖ «ពួកគាត់​មិន​បាន​កិបកេង​លុយ​បុណ្យ​ហ្នឹង​ទេ ពាក្យ​បណ្ដឹង​ហ្នឹង​វា​អយុត្តិធម៌​ពេក​ហើយ ខ្ញុំ​កោត​តែ​តុលាការ​គាត់​ធ្វើ​ទៅ​រួច ខ្ញុំ​មិន​នឹក​ស្មាន​ថា តុលាការ​គេ​ធ្វើ​រឿង​នេះ ពួកគាត់​ទាំង​បី​រង​នូវ​ភាព​អយុត្តិធម៌​ណាស់ សូម​ឲ្យ​តុលាការ​ទម្លាក់​រឿង​ហ្នឹង​ចោល​ទៅ»

សំណុំរឿង​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី គឺជា​សំណុំរឿង​ដ៏​ចម្រូងចម្រាស ដែល​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​លើក​ឡើង​ថា ឃាតកម្ម​លោក​បណ្ឌិត កែម ឡី មិន​ខុស​ពី​ឃាតកម្ម​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ជាង ១០០​នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត​ចាប់​ពី​ឆ្នាំ​១៩៩៣ មក​ទល់​បច្ចុប្បន្ន​នេះ​ទេ ដោយ​ឃាតក​ពិត​មិន​ត្រូវ​បាន​នាំ​ខ្លួន​មក​កាត់ទោស​នៅ​ឡើយ​ទេ។ សំណុំរឿង​ទាំង​ជាង ១០០​ករណី​នេះ គ្មាន​សំណុំរឿង​ណា​ដែល​ជនរងគ្រោះ​ទទួល​បាន​យុត្តិធម៌​ឡើយ។

តំណាងរាស្ត្រ​អូស្ត្រាលី ដើម​កំណើត​ខ្មែរ លោក ហុង លីម អះអាង​ថា សមាគម​​ខ្មែរ​នៅ​អូស្ត្រាលី នឹង​ពិភាក្សា​ជាមួយ​អ្នក​ច្បាប់​បន្ថែម​ទៀត ដើម្បី​ដាក់ពាក្យ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ប្ដឹង​របប​លោក ហ៊ុន សែន ពី​ករណី​ឃាតកម្ម​លើ​អ្នក​វិភាគ​សង្គម និង​នយោបាយ​ឥត​សំចៃ​មាត់ លោក​បណ្ឌិត កែម ឡី នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សង្គម
ក្រុមហ៊ុន​ទូទាត់​ប្រាក់​ឌីជីថល​ដ៏​ធំ​របស់​ត្រកូល «ហ៊ុន» លាង​លុយ​កខ្វក់​រាប់​លាន​ដុល្លារ​ឱ្យ​​ក្រុម​ចោរ​ព័ត៌មាន​វិទ្យា​កូរ៉េ​ខាងជើង
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។