ទស្សនៈ​បណ្ឌិត កែម ឡី ក្លាយ​ជា​សៀវភៅ​ក្រោយ​មរណភាព​បាន​១០០​ថ្ងៃ

ដោយ ថា កិត្យា
2016.10.15
សៀវភៅ កែម ឡី ៨៥៥ ពលរដ្ឋ​អាន​សៀវភៅ​ដែល​ចងក្រង​អំពី​ទស្សនៈ​របស់​បណ្ឌិត កែម ឡី ឈ្មោះ "អ្នក​រូត​វាំងនន​សង្គម" នៅ​វត្ត​ចាស់ ក្នុង​សង្កាត់​ជ្រោយចង្វារ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៦។
RFA/Cheu Sideth

ពាក្យ​សម្ដី និង​ស្នាដៃ​សរសេរ​និពន្ធ​របស់​លោក កែម ឡី ជា​អ្នក​វិភាគ​នយោបាយ​ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត​នោះ ត្រូវ​អតីត​កូន​សិស្ស និង​អ្នក​គោរព​ស្រឡាញ់​រូប​លោក​ប្រមូល​ចងក្រង​ចេញ​ជា​សៀវភៅ​ហើយ ដើម្បី​ទុក​អោយ​មនុស្ស​ជំនាន់​ក្រោយ​ងាយ​ស្រួល​សិក្សា​ស្វែង​យល់​ពី​សង្គម​កម្ពុជា។ សៀវភៅ​ទស្សនទាន​លោក​បណ្ឌិត កែម ឡី នេះ មាន​ដាក់​លក់​នៅ​ក្នុង​រោង​បុណ្យ​ខួប​គម្រប់ ១០០​ថ្ងៃ និង​នៅ​តាម​បណ្ណាល័យ​នានា។

មុន​ត្រូវ​គេ​សម្លាប់​នោះ លោក​បណ្ឌិត កែម ឡី បាន​ផ្ដល់​ទស្សនៈ​ជា​ច្រើន​នៅ​តាម​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បាន​និពន្ធ​រឿង​កំប្លែង​ជា​ច្រើន​ទៀត​បង្ហោះ​តាម​ប្រព័ន្ធ​ហ្វេសប៊ុក (Facebook) របស់ លោក​ដែល​ចង់​បង្ហាញ​ពី​តថភាព​សង្គម​បច្ចុប្បន្ន។

ថ្វី​ត្បិត​តែ​ឃាតក​អាច​ឆក់​យក​ជីវិត​លោក​បណ្ឌិត កែម ឡី បាន តែ​គេ​មិន​អាច​យក​ឧត្ដម​គតិ និង​វីរភាព​ក្លាហាន​របស់​លោក​បាន​ទេ។ កេរ្តិ៍ឈ្មោះ និង​គំនិត​ទស្សនៈ​របស់​លោក​បណ្ឌិត កែម ឡី នៅ​តែ​ឋិត​នៅ​ក្នុង​ក្រអៅបេះដូង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។

​ដើម្បី​បង្ហាញ​ក្ដី​នឹក​រឭក និង​ក្ដី​ស្រលាញ់ រួម​ទាំង​ការ​គោរព​ដឹងគុណ​ចំពោះ​ការ​លះបង់​ដ៏​ធំធេង​នោះ មាន​មនុស្ស​ជា​ច្រើន​បាន​នាំ​គ្នា​តែង​និពន្ធ​កំណាព្យកាព្យឃ្លោង និង​បទ​ចម្រៀង​ដើម្បី​ឧទ្ទិស​ដល់​អ្នក​វិភាគ​នយោបាយ​ដ៏​ល្បីល្បាញ​រូប​នេះ។

​ចំណែក​ក្រុម​និស្សិត និង​បញ្ញវន្ត​មួយ​ចំនួន​ទៀត បាន​ប្រមូល​កម្លាំង​គ្នា​ចងក្រង​ពាក្យ​សម្ដី និង​ស្នាដៃ​និពន្ធ​របស់​បណ្ឌិត កែម ឡី ដែល​នៅ​រប៉ាត់រប៉ាយ​តាម​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ឲ្យ​ទៅ​ជា​សៀវភៅ ដើម្បី​ឲ្យ​ទស្សនទាន​របស់​លោក​បណ្ឌិត នៅ​គង់វង្ស​ជា​អមតៈ​សម្រាប់​បម្រើ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​បាន​សិក្សា​ស្វែង​យល់។ សម្រាប់​អ្នក​កាសែត​ខ្លះ​ទៀត ក៏​បាន​ចងក្រង​បទសម្ភាសន៍​ជាមួយ​បណ្ឌិត កែម ឡី មួយ​ចំនួន ដើម្បី​រំលឹក​អនុស្សាវរីយ៍​កាល​លោក​នៅ​មាន​ជីវិត​ដែរ។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ជា​សមាជិក​ក្រុម​ចងក្រង​សៀវភៅ គឺ​លោក មួង សូនី និយាយ​ថា ក្រោយ​មរណភាព គឺ​ក្រុម​ការងារ​របស់​លោក​បាន​សម្រេច​ចងក្រង​សៀវភៅ​ទស្សនទាន​លោក​បណ្ឌិត កែម ឡី បាន​ចំនួន​ពីរ​ភាគ ដែល​មាន​ចំណងជើង​ថា "អ្នក​រួត​វាំងនន​សង្គម" និង "ទស្សនទាន​សង្គម​និង​នយោបាយ" ដើម្បី​ឧទ្ទិស​ដល់​លោក​បណ្ឌិត កែម ឡី ក្នុង​ឱកាស​ពិធី​បុណ្យ​ខួប ១០០​ថ្ងៃ ដែល​ប្រារព្ធ​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​តុលា«បង​ប្អូន​ដែល​ចូលរួម​បុណ្យ ១០០​ថ្ងៃ នឹង​អាច​ឃើញ​សៀវភៅ​ដាក់​បង្ហាញ​នៅ​រោង​បុណ្យ​ទាំង​នៅ​ភ្នំពេញ និង​នៅ​តាម​ខេត្ត។ សៀវភៅ​នេះ​អាច​នឹង​លក់​ក្នុង​តម្លៃ ៥​ដុល្លារ​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក និង ២០​ដុល្លារ​សម្រាប់​ទីផ្សារ​ក្រៅ​ប្រទេស។ ថវិកា​ដែល​ប្រមូល​បាន​ពី​ការ​លក់​សៀវភៅ​នេះ គឺ ៤០​ភាគរយ នឹង​យក​ទៅ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ជួយ​កុមារ​ដែល​រង​ទុក្ខ​លំបាក និង​ឧទ្ទិស​បុណ្យ​ជូន​បណ្ឌិត កែម ឡី។ សម្រាប់​ថវិកា ៤០​ភាគរយ​ទៀត គឺ​នឹង​ជួយ​ដល់​សិស្ស​របស់​គាត់​ដែល​នឹង​បន្ត​គម្រោង ១០០​រាត្រី និង​រឿង​កោះ​ទាំង​៦៤។ ចំណែក ២០​ភាគ​ទៀត​សម្រាប់​ជូន​ក្រុម​គ្រួសារ​បណ្ឌិត កែម ឡី»

ពលរដ្ឋ​នាំ​គ្នា​ទិញ​សៀវភៅ​ដែល​ចងក្រង​អំពី​ទស្សនៈ​របស់​បណ្ឌិត កែម ឡី ឈ្មោះ "អ្នក​រូត​វាំងនន​សង្គម" នៅ​វត្ត​ចាស់ ក្នុង​សង្កាត់​ជ្រោយចង្វារ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៦។
ពលរដ្ឋ​នាំ​គ្នា​ទិញ​សៀវភៅ​ដែល​ចងក្រង​អំពី​ទស្សនៈ​របស់​បណ្ឌិត កែម ឡី ឈ្មោះ "អ្នក​រូត​វាំងនន​សង្គម" នៅ​វត្ត​ចាស់ ក្នុង​សង្កាត់​ជ្រោយចង្វារ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៦។
RFA/Rann Samnang

​លោក មួង សូនី បញ្ជាក់​ថា សៀវភៅ​នេះ​កត់ត្រា​ទុក​អំពី​ទស្សនទាន​របស់​បណ្ឌិត កែម ឡី ជុំវិញ​បញ្ហា​នយោបាយ សេដ្ឋកិច្ច និង​សង្គមកិច្ច​ដែល​បណ្ឌិត កែម ឡី បាន​ថ្លែង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​ចុះ​បង្រៀន​ផ្ទាល់​ដល់​យុវជន និង​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។ សៀវភៅ​នេះ​ក្នុង​មួយ​ភាគៗ មាន​កម្រាស់​ជាង ២០០​ទំព័រ«សៀវភៅ​នេះ​បរិយាយ​អំពី​ទិដ្ឋភាព​សង្គម​កម្ពុជា បច្ចុប្បន្ន​ទាំង​ស្រុង ទាំង​អាស៊ាន​ផង ទាំង​នយោបាយ​ការទូត​ផង ដូចជា​សេដ្ឋកិច្ច សង្គមកិច្ច អន្តោប្រវេសន៍ និង​ការ​ដឹកនាំ​នយោបាយ ដែល​ទាំងអស់​នេះ​ជា​កម្រង​បទ​វិភាគ​របស់​គាត់ ដែល​កាល​នៅ​រស់​គាត់​ខំ​ប្រឹងប្រែង។ សៀវភៅ​នេះ​ក៏​បរិយាយ​អំពី​ចរិត​នយោបាយ ជាពិសេស​អ្នក​នយោបាយ​ដែល​មាន​ភាព​ពុតត្បុត​ប្រជាភិថុតិ ហើយ​ក្នុង​នោះ​ក៏​ផ្តល់​ដំណោះស្រាយ​ជាច្រើន​ដែល​ជា​គំនិត​គតិ​បណ្ឌិត​ឲ្យ​កូន​ខ្មែរ​បាន​សិក្សា​រៀន​សូត្រ»

គោលបំណង​នៃ​ការ​ចងក្រង​គតិបណ្ឌិត កែម ឡី នេះ លោក មួង សូនី ពន្យល់​ថា ដើម្បី​រក្សាទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​សិក្សា​រៀន​សូត្រ ដើម្បី​ចូលរួម​កសាង​សង្គមជាតិ​ទាំង​បច្ចុប្បន្ន និង​អនាគត ព្រោះ​កន្លង​មក​លោក​សង្កេត​ឃើញ​ថា ស្នាដៃ និង​គតិបណ្ឌិត​របស់​អ្នកប្រាជ្ញ ឬ​វីរបុរស​របស់​ខ្មែរ​ជា​ច្រើន​នាក់ ហាក់​ត្រូវ​បាន​គេ​បំភ្លេច​ចោល។

គណៈកម្មការ​ត្រួត​ពិនិត្យ​សៀវភៅ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ហេង ស្រ៊ាង បញ្ជាក់​ថា សៀវភៅ​ទាំង​ពីរ​ភាគ​នេះ គឺ​មិន​មាន​ការ​បញ្ចេញ​បញ្ចូល​គំនិត​ទស្សនៈ​របស់​ក្រុម​អ្នក​ចងក្រង​សៀវភៅ​ឡើយ ពោល​គឺ​ខ្លឹមសារ​ក្នុង​សៀវភៅ​នោះ សុទ្ធតែ​ស្នាដៃ គំនិត និង​ទស្សនៈ​របស់​លោក​បណ្ឌិត កែម ឡី ដែល​បន្សល់​ទុក​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ លោក​មើល​ឃើញ​ថា គំនិត ទស្សនៈ​លោក​បណ្ឌិត កែម ឡី នៅ​ក្នុង​សៀវភៅ​នេះ ពិត​ជា​មាន​តម្លៃ និង​មាន​ខ្លឹមសារ​ល្អ​ណាស់​សម្រាប់​ឲ្យ​សាធារណជន ក៏​ដូចជា​អ្នក​នយោបាយ​យក​ទៅ​សិក្សា​ស្វែង​យល់ ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម«សៀវភៅ​នេះ​នឹង​ផ្តល់​នូវ​គំនិត​ពិចារណា​សម្រាប់​កូន​ខ្មែរ។ ដូច្នេះ​សៀវភៅ​នេះ គឺ​ជា​ប្រយោជន៍​សាធារណៈ»

​ក្នុង​នាម​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​មួយ​រូប​ដែរ លោក ហេង ស្រ៊ាង មើល​ឃើញ​ថា ការ​បញ្ចេញ​មតិយោបល់​របស់​លោក​បណ្ឌិត កែម ឡី នេះ គឺ​មិន​មែន​ជា​ការ​បង្កាច់​បង្ខូច​លើ​អ្នក​ណា​ម្នាក់​ឡើយ ប៉ុន្តែ​អ្វី​ដែល​លោក​បណ្ឌិត កែម ឡី លើក​ឡើង​នោះ គឺ​ឈរ​លើ​ទិដ្ឋភាព ឬ​ទីលាន​ពិត​ប្រាកដ​ជាក់ស្ដែង ដូច្នេះ រដ្ឋាភិបាល​ត្រូវ​តែ​ទទួល​ស្គាល់ ហើយ​ព្យាយាម​ដោះស្រាយ​តាម​មាគ៌ា​ដែល​លោក​បណ្ឌិត កែម ឡី បាន​បូជា​កម្លាំង​កាយ​ចិត្ត​ត្រួសត្រាយ​កន្លង​មក​នោះ ទើប​មាន​ដំណោះ​ស្រាយ​សម្រាប់​ជាតិ​ខ្មែរ។

​ក្រៅពី​សៀវភៅ “អ្នក​រួត​វាំងនន​សង្គម" និង "ទស្សនទាន​សង្គម​និង​នយោបាយ" នោះ នៅ​មាន​សៀវភៅ​មួយ​ក្បាល​ទៀត មាន​ចំណង​ជើង​ថា "គ្រួ​ធំ" ដែល​ចងក្រង​ដោយ​អ្នក​សារព័ត៌មាន​ម្នាក់​គឺ​លោក វណ្ណ វាចារ។ ចំណងជើង "គ្រួ​ធំ' ​នេះ គឺ​សំដៅ​លើ​មាឌ និង​ទំហំ​ទឹក​ចិត្ត​សន្ដោស​ប្រណី ព្រមទាំង​ចំណេះ​ដឹង​ទូលំទូលាយ​របស់​លោក​បណ្ឌិត កែម ឡី។

លោក វណ្ណ វាចារ បញ្ជាក់​ថា មូលហេតុ​ដែល​លោក​ចងក្រង​សៀវភៅ​នេះ គឺ​ដើម្បី​រម្លឹក​អនុស្សាវរីយ៍​ក្នុង​នាម​លោក​ជា​អ្នក​កាសែត និង​លោក​បណ្ឌិត កែម ឡី ជា​អ្នក​វិភាគ​បញ្ហា​សង្គម«ខ្លាច​ពេលវេលា​កាន់​តែ​កន្លង​ទៅ គំនិត​របស់​គាត់​នឹង​បាត់។ ដូច្នេះ​យើង​ត្រូវ​ប្រមូល​ចងក្រង ហើយ​ម្យ៉ាង​ទៀត គឺ​គំនិត​របស់​គាត់​មួយ​ចំនួន ពិសេស​ជាង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ទៀត​ផង ឬ​ជា​ចំណុច​មួយ​បន្ថែម​លើ​គោល​នយោបាយ​រាជ​រដ្ឋាភិបាល»

ខ្លឹមសារ​នៅ​ក្នុង​សៀវ​នេះ​ភាគ​ច្រើន គឺ​លោក វណ្ណ វាចារ ដែល​ជា​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី សរសេរ​រម្លឹក​អំពី​អនុស្សាវរីយ៍​មួយ​ចំនួន​ដែល​លោក​បណ្ឌិត កែម ឡី បាន​ធ្វើ​ជា​វាគ្មិន​ឲ្យ​លោក​សួរ​ដេញដោល​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ពេល​កន្លង​មក។

ប្រធានបទ​ដែល​លោក​ចាំ​មិន​ភ្លេច​នោះ គឺ​ប្រធានបទ​មធ្យោបាយ​នៃ​ការ​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ជាពិសេស​កសិករ«ចំពោះ​លោក ឡី គឺ​គាត់​លើក​ឡើង​អំពី​គោល​នយោបាយ​បន្ថែម​មួយ​ទៀត។ ឧទាហរណ៍​ថា គោល​នយោបាយ​ពិសេស​សម្រាប់​លើក​ស្ទួយ​អ្នក​ក្រីក្រ គឺ​ឧបត្ថម្ភ​ធន​ឲ្យ​អ្នក​ក្រីក្រ​ធ្វើ​តែ​ម្តង»

​លោក វណ្ណ វាចារ ឲ្យ​ដឹង​ថា ដំ​ដូង​ដៃ គឺ​លោក​នឹង​បោះ​ពុម្ព​ចំនួន ២​ពាន់​ក្បាល និង​ចែកចាយ​នៅ​តាម​បណ្ណាល័យ​នានា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ ប្រាក់​ចំណេញ ២០​ភាគរយ​នៃ​ការ​លក់​សៀវភៅ​នេះ គឺ​លោក​នឹង​ជូន​គ្រួសារ​លោក​បណ្ឌិត កែម ឡី។

​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ក្នុង​ហាង​លក់​ទំនិញ​នៃ​ស្ថានីយ​ចាក់​សាំង​កាល់តិច នៅ​កាច់​ជ្រុង​ស្តុប​បូកគោ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្ថានទូត​នៃ​ប្រទេស​វៀតណាម កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី បាន​ធ្វើ​ឲ្យ​រំជើប​រំជួល​ទាំង​ពលរដ្ឋ​ខ្មែរ ទាំង​ជនបរទេស​ទូទាំង​ពិភពលោក។

ការ​ចងក្រង និង​បោះពុម្ព​ផ្សាយ​សៀវភៅ​កម្រង​ទស្សនទាន​បណ្ឌិត កែម ឡី គឺ​ជា​ជំហាន​ដំបូង​នៃ​ការ​ប្រមូល​ផ្តុំ​ស្នាដៃ​របស់​បណ្ឌិត កែម ឡី កាល​លោក​នៅ​មាន​ជីវិត។ ក្រុម​អ្នក​ចងក្រង​បញ្ជាក់​ថា ជំហាន​បន្ទាប់​របស់​ពួកគេ គឺ​ការ​ប្រមូល​ផ្ដុំ​ការ​សិក្សា​ស្រាវជ្រាវ​ទាំង​ឡាយ​របស់​បណ្ឌិត កែម ឡី ដែល​លោក​ធ្លាប់​បាន​ធ្វើ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល ជាតិ-​អន្តរជាតិ ព្រម​ទាំង​ស្ថាប័ន​រដ្ឋ​ដើម្បី​ទុកជា​ឯកសារ​រឹងមាំ​សម្រាប់​អ្នក​ចង់​សិក្សា​ស្វែង​យល់​អំពី​បញ្ហា​នានា ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា និង​ដឹង​អំពី​ដំណោះស្រាយ​បញ្ហា​ទាំង​អស់​នោះ។

​លើស​ពី​នេះ​ទៀត ក្រុម​អ្នក​ចងក្រង​សៀវភៅ ក៏​មាន​គម្រោង​បង្កើត​បណ្ណាល័យ​បណ្ឌិត កែម ឡី ក្នុង​គោលបំណង​រក្សាទុក​នៅ​បទ​វិភាគ​របស់​លោក និង​វិធីសាស្ត្រ​ស្រាវជ្រាវ​វិធីសាស្ត្រ​វិភាគ ព្រមទាំង​នាំ​យក​សៀវភៅ​ល្អៗ និង​ឯកសារ​ល្បីៗ​នៅ​លើ​ពិភពលោក​ដើម្បី​អោយ​មនុស្ស​ជំនាន់​ក្រោយ​សិក្សា​រៀន​សូត្រ​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។