មិត្តភ័ក្ដិរបស់អ្នកវិភាគនយោបាយ លោក គឹម សុខ គឺលោក សៀង ជិន ត្រូវបានសមត្ថកិច្ចដោះលែងឲ្យមានសេរីភាពវិញនៅយប់ថ្ងៃទី១៤ កុម្ភៈ ក្រោយសមត្ថកិច្ចបំពេញសំណុំបែបបទរួចរាល់។ លោក សៀង ជិន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅមុខមន្ទីរពេទ្យកាល់ម៉ែត្រ នៅម៉ោងជាង ១០ យប់ ថ្ងៃទី១៣ កុម្ភៈ បន្ទាប់ពីលោកនិងមិត្តភ័ក្ដិម្នាក់ទៀត បានទៅទទួលលោក គឹម សុខ ពីការិយាល័យវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA)កាលពីរាត្រីថ្ងៃដដែល។
អធិការនគរបាលខណ្ឌដូនពេញ លោក ហួត ចាន់យ៉ារ៉ាន់ បញ្ជាក់ប្រាប់អាស៊ីសេរី នៅរសៀលថ្ងៃទី ១៤ កុម្ភៈថា ការឃាត់ខ្លួនលោក សៀង ជិន មិត្តភ័ក្ដិរបស់លោក គឹម សុខ នោះ ដោយសារលោកបើកបរហួសល្បឿនកំណត់បើកជ្រែទៅជ្រែមកខុសច្បាប់ចរាចរណ៍ហើយសមត្ថកិច្ចកំពុងចាត់ការរឿងនេះ។
ប្អូនថ្លៃរបស់លោក សៀង ជិន គឺលោក ធួន សារ៉ែន ថ្លែងថាសមត្ថកិច្ចបានការឃាត់ខ្លួនលោក សៀង ជិន ដោយមិនមានដីកាពីតុលាការនោះទេពោលគឺអាចមកពីលោក សៀង ជិន មានទំនាក់ទំនងជាមួយលោក គឹម សុខ ។ លោកយល់ឃើញថានេះជាអំពើគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខនិងសុវត្ថិភាពរបស់ពលរដ្ឋ ហើយ ធ្វើឱ្យក្រុមគ្រួសាររបស់លោក សៀង ជិន មានការភ័យខ្លាចយ៉ាងខ្លាំង។
ការឃាត់ខ្លួនលោក សៀង ជិន នេះនៅក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញប្រកាសឲ្យសមត្ថកិច្ចឃ្លាំមើលលោក គឹម សុខ និងមិនអនុញ្ញាតឲ្យលោកចាកចេញពីប្រទេសកម្ពុជានោះទេ។
ទាក់ទងនឹងករណីនេះ លោក គឹម សុខ អះអាងថា នៅយប់ដែលលោក សៀង ជិន ត្រូវបានឃាត់ខ្លួននោះ លោកបានទទួលទូរស័ព្ទពីលោក សៀង ជិន ដែលបានប្រាប់លោកថា គួរពិចារណារកវិធីសម្រួលជាមួយកូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដើម្បីបន្ធូរបន្ថយស្ថានការណ៍។ ប៉ុន្តែលោក គឹម សុខ តបវិញថា លោកអត់មានទំនាក់ទំនងជាមួយលោក ហ៊ុន ម៉ាណែត ទេ ព្រោះគណបក្សប្រជាជនកម្ពុជា ជាអ្នកប្ដឹងលោក។
បន្ថែមពីនេះដែរ លោក គឹម សុខ បានសរសេរលើហ្វេសប៊ុករបស់ខ្លួនថា គណបក្សប្រជាជនកម្ពុជា បានប្ដឹងលោករួចហើយ ហើយលោកបានបញ្ជាក់ជំហរច្បាស់ថា នៅតតាំងក្នុងរឿងក្ដីនេះ គឺមិនគេចខ្លួនដាច់ខាត ហេតុអ្វីបែរជាប្រើវិធីបំពានសង្កត់អ្នកដទៃទៀត ដែលគ្រាន់តែស្គាល់រាប់អានលោក ដើម្បីដាក់សម្ពាធមកលើលោកដូច្នេះ។
សូមស្ដាប់លោក យ៉ង ចាន់តារា រាយការណ៍ព័ត៌មាននេះ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។