ពលករ​ខ្មែរ​មក​ពី​ថៃ​ត្អូញត្អែរ​​​ពិបាក​រក​រថយន្ត​​ត្រឡប់​​ទៅ​ស្រុក​កំណើត

0:00 / 0:00

ពលករ​ខ្មែរ​ដែល​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ជា​ច្រើន​នាក់ នាំ​គ្នា​​សម្រុក​វិល​ត្រឡប់​ទៅ​លេង​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​នៅ​ឯ​ស្រុក​កំណើត ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​មេសា ជា​បន្ត​បន្ទាប់។ ការ​ធ្វើ​ដំណើរ​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ត្អូញត្អែរ​ថា ពិបាក​រក​ទិញ​សំបុត្រ​​រថយន្ត​​ជាង​ពេល​ណា​ទាំង​អស់ ហើយ​ពួកគេ​​ព្រួយ​បារម្ភ​ខ្លាច​​ខកខាន​ដំណើរ​ទៅ​ចូល​រួម​​ជួប​ជុំ​បង​ប្អូន​​នៅ​មុន​ថ្ងៃ​​​​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ។

​​​​​​​​​ក្រុម​ពលករ​ខ្មែរ​ដែល​ធ្វើ​ដំណើរ​វិល​មក​ពី​​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត រៀបរាប់​ឲ្យ​ដឹង​ថា សំបុត្រ​ឡាន​ឈ្នួល​​ឡើង​ថ្លៃ​ខ្ពស់​ខុស​ពី​ថ្ងៃ​ធម្មតា​ជា​បញ្ហា​មួយ​ទៅ​ហើយ​ ប៉ុន្តែ​អ្វី​ដែល​ពិបាក​​ជាង​នោះ​​ គឺ​ពួកគេ​រក​ទិញ​សំបុត្រ​ឡាន​ឈ្នួល​​ពេញ​ក្រុង​ប៉ោយប៉ែត តែ​រក​ពុំ​មាន​ឡើយ។ ក្រុម​ពលករ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត និង​មន្ត្រី​ពាក់ព័ន្ធ​ជួយ​រៀបចំ​រថយន្ត​ដឹក​អ្នក​ដំណើរ​បន្ថែម​ ដើម្បី​សម្រួល​ដល់​ពួកគេ​ធ្វើ​ដំណើរ​ទៅ​​​លេង​សប្បាយ​ជួប​ជុំ​បងប្អូន​នៅ​ឯ​ស្រុក​កំណើត​ឲ្យ​បាន​ច្រើន​ថ្ងៃ។

ពលករ​មាន​ស្រុក​កំណើត​នៅ​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ម្នាក់ ឈ្មោះ​លោក នួន សុភាព ថ្លែង​ថា រូប​លោក​រួម​នឹង​អ្នក​ស្រុក​​​ក្បែរ​ខាង​ជាង ២០​នាក់​ជា​កម្មករ​សំណង់​ធ្វើ​ការ​នៅ​ទី​ក្រុង​បាងកក ប្រទេស​ថៃ ប្រមាណ​ជាង ៣​ឆ្នាំ ហើយ​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​លេង​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​នៅ​ឯ​ស្រុក​កំណើត​រៀងរាល់​ឆ្នាំ។ លោក​បន្ត​ថា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​២០១៥ នេះ ក៏​មិន​ខុស​ពី​ឆ្នាំ​មុនៗ​ដែរ​ គឺ​នាំ​គ្នា​ធ្វើ​ដំណើរ​ពី​ទី​ក្រុង​បាងកក ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

លោក​បញ្ជាក់​​​​ថា នៅ​ពេល​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ​ម្ដងៗ ​តែង​ជួប​ការ​លំបាក​​ខ្លាំង​ទៅ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ ជា​ពិសេស​គឺ​ចាប់​ពី​ក្រុង​ប៉ោយប៉ែត ទៅ​ស្រុក​កំណើត ធ្វើ​ឲ្យ​ខកខាន​ដំណើរ​រង់ចាំ​រថយន្ត​ពេញ​មួយ​ថ្ងៃ៖ «ខ្ញុំ​មក​ដល់​ប៉ោយប៉ែត នៅ​ម៉ោង ៧​កន្លះ​រហូត​ទល់​ពេល​នេះ ខ្ញុំ​រក​ឡាន​មិន​ទាន់​បាន​ចេញ​ដំណើរ​នៅ​ឡើយ​ទេ ដោយ​គេ​ថា ទាល់​តែ​ថ្ងៃ​រសៀល​បន្តិច គឺ​ប្រហែល​ជា​ម៉ោង ៥ ទើប​រថយន្ត​មក​ដល់​វិញ។ បាទ! អ្នក​ធ្វើ​ដំណើរ​មក​លេង​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ​នេះ​ ហើយ​ខកខាន​ដំណើរ​មាន​ចំនួន​ច្រើន​នៅ​ម្ដុំ​រង្វង់​មូល​ប៉ោយប៉ែត»

ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​​តែង​ត្អូញត្អែរ​ថា ជួប​ការ​លំបាក​​ក្នុង​ការ​រក​សំបុត្រ​ឡាន​ឈ្នួល​ត្រឡប់​ទៅ​ស្រុក​កំណើត​នេះ​មិន​បាន​​ដូចៗ​គ្នា។

ពលរដ្ឋ​​ខ្មែរ​នៅ​ខេត្ត​ស្វាយរៀង ម្នាក់​ទៀត​ឈ្មោះ​ លោក សេង ឌី ថ្លែង​ថា​ លោក​ជា​កម្មករ​ធ្វើ​ការ​រោងចក្រ​នៅ​ប្រទេស​ថៃ ប្រមាណ​ជិត ២​ឆ្នាំ​មក​ហើយ​ ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​មួយ​ថ្ងៃ ៣០០​បាត​ប្រាក់​ថៃ ឬ​ប្រមាណ ៣៧.០០០​រៀល។ លោក​បន្ត​​ថា ការងារ​រោងចក្រ​ដែល​លោក​ធ្វើ​ការ​​នៅ​ប្រទេស​ថៃ នោះ គេ​បើក​ប្រាក់​ខែ​ឲ្យ​ទៀងទាត់​​ពុំ​មាន​បញ្ហា​ទេ​ ហើយ​អាច​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​​ប្រសើរ​ជាង​ធ្វើ​ការងារ​នៅ​ក្នុង​ស្រុក។

ទោះ​ជាង​យ៉ាង​នេះ​ក្ដី​លោក​ថា ទៅ​​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​នោះ​ លោក​​តែង​ជួប​ការ​លំបាក​នៅ​ពេល​វិល​ត្រឡប់​មក​លេង​ស្រុក​កំណើត​​នៅ​ថ្ងៃ​បុណ្យ​ជាតិ​សំខាន់ៗ ជា​រៀងរាល់​ឆ្នាំ​​​ ជា​ពិសេស​គឺ​ពិបាក​រក​រថយន្ត​ធ្វើ​ដំណើរ​តែ​ម្ដង។

លោក​​ព្រួយ​បារម្ភ​ខ្លាច​រក​រថយន្ត​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​ជួប​ជុំ​បងប្អូន​មិន​ទាន់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខាង​មុន​នេះ៖ «ផ្លូវ​ស្ទះ​តាំង​បី​ចេញ​ពី​បាងកក មក​ដល់​ជាយ​ដែន​ប្រមាណ ៦​ម៉ោង​ឯណោះ​ ដោយសារ​ពលករ​សម្រុក​មក​ស្រុក​ខ្មែរ​ច្រើន។ ម្យ៉ាង​ទៀត​ពេល​មក​ដល់​ច្រក​ទ្វារ​អន្តរជាតិ​ទម្រាំ​បាន​ចេញ​ផុត​មក​ខ្មែរ​ប្រមាណ ៣​ម៉ោង​ ក្នុង​នោះ​មាន​អ្នក​ខ្លះ​រង់ចាំ​រហូត​ដល់​ម៉ោង ៨​យប់​ក៏​មាន។ ខ្ញុំ​សំណូម​ពរ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​សម្រួល​ការ​ធ្វើ​ដំណើរ​ដល់​ពួក​ខ្ញុំ​ឲ្យ​បាន​ឆាប់​រហ័ស​ផង»

ទាក់ទង​នឹង​បញ្ហា​នេះ​អភិបាល​ក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​ពិត​ជា​មាន​ការ​កកស្ទះ​ខកខាន​ដំណើរ​ត្រឡប់​ទៅ​ចូល​រួម​បុណ្យ​ចូល​ឆ្នាំ​នៅ​ឯក​ស្រុក​កំណើត​ខ្លះ​មែន។ ប៉ុន្តែ​លោក​ថា ការ​ខកខាន​នេះ​ក្នុង​រយៈ​ពេល​ខ្លី​ប្រមាណ​យ៉ាង​យូរ​មួយ​ថ្ងៃ​ទេ​ ហើយ​​ពួកគេ​នឹង​បាន​ចេញ​ដំណើរ​​ទៅ​តាម​គោល​ដៅ​រៀងៗ​ខ្លួន។

លោក​បន្ត​ថា​ការ​ស្ទះ​ខ្លាំង​ គឺ​ចាប់​ពី​ថ្ងៃ​ទី​១១ រហូត​ដល់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្ងៃ​ទី​១៤ មេសា​ ហើយ​ថា បញ្ហា​នេះ​ដោយសារ​​ប្រជាពលរដ្ឋ​នាំ​គ្នា​សម្រុក​មក​លេង​ស្រុក​កំណើត​នៅ​ក្នុង​ឱកាស​មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ច្រើន​ជាង​ថ្ងៃ​ធម្មតា។ រីឯ​តម្លៃ​សំបុត្រ​ឡាន​ឈ្នួល​វិញ​លោក​ថា​ បញ្ហា​នេះ​អាជ្ញាធរ​ទប់ស្កាត់​ដាច់ខាត​មិន​ឲ្យ​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​លក់​តម្លៃ​សំបុត្រ​ខ្ពស់​ឡើយ៖ «គាត់​សម្រុក​មក​ច្រើន​ លើស​ពី​ចំនួន​រថយន្ត​ដឹក​អ្នក​ដំណើរ​ ហើយ​អ្នក​ក្រុមហ៊ុន​គេ​មិន​អាច​រក​រថយន្ត​មក​ផ្គត់ផ្គង់​បងប្អូន​ពលករ​ទាំង​នោះ​បាន​ទេ ពីព្រោះ​ពួក​គេ​សម្រុក​មក​រយៈ​ពេល​ខ្លី ហើយ​ម្យ៉ាង​ទៀត​កម្មករ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​នៅ​គ្រប់​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​ ទើប​ធ្វើ​ឲ្យ​ពិបាក​ដល់​ការ​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​មិន​បាន​ទាន់​ពេល»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា​ មាន​ប្រសាសន៍​ថា ការ​កកស្ទះ​ចរាចរណ៍​នៅ​ក្រុង​ប៉ោយប៉ែត នេះ អាច​ដោះស្រាយ​​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​បាន​ ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​វិធានការ​ទប់ស្កាត់​ ដោយ​បន្ថែម​រថយន្ត​​ដឹក​អ្នក​ដំណើរ​​នៅ​តំបន់​ដែល​មាន​ប្រជាពលរដ្ឋ​សម្រុក​ឆ្លង​កាត់​ច្រើន​ ជាអាទិ៍​នៅ​ក្រុង​ប៉ោយប៉ែត ជាដើម។ លោក​បន្ត​ថា បញ្ហា​នេះ​អាជ្ញាធរ​មិន​គួរ​ដោះស្រាយ​យក​រួច​ខ្លួន​​ដោយ​មិន​គិតគូរ​រិះរក​វិធី​ជួយ​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។