ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​តវ៉ា​ប្រឆាំង​ថ្ងៃ​៧​មករា​ដែល​ពួកគេ​ថា​ជា​ថ្ងៃ​វៀតណាម​ឈ្លាន​ពាន​ខ្មែរ

ដោយ ម៉ៅ សុធានី
2018.01.07
បាតុកម្ម អាមេរិក ៨៥៥ ២០១៦ ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតុន ទាមទារ​ឲ្យ​ ​រដ្ឋាភិបាល​អាមេរិក ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច និង​ការទូត​ទៅ​លើ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៦។
RFA/Yun Samean

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ពី​៣០០ ទៅ​៥០០​នាក់​នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វូនីញ៉ា (California)  ​កាលពី​ថ្ងៃ​​ទី​៦មករា បាន​នាំគ្នា​ធ្វើបាតុកម្ម​ប្រឆាំង​ថ្ងៃ​ទី​៧ មករា ដែល​ពួកគេ​អះអាង​ថា ជា​ថ្ងៃ​វៀតណាម​ឈ្លានពាន​កម្ពុជា ទោះបី​រដ្ឋាភិបាល​កម្ពុជា​បន្លំ​អះអាង​ថា ជា​ថ្ងៃ​រំដោះ​ជាតិ​ក្ដី។

តំណាង​ពលរដ្ឋ​អាមេរិកកាំង លោក ចាន់ វាសនា ដែល​ដឹកនាំ​ធ្វើបាតុកម្ម​នៅ​ថ្ងៃ​ទី​៦ មករា មាន​ប្រសាសន៍​ថា គោលបំណង​សំខាន់​នៃ​ការ​ធ្វើ​បាតុកម្ម​នេះ គឺ​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទាំង​ពិភពលោក​ប្រឆាំង​នឹង​ថ្ងៃ​៧ មករា។ លោក​បន្ត​ថា​ថ្ងៃ​៧​មករា មិនមែន​ជា​ថ្ងៃ​វៀតណាម​រំដោះ​ទឹកដី​កម្ពុជា ដូចដែល​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ឡើយ។

លោក ចាន់ វាសនា បាន​ហៅ​ថ្ងៃ​៧​មករា ជា​ថ្ងៃ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ និង​ជា​ថ្ងៃ​ដែល​កងទ័ព​វៀតណាម គ្រប់គ្រង​ត្រួតត្រា​រដ្ឋាភិបាល​កម្ពុជា និង​បាន​លើក​បន្តុប លោក ហ៊ុន សែន ឡើង​កាន់​ដំណែង​រហូត​ដល់​ពេល​បច្ចុប្បន្ន​។ លោក បញ្ជាក់​ថា ថ្ងៃ​ដែល​ពលរដ្ឋ​ខ្មែរ​ត្រូវ​ទទួល​ស្គាល់​នោះ គឺ​មានតែ​ថ្ងៃ​ទី​២១ តុលា​ឆ្នាំ​១៩៩១ ដែល​ជា​ថ្ងៃ​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​នៅ​កម្ពុជា ហើយ​បង្កើត​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ លោក បាន​ប្រៀបធៀប​ថ្ងៃ​ទី​២១ តុលា ដូចជា​អាវ​ក្រោះ ដើម្បី​ការពារ​របប​កុម្មុយនិស្ត​កុំ​ឲ្យ​វិល​ត្រលប់​មកវិញ និង​ជា​ថ្ងៃ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ស្គាល់​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​រហូត​មកដល់​បច្ចុប្បន្ន។

ក្រោយពី​រដ្ឋាភិបាល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង បាន​ធ្វើ​បាតុកម្ម​ជា​បន្ត​បន្ទាប់​ប្រឆាំង​ជា​បន្តបន្ទាប់ ប្រឆាំង​និង​រដ្ឋាភិបាល លោក ហ៊ុន សែន ដែល​ធ្វើទុក្ខបុកម្នេញ​បក្ស​ប្រឆាំង និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ងាក​មក​គោរព​សិទ្ធិមនុស្ស​វិញ។ សហរដ្ឋអាមេរិក​បាន​ដាក់ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មិន​ឲ្យ​ជាន់​ទឹកដី​អាមេរិក និង​កាត់​ផ្ដាច់​ជំនួយ​បោះឆ្នោត​។ ចំណែក សហគមន៍​អឺរ៉ុប​ក៏បាន​កាត់​ផ្តាច់​ជំនួយ​បោះឆ្នោត​ទាំងស្រុង​ដល់​កម្ពុជា​ផង​ដែរ៕

ចំណែក​ប្រធាន​ក្រុមប្រឹក្សា​កម្ពុជា ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ន័រវេស៍​(Norway) លោក ម៉ែន ណាត បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​ទី​៥ មករា ថា កម្ពុជា​នឹង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ជាថ្មី ដោយសារ​របប​លោក​ហ៊ុន សែន កម្អែល​កុម្មុយនិស្ត ៧​មករា។ សេចក្ដីថ្លែងការណ៍​នេះ​បាន​សរសេរ​ថា ការ​ចាប់ខ្លួន​លោក កឹម សុខា ការ​បិទ​ស្ថានីយ​ផ្សព្វផ្សាយ​ឯករាជ្យ អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ គឺជា​ការ​ធ្វើ​ឲ្យ​កម្ពុជា ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ​ជាថ្មី ដែល​ពលរដ្ឋ​ខ្មែរ​និង​សហគមន៍​អន្តរជាតិ កំពុង​ព្រួយបារម្ភ និង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ។

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ក៏បាន​ស្នើ​ឲ្យ​លោក ហ៊ុន សែន ដោះលែង​លោក កឹម សុខា លុបចោល​សាលក្រម​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​បក្ស​នេះ អាច​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា ឆ្នាំ​២០១៨ ដោយ​ស្មើមុខ ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ ព្រមទាំង​ដោះលែង​អ្នកទោស​មនសិការ​ទាំង​អស់​ដោយ​គ្មាន​លក្ខខណ្ឌ។

លិខិត​ដដែល​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​លុបចោល​សន្ធិសញ្ញា​ព្រំដែន​គោក ព្រំ​ដែនទឹក និង​កិច្ចព្រមព្រៀង​នានា ជាមួយ​វៀតណាម​ដែល​ផ្ទុយ​ពី​ខ្លឹមសារ រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។ សេចក្ដីថ្លែងការណ៍​នេះ ក៏បាន​ជំរុញ​ឲ្យ​កម្ពុជា ត្រូវ​ប្ដឹង​សើរើ​ទាមទារ​កោះត្រល់ និង​ទឹកដី​ដែល​បាត់បង់​មក​កម្ពុជា​វិញ តាមរយៈ​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​តុលាការ​យុត្តិធម៌​អន្តរជាតិ អាយ​ស៊ី​ជេ(ICJ)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។