នគរបាលខេត្ត​កោះកុង​ចាប់​ជនជាតិ​ចិន និង​ម៉ាឡេស៊ី ៦នាក់ រឿង​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ស្ត្រី​ម៉ាឡេស៊ី​ម្នាក់

0:00 / 0:00

សមត្ថកិច្ច​ខេត្ត​កោះកុង​បង្ក្រាប​បាន​ជន​សង្ស័យ​ជនជាតិ​ចិន និង​ម៉ាឡេស៊ី​ចំនួន ៦នាក់ ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ស្ត្រី​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​អស់​ទឹក​ប្រាក់​ជិត ២ម៉ឺន​ដុល្លារ (១៥.០០០)។ មន្រ្តី​សង្គម​ស៊ីវិល ព្រួយបារម្ភ​ថា ភូមិសាស្ត្រ​ខេត្តកោះកុង​នឹង​ក្លាយ​ជា​ទីកន្លែង​ក្រុម​ឧក្រិដ្ឋជន​ប្រតិបត្តិការ​ចាប់​ជំរិត​មនុស្ស ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម និង​កេរ្តិ៍ឈ្មោះ​ប្រទេស​ជាតិ​ទាំង​មូល។

អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង លោក ស សារ៉ាត់ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃទី១៤ វិច្ឆិកា​ថា សមត្ថកិច្ច​បាន​បញ្ជូន​ជន​សង្ស័យ​ចំនួន ៦នាក់ ទៅ​តុលាការ​ខេត្តកោះកុង​រួចរាល់​ហើយ កាល​ពី​ព្រឹក​ថ្ងៃ​ទី១៤ ខែវិច្ឆិកា។ លោក​អះអាង​ថា សមត្ថកិច្ច​នឹង​បន្ត​នីតិវិធី​ស៊ើប​អង្កេត​រក​អ្នក ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត ប្រសិនបើ​តំណាង​អយ្យការ​បញ្ជូន​ដីកា​បង្គាប់​បញ្ជា។

«យើង​យោង​តាម​បណ្ដឹង​ភ្លាម យើង​ធ្វើ​ភ្លាម ហើយ​មិន​ទាន់​មាន​របាយការណ៍​បញ្ជាក់​ច្បាស់​ជន​សង្ស័យ​ហ្នឹង​ធ្វើ​ថ្ងៃ​ណា​ទេ។ គ្រាន់​ថា យើង​ទទួល​បាន​ថ្ងៃ​ដែល​យើង​បង្ក្រាប​តែ​ម្ដង។ ពេល​ដែល​យើង​ធ្វើ​ការ​ហើយ យើង​បាន​បញ្ជូន​ព្រហ្មទណ្ឌ​ខាង​នគរបាល​យុត្តិធម៌ ចំពោះ​ករណី​នេះ​ខ្ញុំ​មិន​ទាន់​បាន​របាយការណ៍​ពី​គាត់​វិញ​ក្នុង​លក្ខណៈ​ដែល​គាត់​បាន​សាកសួរ​ជន​សង្ស័យ​ហ្នឹង»។

កាល​ពី​ថ្ងៃ​ទី១១ ខែវិច្ឆិកា សមត្ថកិច្ច​ខេត្តកោះកុង​បាន​បង្ក្រាប​ជនជាតិ​ចិន និង​ម៉ាឡេស៊ី​ចំនួន ៦នាក់ ពាក់ព័ន្ធ​ការ​បង្ខាំង​មនុស្ស​ខុស​ច្បាប់ និង​ជំរិត​ទារ​ប្រាក់​ស្ត្រី​ជនជាតិ​ម៉ាស៊ីឡេ​ម្នាក់​អស់​ទឹក​ប្រាក់ ជិត ២ម៉ឺន​ដុល្លារ (១៥.០០០) នៅ​ក្នុង​អគារ​ក្រុមហ៊ុន​មួយ​កន្លែង​ស្ថិត​នៅ​សង្កាត់​ស្ទឹងវែង ក្រុង​ខេមរភូមិន្ទ។ ការ​បង្ក្រាប​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​សមត្ថកិច្ច​ទទួល​បាន​បណ្ដឹង​ពី​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​ឈ្មោះ អ៊ុង ទុន ឆៃអ៊ាន (Ong Tun Chyian)។ ជនសង្ស័យ ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​មាន ជនជាតិ​ចិន-ម៉ាឡេស៊ី​ចំនួន ២នាក់ មាន​ឈ្មោះ យ៉ូ ហ្ស៊ូ ស៊ិន (Yoo Shu Xin) និងលីម ម៊ុនហុង (Lim Mun Hong) និង​ជនជាតិ​ចិន​ចំនួន ៤នាក់មានឈ្មោះ ចាង ម៉ាននីង (Zhang Manning) លូ លាងលាង (Luo Liangliang) តេង ចិនតាវ (Deng Chentao) លីម ម៊ុនហុង (Lim Mun Hong) និង ហ័ង ហ្សីខុន (Huang Shikun)។

Koh_Kong_police_arrest_6_Chinese_criminals_111122_money_extortion_1.jpg
ជនជាតិ​ចិន និង​ម៉ាឡេស៊ី​ចំនួន ៦នាក់ ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្តកោះកុង​​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ពាក់ព័ន្ធ​ការ​បង្ខាំង​មនុស្ស​ខុស​ច្បាប់ និង​ជំរិត​ទារ​ប្រាក់​ស្ត្រី​ជនជាតិ​ម៉ាស៊ីឡេ​ម្នាក់​។ រូប៖ ហ្វេសប៊ុក​ផ្សព្វផ្សាយអប់រំ​នៃ​ស្នងការដ្ឋាននគរបាលខេត្តកោះកុង

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង លោក វ៉ៃ ភីរម្យ ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៤ វិច្ឆិកា។

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​ព្រួយ​បារម្ភ​ថា តំបន់​អគារ​សហគ្រាស​មួយ​ចំនួន ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ចិន​ក្នុង​ភូមិសាស្ត្រ​ខេត្តកោះកុង កើត​មាន​ភាព​មិន​ប្រក្រតី​ជា​បន្ត​បន្ទាប់។ លើស​ពី​នេះ អគារ​មួយ​ចំនួន​នៅ​តំបន់​ទីក្រុង​រណប ឡុង បេ (Long Bay) ដែល​ស្ថិត​ក្នុង​ប្លុក​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ចិន យូញៀន ឌីវេឡុបមិន គ្រុប (Union Development Group Co., Ltd.) ក៏​ធ្លាប់​រង​ការ​ចោទ​ប្រកាន់​ថា មាន​ការ​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់​ដែរ។

ជុំវិញ​រឿង​នេះ អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​អាដហុក (ADHOC) ប្រចាំ​ខែត្រ​កោះកុង លោក ថោង ច័ន្ទតារា មើល​ឃើញ​ថា អាជ្ញាធរ​ហាក់​គ្មាន​ឆន្ទៈ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ក្រុម​ឧក្រិដ្ឋជន ដែល​តែងតែ​ធ្វើ​សកម្មភាព​ចាប់​ជំរិត​នេះ​ឱ្យ​មាន​ប្រសិទ្ធិ​នោះ​ទេ ដោយសារ​តែ​មាន​មន្ត្រី​អាជ្ញាធរ​នៅ​តែ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ។

«ករណី​នេះ​វា​ពាក់ព័ន្ធ វា​ជា​ប្រព័ន្ធ​នឹង​អ្នក​មាន​អំណាច អ្នក​មាន​លុយ និង​អំពើ​ពុក​រលួយ បាន​ចំណាត់​ការ​របស់​សមត្ថកិច្ច​ល្មមៗ​គឺ​គាត់​អត់​ហ៊ាន​ស៊ើប​អង្កេត ឬ​ហ៊ាន​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ទេ។ ព្រោះ​អី​ការ​ជួញដូរ​នេះ​វា​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច អ្នក​មាន​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ហើយ​បាទ»។

ទាក់ទង​នឹង​រឿង​នេះ​ដែរ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក ផាទ្រិក ម័រហ្វី (Patrick Murphy) ធ្លាប់​បាន​បញ្ជាក់​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថា សហរដ្ឋ​អាមេរិក​ក៏​ត្រៀម​ផ្ដល់​កិច្ចសហការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស ខណៈ​សហរដ្ឋ​អាមេរិក ក៏​កំពុង​សហការ​ជាមួយ​អន្តរក្រសួង​ពាក់ព័ន្ធ​នៅ​កម្ពុជា ព្រមទាំង​ជំរុញ​ឱ្យ​កម្ពុជា​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស និង​ដើម្បី​ពិភាក្សា​ការងារ​អនុវត្ត​ច្បាប់​នៃ សហរដ្ឋ​អាមេរិក និង​កម្ពុជា​ដោះ​ស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម និង​ពង្រឹង​ស្តង់ដារ។ ចំណែក​ភាគី​កម្ពុជា និង​ចិន​ក៏​អះអាង​ថា នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អនុវត្ត​ច្បាប់​បន្ថែម​ទៀត ដោយ​ផ្ដោត​លើ​ការ​បង្ក្រាប​នៃ​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស ល្បែង​អនឡាញ បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​អ៊ីធឹណែត និង​ឧក្រិដ្ឋកម្ម​នានា។

ទោះបី​យ៉ាង​ណា​ក្ដី អ្នក​ឃ្លាំមើល​បញ្ហា​កម្ពុជា​មួយ​ចំនួន​លើក​ឡើង​ថា មូលហេតុ​ដែល​បណ្ដាល​ឱ្យ​កើត​មាន​ឡើង​នូវ​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស និង​បទ​ល្មើស​ចាប់​ជំរិត​នៅ​កម្ពុជា​ឥត​ឈប់ឈរ​បែប​នេះ គឺ​ដោយសារ​តែ​អាជ្ញាធរ​កម្ពុជា​គ្មាន​ឆន្ទៈ​បង្ក្រាប​មេខ្លោង​ធំៗ និង​ខ្វះ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​អន្តរជាតិ ខណៈ​មន្ត្រី​គ្រាក់ៗ ព្រមទាំង​ក្រុម​ឧកញ៉ា​មួយ​ចំនួន ដែល​ស្និទ្ធ​នឹង​ត្រកូល ហ៊ុន កំពុង​រង​ការ​ចោទ​ប្រកាន់​ថា មាន​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ចិន​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស និង​ចាប់​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។