ក្រសួង​ការងារ​ឲ្យ​កម្មករ​ក្រៅ​ប្រព័ន្ធ ចុះ​បញ្ជី ប.ស.ស ដើម្បី​ទទួល​បាន​ការ​សម្រាក​ព្យាបាល​ដោយ​មិន​គិត​ថ្លៃ

0:00 / 0:00

ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ណែនាំ​កម្មករ​​ធ្វើការ​ក្រៅ​ប្រព័ន្ធ ​ឲ្យ​ទៅ​​ធ្វើ​ឯកសារ​បញ្ជាក់​ពី​មុខ​របរ និង​ចុះ​បញ្ជី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ នៃ​ការ​ព្យាបាល​ជំងឺ​តាម​មន្ទីរ​ពេទ្យ​មួយ​ចំនួន ដោយ​មិន​គិត​ថ្លៃ។ កម្មករ​ក្រៅ​ប្រព័ន្ធ និង​សហជីព សាទរ​ចំណាត់​ការ​នេះ តែ​ពួក​គាត់​បារម្ភ​ថា អាច​នឹង​ពិបាក​ធ្វើ​ឯកសារ​បញ្ជាក់​មុខ​របរ នៅ​អាជ្ញាធរ​មូលដ្ឋាន។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ លោក សុខ គីន ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​ផ្ដល់​ប័ណ្ណ​ ប.ស.ស ឲ្យ​កម្មករ​ក្រៅ​​ប្រព័ន្ធ ពិសេស​គឺ​កម្មករ​ក្នុង​វិស័យ​សំណង់ ព្រោះ​សហជីព​តែងតែ​ទទូច​ឱ្យ​​ក្រសួង​គិតគូរ​រឿង​នេះ ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ទោះ​យ៉ាង​នេះ​ក្ដី លោក លើកឡើង​ថា កម្មករ​សំណង់ អាច​នឹង​ពិបាក​ធ្វើ​ឯកសារ​បញ្ជាក់​មុខ​របរ​ នៅ​អាជ្ញាធរ​ថ្នាក់​ខេត្ត​ ក្រុង។ លោក ស្នើ​សុំ​ក្រសួង​ការងារ​ជួយ​សម្របសម្រួល​ក្នុង​កិច្ច​ការ​នេះ​បន្ថែម​ទៀត ដោយ​តម្រូវ​ឲ្យ​មាន​តែ​ប័ណ្ណ​កម្មករ ឬ​ឯកសារ​បញ្ជាក់​ត្រឹម​មេ​ការដ្ឋាន ឬ​អ្នក​ម៉ៅការ​សំណង់​បាន​ហើយ៖ «ជាក់ស្ដែង​បើ​យើង​ដំណើរ​ការ​រឿង​ហ្នឹង​ទៅ​ បើ​វា​មាន​ជួប​ផល​លំបាក​ដូច​ខ្ញុំ​លើក​ឡើង​ហ្នឹង ខ្ញុំ​នឹង​ដាក់​លិខិត​ដើម្បី​ស្នើ​សុំ​ជួប​មន្ត្រី​ក្រសួង​ការងារ​ ខាង ប . . ស ដើម​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​ពួកគាត់​ទទួល​បាន​នូវ​បេឡា​ជាតិ ទាក់​ទង​នឹង​ប័ណ្ណ​សមធម៌​ហ្នឹង។ ព្រោះ​ថា​បើ​យើង​ចេញ​ឲ្យ​អ៊ីចឹង បើ​គាត់​ដំណើរ​ការ​ទៅ​ មិន​បាន​ឯកសារ​អាជ្ញាធរ​ភូមិ​ឃុំ​ ក៏​មិន​បាន​បញ្ជាក់​ថា​គាត់​ធ្វើ​អ្វី​ទេ ប្រហែល​គាត់​ចេញ​មក​ហើយ​ ដូច​តែ​អត់​អ៊ីចឹង»។

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ លោក អ៊ិត សំហេង កាល​ពី​ថ្ងៃ​ទី២ វិច្ឆិកា បាន​​ណែនាំ​ឲ្យ​ប្រធាន​អង្គការ សមាគម​វិជ្ជាជីវៈ ដែល​គ្រប់គ្រង​កម្មករ​ និយោជិក ក្រៅ​ប្រព័ន្ធ​ទាំង​អស់ ចុះ​បញ្ជី​កម្មករ​ក្រៅ​ប្រព័ន្ធ ក្នុង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ ដើម្បី​ទទួល​បាន​ការ​ធានា​រ៉ាប់រង​សុខភាព និង​​ អត្ថ​ប្រយោជន៍​ផ្សេង​​ៗ ​ដែល​ផ្ដល់​ជូន​ដោយ​រដ្ឋ។

ក្រៅពី​​ការ​ព្យាបាល ​ដោយ​មិន​គិត​កម្រៃ​ តាម​មន្ទីរពេទ្យ​ជា​ដៃគូ​​មួយ​ចំនួន កម្មការិនី​​ក្រៅ​ប្រព័ន្ធ នឹង​ទួល​បាន ​​ប្រាក់​​ឧបត្ថម្ភ​បន្ថែម នៅ​ពេល​​​សម្រាល​កូន។ ប៉ុន្តែ​ ការ​ចុះ​បញ្ជី​កម្មករ​ក្រៅ​ប្រព័ន្ធ​នេះ អាច​ធ្វើ​ទៅ​បាន សម្រាប់​តែ​កម្មករ​ ដែល​ជា​សមាជិក​នៃ​អង្គការ សមាគម​ដែល​មាន​អាជ្ញាប័ណ្ណ​ទទួល​ស្គាល់​ពី​ក្រសួងមហាផ្ទៃ ​ឬ​ជា​សមាជិក​នៃ​អង្គការ​វិជ្ជាជីវៈ​ ដែល​មាន​វិញ្ញាបនបត្រ​ចុះបញ្ជី​អង្គការ​​វិជ្ជាជីវៈ​ចេញពី​ក្រសួង​ការងារ ។ កម្មករ​និយោជិត​ក្រៅ​ប្រព័ន្ធ​ទាំង​អស់​ ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ​​លិខិតបញ្ជាក់​អំពី​មុខ​របរ និង​លិខិត​បញ្ជាក់​ពី​ទីលំនៅ​បច្ចុប្បន្ន ​ដែល​ចេញ​ដោយ​អាជ្ញាធរ​រាជធានី​-ខេត្ត។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ និង​ប្រធាន​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម លោក ជាវ ប៊ុនរិទ្ធិ បាន​ទេ នៅ​ថ្ងៃ​ទី៤ វិច្ឆិកា ដោយសារ​លោក​ទាំង​ពីរ​មិន​លើក​ទូរស័ព្ទ។

ប្រធាន​បណ្ដាញ​​កម្មករ​ធ្វើការ​តាម​ផ្ទះ អ្នកស្រី វ៉ុន សម្ផស្ស​ យល់ថា ការ​តម្រូវ​ឲ្យ​កម្មករ ត្រូវ​បញ្ជាក់​លិខិត​​មុខ​របរ ចេញ​ដោយ​អាជ្ញាធរ​រាជធានី​ខេត្ត អាច​ជា​ការ​ពិបាក​សម្រាប់​កម្មករ ព្រោះ​កម្មករ​ភាគច្រើន​មិន​ចេះ​អក្សរ។ អ្នកស្រី ជំរុញ​ឲ្យ​​មន្ត្រី​ក្រសួង​ការងារ​ផ្ដល់​ប័ណ្ណ ប.ស.ស ឲ្យ​កម្មករ​ក្រៅ​ប្រព័ន្ធ ដូច​កម្មករ​ក្នុង​ប្រព័ន្ធ​ដែរ គឺ​តម្រូវ​ឲ្យ​មាន​តែ​អត្តសញ្ញាណប័ណ្ណ ហើយ​ផ្ដល់​ឈ្មោះ និង​ឯកសារ​នេះ​ តាម​​​អង្គការ សមាគម ទៅ​ក្រសួង​ការងារ ​តែ​ម្ដង។

អ្នកស្រី ព្រួយ​បារម្ភ​ថា កម្មករ​ធ្វើ​ការ​តាម​ផ្ទះ​ខ្លះ មាន​ថៅកែ​ច្រើន ដោយសារ​ធ្វើការ​ច្រើន​ផ្ទះ ដូច្នេះ​ពួកគាត់​នឹង​លំបាក នៅ​ពេល​ទៅ​ធ្វើ​លិខិត​បញ្ជាក់​ឯកសារ​ការងារ ពី​ម្ចាស់​ផ្ទះ។ តំណាង​កម្មករ​ធ្វើ​ការ​តាម​ផ្ទះ​រូប​នេះ ចង់​ឲ្យ​ក្រសួង​ការងារ​សម្រួល​លក្ខខណ្ឌ​ឲ្យ​កម្មករ​ក្រៅ​ប្រព័ន្ធ​បន្ថែម​ទៀត ដើម្បី​បង្ក​ភាព​ងាយ​ស្រួល ក្នុង​ការ​ទទួល​បាន​ប័ណ្ណ ប.ស.ស៖ «បើ​យើង​តែ​ក្បាល​លិខិត​ ខ្ញុំ​សាទរ បើ​សិន​មិន​ទាន់​អាន​អត្ថន័យ។ នៅ​ពេល​ដែល​ខ្ញុំ​អាន​មួយ​ចំណុចៗ ចាប់​ផ្ដើម​អាន​ គេ​ផ្ដល់​សម្រាប់​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​ជា​សមាជិក​សមាគម អង្គការ​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​ចំណុច​ដែល​ចង​ជើង​ទៅ​ដល់​កម្មករ​ក្រៅ​ប្រព័ន្ធ​ដែល​ទទួល​បាន​ប័ណ្ណ​សមធម៌។ ពួកគេ​ទៅ​ធ្វើ​លិខិត​បញ្ជាក់​របស់​ពួក​គាត់។ ឧទាហរណ៍​ថា ពួក​គាត់​ធ្វើការ​ងារ​តាម​ផ្ទះ គាត់​លក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ​ អ្នក​រើស​អេតចាយ​អី គាត់​ត្រូវ​ទៅ​បញ្ជាក់​ពី​អាជ្ញាធរ។ អាជ្ញាធរ​ក្រុង​ទៀត មិន​មែន​អាជ្ញាធរ​បាន​តាម​សង្កាត់​ទេ។ អ៊ីចឹង​ ! ខ្ញុំ​គិត​ថា​នីតិវិធី​ហ្នឹង​ ធ្វើ​ឲ្យ​ស្មុគស្មាញ​មែន​ទែន សម្រាប់​ពួកគាត់»។

នេះ​គឺជា​លើក​​ទី​១​ហើយ ដែល​ក្រសួង​ការងារ​ សម្រេច​ផ្ដល់​ប័ណ្ណ​ ប.ស.ស ឲ្យ​កម្មករ​ក្រៅ​ប្រព័ន្ធ ក្រោយ​ពេល​ពួកគេ នាំ​គ្នា​ដាក់​ញត្តិ​​តវ៉ា​ទាមទារ​អត្ថប្រយោជន៍​នេះ យូរ​ឆ្នាំ​មក​ហើយ។ កន្លង​មក ប័ណ្ណ​ ប.ស.ស នេះ​ ត្រូវ​បាន​ផ្ដល់​ឲ្យ​កម្មករ ក្នុង​វិស័យ​កាត់ដេរ​សំលៀក​បំពាក់ ស្បែង​ជើង មន្ត្រី​រាជការ និវត្តន៍​ជន និង​ជន​ក្រីក្រ​ជា​ដើម។

ចាប់​តាំង​ពី​ឆ្នាំ២០០៨ រហូត​ដល់​ពាក់​កណ្ដាល​ឆ្នាំ​២០២០ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បាន​ផ្ដល់​ប័ណ្ណ ប.ស.ស ឲ្យ​ពលរដ្ឋ​ជាង ២លាន​នាក់ ដែល​ទទួល​បាន​​អត្ថ​ប្រយោជន៍ ​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ក្នុង​នោះ​មាន​កម្មករ​ និយោជិត និង​មន្ត្រី​សាធារណៈ ខណៈ​ ចំនួន​អង្គការ​ សមាគម ស្ថាប័ន​ដែល​បាន​ចុះ​បញ្ជី​ជាមួយ​​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម មាន​យ៉ាង​តិច ១ម៉ឺន ៤ពាន់​អង្គភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។