អ្នក​ជំនាញ​ប្រព័ន្ធផ្សព្វផ្សាយ​បារម្ភអំពី​កង្វះ​តម្លាភាព​និង​អ​យុត្តិធម៌​ក្នុង​ការ​លុប​អាជ្ញាបណ្ណព័ត៌មាន​

0:00 / 0:00

នាយក​​ប្រតិបត្តិ​​សម្ព័ន្ធ​​អ្នក​សារព័ត៌មាន​​កម្ពុជា​ (CAMBO-JA) លោក ណុប វី ថា ​ស្ថានភាព​សេរីភាព​របស់​អ្នក​សារព័ត៌មាន​កំពុង​ស្ថិត​ក្នុង​ភាពផុយស្រួយ​ជា​ពិសេស​នៅពេល​អ្នក​កាន់អំណាច​​មិន​សប្បាយ​ចិត្ត​ចំពោះមតិ​របស់​ពួកគាត់​រួច​បញ្ជា​ឲ្យ​ដក​​អាជ្ញាបណ្ណ​របស់ពួកគាត់​ចោល​យ៉ាង​តក់ក្រហល់។​ លោក ណុប វី បន្តថា ​ការ​ដក​អាជ្ញាបណ្ណ​បែប​ប្រញាប់ប្រញាល់​បែបនេះ គឺ​បង្កើត​ឲ្យភាព​មន្ទិល​អំពី​តម្លាភាព និង​​ភាព​ត្រឹមត្រូវ​និង​​យុត្តិធម៌​ក្នុងការ​អនុវត្ត។ ជាងនេះទៅទៀត​ លោកថាចំណាត់ការ​បែបនេះ ធ្វើឲ្យ​មាន​ការគម្រាម​កំហែង​ដល់​សេរីភាព​សារព័ត៌មាន​នៅកម្ពុជា៖ «បើសិន​ជាអ្នកសារព័ត៌មាន​ត្រូវបា​ន​​ពិន័យ​​ផ្នែករដ្ឋបាល ការពិន័យ​ហ្នឹង​​គួរ​​តែ​​ទទួល​រងនូវការ​ពិន័យ​មែន។ ដើម្បី​ឲ្យមាន​ដំណើរបែប​នេះល្អ វាគួរតែ​មាន​តម្លាភាពនៅក្នុង​ការ​ពិន័យក្នុង​ការព្រមាន​។ ការឈានទៅដក​​អាជ្ញាបណ្ណ​ ខ្ញុំគិត​ថា​​គួរ​តែ​មាន​ការ​​សម្រេច​​ពី​តុលាការ​អីទៅ​ទៀត មិន​គួរ​​នៅក្នុង​ករណី​ដែល​ក្រសួង​​ផ្ដល់​អាជ្ញាបណ្ណ​​អ្វីហើយ ត្រូវការ​ដក​ជួនកា​ល​​ដក​ព្រឹក​ដក​ល្ងាចបែប​នេះ ខ្ញុំគិតថា ​វាជារឿង​មួយ​ដែល​វាធ្វើឲ្យមាន​ភាព​ផុយស្រួយ​ខ្លាំងពេក»

កន្លងមក​ក្រសួង​ព័ត៌មាន​បានដក​អាជ្ញាបណ្ណ​អ្នក​សារព័ត៌មានមួយ​ចំនួន ហើយ​តុលាការ​​បានកាត់ទោស​ពួកគាត់​ឲ្យជាប់​ពន្ធនាគារ​​ទៀតផង​ដូចករណី​អតីត​​និពន្ធ​នាយក​​នៃ​​សារព័ត៌មាន​​អនឡាញ ធី.វី.អេហ្វ.ប៊ី ​(TVFB )​ លោក សុវណ្ណ រិទ្ធី ដែលជាប់ទោស​ក្រោ​យ​​ការ​បញ្ចេញមតិ​រឿងលោក ហ៊ុន សែន ឲ្យអ្នក​រត់​ម៉ូតូឌុប​ លក់​ម៉ូតូដើម្បី​ទិញ​អង្ករហូប​បើ​ទីទាល់ខ្លាំង។​

ថ្មីៗ នេះ​​អ្នក​សារព័ត៌មាន​​តាម​​បណ្តាញ​​សង្គម​​ម្នាក់​​ត្រូវ​ក្រសួង​​​ព័ត៌មាន​​ដក​​អាជ្ញាបណ្ណ​ក្រោយ​​​មាន​​បញ្ជា​ពី​​លោក ហ៊ុន សែន ដោយ​​សារ​​​លោក​​ចោទ​​ប្រកាន់​​បុរស​រូបនេះ​​​ថា ​​ផ្សាយ​​ព័ត៌មាន​​ញុះញង់។

តាមរយៈ ប្រកាស​​របស់​ក្រសួង​​ព័ត៌មាន​កាលពីថ្ងៃទី១០ ខែមេសា​ ក្រសួង​នេះ​លុប​អាជ្ញាបណ្ណ​​ផ្សព្វផ្សាយ​ព័ត៌មានរបស់លោក​ ឃឿន សុឡា ហៅ ខេសូន្យមួយ​ (K01) ដោយ​ក្រសួង​​ថា​ ​ម្ចាស់​អាជ្ញាបណ្ណ​រូបនេះ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ញុះញង់​មាន​ចេតនា​ទុច្ចរិត បង្កចលាចលសង្គម។​

ទោះជា​យ៉ាងនេះក្ដី ក្រសួង​ព័ត៌មាន​មិន​បាន​បញ្ជាក់​ថា​ តើខ្លឹមសារអ្វីខ្លះ​នៃការ​ផ្សព្វផ្សាយនោះ​ដែល​ធ្វើឲ្យ​ក្រសួង​​ចាត់ការ​ម្ចាស់អាជ្ញាបណ្ណ​ផ្សាយព័ត៌មាន​ញុះញង់នោះទេ។ ប៉ុន្តែចំណាត់ការ​ក្រសួង​ព័ត៌មាននេះ​ធ្វើឡើង​ភ្លាមៗ ក្រោយ​​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជា​​ឲ្យ​​ចាត់ការ​លោក ឃឿន សុឡា ហៅ ខេសូន្យមួយ (K01) នេះ៖ «អាអន្ទិត K01 ហ្នឹង​វាស្រែក​សុទ្ធតែ​ប៉ុន្មាន​អីប៉ុន្មាន ! អា K01 ផ្ដាំ​ទៅ​អាក្មួយ​ ដកអាវីដេអូឯង​ក្រវាត់ចោល​ទៅ។ អាហ្នឹង​​និយាយ​ស្អី ? ញុះញង់​បង្កើត​​ចលាចល។ អ៊‌ីចឹង​​មានតែ​គេ​វ៉ៃខ្នោះតែ​ប៉ុណ្ណឹង​។ អាហ្នឹង​​គេហៅថា ជាប់គុក​ដូចបំណង​ហើយ បើចង់ជាប់គុក ព្រោះសម្ដីអា K01 គឺធ្ងន់។ តែមិនដឹងថា​ វាដក​ចេញ​ហើយ​ឬនៅ ​ហើយ​​អារដ្ឋមន្រ្តីក្រសួងព័ត៌មាន​​ វាដឹងឬអត់ ? ទៅមើល​ឲ្យ​ច្បាស់»

ក្នុងវីដេអូ​ដែល​ធ្វើឲ្យ​លោក ហ៊ុន សែន ខឹងសម្បា​និង​បញ្ជាឲ្យ​ក្រសួង​​ចាត់ការនេះ លោក ឃឿន សុឡា ហៅ ខេសូន្យមួយ (K01) បាននិយាយ​រឿង​រដ្ឋាភិបាល​លោក​ ហ៊ុន សែន មិនយក​ចិត្តទុកដាក់ពី​ទុក្ខលំបាក​របស់​ពលរដ្ឋក្នុង​រឿង​ធំៗ បីចំណុច​ ទីមួយ ​គឺរឿង​បំណុលធនាគារ ទីពីរ​គឺរឿង​ថ្លៃឈ្នួលផ្ទះ និង​​ទីបី​គឺរឿង​ទឹក​ភ្លើង​ ដែល​គ្មានការ​បន្ធូរបន្ថយ​ដូចនៅ​ប្រទេស​ដទៃ។

ក្រោយដក​អាជ្ញាបណ្ណ​លោក ឃឿន សុឡា ហៅ ខេសូន្យមួយ (K01) ដែលតែងតែ​​ហៅលោក ហ៊ុន សែន ថា ជា​​សម្តេចពុកៗ ពេញៗ មាត់ និង​​មាន​រូបថត​លោក ហ៊ុន សែន និង​អរគុណ​សន្តិភាព​បិទពេញផ្ទះនោះ នៅតែ​បន្តផ្សាយផ្ទាល់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុកដដែល​ ប៉ុន្តែលោក​មិន​និយាយ​អ្វីទៀត​រឿងបំណុល​ធនាគារ ថ្លៃទឹក​ភ្លើង និង​​ឈ្នួលផ្ទះ​នោះឡើយ។​

រឿង​បំណុល​ធនាគារនេះ កាលពីខែឧសភា ឆ្នាំ២០២០ មក​អាជ្ញធរ​ធ្លាប់រារាំង​​និង​​ឃាត់ខ្លួន​យុវជន​ខ្មែរថាវរៈជាច្រើនរូប ​ដោយ​​មិន​ឲ្យពួកគាត់​​ធ្វើយុទ្ធនាការ​​សុំឲ្យរដ្ឋាភិបាល​ជួយ​​ពន្យារពេល​​សង​បំណុល​​សម្រាប់​​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។