ការ​ចរចា​ត្រីភាគី​រឿង​ប្រាក់​ឈ្នួល​គោល​កម្មករ​សម្រាប់​ឆ្នាំ​២០១៩ មិនទាន់​ត្រូវរ៉ូវ​គ្នា

តាំង សារ៉ាដា
2018.09.14
កម្មករ​តវ៉ា​បើក​ប្រាក់​ខែ ៨៥៥ កម្មករ​រោងចក្រ​វ៉ីបូ បេស្ត ប្រូដាក់សិន (Weibo Best Production Cambodia) ប្រមាណ ២០០​នាក់​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ភ្នំពេញ ស្ថិត​ក្នុង​សង្កាត់​កន្ទក់ ខណ្ឌ​ពោធិ៍សែនជ័យ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​បើក​ប្រាក់​ខែ​ជូន​ពួក​គាត់ នៅ​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៦។
RFA

ក្រុមការងារ​បច្ចេកទេស​ត្រីភាគី នៅ​ថ្ងៃ​សុក្រ​ទី​១៤ ខែ​កញ្ញា នេះ នៅ​មិន​ទាន់​ឯកភាព​គ្នា​លើ​ប្រាក់​ឈ្នួល​គោល​របស់​កម្មករ​ក្នុង​ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិតផល​ស្បែកជើង​សម្រាប់​ឆ្នាំ​ថ្មី​ឆ្នាំ​២០១៩​នៅឡើយ​ទេ។ ក្រុមការងារ​បច្ចេកទេស ត្រីភាគី បន្ត​ខ្វែង​យោបល់​គ្នា​ជុំវិញ​ការកំណត់​ប្រាក់ខែ​គោល​ថ្មី។

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ រៀបរាប់​ថា ក្នុង​កិច្ចប្រជុំ​រួម​ការងារ​បច្ចេកទេស​ត្រីភាគី​ចរចា​គ្នា អំពី​ការដំឡើង ប្រាក់​ឈ្នួល អប្បបរមា​ជូន​កម្មករ​និយោជិត​វិស័យ​កាត់ដេរ​នោះ គឺ​ខាង​និយោជក បាន​ផ្ដល់​ឲ្យ​ចំនួន ១៧៥​ដុល្លា ខណៈ​ភាគី របប​លោក ហ៊ុន សែន បាន​ផ្ដល់​ជូន ១៧៧ ដុល្លារ។

រីឯ​ខាង​ក្រុម​សហ​ជីព​វិញ បាន​យល់ព្រម​បន្ថយ​ពី​តួលេខ​ជាង​២០០​ដុល្លារ មក​នៅ​ត្រឹម​១៩២​ដុល្លារ។ លោកស្រី​បញ្ជាក់​ថា តួលេខ​១៩២​ដុល្លារ​នេះ គឺជា​តួលេខ​ចុងក្រោយបង្អស់​ដែល​សហជីព​ទាមទារ ជូន​កម្មករ ហើយ​នឹង​មិន​បន្ថយ​តួលេខ​ទៀត​នោះ​ទេ។ បច្ចុប្បន្ន​នេះ ប្រាក់​ឈ្នួល​គោល​របស់​ក្រុម​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​គឺ ១៧០​ដុល្លារ​ក្នុង​មួយ​ខែ៖ «ខ្ញុំ​គិត​ថា តួលេខ​១៩២​នេះ គឺជា​តួលេខ​មួយ​ដែល​សហជីព​មាន​អំណះអំណាង​ត្រឹមត្រូវ​ក្នុង​ការ​ទាមទារ​ទៅកាន់​និយោជក និង​រដ្ឋាភិបាល។ ខ្ញុំ​គិត​ថា​តួលេខ​នេះ សមរម្យ​សម្រាប់​កម្មករ​របស់​យើង ដើម្បី​អាច​រស់​នៅ​បាន​សមរម្យ​ជាង​មុន​បន្តិច»

អ្នកស្រី យ៉ាង សុភ័ណ្ឌ បញ្ជាក់​ថា ក្រុម​សហជីព​បាន​កំណត់​តួលេខ​នៃ​ប្រាក់​ឈ្នួល​គោល​កម្មករ​ដោយ​ផ្អែកលើ​លក្ខណៈ​វិនិច្ឆ័យ​ចំនួន​៧ ក្នុង​នោះ​រួមមាន​ស្ថានភាព​គ្រួសារ ការ​ចំណាយ​ក្នុង​ការ​រស់នៅ អតិផរណា ផលិតភាព​ពលកម្ម ភាព​ប្រកួតប្រជែង​របស់​ប្រទេស ស្ថានភាព​ទីផ្សារ​ការងារ និង​ភាព​ចំណេញ​វិស័យ៖ «សហជីព​របស់​យើង​ក៏បាន​លើកឡើង​អំពី​ផល​លំបាក​នានា​របស់​បងប្អូន​កម្មករ​យើង ទាក់​ទង់​នឹង​ប្រាក់​ឈ្នួល​របស់​គាត់​ទាប ចាយវាយ​មិន​គ្រប់គ្រាន់ សន្លប់​បន្តបន្ទាប់ ហើយ​សុខភាព​រស់​ពួកគាត់។ យើង​ឃើញ​ថា រដ្ឋាភិបាល ព្យាយាម​ស្ដាប់ និង​សម្របសម្រួល​ភាគី​ទាំងពីរ​នេះ ដើម្បី​អោយ​តួលេខ​ខិត​ជិត​គ្នា»

កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី ដើម្បី​ពិភាក្សា​ប្រាក់​ឈ្នួល​គោល​សម្រាប់​ឆ្នាំ​២០១៩​នេះ គឺ​ធ្វើ​ឡើង​នៅ​ទីស្ដីការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដោយ​មាន​អ្នក​ចូលរួម​ពី​តំណាង​ភាគី សហជីព​ចំនួន ១៦​រូប តំណាង​ភាគី​និយោជក​ចំនួន​១៦​រូប និង​ពី​ភាគី​រដ្ឋាភិបាល​ចំនួន ១៦​រូប​ដែរ។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា លោក កាំង ម៉ូនីកា បាន​ទេ​នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ដោយ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នកទទួល។ ទោះ​យ៉ាង​ណា​ក្តី លោក​ធ្លាប់​លើកឡើង​ថ្មីៗ​នេះ​ថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ភាគី​និយោជក​ពិបាក​នឹង​រក​ប្រាក់​ចំណេញ​នៅ​ពេល​ដែល​ត្រូវ​ចំណាយ​លើ​ផ្នែក​ផ្សេងៗ​ជាច្រើន ទៅ​អោយ​កម្មករ​បូក​រួម​ទាំង​ការ​ចំណាយ​ទៅលើ​ប្រាក់​ធានា​របប​សន្តិសុខ​សង្គម​ផង។

រីឯ​អនុប្រធាន​លេខាធិការដ្ឋាន គណៈកម្មការ​ប្រឹក្សា​ការងារ និង​ក្រុម​ការងារ​បច្ចេកទេស លោក ហេង សួរ ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ទោះបីជា​ពេលនេះ នៅ​មិន​ទាន់​មាន​ចំណុច​ឯកភាព​គ្នា​ក្តី ប៉ុន្តែ ភាគី​ទាំងអស់ នៅ​មាន​ឱកាស​ចរចា​គ្នា​បន្ត​ទៀត ដើម្បី​ទទួល​បាន​នូវ​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា មួយ​ប្រកបដោយ​លក្ខណ​:​វិទ្យាសាស្ត្រ ដែល​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី និង​ដើម្បី​ផ្ដល់​ជា​មូលដ្ឋាន ដល់​គណៈកម្មការ​ប្រឹក្សា​ការងារ ប្រជុំ​សម្រេច នៅ​ដើមខែ​តុលា ខាងមុខ។

តាម​គម្រោង គឺ​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី នឹង​ជួបពិភាក្សា គ្នា​បន្ត​ទៀត នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា សប្ដាហ៍​ក្រោយនេះ ហើយ​នឹង​បន្ត​ដល់​ថ្ងៃ​ទី​៥ ខែ​តុលា ខាងមុខ ទើប​ក្រុមប្រឹក្សា​ការងារ​ប្រជុំ​សម្រេច តួលេខ​ចុងក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។