សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​ចាប់​បញ្ជូន​ជនជាតិ​វៀតណាម​២៥៧​នាក់​ទៅ​ប្រទេស​វៀតណាម​វិញ

សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ចាប់​ជនជាតិ​វៀតណាម​២៥៧​នាក់ ក្នុង​នោះ​មាន​ស្រី​៥៦​នាក់ រួច​បណ្តេញ​ទៅ​ប្រទេស​វៀតណាម​វិញ នៅ​ថ្ងៃទី៧ ធ្នូ ក្រោយ​រក​ឃើញ​ថា អ្នក​ទាំងនោះ​ចូល​មក​កម្ពុជា និង​ធ្វើ​សកម្មភាព​ខុស​ច្បាប់។

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៃ​ក្រសួង​មហាផ្ទៃ រក​ឃើញ​ថា ពួកគេ​ទាំងនេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ព្រមទាំង​ប្រព្រឹត្ត​បទល្មើស​អន្តោប្រវេសន៍ ដូចជា​ធ្វើ​ការងារ​ខុសច្បាប់​ដោយ​គ្មាន​ប័ណ្ណ​ការងារ ប្រើប្រាស់​ទិដ្ឋាការ​ខុស​គោលបំណង និង​ឆ្លងដែន​ខុសច្បាប់។

អ្នកនាំពាក្យ​រង​នៃ​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា សមត្ថកិច្ច​កម្ពុជា បើក​ប្រតិបត្តិ​ការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ទាំងនេះ​នៅ​ក្រុង​អរិយក្សត្រ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃទី​១ ខែ​ធ្នូ។

អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​ទៀត​ថា ការ​បណ្ដេញ​ជនជាតិ​វៀតណាម​ទាំងនោះ​ស្របតាម​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍​កម្ពុជា និង​ប្រកាស​របស់​ក្រសួងមហាផ្ទៃ ព្រមទាំង​គោរព​តាម​គោលការណ៍​ទូទៅ នៃ​សិទ្ធិមនុស្ស​ជា​សកល ដោយ​មាន​ការ​សម្របសម្រួល​ជាមួយ​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​បាវិត ប៉ុស្តិ៍​កងទ័ព​ការពារ​ព្រំដែន​អន្តរជាតិ​ម៉ុកបាយ ព្រមទាំង​មានការ​ចូលរួម​ពី​តំណាង​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។