ក្រសួង​ប្ដូរ​ពេល​ប្រឡង​បាក់ឌុប​នៅ​ឆ្នាំ​ក្រោយ ដើម្បី​សិស្ស​មាន​ឱកាស​ដាក់​ពាក្យ​ទៅ​រៀន​ក្រៅ​ប្រទេស

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ប្រកាស​ថា ឆ្នាំ​ក្រោយ​នឹង​រៀបចំ​ប្រឡង​បាក់​ឌុប​នៅ​អំឡុង​ ខែ​សីហា ដើម្បី​ឱ្យ​សិស្ស​មាន​ឱកាស​ដាក់​ពាក្យ​ទៅ​រៀន ឬ​ទទួល​បាន​អាហារូបករណ៍​រៀន​នៅ​ក្រៅ​ប្រទេស។ ការ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​លោក ហង់ ជួនណារ៉ុន ក្នុង​ពេល​ចុះ​បើក​វិញ្ញាសា​ប្រឡង​បាក់​ឌុប​នៅ​ព្រឹកថ្ងៃទី៨ ខែ​តុលា។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ជួន ណារ៉ុន លើក​ឡើង​ថា ការ​ប្រឡង​បាក់​ឌុប​កន្លង​ទៅ គឺ​ក្រសួង​បាន​រៀបចំ​នៅ​ខែសីហា ប៉ុន្តែ​ដោយសារ​តែ​ បញ្ហា​កូវីដ-១៩ ទើប​លើក​ការ​ប្រឡង​នេះ ទៅ​ខែធ្នូ​រហូត​ដល់​ខែ​មករា​វិញ។

លោក​ថា ការ​អូស​បន្លាយ​ពេល​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​កន្លងមក បាន​ធ្វើ​ឱ្យ​សិស្សានុសិស្ស​ដែល​ត្រូវ​មក​ប្រឡង​ជួប​នូវ​ការ​លំបាក​មួយ​ចំនួន ក្នុង​នោះ រួម​មាន​បញ្ហា​ អាកាស​ធាតុ និង​អាច​យឺតយ៉ាវ សម្រាប់​ឱកាស​ដាក់​ពាក្យ​ទៅ​រៀន ឬ​ទទួល​បាន​អាហារូបករណ៍​នៅ​ក្រៅ​ប្រទេស។

ដូច្នេះ ការ​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​ក្រោយ​លោក ហង់ ជួនណារ៉ុន ថា ក្រសួង​អប់រំ​នឹង​រៀបចំ​នៅ​ខែ​សីហា​វិញ ពីព្រោះ​នៅ​ខែ​សីហា ទើប​ចាប់​ផ្ដើម​មាន​ភ្លៀង​ធ្លាក់ មិន​ធ្វើ​ឱ្យ​មណ្ឌល​ប្រឡង​មួយ​ចំនួន​លិច​ទឹក ហើយ​ក៏​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​សិស្សានុសិស្ស​ផង​ដែរ។

លោក ហង់ ជួនណារ៉ុន៖ «យើង​ចង់​បង្ខិត​វា​ឱ្យ​មក​ដល់​ខែ​សីហា មូលហេតុ​អី គឺ​ដើម្បី​អ្នក​ដែល​ប្រឡង​ហើយ គាត់​ប្រឡង​ចប់​ហើយ គាត់​មាន​ឱកាស​ដើម្បី​ដាក់​ពាក្យ​ទៅ​រៀន​នៅ​បរទេស ​ក៏​ទទួល​អាហារូបករណ៍​នៅ​បរទេស។ ប្រសិន​បើ​ប្រឡង​មិន​ចប់​ខែ ពីព្រោះ​ប្រទេស​គេ នៅ​បរទេស​បវេសនកាល​គឺ​ចាប់​ផ្ដើម​គឺ​នៅ​ខែ​កញ្ញា។ អ៊ីចឹង​ឆ្នាំ​នេះ យើង​រុញ​មក​ដល់​ខែតុលា នៅ​ឆ្នាំ​ខាង​មុខ​យើង​មក​ខែសីហា»។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​អ្នកស្រី អ៊ុក ឆាយាវី គាំទ្រ​ការ​ប្ដូរ​ខែ​ប្រឡង​ទៅ​ខែ​សីហា​វិញ ដោយ​អ្នកស្រី​ថា នៅ​ខែ​សីហា គឺ​មិន​សូវ​ មាន​ភ្លៀង​ធ្លាក់​ច្រើន​ដូច​ខែ​នេះ​ឡើយ។

អ្នកស្រី អ៊ុក ឆាយាវី៖ «គ្រូ​បង្រៀន​ជា​ច្រើន​គឺ​គាត់​ចង់​បាន​នៅ​ខែ​ហ្នឹង[ខែសីហា]។ អ្វី​ដែល​ខុស​ប្រក្រតី គឺ​ខែ​ហ្នឹង[ខែតុលា]គឺ​ជា​ខែ​ទឹក​ឡើង​ខ្លាំង ភ្លៀង​ខ្លាំង ដូចជា​ព្រឹក​មិញ​មេឃ​មិន​ទាន់​បើក​ថ្ងៃ​ផង ភ្លៀង​ធ្លាក់​មក​ធ្វើ​ឱ្យ​ទាំង​សិស្ស​ទាំង​គ្រូ ពិបាក​ទៅ​ប្រឡង»។

ទាក់ទង​ការ​ប្រឡង​បាក់​ឌុប​នៅ​ថ្ងៃទី៨ ខែ​តុលា ដែល​ជា​ថ្ងៃទី១ នៃ​ការ​ប្រឡង​នេះ​វិញ ក្រសួង​អប់រំ​បាន​សរសេរ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃទី៨ ខែ​តុលា ថា បេក្ខជន​មាន​បញ្ហា​សុខភាព ២៧នាក់ ក្នុង​នោះ មាន​២នាក់​ត្រូវ​បញ្ចប់​ការ​ប្រឡង។ បេក្ខជន​ ទាំង ២៧ នាក់​នោះ គឺ​នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន។

រីឯ​បេក្ខជន​អវត្តមាន​សរុប ២.៣១៨នាក់ (ស្រី ៨៩៨នាក់) ក្នុង​នោះ បេក្ខជន​ស្វៃរិន អវត្តមាន​ចំនួន ១.៩១២នាក់ ។

ក្រៅ​ពី​បញ្ហា​សុខភាព​បេក្ខជន​ប្រឡង​នោះ មាន​ករណី​សិស្ស​មួយ​រូប​នៅ​ខេត្ត​តាកែវ បាន​យក​ទូរស័ព្ទ​ចូល​ក្នុង​បន្ទប់​ប្រឡង រីឯ​នៅ​ខេត្តកណ្តាល មាន​ករណី​អនុរក្ស​ប្រើប្រាស់​ទូរស័ព្ទ ក្នុង​អំឡុង​ពេល​បំពេញ​ភារកិច្ច។

ចំពោះ​ដំណើរការ​សំណេរ​ក្រសួង​អប់រំ​ថា បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​មិន​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើត​ឡើង​ឡើយ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ អ្នកស្រី ឃួន វិច្ឆិកា និង​លោក កាន់ ពុទ្ធី ទាក់ទង​នឹង​ការ​ប្រឡង​បាន​ទេ នៅ​ថ្ងៃ​ទី៨ ខែ​តុលា ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ មាន​រយៈពេល ២ថ្ងៃ​ចាប់​ពី​ថ្ងៃទី៨ ដល់ទី៩ ខែ​តុលា ខណៈ​ដំណើរ​ការ​កំណែ​នឹង​ប្រព្រឹត្ត​ទៅ ចាប់​ពី​ថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែ​តុលា។ នៅ​ឆ្នាំ​២០២៤ នេះ មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប​ចំនួន​ជាង ១សែន ៣ម៉ឺន នាក់(១៣៧.០៤០) ក្នុង​នោះ​មាន​សិស្ស​ស្រី ចំនួន​ជាង ៧ម៉ឺន​នាក់ (៧៤.៨៨២)។ នៅ​ឆ្នាំ​នេះ មាន​បេក្ខជន​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ច្រើន​ជាង​ឆ្នាំ​មុនៗ ដោយ​មាន​ចំនួន​ជាង ៩ម៉ឺន ៧​ពាន់​នាក់ (៩៧.៦៨២) ខណៈ​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន​ជិត ៤ម៉ឺន​នាក់(៣៩.៣៥៨)។

ក្រសួង​អប់រំ​បាន​កំណត់​យក​ថ្ងៃទី​៣០ខែ​តុលាដើម្បី​ប្រកាស​លទ្ធផល​ប្រឡង​បាក់ឌុប នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាលនិង​នៅ​ថ្ងៃ​ទី​៣១ខែ​តុលាសម្រាប់​ខេត្ត​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។