អ្នកឃ្លាំមើលថា ក្រមប្រតិបត្តិផ្សព្វផ្សាយគ្រឿងស្រវឹងគួរកំណត់អំពីទណ្ឌកម្ម និងអនុវត្តឱ្យត្រឹមត្រូវ ទើបធានាប្រសិទ្ធភាព។ ការលើកឡើងនេះ ក្រោយ លោក ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងព័ត៌មានសហការជាមួយក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្មដឹកនាំបង្កើតក្រមប្រតិបត្តិមួយជាក់លាក់ ដើម្បីអនុវត្តលើការ ផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។
អ្នកឃ្លាំមើលថា មានតែក្រមប្រតិបត្តិផ្សព្វផ្សាយគ្រឿងស្រវឹង មិនគ្រប់គ្រាន់ សម្រាប់ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទេ គឺទាល់តែមន្ត្រីគ្រប់ថ្នាក់មានម្ចាស់ការបំពេញតួនាទី ដោយការទទួលខុសត្រូវនិងមានតម្លាភាព ទើបមានប្រសិទ្ធភាព។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី0៤ កុម្ភៈ ថា ការបង្កើតក្រមប្រតិបត្តិជាការយក ចិត្តទុកដាក់ចំពោះបញ្ហាដែលជាប់ពាក់ព័ន្ធគ្រឿងស្រវឹងហើយ ប៉ុន្តែប្រការសំខាន់ គឺខ្លឹមសារនៃក្រមប្រតិបត្តិនេះ គួរកំណត់ទណ្ឌកម្ម ដើម្បីធានាប្រសិទ្ធភាពកាត់បន្ថយហានិភ័យដោយសារគ្រឿងស្រវឹង។
លោក យង់ គិមអេង បន្ថែមថា ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈកាត់បន្ថយ គ្រឿងស្រវឹង គួរតែទម្លាក់ចោលឱ្យអស់នូវផ្ទាំងប៉ាណូស្រានៅតាមទីសាធារណៈ ហើយដាក់ជំនួសវិញនូវស្លាកសញ្ញាអប់រំ ដូចជា ការអប់រំសីលធម៌និង ការអប់រំអំពីចរាចរណ៍ជាដើម ទើបមានប្រយោជន៍។
លោក យង់ គិមអេង «វានឹងធ្វើឱ្យមានផលប្រយោជន៍ច្រើនទីមួយ កាត់បន្ថយនៅគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើង ទីពីរអាចជួយឱ្យយុវជនឬក៏យុវជនកម្ពុជាកាត់បន្ថយបាននៅការប្រើប្រាស់គ្រឿងស្រវឹង យើងអាចអភិវឌ្ឍន៍បាននៅធនធានមនុស្សអីហូរហែរជាច្រើន កសាងនៅធ្វើឱ្យមានប្រសិទ្ធភាពសុវត្ថិភាពភូមិឃុំ។ ប៉ុន្តែខ្ញុំថាមិនគួរត្រឹមថា ត្រួតពិនិត្យទេ គួរតែមានបទញ្ជាឱ្យដកចេញទាំងអស់ទៅបានជាការប្រសើរ»។
កាលពីថ្ងៃទី២ កុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឱ្យអាជ្ញាធរ ពាក់ព័ន្ធនានាពិនិត្យមើលឡើងវិញអំពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ជាពិសេសការផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូតាមទីសាធារណៈដោយត្រូវកម្រិតឱ្យបានសមរម្យ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ដែលបង្កឡើងដោយសារការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។
លោក ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងព័ត៌មាន សហការជាមួយក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្មដឹកនាំបង្កើតក្រម ប្រតិបត្តិមួយជាក់លាក់ ដើម្បីអនុវត្តលើការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។
វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយបញ្ហានេះ ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា និងអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ រួមទាំងអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានទេ នៅថ្ងៃទី៥ កុម្ភៈ ដោយសារទូរសព្ទចូលគ្មានអ្នកទទួល។
វិធានការបង្កើតក្រមប្រតិបត្តិនេះ ក្នុងពេលគ្រឿងស្រវឹងត្រូវបានផ្សព្វផ្សាយយ៉ាងព្រោងព្រាតតាមកញ្ចក់ទូរទស្សន៍ ផ្ទាំងផ្សាយពាណិជ្ជកម្មធំៗ តាមដងផ្លូវ និងតាមទីកន្លែងសាធារណៈនៅទូទាំងប្រទេស ហើយការផ្សព្វផ្សាយមួយចំនួន តែងភ្ជាប់ជាមួយនឹងសារដែលជំរុញឱ្យចង់ពិសាគ្រឿងស្រវឹងផងដែរ។
បន្ថែមពីលើនេះ ក្រុមហ៊ុនស្រាបៀមួយចំនួនរៀបចំកម្មវិធី ប្រគំតន្ត្រីបែបទេសចរណ៍ចល័តតាមខេត្ត ក្រុង រាជធានី ដែលមានការចូលរួមពី អ្នកចម្រៀងពិធីករ ពិធីការិនីមួយចំនួន ដើម្បីផ្សាយពាណិជ្ជលក់ស្រាបៀ ដោយមានការផ្សាយបន្តផ្ទាល់នៅលើប៉ុស្តិ៍ទូរទស្សន៍ ដែលគ្រប់គ្រងដោយប្អូនស្រីបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប៉ុស្តិ៍ទូរទស្សន៍ឯកជនមួយចំនួនទៀត។
ការផ្សព្វផ្សាយ និងបង្កើតកម្មវិធីផ្សេងៗ ដើម្បីលក់គ្រឿងស្រវឹងយ៉ាងគគ្រឹកគគ្រេងនេះ ស្របពេលបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយអ្នកបើកបរសេពគ្រឿងស្រវឹងកើតមានឡើង និងបានផ្តាច់ផ្តិលជីវិតមនុស្សនៅតាមដងផ្លូវជាបន្តបន្ទាប់់។
សកម្មជនសង្គម លោក គឹម ជីលីន ប្រាប់វិទ្យុអាស៊ីសេរីថា មន្ត្រីថ្នាក់ក្រោម គួរមានភាពម្ចាស់ការក្នុងការបំពេញតួនាទីរបស់ខ្លួន មិនមែនរង់ចាំរហូតទាល់តែនាយករដ្ឋមន្ត្រីចេញបញ្ជានោះទេ ហើយត្រូវដោះស្រាយជាប្រព័ន្ធ ដូចជា បច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាននិងគំនូសសញ្ញាចរាចរណ៍ ការបញ្ជ្រាបការអប់រំស្ដីពីចរាចរណ៍ដល់កម្រិតសិក្សាថ្នាក់មូលដ្ឋាន ការអប់រំអំពីគ្រោះថ្នាក់ដោយសារគ្រឿងស្រវឹង ការអនុវត្តច្បាប់ពាក់ព័ន្ធឱ្យមានតម្លាភាព និងត្រូវបង្កើតច្បាប់គ្រប់គ្រងគ្រឿងស្រវឹងជាដើម។
លោក គឹម ជីលីន «អង្គការអន្តរជាតិក្ដីធ្លាប់ធ្វើរបាយការណ៍ជាមួយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ក្នុងមានអនុសាសន៍មួយជុំវិញគ្រប់គ្រងគ្រឿងស្រវឹងនេះ តាំងពីឆ្នាំ២០១៩មកម្លេះ ប៉ុន្តែយើងមើលឃើញថា ទោះបីជាមានអនុសាសន៍ការណែនាំក៏មិនឃើញមានការយកចិត្តទុកដាក់ដែរ ទាល់តែបញ្ហានេះ ចាប់ផ្ដើមកើតមានឡើងយ៉ាងគគ្រឹកគគ្រេង គួរឱ្យព្រួយបារម្ភហើយហានិភ័យខ្ពស់ចំពោះពលរដ្ឋខ្លួនឯងទើបបានឃើញរដ្ឋាភិបាលមន្ត្រីពាក់ព័ន្ធចាប់ផ្ដើមស្ទុះស្ទារ»។
ការស្ទង់មតិមួយរបស់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធចេញផ្សាយកាលពីថ្ងៃទី៤ មេសា ឆ្នាំ២០២៣ បង្ហាញថា បុរស ៧នាក់ក្នុងចំណោម ១០នាក់ ដែលស្មើ ៧០ភាគរយ ទទួលទានគ្រឿងស្រវឹង។ ដូច្នេះ ក្នុងមួយខែ បុរស ១០ភាគរយទទួលទានគ្រឿងស្រវឹងជារៀងរាល់ថ្ងៃ ឬស្ទើរតែរាល់ថ្ងៃ ខណៈបុរស ៦០ភាគរយទទួលទានគ្រឿងស្រវឹងពី ១ថ្ងៃ ទៅ ៥ថ្ងៃ។
របាយការណ៍របស់ វ៉ៃស៍ វ៉ូតធ័រ (Wisevoter) អំឡុងពាក់កណ្ដាលឆ្នាំ២០២៣ រកឃើញថា កម្ពុជាឈរនៅលេខរៀងទី១ ក្នុងតំបន់អាស៊ាន ដែលមានប្រជាជនទទួលទានគ្រឿងស្រវឹងច្រើនជាងគេ ខណៈរបាយការណ៍សិក្សាថ្មីមួយរបស់ក្រុមហ៊ុនភេសជ្ជៈជប៉ុនឈ្មោះ គីរិន (Kirin) ចេញផ្សាយកាលពីពេលថ្មីៗ នេះ ក៏បានឱ្យដឹងថា ពលរដ្ឋខ្មែរបានចំណាយប្រាក់ប្រមាណពីរពាន់បីរយលានដុល្លារ ទៅលើស្រាបៀដោយម្នាក់ៗ ទទួលទានស្រាបៀប្រមាណ ៧២លីត្រក្នុងមួយឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
