ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គមចាត់ទុកលំហូរចូលនៃគ្រឿងញៀនចូលកម្ពុជាគឺជាការរកស៊ីជាប្រព័ន្ធរវាងឧក្រិដ្ឋជន និងមន្ត្រីអ្នកមានអំណាចមួយចំនួន។ ពួកគេជំរុញដល់អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ស៊ើបអង្កេតស្វែងរកមេខ្លោងធំៗដែលតែងតែនៅពីក្រោយការជួញដូរ និងចែកចាយគ្រឿងញៀននៅកម្ពុជា ដើម្បីទប់ស្កាត់បញ្ហាអសន្តិសុខ និងវិបត្តិសង្គមនានា។ ការជំរុញនេះ ស្របពេលកម្ពុជា និងចិនប្ដេជ្ញាក្នុងការប្រឆាំងការជួញដូរគ្រឿងញៀន និងការអនុវត្តច្បាប់លើជនល្មើស។
អ្នកតាមដានបញ្ហាសង្គមលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនលើការប្រឆាំងការជួញដូរគ្រឿងញៀន និងអនុវត្តច្បាប់លើជនល្មើស ហាក់មិនទាន់ទទួលបានលទ្ធផលល្អប្រសើរនៅឡើយ ដោយសារតែក្រុមឧក្រិដ្ឋជននៅតែមិនខ្លាចញញើតច្បាប់ និងអាចបន្តនាំគ្រឿងញៀនចូលកម្ពុជាជាបន្តបន្ទាប់។
អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៩ ខែកញ្ញាថា កិច្ចសហប្រតិបត្តិការរួមគ្នារវាងកម្ពុជា-ចិន លើការប្រឆាំងការជួញដូរគ្រឿងញៀន ចិនក៏ទំនងព្រួយបារម្ភដែរអំពីបណ្ដាញឧក្រិដ្ឋជនដែលដឹកជញ្ជូនគ្រឿងញៀនចេញពីកម្ពុជានាំចូល និងចែកចាយក្នុងប្រទេសចិន។ លោកសង្កត់ធ្ងន់ថា វាមិនអាចទៅរួចឡើយចំពោះឧក្រិដ្ឋជនដែលអាចដឹកជញ្ជូនគ្រឿងញៀនចូលកម្ពុជារាប់រយតោននាពេលកន្លងមក ប្រសិនបើគ្មានអ្នកមានអំណាច និងមន្ត្រីគ្រាក់ៗមួយចំនួនក្នុងជួររដ្ឋាភិបាលឈរកាងពីក្រោយ ដើម្បីការពារ។
លោក គឹម សុខ៖«ការជួញដូរគ្រឿងញៀននៅកម្ពុជាមានទិសច្រើនពេក ដែលខ្ញុំមើលទៅរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គ្មានសមត្ថភាពកម្ចាត់ទេ។ ទិសទី១ជនជាតិចិនម៉ាហ្វីយ៉ា(Mafia)ដែលកំពុងតែល្បីល្បាញនៅប្រទេសកម្ពុជា។ ទិសទី២ ឃុបឃិតគ្នារវាងពួកមន្ត្រី និងពួកឈ្មួញជួញដូរគ្រឿងញៀនវៀតណាម។ ទិសទី៣ អាចមានការហូរចូលពីប្រទេសឡាវផង និងទិសទី៤មានការពាក់ព័ន្ធការជួញដូរគ្រឿងញៀនពីប្រទេសថៃ។ ទិសទាំងអស់នេះ មានទំហំធំរហូតដល់ក្រុមគ្រួសារត្រកូល ហ៊ុន ដឹកនាំប្រទេសហ្នឹងមិនអាចកម្ចាត់បាន»។
ការលើកឡើងនេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា និងចិន ប្រកាសអំពីការប្ដេជ្ញាជាថ្មីទៀតលើកិច្ចសហប្រតិបត្តិការផ្នែកសន្ដិសុខ អនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនរួមគ្នា។ តាមរយៈកិច្ចសហការរួមគ្នានេះ កម្ពុជា និងចិន ក៏បានបង្ហាញការគាំទ្រគ្នាលើការផ្ដល់ព័ត៌មាន បណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុវត្តការប្រឆាំងការជួញដូរគ្រឿងញៀន និងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។ ការបញ្ជាក់ជំហររួមគ្នានេះធ្វើឡើងក្នុងជំនួបរវាងឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនពីន (Wang Wenbin) កាលពីថ្ងៃទី១៨ ខែកញ្ញា។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វិរិទ្ធ ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី១៩ ខែកញ្ញា។
អ្នកសិក្សាសង្គម និងនយោបាយលោក ប៉ោ មករា លើកឡើងថា កម្ពុជាបរាជ័យក្នុងការប្រឆាំងការជួញដូរគ្រឿងញៀនកន្លងមកនេះ ក្នុងនោះលោកថា រួមទាំងការអនុវត្តច្បាប់ទន់ខ្សោយដែលធ្វើឱ្យក្រុមឧក្រិដ្ឋជនអាចដឹកជញ្ជូនគ្រឿងញៀនរាប់រយគីឡូក្រាមចូលកម្ពុជាដោយគ្មានការទប់ស្កាត់។ លោកបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ក៏អាចជាផ្នែកមួយក្នុងការទប់ស្កាត់លំហូរចូលគ្រឿងញៀនចូលកម្ពុជាឱ្យមានប្រសិទ្ធភាពដែរ ប្រសិនបើភាគីនៃរដ្ឋាភិបាលទាំងពីរមានឆន្ទៈពិតប្រាកដក្នុងការផ្ដល់ព័ត៌មានឱ្យបានទូលំទូលាយលើបណ្ដាញក្រុមឧក្រិដ្ឋជន និងលុបបំបាត់អំពើពុករលួយ។
លោក ប៉ោ មករា៖«ការជួញដូរមួយចំនួនយើងឃើញមានជនជាតិចិននៅហ្នឹងដែរ។ អ៊ីចឹង ភាគីចិនគួរណាតែពិនិត្យពិច័យអាចផ្ដល់ព័ត៌មានដល់កម្ពុជាក្នុងការកំណត់មុខសញ្ញាថាជនណាដែលចូលមកកម្ពុជាហ្នឹងតើមានលក្ខណៈរបៀបម៉េច បង្កហានិភ័យ បង្កគ្រោះថ្នាក់ពាក់ព័ន្ធបញ្ហាការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ហ្នឹងអត់?ប្រទេសកម្ពុជាមិនមែនជាប្រទេសដែលផលិតគ្រឿងញៀនទេ មិនមែនជាប្រទេសដែលដាំគ្រឿងញៀនយកមកផលិតទេ។ ប៉ុន្តែហេតុអីបានការហូរចូលនៅកម្ពុជាវាកាន់តែកើនឡើង ហ្នឹងមកពីកម្សោយនៃការគ្រប់គ្រងតាមព្រំដែន អាចមានអំពើពុករលួយធ្វើឱ្យគ្រឿងញៀនហូរចូលកម្ពុជា»។
រយៈពេលជិត ៦ខែ ដើមឆ្នាំ២០២៤ សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនជាង ៣ពាន់ករណី (៣,០៧៨) ឃាត់ខ្លួនជនសង្ស័យបានជាង ៦ពាន់ ៦រយនាក់ (៧,៦៥២) និងរឹបអូសបានគ្រឿងញៀនជាង ៣តោន។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា កាលពីអំឡុងខែកក្កដា បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធពង្រីកមជ្ឈមណ្ឌលបន្សាបគ្រឿងញៀននៅទូទាំងប្រទេស ដោយសារតែចំនួននៃជនរងគ្រោះប្រើប្រាស់គ្រឿងញៀនមានការកើនឡើង។
ក្រុមអ្នកឃ្លាំមើលលើកឡើងថា ការរីករាលដាលកាន់តែខ្លាំងនៃលំហូរគ្រឿងញៀនចូលកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំអាចដោយសារតែក្រុមឧក្រិដ្ឋជនគ្រឿងញៀនមានឥទ្ធិពលជាងសមត្ថកិច្ច ហើយការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរបស់មន្ត្រីរដ្ឋាភិបាលមួយចំនួនគឺជាដើមចម ដែលបណ្ដាលគ្រឿងញៀនរីករាលដាលតាំងពីទីក្រុងរហូតដល់ជនបទ ដែលបានពង្វក់ស្មារតីប្រជាពលរដ្ឋ និងបង្កឱ្យកើតមានបញ្ហាអសន្តិសុខក្នុងសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។