ព្រះសង្ឃប្រតិកម្មនឹងប្រធានរាជបណ្ឌិត្យសភាដែលចង់រៀបចំច្បាប់ស្ដីពីវិន័យសង្ឃ
2018.10.21

ព្រះសង្ឃមួយចំនួន ប្រតិកម្មតបទៅប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតសភាចារ្យ សុខ ទូច ដែលថ្លែងរិះគន់ព្រះសង្ឃ និងស្នើឲ្យភាគីពាក់ព័ន្ធសិក្សាស្រាវជ្រាវ ដើម្បីរៀបចំច្បាប់ស្ដីពីការ ពង្រឹងវិន័យសង្ឃ។
ព្រះសង្ឃ និងប្រជាពលរដ្ឋសាមញ្ញមួយចំនួន សម្ដែងមិនការពេញចិត្ត និងសោកស្ដាយដែលប្រធាន រាជបណ្ឌិត្យសភាកម្ពុជាលោក សុខ ទូច មិនបានសិក្សាស៊ីជម្រៅអំពីព្រះពុទ្ធវចនៈ ឬការទូន្មានរបស់ព្រះពុទ្ធជាម្ចាស់ និងធម៌វិន័យរបស់ព្រះសង្ឃ ប៉ុន្តែបែរជាតាំងខ្លួនជាអ្នកប្រៀនប្រដៅ ព្រះសង្ឃ ដោយមើលរំលងក្រសួងធម្មការ និងស្ថាប័នព្រះសង្ឃទៅវិញ។
សមណនិស្សិតនៃសាកលវិទ្យាល័យព្រះសីហនុរាជ ព្រះតេជព្រះគុណ ជេស ម៉ាហេង មានថេរដីកា ថា លោក សុខ ទូច បានសារភាពខ្លួនឯងថា គាត់មិនដែលបានអានព្រះត្រៃបិដក និងចេះធម៌វិន័យទេ សូម្បីតែប្រើភាសានិយាយជាមួយព្រះសង្ឃក្ដី ដូច្នេះគាត់មិនសាកសមជាអ្នកប្រៀនប្រដៅព្រះ សង្ឃឡើយ។ ព្រះតេជព្រះគុណបន្តថា លោក សុខ ទូច គួរតែទុកតួនាទីនេះទៅខាងក្រសួងធម្មការ និងសាសនា និងមន្ត្រីសង្ឃជាអ្នកចាត់ចែងទៅចុះ៖ «គាំទ្រចំពោះការចង់ពង្រឹងវិន័យសង្ឃ ប៉ុន្តែពង្រឹង ឬមិនពង្រឹងគួរតែពិភាក្សាខាងគណសង្ឃនាយកទៅ ព្រោះស្ថាប័ននីមួយៗ តែងតែមានការ គ្រប់គ្រងរៀងៗខ្លួន ដូច្នេះធ្វើអ្វីកុំអោយខុសតួនាទី ហើយសិក្ខាសាលាដែលគាត់ធ្វើនោះ គឺអត់ឆ្លងកាត់គណៈសង្ឃនាយក ទាំងដែលខ្លួនឯងធ្វើខុសតួនាទីហើយ ខំប្រឹងធ្វើយកត្រូវទៀត។ ក្នុងនាមជាបណ្ឌិត គេមិនមែននិយាយចេញមកទាំងច្រឡោងខាមទេ។ និយាយថា ចង់ពង្រឹងវិន័យសង្ឃ ប៉ុន្តែខ្លួនឯងមិនទាន់ទាំងយល់ស៊ីជម្រៅនៅក្នុងព្រះពុទ្ធសាសនា ផង។ គួរណាកុំធ្វើខុសតួនាទី ព្រោះកាលណាការងារច្របូកច្របល់វាមិនមែនជាមង្គលទេ»។
ព្រះតេជព្រះគុណ មានសង្ឃដីកាបន្ថែមថា កំហុសតែងកើតមានជាធម្មតាចំពោះមនុស្សសាមញ្ញ ឯភាពឆ្គាំឆ្គងនោះ បានសាបសូន្យទៅវិញច្រើនហើយ បន្ទាប់ពីអ្នកបួសព្យាយាមសិក្សាឲ្យស៊ីជម្រៅលើពុទ្ធវចនៈ។
ទន្ទឹមគ្នានេះ មន្ត្រីសង្ឃទាំងឡាយក៏បានខិតខំអស់លទ្ធភាពឃ្លាំមើលប្រតិបត្តិរបស់ភិក្ខុសាមណេរស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនរៀងៗខ្លួនតាមតំបន់ដែលខ្លួនកាន់កាប់៖ «ធម្មតាសង្គមបច្ចេកវិទ្យា ហើយជាទូទៅមនុស្សទាំងអស់គ្មានអ្នកណាល្អឥតខ្ចោះទេ ដូច្នេះការប្រព្រឹត្តតែងតែមានលេចធ្លាយ ប្រៀបដូចដូងអ៊ីចឹង គឺមួយធ្លាយតែងមានតក់មាននាល ចុះទម្រាំព្រះសង្ឃមានច្រើនម៉ឺនអង្គទៀត រឿងអីថា មិនមានជនខិលខូចខ្លះនោះ គឺតែងតែមានហើយ។ ម្យ៉ាងទៀត គណបក្សមួយចំនួនដែលវាយប្រហារលើព្រះសង្ឃគឺជារឿងចាស់ៗ ដែលកន្លងទៅហើយ។ ថ្មីៗនេះ ដូចជាមិនមានអ្វីច្រើនទេ ព្រោះគណសង្ឃនាយកលោកខំប្រឹងប្រែងដោះស្រាយណាស់ ហើយខ្ញុំកូណាក៏ដោយរឹតតែប្រឹងប្រែងបន្ថែមទៀតដើម្បីកាន់តែធ្វើអោយល្អ»។
កាលពីថ្ងៃទី១៩ ខែតុលា ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានថ្លែងក្នុងសិក្ខាសាលាថ្នាក់ជាតិមួយស្ដីពី''សង្គតិភាពព្រះពុទ្ធសាសនា ដើម្បីពង្រឹង និងអភិវឌ្ឍវិស័យពុទ្ធចក្រ និងអាណាចក្រ ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន'' ថា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ដូច្នេះ លោកស្នើឲ្យមន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយក្រសួងធម្មការ ដើម្បីរៀបចំ ច្បាប់ស្ដីពី''ការពង្រឹងវិន័យសង្ឃ'' សម្រាប់អោយរដ្ឋសភាជាតិ ពិនិត្យ និងអនុម័ត។ ដោយសម្ដីសំដៅហាក់មានកំហឹង ព្រមទាំងទទួលស្គាល់ខ្លួនឯងថា មិនចេះដឹងធម៌វិន័យ របស់ព្រះពុទ្ធផងនោះ លោកបណ្ឌិតសភាចា្យ សុខ ទូច មើលឃើញថា ព្រះសង្ឃមួយចំនួនក្នុងសម័យបច្ចុប្បន្ន មិនទាន់បាន គោរពប្រតិបត្តិត្រឹមត្រូវតាមវិន័យរបស់ព្រះពុទ្ធនៅឡើយទេ ដូចជាសង្ឃ ខ្លះមិនបានសិក្សារៀនសូត្រ ហើយចេះជេ សង្ឃខ្លះមានឥរិយាបថ មិនសមរម្យ ប្រើសម្ភារៈនិយម និងរស់នៅក្នុងកុដិនិងវិហារប្រៀបដូចជាវីឡាទំនើបៗជាដើម៖ «សម័យស្ដេច អង្គ ឌួង ម៉េចក៏កែបាន ចុះសម័យតេជោ ម៉េចក៏កែមិនបាន ពេលឃើញខុស ម្ដេចក៏កែមិនបាន..ត្រូវតែកែ ព្រោះសាសនាជារបស់រដ្ឋ អ៊ីចឹងសូមស្នើឲ្យអោយគេរៀបចំច្បាប់ ហើយយើងធ្វើទៅសភាទៅ ហើយសភាបើយល់ថាត្រឹមត្រូវ រឿងអីដែលយើងមិនត្រូវធ្វើការកើត ដើម្បីអី គឺដើម្បីពុទ្ធបរិស័ទ និងការរីកចម្រើន នៃព្រះពុទ្ធសាសនា។ សម័យគេកែបាន សម័យនេះកែ។ សម័យនេះ អត់មានទូរស័ព្ទ ឥឡូវព្រះតេជព្រះគុណកំពុងតែថតកូណា ប្រើសុទ្ធតែទូរស័ព្ទទៀត។ សម័យព្រះអង្គសូត្រមន្តមិនអាចអត់មានផ្លិតបានទេ ដល់ឥឡូវព្រះអង្គនៅមុខវាំងសែលហ្វី (Selfie) ហើយបង្ហោះទៀត»។
បន្ទាប់ពីមានការរិះគន់ច្រើននោះ លោក សុខ ទូច បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា រាជ បណ្ឌិត្យសភាកម្ពុជាថា លោកគ្មានបំណងក្នុងការរៀបចំ ច្បាប់ស្ដីពីការបង្កើតវត្តអារាមទេ។ លោកបញ្ជាក់ថា រដ្ឋសភា មានសិទ្ធិក្នុងការស្នើច្បាប់ បង្កើតច្បាប់ និងអនុម័តច្បាប់ រីឯរដ្ឋាភិបាលមានតួនាទី រៀបចំសេចក្ដីព្រាងច្បាប់ និងអនុវត្តច្បាប់។ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា គឺស្ថាប័នស្រាវជ្រាវរបស់ជាតិ គ្មានសិទ្ធិក្នុងការរៀបចំសេចក្ដីព្រាងច្បាប់ និងសេចក្ដីស្នើច្បាប់នោះទេ។
ទាក់ទងករណីនេះ អាស៊ីសេរី បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី ជាច្រើនលើក ប៉ុន្តែចូលពុំទទួលទូរស័ព្ទ។
ព្រះចៅអធិការវត្តប្រាសាទស្រះកណ្ដាល ហៅវត្តខ្ចាស់ ខេត្តបន្ទាយមានជ័យ ព្រះតេជព្រះគុណ ចាន់ សុជន មានថេរដីកាថា ព្រះវិន័យរបស់ភិក្ខុសង្ឃ គឺអ្នកដែលមិនបានបួស មិនអាចយល់ដឹងស៊ីជម្រៅ ទេ ម្លោះហើយពលរដ្ឋខ្លះ ក៏ចោទព្រះសង្ឃថា ប្រព្រឹត្តិខុសនេះឬខុសនោះ ដោយសារជួនកាល ពួក គេគ្រាន់តែមើលដោយប្រើអារម្មណ៍ និងទស្សនៈផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ព្រះតេជព្រះគុណ បន្តថា ព្រះធម៌ វិន័យមានចំនួនប្រាំបីម៉ឺនបួនពាន់ព្រះ ធម្មខន្ធ ដែលព្រះសម្មាសម្ពុទ្ធបញ្ញត្តិទុកមក គឺមិន អាចបុគ្គល ណាមួយធ្វើវិសោធនកម្ម ឬបន្ថែមបន្ថយបានទេ។ ព្រះតេជព្រះគុណ ពន្យល់បន្តថា ក្នុង សម័យកាលព្រះពុទ្ធ ក៏មានព្រះសង្ឃខូចខ្លះដែរ មិនមែនមានតែសម័យបច្ចុប្បន្នទេ ប៉ុន្តែព្រះសង្ឃ ទាំងនោះ តែងតែត្រូវបានពិនិត្យ និងដោះស្រាយ តាមធម៌វិន័យរបស់ព្រះពុទ្ធរហូតមក៖ «ព្រះវិន័យសង្ឃ ឧទាហរណ៍ថា ឆាន់សុរា ការប្រព្រឹត្តនូវមេថុនធម្ម ជាមួយមាតុគ្រាម ឬស្ត្រីអីនោះ គឺត្រូវមានកម្រិត ឧទាហរណ៍ត្រូវអាបត្តិបរាជិក ត្រូវសឹក ឬមិនដល់កម្រិតសិកទេ ក៏លោកធ្វើកិច្ចនៅក្នុងវិន័យ។ និយាយជារួមទៅ ព្រះវិន័យសង្ឃមានអស់ហើយ ដែលមិនត្រូវ មានច្បាប់ថ្មីនៅលើអ្វីដែលចែងមកហើយនុះទេ ប៉ុន្តែអ្វីដែលអាត្មាចង់និយាយគឺមួយទៀតខាងអាជ្ញាធរ មានសមត្ថកិច្ចជាដើម លូកដៃក្នុងរឿងនឹង។ ជួនកាលមិនទាន់មានមន្ត្រីសង្ឃ ឬឧបជ្ឈាដោះស្រាយរឿងនឹងផង អាជ្ញាធរមកដល់ ពេញវត្តបាត់ រហូតឈានដល់ការចាប់ផ្សឹក និងឈានដល់ការធ្វើទារុណកម្មទៀត»។
ព្រះតេជព្រះគុណ បន្តថា ប្រសិនបើលោកបណ្ឌិត សុខ ទូច មានមតិយោបល់ក្នុងន័យស្ថាបនាចំពោះការប្រព្រឹត្តិរបស់ព្រះភិក្ខុសង្ឃ គួរតែទៅជួបពិភាក្សាជាមួយក្រសួងធម្មការ និងសម្តេចព្រះសង្ឃរាជ ដើម្បីផ្ទល់យោបល់កែលម្អ ដោយមិនគួរនិយាយផ្សព្វផ្សាយហែកហួរ ពីរឿងតូចទៅ ជារឿងធំនោះទេ។ ទោះយ៉ាងណាក្តីព្រះតេជព្រះគុណ ក៏អំពាវនាវដល់ស្ថាប័នព្រះសង្ឃមានក្រសួងធម្មការជាដើម ជួយបន្តយកចិត្តទុកបន្ថែមទៀត ចំពោះការអប់រំនៅក្នុងវិស័យពុទ្ធចក្រឲ្យបានរីកចម្រើន និងរឹងមាំដូច សម័យពីដើមក្នុងទសវត្សរ៍ទី៦០ឬមុនហ្នឹងបន្តិច ដែលមានព្រះសង្ឃជាច្រើន បានក្លាយជាអ្នកប្រាជ្ញ៖ «ធ្វើម៉េចមន្ត្រីសាសនាទាំងមន្ត្រីក្រសួងធម្មការ និងស្ថាប័នសម្ដេចនាយកក្តី ពិនិត្យសារឡើងវិញ ហើយធ្វើម៉េចអោយព្រះសង្ឃគ្រប់អង្គ និងព្រះគ្រូចៅអធិការជាដើម ទទួលបានចំណេះដឹង និងបានអនុវត្តល្អសមរម្យ ជាងនេះ ដើម្បីទទួលបាននូវឧត្ដមភាព ហើយសាកសមជាអ្នកបួស ព្រោះអ្នកបួសមានកម្រិតមួយខ្ពស់ សូម្បីតែព្រះមហាក្សត្រ ក៏ថ្វាយបង្គំលោកដែរ»។
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកទាំងព្រះសង្ឃ និងពលរដ្ឋសាមញ្ញមួយចំនួនទៀត ក៏បានសរសេររិះគន់ខ្លាំងៗថា លោកសុខ ទូច ជាបណ្ឌិត តែនិយាយតាមកំហឹង និងតាមការនឹកឃើញ ទាំងដែលមិនចេះដឹងនូវធម៌វិន័យរបស់ព្រះសង្ឃ។ អ្នកខ្លះទៀត សរសេរថា លោកបណ្ឌិត សុខ ទូច គួរតែខំប្រព្រឹត្តខ្លួនឯងអោយល្អសិនទៅ ព្រោះពេលនេះ លោកមិនទាន់ជាអ្នកលះបង់អំពើអាក្រក់ នោះទេ ហើយកំពុងត្រូវបានប្រជាពលរដ្ឋព្រួតជេ និងស្អប់ ដោយសារតែលោកលក់ឧត្តមគតិ និយាយ ភូតកុហកនិងការពាររបបផ្ដាច់ការ។ លើសពីនេះ អ្នកខ្លះក៏ស្នើសុំឲ្យលោក សុខ ទូច គួរតែពិនិត្យ ទៅលើរបបលោកហ៊ុន សែនដែលកំពុងតែរំលោភរដ្ឋធម្មនុញ្ញ និងបំពានសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋជាដើម។ ចំណែករឿងបព្វជិត មិនគោរព វិន័យបានត្រឹមត្រូវ ជារឿងក្រិតក្រមសីលធម៌ ពាក់ព័ន្ធនឹងជំនឿ និងសង្គម ដូច្នេះត្រូវទុកអោយថ្នាក់ដឹកនាំសាសនាជាអ្នកទទូលខុសត្រូវ។
ជាការឆ្លើយតបប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច មានប្រសាសន៍ថា ការរិះគន់របស់ព្រះសង្ឃជារឿងធម្មតា ហើយ ប្រសិនបើព្រះសង្ឃមាសទឹកដប់នោះ គឺមិនត្រូវខ្លាចការរិះគន់នោះទេ គឺគួរតែចូលរួមសួរដេញដោលនិងជួយផ្តល់គំនិតយោបល់ ប៉ុន្តែមន្ត្រីសង្ឃដែល និមន្តអោយចូលរួមធ្វើជាវាគ្មិនចំនួន ៤អង្គ មិនបានចូលរួមទៅវិញ រួមទាំងលោកស្រី ខ្លូត ធីតា ទីប្រឹក្សារដ្ឋាភិបាល និងជាអតីតប្រធាន រាជបណ្ឌិត សភាកម្ពុជាទៀតផង។ ទោះជាមានការរិះគន់យ៉ាងណាក្តី លោកបណ្ឌិត សុខ ទូច នៅតែមានជំហរចង់ឲ្យមានការស្រាវជ្រាវពាក់ព័ន្ធភាពមិនប្រក្រតីនានាពាក់ព័ន្ធនឹងកិច្ចការសាសនា ដើម្បីដាក់ជូន ទៅស្ថាប័នរដ្ឋាភិបាល និងបន្តបញ្ជូនទៅរដ្ឋសភា ពិនិត្យ និងអនុម័ត៖ «យើងរង់ចាំលទ្ធផលថា តើវាគ្មិនឆ្លើយថាម៉េចខ្លះ ហើយវាគ្មិនត្រូវបន្តស្រាវជ្រាវទៀត បើបន្តស្រាវជ្រាវទៀត យើងនឹងធ្វើលិខិតមួយទៅក្រសួងដែលពាក់ព័ន្ធ និងចុះស្រាវជ្រាវបន្តទៀត យើងមិនអាចថយក្រោយទេ ធម្មតា ការងារបើគ្រាន់តែប៉ះអីបន្តិច មានបញ្ហា ដោះស្រាយរឿង ប្រទេសជាតិអត់បានទេ។ ប្រសិនបើលោកមាសទឹកដប់ មានរឿងលោកត្រូវខ្លាច ត្រូវអញ្ជើញគេចូលរួម ដើម្បីសិក្សាអោយឃើញការពិត មិនមែនមកជេតាមហ្វេសប៊ុក តាមអីអ៊ីចឹងគឺអត់ត្រូវ ហើយបួសធ្វើអី បើបួសជេ ដាក់បណ្ដាសាអ៊ីចឹង»។
របាយការណ៍របស់ក្រសួងធម្មការ ក្នុងឆ្នាំ២០១៧ បង្ហាញថា នាពេលបច្ចុប្បន្ន ប្រទេសកម្ពុជា មានព្រះសង្ឃចំនួនជិត ៧ម៉ឺន (៦៩.១៩៩)អង្គ។ រីឯ វត្តមានចំនួនជិត ៥ពាន់វត្ត (៤.៨៧២)។
មេគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូត្រស្តាំវត្តបទុមវតី ព្រះញាណវង្ស ឃឹម សន ធ្លាប់មាន សង្ឃដីកាថា ជាទូទៅចំពោះសង្ឃណាដែលមាន កំហុសនោះ គឺមានថេរសភាសង្ឃកំពូល និងមានថេរសភាស្រុក ខេត្ត រាជធានី សម្រាប់កាត់ក្តីសង្ឃ។ ព្រះតេជព្រះគុណ បន្តថា ក្នុងករណីប្រសិនបើ សភាសង្ឃក្នុងដែនខណ្ឌដោះស្រាយអស់លទ្ធភាពហើយមិនចប់ គឺត្រូវបញ្ជូនមកថេរសភាសង្ឃថ្នាក់លើ និងមកក្រុមវិន័យសង្ឃកំពូល ថាតើគួរចាត់វិធានការទៅលើសង្ឃអង្គនោះយ៉ាងណា។ ម្យ៉ាងទៀតប្រសិនបើសង្ឃណាមានកំហុសពាក់ព័ន្ធនឹងច្បាប់រដ្ឋនោះ ហើយប្រសិនបើថេរសភាសង្ឃថ្នាក់ក្រោមដោះស្រាយយឺតយូរ តែខាងតុលាការ មានភស្តុតាងរឹងមាំគ្រប់គ្រាន់ និងចេញដីកាមកថា ភិក្ខុអង្គនោះត្រូវមានទោសព្រហ្មទណ្ឌ ដូច្នេះខាងមន្ត្រីសង្ឃមិនអាចរង់ចាំបានទេ ហើយត្រូវផ្សឹកឲ្យលាចាកសិក្ខាបទភ្លាមៗ។
ម្យ៉ាងវិញទៀត ដើម្បីពង្រឹងធម៌វិន័យរបស់ព្រះសង្ឃ គឺជារៀងរាល់ឆ្នាំ ស្ថាប័នព្រះសង្ឃតែងតែរៀបចំប្រជុំអនុសំវច្ឆរមហាសន្និបាត គឺសំដៅដល់កិច្ចប្រជុំរបស់ព្រះសង្ឃទូទាំងប្រទេស ដើម្បីពិនិត្យមើលទៅលើចំណុចសំខាន់ៗមួយចំនួន រួមមានប្រព័ន្ធអប់រំក្នុងព្រះពុទ្ធសាសនា ដែលហៅថាពុទ្ធិកសិក្សា ការគោរពប្រតិបត្តិរបស់ព្រះសង្ឃ ក្នុងធម៌វិន័យ និងការចូលរួមរបស់ព្រះសង្ឃក្នុងការអភិវឌ្ឍសង្គម៕