កម្មករ​នៅ​ក្រុង​តាខ្មៅ ជាង ១ពាន់​នាក់ សុំ​អាជ្ញាធរ​ឱ្យ​ពន្លឿន​នីតិវិធី​ដាក់​លក់​ដេញ​ថ្លៃ​ឥវ៉ាន់​ក្នុង​រោងចក្រ​ពីរ​កន្លែង​ជាប់​គ្នា

ដោយ វ៉ែន សុមេធ
2020.11.12
កម្មករ Dignity Knitter កម្មករ Dignity Knitter យាម​ខាង​មុខ​រោងចក្រ​រង់ចាំ​ដំណោះស្រាយ​​ពី​ថៅកែ ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក

កម្មករ​កាត់​ដេរ​ជាង ១ពាន់​នាក់ ស្ថិត​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ស្នើសុំ​ដល់​អាជ្ញាធរ​ពន្លឿន​នីតិវិធី​ដាក់​លក់​ឥវ៉ាន់​ក្នុង​រោងចក្រ​ឌីកនើធី នីតធើរ (Dignity Knitter Limited) និង​រោងចក្រ​រោងចក្រ អេខូបេស (Eco Base) ដែល​មាន​ម្ចាស់​តែ​មួយ​ជា​ជន​ជាតិ​ចិន​ហុង​កុង ដើម្បី​ពួក​គាត់​ឆាប់​ទទួល​បាន​ប្រាក់​ដោះ​ស្រាយ​ជីវភាព​រស់​នៅ។ អាជ្ញាធរ​ អះអាង​ថា តុលាការ​កំពុង​ប្រកាស​ដាក់​លក់​ដេញ​ថ្លៃ​ឥវ៉ាន់​ ក្នុង​រោងចក្រ​ទាំង​ពីរ​នោះ​ហើយ។

តំណាង​កម្មករ​ លោក ភិន សុភា ឲ្យ​ដឹង​ថា​ មាន​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​មួយ​ឈ្មោះ ស៊ីជេ (CJ) បាន​ចុះ​​ពិនិត្យ​វាយ​តម្លៃ​សម្ភារៈ​កាត់​ដេរ​នៅ​ក្នុង​រោងចក្រ​ទាំង​ពីរ​រួច​រាល់​ហើយ​ នៅ​រសៀល​ថ្ងៃ​ទី១១ វិច្ឆិកា ប៉ុន្តែ​ចំនួន​ទឹក​ប្រាក់​សរុប​ នៅ​មិន​ទាន់​ដឹង​ប្រាកដ​នៅ​ឡើយ​ទេ។

លោក​បន្ត​ថា អាជ្ញាធរ​គួរ​បើក​​ឲ្យ​មាន​ក្រុមហ៊ុន​ជា​ច្រើន ចូល​រួម​ប្រកួត​ដេញ​ថ្លៃ​គ្នា ទិញ​យក​ឥវ៉ាន់​ក្នុង​រោងចក្រ​ទាំង​ពីរ ដើម្បី​កុំ​ឲ្យ​មាន​ក្រុម​ហ៊ុន​តែ​មួយ​ទិញ​ក្នុង​តម្លៃ​ទាប​ណា​មួយ ដែល​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ដល់​កម្មករ​ជាង ១ពាន់​នាក់។ តំណាង​កម្មករ​រូប​នេះ ស្នើសុំ​ដល់​អាជ្ញាធរ​ ជួយ​ពន្លឿន​នីតិវិធី​ និង​ប្រកាស​ពេល​បើក​លក់​ដេញ​ថ្លៃ​របស់​របរ​ក្នុង​រោងចក្រ​ទាំង​ពីរ​ ដើម្បី​ឲ្យ​ពួកគាត់​ទទួល​បាន​សំណង​សមរម្យ​ ស្រប​ទៅ​នឹង​រយៈ​ពេល​រោងចក្រ​បិទ​​ជាង ១ឆ្នាំ​មក​នេះ«សូម​កុំ​ឲ្យ​មាន ១ក្រុមហ៊ុន យ៉ាង​ហោច​ណាស់​មាន ២ ទៅ។ បើ​សិន​ជា​មាន​តែ ១ អ៊ីចឹង ពួក​ខ្ញុំ​បារម្ភ​ថា បើ​ក្រុមហ៊ុន​ហ្នឹង ឯករាជ​មិន​ពាក់ព័ន្ធ​ប្រយោជន៍​ភាគី​ណាមួយ​អ៊ីចឹង របស់​ពួក​ខ្ញុំ​អាច​លក់​បាន​ថ្លៃ។ តែ​បើ​សិន​ជា​ក្រុមហ៊ុន​ហ្នឹង​នៅ​ក្នុង​ឥទ្ធិពល​របស់​អ្នក​ណា​ម្នាក់ ឬ​ទទួល​បាន​ប្រយោជន៍​ខាង​ណា​មួយ​ អ៊ីចឹង​គេ​ចង់​ឲ្យ​ថ្លៃ​ថោក ស្រេច​តែ​ទៅ​គេ​ជា​អ្នក​ថា​ហ្នឹង។ បើ​សិន​ជា​មាន ២ ទៅ ៣ គេ​អាច​ប្រកួត​ប្រជែង​គ្នា​អ៊ីចឹង»

ឆ្លើយ​តប​រឿង​នេះ អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ មាន​ប្រសាសន៍​ថា ​រឿង​ដាក់​លក់​ដេញ​ថ្លៃ​ឥវ៉ាន់​នៅ​ក្នុង​រោងចក្រ​ទាំង​ពីរ​នេះ គឺ​ស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ ដោយ​មាន​កិច្ច​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​ធ្វើ​យ៉ាង​ណា​ពន្លឿន​ដំណោះស្រាយ​ជូន​កម្មករ​ឲ្យ​ឆាប់​តាម​តែ​អាច​ធ្វើ​ទៅ​បាន។

លោក​បញ្ជាក់​ថា នៅ​ពេល​តុលាការ​បញ្ចប់​នីតិវិធី​ហើយ ប្រកាស​ដាក់​លក់​ដេញ​ថ្លៃ នឹង​មាន​ការ​ចូល​រួម​ពិនិត្យ​តាមដាន​ពី​មន្ត្រី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ដំណើរ​ការ​រឿង​នេះ គឺ​ត្រឹម​ត្រូវ និង​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់។ លោក​រំពឹង​ថា នឹង​មាន​ក្រុមហ៊ុន​ជា​ច្រើន​ចូល​រួម​ដេញ​ថ្លៃ​ទិញ​យក​ឥវ៉ាន់​ក្នុង​រោងចក្រ​ទាំង​ពីរ​នេះ ក្នុង​តម្លៃ​មួយ​​សមរម្យ៖ «ខ្ញុំ​ជំរុញ​រឿង​ហ្នឹង​ជាប់ សូម​ធ្វើ​ឲ្យ​បាន​លឿន​តាម​នីតិវិធី។ អ៊ីចឹង​ហើយ! ខ្ញុំ​ប្រើ​វិធី​មួយ​ សូម​ឲ្យ​ធ្វើ​ត្រឹមត្រូវ​តាម​ច្បាប់ ហើយ​កម្មករ​ទាំង​អស់​នៅ​អង្គុយ​មើល​បង​ប្អូន​គ្រប់​គ្នា។ បង​ប្អូន​ធ្វើ​ត្រឹម​ត្រូវ​ គាត់​សាទរ​សប្បាយ​ហើយ តែ​បើ​ធ្វើ​មិន​ត្រឹមត្រូវ បង​ប្អូន​ជាប់​ប្រឡាក់​នឹង​រឿង​ហ្នឹង​ហើយ។ ហើយ​អង្គភាព​លោក​អង្គុយ​ត្រួត​ពិនិត្យ​មើល។ អ៊ីចឹង! ត្រូវ​លឿន បាន​ការ​លក់​ឡាយឡុង បាន​លុយ​បាន​កាក់​ដល់​ពួក​គាត់ នូវ​អ្វី​ដែល​ប្រាក់​ត្រូវ​ទទួល​បាន»

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ ហៅ​កាត់​ ស៊ីខៅឌូ (C.CAWDU) លោក គង់ អាទិត្យ សាទរ​ការ​ពន្លឿន​នីតិវិធី​របស់​អាជ្ញាធរ​ ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ការងារ​មួយ​នេះ ប៉ុន្តែ​លោក​ចង់​ឃើញ​ការ​ដាក់​ដេញ​ថ្លៃ​នេះ យ៉ាង​យូរ​ត្រឹម​ខែ​ធ្នូ​ខាងមុខ​ ដោយ​មិន​មាន​ការ​អូស​បន្លាយ​ពេល​វេលា​បន្ត​ទៅ​ទៀត៖ «មាន​ក្រុមហ៊ុន​មក​វាយ​តម្លៃ ឥឡូវ​យើង​ឃើញ​ហើយ។ យើង​រង់​ចាំ​មើល​ត​ទៅ​ទៀត។ យើង​គិត​ថា​មិន​គួរ​យូរ​ដែរ ខែ១១ ខែ១២ ហ្នឹង ដើម្បី​បញ្ចប់​រឿង​ហ្នឹង ព្រោះ​យើង​អត់​អាច​រង់​ចាំ​បាន​ទៀត​ទេ។ វា​ពិបាក​លឿន​មិច​ ដោយសារ​ការងារ​នេះ​វា​នៅ​លើ​ដៃ​តុលាការ តែ​យើង​គាំទ្រ​ចំពោះ​ចំណាត់​ការ​ក្នុង​ជំរុញ​ឲ្យ​អនុវត្ត​យ៉ាង​យូរ​បំផុត​ក្នុង​ខែ​ហ្នឹង ឬ​ខែ​ក្រោយ​ដើម្បី​បញ្ចប់​ការងារ​ហ្នឹង​ទាំង​អស់​គ្នា»

កម្មករ​រោងចក្រ ឌីកនើធី នីតធើរ (Dignity Knitter Limited) និង​រោងចក្រ អេខូបេស (Eco Base) បាន​ផ្ទុះ​ការ​តវ៉ា កាល​ពី​​ខែធ្នូ ឆ្នាំ២០១៩ ដោយសារ​ថៅកែ​រោងចក្រ​បិទ​រោងចក្រ​ភ្លាមៗ ដោយ​មិន​ទូទាត់​សំណង​តាម​ច្បាប់​ការងារ ដូច​ជា មិន​ព្រម​បើក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ប្រចាំ​ឆ្នាំ ជា​ដើម។

រោងចក្រ​ទាំង​ពីរ មាន​ថៅកែ​តែមួយ​ជា​ជនជាតិ​ចិន​ហុងកុង និង​មាន​ទីតាំង​ជាប់​គ្នា ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ២១ ក្នុង​ភូមិ​ព្រែក​តា​ព្រីង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ។ រោងចក្រ​ទាំង​ពីរ​នេះ​កាត់​ដេរ​សំលៀកបំពាក់ និង​ស្រោម​ជើង ដូច​គ្នា គឺ​ប្រភេទ​ចាក់ និង​តម្បាញ ដែល​មាន​កម្មករ​ធ្វើ​ការ​សរុប ១.១២៤​នាក់៕

អត្ថបទពេញនិយម
RFA
ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​គ្រោង​ធ្វើ​បេសកកម្ម​ដើរ​គោះ​ទ្វារ​រក​វិនិយោគិន​នៅ​អាមេរិក​ជា​ថ្មី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។