កុមារភាគច្រើននៅកំពង់ធំបោះបង់ការសិក្សាដោយសារតែពុំមានសាលារៀនត្រឹមត្រូវ គ្រូមិនមកបង្រៀនទៀងទាត់
2023.09.17
កុមារភាគច្រើននៅភូមិរំចេក និងភូមិអូរក្រញូង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បន្តបោះបង់ការសិក្សាដោយសារតែពុំមានសាលារៀនត្រឹមត្រូវ ហើយខ្វះគ្រូមកបង្រៀនបានទៀងទាត់។ អាណាព្យាបាលសិស្សថា អាជ្ញាធរពាក់ព័ន្ធនៅស្រុកនេះ ពុំខ្វល់ខ្វាយដោះស្រាយលើបញ្ហានេះទេ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ទោះបីជាពួកគេបានស្នើសុំជាច្រើនលើកក៏ដោយ។
សាលាបឋមសិក្សាមួយកន្លែងនៅភូមិរំចេក ឃុំសុចិត្រ ស្រុកសណ្ដាន់ នៅតំបន់ដាច់ស្រយាលជនបទពុំសូវមានអ្នកខ្វល់ខ្វាយធ្វើឱ្យប៉ះពាល់ការសិក្សារបស់កុមារ។ នៅក្រោយសាលាពោរពេញដោយព្រៃឈើ និងចម្ការរបស់អ្នកភូមិ។ ចំណែកនៅក្នុងបរិវេណសាលាវិញ ពុំសូវឃើញសិស្សមករៀនបានទៀងទៀតទេ ខណៈដែលអគារសិក្សាធ្វើពីឈើដ៏ចាស់ទ្រុឌទ្រោមចំនួនពីរខ្នង ក្លាយជាកន្លែងអ្នកភូមិចងគោ ហើយយូរៗទើបឃើញសិស្សមករៀនម្ដង។
សាលាបឋមសិក្សានេះត្រូវបានសាងសង់អស់រយៈពេលជាង១០ឆ្នាំមកហើយ ដោយគំនិតផ្ដួចផ្ដើមរបស់អ្នកភូមិ ចំនួនពីរភូមិ គឺភូមិរំចេក និងភូមិ អូរក្រញូង ឃុំសុចិត្រ បាននាំគ្នារៃអង្គាសលុយបន្តិចបន្តូច និងកាប់ឈើនៅក្នុងព្រៃមកធ្វើដោយខ្លួនឯង ដោយពុំមានជំនួយពីរដ្ឋាភិបាលឡើយ។ ចំណែកកុមារដែលរៀនសូត្រនៅទីនោះ សល់ត្រឹមតែ ៥០នាក់ប៉ុណ្ណោះ ទោះបីជាភូមិនេះមានប្រជាពលរដ្ឋជាង២០០គ្រួសារក៏ដោយ។
ប្រជាពលរដ្ឋម្នាក់ដែលរស់នៅជាប់នឹងសាលាបឋមសិក្សាភូមិរំចេក ឃុំសុចិត្រ លោកស្រី ហ៊ុន យៀន ប្រាប់វិទ្យុអាស៊ីសេរីថា លោកស្រីបារម្ភពីអនាគតកូន ខ្លាចមិនចេះដឹងដោយសារតែកូនលោកស្រីខកខានរៀនសូត្រដិតដល់ជាង៣ឆ្នាំមកហើយ ចាប់តាំងពីសាលារៀននេះកាន់តែទ្រុឌទ្រោម ហើយគ្មានគ្រូមកបង្រៀនបានទៀងទាត់។ លោកស្រីថា ១ខែ ទៅ២ ខែទើបឃើញគ្រូមកបង្រៀនម្ដង។
លោកស្រីបន្តថា កាលពីបង្កើតសាលារៀននេះដំបូងៗមានសិស្សមករៀនជាង ១០០នាក់ ហើយកុមារទាំងនោះ អាចរៀនចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី៦ ក៏ប៉ុន្តែបច្ចុប្បន្នពុំមានគ្រូបង្រៀនទៀងទាត់ ធ្វើឱ្យសិស្សឈប់រៀនស្ទើរ៥០ភាគរយ។ លោកស្រីថា ខណៈដែលរដូវវស្សាបែបនេះទៀត សិស្សពុំដែលបានរៀននោះទេ ព្រោះសាលាទ្រុឌទ្រោមខ្លាំង ហើយពេលភ្លៀងម្ដងៗ គឺទឹកហូរចូលសាលារំខានដល់ការសិក្សារបស់សិស្ស។
លោកស្រី ហ៊ុន យៀន៖ «កូនខ្ញុំវារៀនៗ គ្រូឈប់ៗរហូតអ៊ីចឹងទៅ វាលែងចង់ទៅរៀន។ បើជូនទៅឆ្ងាយខ្ញុំវាអត់មានពេលខ្ញុំរវល់រកស៊ីខ្ញុំដែរ បើខែមុនរៀនបាន១០ថ្ងៃអ៊ីចឹងទៅ ១៥ថ្ងៃអ៊ីចឹងទៅ បាត់គ្រូបាត់ទៅ»។
ចំណែកពលរដ្ឋម្នាក់ទៀត លោក ប្រាក់ រូន ដែលនៅជិតនឹងសាលាបឋមសិក្សារំចេកដែរនោះលើកឡើងថា បច្ចុប្បន្ននេះ ដោយសារតែសាលាទ្រុឌទ្រោម ហើយពុំសូវឃើញគ្រួមកបង្រៀន សិស្សមួយចំនួនដែលគ្រួសារមានជីវភាពសមរម្យ ពួកគេបានបញ្ជូនកូនទៅរៀននៅភូមិផ្សេងទៀត ស្ថិតក្នុងឃុំសុចិត្រ ព្រោះនៅទីនោះមានសាលាបឋមសិក្សា រហូតដល់អនុវិទ្យាល័យ ហើយមានគ្រូបង្រៀនទៀងទាត់។
ទោះយ៉ាងណា លោកថា នៅទីនោះឆ្ងាយពីភូមិរំចេក ដល់ជាង ១២គីឡូ ហើយជុំវិញផ្លូវពោរពេញដោយចម្ការស្វាយចន្ទី និងព្រៃឈើ ដែលធ្វើឱ្យគ្រួសារខ្លះពុំមានលទ្ធភាពបញ្ជូនកូនទៅរៀនបានទេ ហើយអាណាព្យាបាលភាគច្រើន សម្រេចឱ្យកូនឈប់រៀនទាំងវ័យក្មេង។ លោក ប្រាក់ រូន អះអាងថា ទោះបីជាករណីនេះ ប្រជាពលរដ្ឋតែងតែទូចឱ្យអាជ្ញាធរពាក់ព័ន្ធជួយសាងសង់សាលាថ្មី និងរកគ្រូមកបង្រៀនឱ្យបានទៀងទាត់ក៏ដោយ តែអាជ្ញាធរពុំអើពើឡើយ។
លោក ប្រាក់ រូន៖ «បើចុះជួយដូចជាសាលាថ្មអ៊ីទៅ អាចមានគ្រូបង្រៀនដិតដល់ ហើយក្មេងៗអាចចូលរៀនវិញ។ នេះវាខុសគ្រូជួនកាលរៀន១ថ្ងៃ បាត់កន្លះខែទាំងកូនខ្ញុំកូនអ៊ី រាល់ថ្ងៃឈប់រៀននៅនេះអស់ទៅរៀននៅខាង៩០។ ខ្ញុំសូមសំណូមពរឱ្យខាងមេភូមិ ខាងឃុំជួយដាស់តឿនគ្រូឱ្យបានបង្រៀនទៀងទាត់ឱ្យសិស្សបានគ្រប់ពេល»។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិរំចេក និងភូមិអូរក្រញូង ស្រុកសណ្ដាន់ ជាង២០០គ្រួសារ ភាគច្រើនជាអ្នកធ្វើស្រែចម្ការដាំឡូង និងស្វាយចន្ទី លក់យកប្រាក់ដើម្បីចិញ្ចឹមជីវិត។ ពួកគាត់លើកឡើងថា ជារៀងរាល់ឆ្នាំ ភូមិ២នេះ ពុំដែលមានកុមារ ឬយុវជនអាចបន្តការសិក្សាបានថ្នាក់ខ្ពស់ រហូតដល់ថ្នាក់វិទ្យាល័យនោះទេ ភាគច្រើនក្មេងៗទាំងនោះ រៀនបានត្រឹមតែថ្នាក់បឋមសិក្សា ដោយសារតែគ្រួសារមានជីវភាពខ្វះខាត ហើយកង្វះសាលារៀន និងគ្រូបង្រៀនមិនបានដិតដល់។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងនាយកសាលាបឋមសិក្សារំចេក និងអភិបាលស្រុកសណ្ដាន់ លោក អ៊ុក វណ្ណារ៉ា បានទេ នៅថ្ងៃទី១៤ ខែកញ្ញា ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ចំណែកអនុភូមិរំចេកស្រុកសណ្ដាន់ លោក ពោត យ៉ា លើកឡើងថា បញ្ហាកង្វះអគារសាលាបឋមសិក្សា និងខ្វះគ្រូបង្រៀននេះ លោកបានស្នើអាជ្ញាធរឃុំជាច្រើនលើកហើយ ប៉ុន្តែ មិនមានដំណោះស្រាយនោះទេ ដោយសារតែអាជ្ញាធរគ្មានលុយសម្រាប់សាងសង់សាលាថ្មី និងគ្មានលទ្ធភាពអាចរកគ្រូថ្មីមកបង្រៀនបាន។
លោកបន្តថា ថ្មីៗនេះ អាជ្ញាធរពាក់ព័ន្ធកំពុងតែផ្ដោតលើការសាងសង់ផ្លូវ ជាអាទិភាព ចំណែក សាលាបឋមសិក្សាភូមិរំចេកនេះនឹងចាប់ផ្ដើមសាងសង់ថ្មីនៅឆ្នាំ២០២៥ ដែលជាគម្រោងរបស់អាជ្ញាធរថ្នាក់ខេត្ត។ ទោះយ៉ាងណា លោកថា អាជ្ញាធរពាក់ព័ន្ធមិនទាន់មានផែនការដើម្បីជួសជុលសាលាចាស់នេះ និងស្វែងរកគ្រូថ្មីមកបង្រៀន នៅឡើយទេ។
លោក ពោត យ៉ា៖ «បើយោងទៅតាមខ្ញុំប្រជុំនៅសាលាឃុំ អភិវឌ្ឍន៍តែគម្រោងផ្លូវដូច្នេះហើយសំណើយកជាសាលាវិញ។ សាលាហ្នឹង២០២៥ បាន បាន [សាងសង់] មួយខ្នង តែវាសិស្សវាតិចពេក មួយខ្នងហ្នឹងបានតែ៣បន្ទប់»។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា ករណីកុមារពុំសូវទទួលបានការសិក្សាពេញលេញ ដោយសារតែកង្វះសាលារៀន ឬគ្រូបង្រៀននេះ គឺជាកិច្ចការទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរថ្នាក់មូលដ្ឋាន។ លោកបន្តថា បើសិនបញ្ហានេះអាជ្ញាធរមិនអើពើដោះស្រាយជាបន្ទាន់ទេ គឺជាការរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ ស្ដីពីសិទ្ធិទទួលបានការអប់រំដោយស្មើភាពគ្នា។
លោក យង់ គិមអេង៖ «ជាដំណោះស្រាយក្រសួងអប់រំនិងកីឡាលោកគួរតែទៅពិនិត្យមើលជាក់ស្ដែងថា តើបញ្ហានេះកើតមានពិតប្រាកដដូចការលើកឡើងទេ បើសិនជាមានពិតប្រាកដដូចការលើកឡើង ត្រូវតែមានការដោះស្រាយឱ្យបានទាន់ពេលវេលា ហើយធានាដល់ការអប់រំរបស់កុមារ កុំឱ្យកុមារបន្តបោះបង់ការសិក្សា ហើយអាចធ្វើឱ្យពួកគាត់នឹងប្រថុយប្រថានធ្វើចំណាកស្រុកផ្សេងៗ»។
អង្គការយូនីសេហ្វ (unicef) ដែលធ្វើការលើកកម្ពស់ការអប់រំកុមារនៅកម្ពុជាឱ្យដឹងថា នៅពេលបច្ចុប្បន្ននេះ កុមារនៅតាមជនបទ នៅតែពុំទាន់រៀនទាន់ស្តង់ដារនៃការរៀនសូត្រស្របទៅតាមអាយុរបស់ពួកគេនៅទ្បើយ។ អង្គការនេះថា នៅកម្រិតបឋមសិក្សា មានកុមាររៀនថ្នាក់ទី៣ ជិត ២៥ ភាគរយពុំចេះសរសេរសូម្បីតែពាក្យមួយម៉ាត់នៅក្នុងការសរសេរតាមអាន។ កុមារអាយុពី ៣ ទៅ ៥ឆ្នាំ ត្រឹមតែ ២៧ភាគរយប៉ុណ្ណោះ ដែលមានការអភិវឌ្ឍចំណេះដឹងអក្សរ និងលេខស្របទៅតាមអាយុរបស់ពួកគេ ហើយមានក្មេងជំទង់ ៥៥ភាគរយបោះបង់ចោលការសិក្សា មុនពេលពួកគេមានអាយុ ១៧ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។