កូដករ​ណាហ្គាវើលដ៍ នៅ​តែ​រង​ការ​សម្លុត​ពី​អាជ្ញាធរ​ភ្នំពេញ មិន​ឱ្យ​ទាមទារ​រក​ដំណោះស្រាយ​ពី​ថៅកែ

2022.04.26
Share on WhatsApp
Share on WhatsApp
កូដករ​ណាហ្គាវើលដ៍ នៅ​តែ​រង​ការ​សម្លុត​ពី​អាជ្ញាធរ​ភ្នំពេញ មិន​ឱ្យ​ទាមទារ​រក​ដំណោះស្រាយ​ពី​ថៅកែ
រូបភាពពីពលរដ្ឋ

អាជ្ញាធរ​ចម្រុះ​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ឡោមព័ទ្ធ​កៀង​កូដករ​ណាហ្គាវើលដ៍ (NagaWorld) ជាង ១០០នាក់​ទាំង​កណ្ដាល​ភ្លៀង និង​ស្រែក​សម្លុត​ឱ្យ​កូដករ​ឡើង​រថយន្ត ក្នុង​ពេល​ដែល​ពួកគាត់​បាន​ព្យាយាម​ឈរ​នៅ​ក្បែរ​អគារ​ក្រុមហ៊ុន ដើម្បី​ទាមទារ​ដំណោះស្រាយ​ពី​ថៅកែ​នៅ​ថ្ងៃ​ទី២៦​មេសា។

កូដករ និង​ជា​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ម្នាក់​កញ្ញា ឡាយ សុភ័ក្ត្រា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កញ្ញា​សោកស្ដាយ​ដែល​អាជ្ញាធរ នៅ​តែ​ព្យាយាម​ការពារ​ក្រុមហ៊ុន​ដែល​កំពុង​រំលោភ​សិទ្ធ​កម្មករ​ខ្មែរ។ កញ្ញា​រិះគន់​ចំណាត់​ការ​អាជ្ញាធរ ដែល​ដឹក​កូដករ​ទម្លាក់​នៅ​តំបន់​ជាយ​ក្រុង​ភ្នំពេញ​ស្ទើរ​រៀង​រាល់​ថ្ងៃ​នេះ​ថា គ្រាន់​ជា​លេស​គេច​វេះ​ពី​ការ​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​តែ​ប៉ុណ្ណោះ៖ «អយុត្តិធម៌​ណាស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ធ្វើ​បាប​ប្រជាពលរដ្ឋ​ខ្មែរ។ បង​ប្អូន​អើយមាន​បញ្ហា​អី​មិន​បាច់​ពឹង​អាជ្ញាធរ​ស្រុក​ខ្មែរ​ទេ។ កាត់​ពន្ធ​ពី​ប្រជាជន​រាល់​ខែ ប៉ុន្តែ​មិន​បម្រើ​ប្រជាជន​ទេ តែ​បម្រើ​ជន​បរទេស។ក្រុមហ៊ុន​ណាហ្គាវើលដ៍​ជិះជាន់​លើ​កម្លាំង​បុគ្គលិក និង​រំលោភ​ច្បាប់​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន​មាន​ចេតនា​រំលាយ​សហជីព​ធ្វើ​បាប​ពួក​ខ្ញុំ​ជា​កូដករ​ខ្លាំង​ណាស់»

ជា​មួយ​គ្នា​នេះ ក្រុម​សហជីព​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ជា​បន្ត​បន្ទាប់ ថ្កោល​ទោស​ចំពោះ​ទង្វើ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ដែល​បាន​ប្រើ​អំពើ​ហិង្សា និង​ការ​បៀតបៀន​កេរ្តិ៍​ខ្មាស​លើ​កូដករ​ដែល​ភាគ​ច្រើន​ជា​ស្ត្រី​ដែល​កំពុង​ទាមទារ​សិទ្ធ​សេរីភាព​ការងារ។ កាល​ពី​ថ្ងៃ​ទី២១ មេសា ក្រុម​សហជីព​ឱ្យ​ដឹង​ថា​ មាន​កូដករ​ជា​ស្ត្រី​ម្នាក់​បាន​រង​ការ​ប្រើ​អំពើ​ហិង្សា​ ដោយ​ក្រុម​អាជ្ញាធរ​បាន​ទាត់​ធាក់​ដល់​ក្នុង​រថយន្ត​ក្រុង​បណ្ដាល​ឱ្យ​រង​របួស។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​រិះគន់​អាជ្ញាធរ​ថា កំពុង​តែ​អនុវត្ត​តួនាទី​ផ្ទុយ​ពី​ច្បាប់​ និង​បាន​រំលោភ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ក្រុម​កូដករ ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​ទាមទារ​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ និង​ក្រុម​សហជីព បន្ត​អំពាវ​នាវ​ដល់​អាជ្ញាធរ​ឱ្យ​បញ្ឈប់​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ក្រុម​កូដករ​ និង​ត្រូវ​ជំរុញ​ឱ្យ​ភាគី​ក្រុមហ៊ុន​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ដោយ​ភាព​យុត្តិធម៌។

ក្រុម​កូដករ​ប្រកាន់​ជំហរ​ថា​ ពួកគាត់​នឹង​នៅ​តែ​បន្ត​ចេញ​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​បញ្ឈប់​ការ​រើស​អើង​សហជីព​ និង​ទាមទារ​ឱ្យ​ថៅកែ​ទទួល​យក​កម្មករ​ដែល​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​ទាំង​អយុត្តិធម៌ ឱ្យ​ពួកគាត់​បាន​ចូល​បម្រើ​ការងារ​វិញ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។