ពលរដ្ឋ​​រិះគន់​មន្ត្រី​សាឡាង​អ្នក​លឿង​ថា​យក​លុយ​ពី​អ្នក​ដំណើរ​ថ្ងៃ​បុណ្យ​ខ្ពស់

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ស្រុក​មេសាង​ ​ធ្វើ​ដំណើរ​​តាម​ផ្លូវ​ជាតិ​លេខ​១​ ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រៃវែង ចោទ​ប្រកាន់​មន្ត្រី​ប្រចាំការ​​​សាឡាង​​នៅ​កំពង់ចម្លង​អ្នក​លឿង​ថា បាន​យក​លុយ​ពី​អ្នក​ដំណើរ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​​ខ្ពស់​ហួស​ហេតុ ខុស​ពី​ថ្ងៃ​ធម្មតា។ ពួកគាត់​បញ្ជាក់​ថា តម្លៃ​សំបុត្រ​ម៉ូតូ​ឆ្លង​សាឡាង​មួយ​គ្រឿង​ឡើង​ដល់​ ១​ពាន់​រៀល ហើយ​ប្រសិនបើ​​នរណា​រឹង​រូស​មិន​ព្រម​​ឲ្យ នឹង​មិន​បាន​ឆ្លង​សាឡាង​ឡើយ។ ប៉ុន្តែ​មន្ត្រី​សាឡាង​អ្នក​លឿង​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

​​​​​​​​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ដែល​អះអាង​ថា មន្ត្រី​សាឡាង​អ្នក​លឿង​យក​ប្រាក់​លើស​ចំនួន​កំណត់​សម្ដែង​ការ​មិន​ពេញ​ចិត្ត​​នឹង​ទង្វើ​របស់​មន្ត្រី​ទាំង​នោះ​ឡើយ​ ហើយ​អំពាវនាវ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ និង​មន្ត្រី​ពាក់ព័ន្ធ ចាត់​វិធានការ​ដាក់​ទោសទណ្ឌ​ទៅ​លើ​មន្ត្រី​ខិលខូច​ទាំង​នោះ​ជា​បន្ទាន់។

​អ្នក​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ រស់​នៅ​ឃុំ​ស្វាយជ្រំ ស្រុក​មេសាង ខេត្ត​ព្រៃវែង ម្នាក់ គឺ​លោក ប៊ុត ដារា ថ្លែង​ នៅ​ថ្ងៃ​ទី​២២ ​កញ្ញា ថា​ លោក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​មួយ​ពី​ភ្នំពេញ ត្រឡប់​ទៅ​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង ដើម្បី​ទៅ​ធ្វើ​បុណ្យ​ជួបជុំ​បង​ប្អូន​ឲ្យ​សប្បាយ​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​​បុណ្យ​ភ្ជុំ​បិណ្ឌ។

លោក​បន្ត​ថា ក្នុង​ការ​ធ្វើ​ដំណើរ​នេះ​ រង់ចាំ​ឆ្លង​សាឡាង​អស់​ជា​ច្រើន​ម៉ោង​ជា​ការ​លំបាក​មួយ​ទៅ​ហើយ​ ប៉ុន្តែ​អ្វី​ដែល​នឹក​ស្នាន​មិន​ដល់​បន្ថែម​បន្ទុក​មួយ​ទៀត​នោះ​ គឺ​មន្ត្រី​ប្រចាំ​ការ​នៅ​សាឡាង​អ្នក​លឿង ថា​បាន​យក​លុយ​ម៉ូតូ​មួយ​គ្រឿង​ ១​ពាន់​រៀល​ពី​អ្នក​ធ្វើ​ដំណើរ​ដែល​ជា​តម្លៃ​មួយ​ខ្ពស់​ហួសហេតុ​ ខុស​ពី​ការ​កំណត់។

លោក​ថា​ អ្នក​ធ្វើ​ដំណើរ​រអ៊ូរទាំ​ស្ទើរ​គ្រប់​គ្នា ប៉ុន្តែ​គ្មាន​ជម្រើស ព្រោះ​បើ​តវ៉ា​ខ្លាច​​មន្ត្រី​ទាំង​នោះ​បណ្ដេញ​មិន​ឲ្យ​ឆ្លង​សាឡាង៖ «បើ​សិន​បើ​រដ្ឋាភិបាល​ចង់​បំបាត់​ មិន​ចាំ​ដាក់​ភ្នាក់ងារ​ទៅ​នាំ​អស់​ថ្លៃ​ប្រាក់​ខែ​ឈ្នួល​ទេ។ ដាក់​តែ​មីក្រូ​មួយ​ប្រកាស​តម្លៃ​ភាព​ជាក់​ស្ដែង​ឲ្យ​ប្រជាពលរដ្ឋ​ដឹង​ថា​ ម៉ូតូ​មួយ​អស់​ប៉ុន្មាន​ កង់​បី​មួយ​អស់​ប៉ុន្មាន​ ឡាន​មួយ​អស់​ប៉ុន្មាន? ពី​ចំនួន​កៅអី​ហ្នឹង​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ឮ។ប្រជាពលរដ្ឋ​មក​ដល់​ឮ ​ង់​ប៉ុណ្ណឹងៗ អ៊ីចឹង​អំពើ​ពុករលួយ​វា​បាត់​ខ្លះ​ហើយ ហើយ​ទី​មួយ​ទៀត​ បើ​ចង់​បាន​ព័ត៌មាន​ជាក់​ស្ដែង​ដូច​ខ្ញុំ​និយាយ​ហ្នឹង​ គឺ​យក​តែ​កាមេរ៉ា​កញ្ចាស់​មួយ​មក​ទៅ​ថត​នៅ​មុខ​នឹង​តុ​ហ្នឹង​ក៏​ឃើញ​ដែរ ទិដ្ឋភាព​ជាក់​ស្ដែង​យក​លុយ​ប្រជាពលរដ្ឋ​ហ្នឹង»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​ មន្ត្រី​ប្រចាំ​ការ​នៅ​កំពង់ចម្លង​អ្នក​លឿង ឈ្មោះ​ លោក អាន មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ គ្មាន​មន្ត្រី​ប្រចាំ​ការ​នៅ​សាឡាង​អ្នក​លឿង​ណា​ម្នាក់​ថ្លើម​ធំ​ពាសមេឃ​ហ៊ាន​យក​លុយ​ពី​អ្នក​ដំណើរ​ខ្ពស់​ខុស​ប្រក្រតី​ក្នុង​រដូវ​បុណ្យ​ទាន​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

លោក​ថា​ ក្នុង​ថ្ងៃ​បុណ្យ​ជាតិ​សំខាន់​បែប​នេះ​ មាន​តែ​ការ​ជួយ​សម្រួល​ដើម្បី​សុវត្ថិភាព​​របស់​អ្នក​ដំណើរ​ទៅ​វិញ​ទេ៖ «អូ! អត់​ទេ​បង! អត់​មាន​ទេ​ តាំង​ពី​ហ្នឹង​មក​អត់​មាន​ទេ តាំង​គេ​ឲ្យ​លុយ​ម៉ូតូ​លុយ​អី​គ្នា​មិន​ហ៊ាន​យក​ទៀត​ណោះ។ មាន​ម៉ូតូ​ខ្លះ​ឆ្លង​អត់​ទាំង​យក​សំបុត្រ​ទៀត​ណោះ​ អា​ហ្នឹង​ខ្ញុំ​អ្នក​ប្រឈម​មុខ​ផ្ទាល់​តែម្ដង​បាទ! មាន​អ៊ីចេះ​បង មាន​ទៅ​តាម​ម៉ូតូ​ខ្លះ​មក​ខក​អី​អ៊ីចឹង កាត់​តាម​អា​ដែង​ផ្លូវ​តាម​មុខ​ផ្ទះ​គេ​អ៊ីចឹង គេ​ដាក់​យក​លុយ។ អ៊ីចឹង​ម៉ូតូ​មួយ​មិន​តែ​ ១.០០០​ទេ​ មាន ២​ពាន់ ៥​ពាន់​ទេ​ណោះ»

​​​​​​​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ អ្នក​ធ្វើ​ដំណើរ​ក៏​នៅ​តែ​អះអាង​ថា​ មន្ត្រី​ប្រចាំ​ការ​នៅ​សាឡាង​អ្នក​លឿង​ មិន​ត្រឹម​តែ​យក​តម្លៃ​លើស​ពី​ការ​កំណត់​ប៉ុណ្ណោះ​​ទេ។ ជាង​នេះ​ទៅ មន្ត្រី​ទាំង​នោះ​ថែម​ទាំង​ផ្ដល់​អាទិភាព​ឲ្យ​​រថយន្ត​ទំនើបៗ​ណា​ដែល​បង់​លុយ​ក្រៅ​សេវា​បាន​ឆ្លង​សាឡាង​ទៅ​មុន​យ៉ាង​ងាយ​ស្រួល។

តារាង​កំណត់​តម្លៃ​ឆ្លង​សាឡាង​​ បិទ​នៅ​ជញ្ជាំង​​ក្បែរ​កន្លែង​លក់​សំបុត្រ​កំណត់ ​អ្នក​ថ្មើរ​ជើង​​ម្នាក់ ១០០​រៀល ម៉ូតូ​មួយ​គ្រឿង ៥០០​រៀល​ រថយន្ត​ធុន​តូច​ ៥.៨០០​រៀល​ រថយន្ត​ចាប់​ពី ​៦ ទៅ ១២​កៅអី ៨.៥០០​រៀល ​ពី ១៣ ទៅ​ ២០​កៅអី​ តម្លៃ ១២.៦០០​រៀល​ និង​រថយន្ត​ចាប់​ពី ២១​កៅអី​ឡើង​ទៅ​ តម្លៃ​សំបុត្រ ២៣.៦០០​រៀល​ក្នុង​មួយ​គ្រឿង។ទោះ​ជា​នេះ​ក្ដី ការ​អនុវត្ត​ជាក់​ស្ដែង​នៅ​ថ្ងៃ​ធម្មតា​មិន​ដូច​តម្លៃ​ក្នុង​​តារាង​កំណត់​ឡើយ​ គឺ​ជា​ទូទៅ​អ្នក​លក់​សំបុត្រ​យក​តម្លៃ​ពី​អ្នក​ធ្វើ​ដំណើរ​​ម៉ូតូ​មួយ​គ្រឿង​ ៧០០​រៀល​ជា​ប្រចាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។