សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ឱ្យ​មាន​ភាព​សុក្រឹត​ជៀសវាង​ប្រើ​ច្បាប់​ដើម្បី​កេងប្រវ័ញ្ច​ពលរដ្ឋ

ដោយ ជាតិ ចំណាន
2023.09.24
សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ឱ្យ​មាន​ភាព​សុក្រឹត​ជៀសវាង​ប្រើ​ច្បាប់​ដើម្បី​កេងប្រវ័ញ្ច​ពលរដ្ឋ ប្រធាន​សមាគមនិស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ (ស្ដាំ)។
រូប៖ ហ្វេសប៊ុកលោក កើត សារ៉ាយ

សង្គម​ស៊ីវិល និង​អ្នកជំនាញ​ចរាចរណ៍ ចង់​ឃើញ​អាជ្ញាធរ​រឹត​បន្តឹង និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ឱ្យ​មាន​ភាពស្មើគ្នា​ទៅ​លើ​ពលរដ្ឋ ដោយ​បញ្ចប់​វប្បធម៌​ទទួល​សំណូក និង​ការប្រើ​ច្បាប់​ដើម្បី​កេងប្រវ័ញ្ច​លើ​ពលរដ្ឋ។ ពួកគាត់​ថា អាជ្ញាធរ​ត្រូវ​មាន​យន្តការ​ជាក់លាក់ និង​បង្កើន​ការ​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​គោរព​ច្បាប់ ដើម្បី​កាត់បន្ថយ​អត្រា​អ្នក​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ប្រកបដោយ​ប្រសិទ្ធភាព។

ភាព​ធូររលុង​នៃ​ការ​រឹត​បន្តឹង​ច្បាប់ និង​ការ​អនុវត្ត​ខ្វះ​អព្យាក្រឹតភាព​របស់​អាជ្ញាធរ​ជា​មូលហេតុ​សំខាន់​មួយ​ក្នុង​ចំណោម​មូលហេតុ​ដទៃ​ទៀត ដែល​សង្គម​ស៊ីវិល និង​អ្នកជំនាញ មើលឃើញ​ថា នាំ​ឱ្យ​ពលរដ្ឋ​មិន​សូវ​គោរព​ច្បាប់​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន។

ប្រធាន​សមាគមនិស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៣ ខែ​កញ្ញា ថា រដ្ឋាភិបាល​គួរ​លុបបំបាត់​អំពើពុករលួយ​ក្នុង​ជួរ​មន្ត្រី​ប៉ូលិស​ចរាចរណ៍ ដែល​តែង​ទទួល​សំណូក និង​ប្រើ​ច្បាប់​គាបសង្កត់​លើ​ជន​គ្មាន​កំហុស ដែល​នាំ​ឱ្យ​ពលរដ្ឋ​លែង​គោរព​ច្បាប់ និង​តែងតែ​យក​លុយ​មក​ដោះស្រាយ​នៅពេល​មាន​បញ្ហា​រហូត​ក្លាយជា​ទម្លាប់​។ ជាមួយ​គ្នា​នេះ លោក​ថា រដ្ឋាភិបាល​គួរ​មាន​យន្តការ បង្កើន​ការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​តាម​ដងផ្លូវ ឱ្យ​ច្រើនជាង​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង និង​រឹត​បន្តឹង​លើ​ជនល្មើស​ដែល​បង្ក​គ្រោះ​ថ្នាក់លើ​ដងផ្លូវ ដើម្បី​ឱ្យ​ពលរដ្ឋ​ចូលរួម​គោរព​ច្បាប់។

លោក កើត សារ៉ាយ៖ «អំពើពុករលួយ គឺជា​ប្រភព​ដែល​ធ្វើ​ឱ្យ​មនុស្ស​មាន​អារម្មណ៍​ថា មាន​លុយ​អាច​ដោះស្រាយ​អ្វី​បាន មាន​លុយ​គឺ​អាច​កែ​ច្បាប់​បាន។ អាហ្នឹង​ហើយ​ដែល​ធ្វើ​ឱ្យ​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​វា​អត់​មាន​ប្រសិទ្ធភាព អត់​មាន​តម្លាភាព​។ ដើម្បី​ឱ្យ​វា យើង​គ្រាន់តែ​ផ្លាស់ប្ដូរ​មក គឺ​រៀបចំ​ការ​អនុវត្ត​ច្បាប់ មិន​ថា​អ្នកមាន​អ្នកក្រ​ទេ ប្រព្រឹត្ត​បទល្មើស​នៅ​លើ​ដងផ្លូវ គឺ​ត្រូវ​អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង យ៉ាង​តឹងតែង​ជាមួយ។ ទោះ​បើ​ក្នុង​លក្ខខណ្ឌ​ធូរស្រាល អាច​អនុគ្រោះ​ដោយ​ការ​យក​ទៅ​អប់រំ យក​ទៅ​ទូន្មាន។ តែបើ​ក្នុង​លក្ខខណ្ឌ​ធ្ងន់ធ្ងរ ដូចជា​បុក​ស្លាប់​ជាដើម (​អាជ្ញាធរ​)​គឺ​ត្រូវ​អនុវត្ត​អនុលោម​ទៅ​តាម​ច្បាប់»

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កាលពី​ថ្ងៃទី​១៤ ខែកញ្ញា បាន​ប្រកាស​ឱ្យ​មន្ត្រី​នគរបាល​ចរាចរណ៍ រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ និង​ធ្វើ​ការ​ចាប់​ផាកពិន័យ​ដល់​អ្នកប្រើប្រាស់​ផ្លូវ ដែល​បើកបរ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក។

មាត្រា ៦​ថ្មី នៃ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក កំណត់​តម្លៃ​ផាកពិន័យ​ចំពោះ​អ្នកបើកបរ​ទោចក្រយានយន្ត ចាប់ពី​ទោចក្រយានយន្ត​សណ្ដោង​រ៉ឺម៉ក និង​ត្រីចក្រយានយន្ត​មិន​ពាក់មួក​សុវត្ថិភាព ឬ​ពាក់​មិន​ត្រូវ​ស្តង់ដារ បើកបរ​លើស​ល្បឿន​កំណត់ ដឹក​អ្នកដំណើរ​លើស​ចំណុះ បើកបរ​មិន​គោរព​សញ្ញា​បញ្ជា​ចរាចរណ៍ និង​បើកបរ​ដោយ​គ្មាន​កញ្ចក់​មើល​ក្រោយ ត្រូវ​ពិន័យ ៦​ម៉ឺន​រៀល​។ ចំពោះ​អ្នកបើកបរ​ប្រើ​ទូរស័ព្ទ ត្រូវ​ពិន័យ ៨​ម៉ឺន​រៀល។ ចំពោះ​អ្នកបើកបរ​ដែល​គ្មាន​ប័ណ្ណ​បើកបរ ឬ ផុតកំណត់ គ្មាន​ប័ណ្ណ​សម្គាល់ ឬ​ផ្លាក​លេខ​រលុប ខូចខាត ឬ​គ្មាន​ផ្លាក​លេខ ត្រូវ​ពិន័យ ១២​ម៉ឺន​រៀល​។ ចំពោះ​អ្នកបើកបរ​ប្រណាំង​គ្នា​លើ​ផ្លូវ​សាធារណៈ ត្រូវ​ពិន័យ ១៥​ម៉ឺន​រៀល​។ ចំណែក​អ្នក​បើកបរ​ទាំង​ស្រវឹង​ដែល​មាន​ជាតិ​អាល់កុល ០,២៥ ទៅ ០,៣៩ មីលី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់ ត្រូវ​ពិន័យ ២៥​ម៉ឺន​រៀល។

ទាក់ទិន​រឿង​នេះ អ្នកជំនាញ​ផ្នែក​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍ លោក គង់ រតនៈ យល់​ឃើញ​ថា ដើម្បី​ឱ្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍ កាន់​តែ​មាន​ប្រសិទ្ធភាព លុះត្រាតែ​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ដោយ​លុបបំបាត់​ការ​ទទួល​សំណូក​ពី​ជន​ប្រព្រឹត្តិ​ខុស និង​បង្កើន​ការ​ផ្សព្វផ្សាយ​អប់រំ​សុវត្ថិភាព​ចរាចរណ៍​ទៅ​កាន់​ពលរដ្ឋ។ លោក​បន្ត​ថា ពលរដ្ឋ​គួរ​ចូលរួម​គោរព​ច្បាប់ និង​ឱ្យ​តម្លៃ​ទៅលើ​អាយុជីវិត​អ្នកដទៃ ដោយ​មិន​ត្រូវ​គោរព​ច្បាប់ តែ​នៅ​ពេល​ដែល​អាជ្ញាធរ​ចុះ​មក​រឹត​បន្តឹង​ម្ដងម្កាល​នោះ​ឡើយ។

លោក គង់ រតនៈ៖ «យើង​សំណូមពរ​ឱ្យ​ខាង​សមត្ថកិច្ច​ហ្នឹង រក្សា​វិន័យ​ឱ្យ​ល្អ ហើយ​គោរព​ទៅតាម​បទបញ្ញត្តិ​ច្បាប់​ទៅ ប្រសិនបើ​យើង​ត្រូវតែ​អនុវត្ត​ច្បាប់​។ ប៉ុន្តែ ចំពោះ​លក្ខខណ្ឌ​មួយចំនួន យើង​គួរតែ​មាន​ការយោគយល់ ឬ​ការអនុវត្ត​ច្បាប់​ហ្នឹង ត្រូវ​ឈរ​ទៅលើ​ស្មារតី​ថា ដើម្បី​ឱ្យ​ពួកគាត់​មាន​សុវត្ថិភាព វា​មិនមែន​ជា​ការ​មក​ជំរិត ដើម្បី​ធ្វើ​ឱ្យ​មាន​ផលវិបាក​ជាមួយ​ប្រជាពលរដ្ឋ​នោះ​ទេ»

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បញ្ចេញ​របាយការណ៍​បញ្ជាក់​ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៣ នេះ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស កើតឡើង​សរុប​ចំនួន​ជាង ១​ពាន់ ៥​រយ ករណី (.៥៤៨) ក្នុង​នោះ​គ្រោះថ្នាក់​នៅ​ពេល​យប់ ៥៤​ភាគរយ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ជាង ៧​រយ​នាក់ (៧៥៦) និង​របួស​ជាង ២​ពាន់​នាក់ (២០៧២​នាក់)។ ទោះបី​តួលេខ​នេះ ថយ​ចុះ​៩​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២ តែ​វា​នៅតែ​ស្ថិត​ក្នុង​អត្រា​មួយ​ខ្ពស់​គួរ​ឱ្យ​បារម្ភ ខណៈ​ករណី​គ្រោះថ្នាក់​កើត​មាន​ឡើង​ក្នុង​រូបភាព​កាន់តែ​សាហាវ​ជាង​មុន។

មន្ត្រី​សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល គួរតែ​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់ ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ស្មើភាព លុបបំបាត់​អំពើពុករលួយ ដោយ​ឱ្យ​ជន​បង្ក​ហេតុ​រួចខ្លួន​បន្ទាប់ពី​ផ្ដល់​សំណង​រដ្ឋប្បវេណី និង​រក​វិធី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព បើ​ពុំ​នោះ​ទេ ពលរដ្ឋ​ខ្មែរ​នឹង​បន្ត​បាត់បង់​អាយុជីវិត នៅ​លើ​ដងផ្លូវ​កាន់តែ​ច្រើន​ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។