មន្ត្រីអង្គការសង្គមស៊ីវិល ជំរុញដល់អាជ្ញាធរខេត្តព្រះសីហនុ អនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងលើបញ្ហាអសន្តិសុខសង្គម និងបទល្មើសដែលបានបង្កឡើងដោយជនជាតិចិន។ ពួកគេសង្កេតឃើញថា អាជ្ញាធរមូលដ្ឋានអនុវត្តធូររលុង ស្របពេលដែលមានករណីផ្ទុះអាវុធ និងមានការនាំចូលគ្រឿងញៀនទ្រង់ទាយធំជាបន្តបន្ទាប់ក្នុងខេត្តព្រះសីហនុ។
តំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ ដែលមានឈ្មោះអតីតព្រះមហាក្សត្រខ្មែរផងនោះ ប្រជាពលរដ្ឋមើលឃើញថា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ដូចជា មានអគារស្អេកស្កះរីកដូចផ្សិត តាមរយៈលំហូរជនជាតិចិនមកវិនិយោគ។ ទន្ទឹមការអភិវឌ្ឍក្នុងខេត្តមួយនេះ ត្រូវបានគេមើលឃើញថា ទីក្រុងមាត់សមុទ្រមូយនេះ កំពុងក្លាយជាកន្លែងប្រមូលផ្ដុំបងតូចបងធំ មានអ្នករត់ពន្ធគ្រឿងញៀន អំពើពេស្យាចារ សកម្មភាពចាប់ជម្រិតទារប្រាក់ និងមានការប្រើប្រាស់អាវុធទំនើបៗ បាញ់បោះតាមទីសាធារណៈ រវាងជនជាតិចិននិងជនជាតិចិនឥតស្រាកស្រាន្ត។ ប្រការនេះ សង្គមស៊ីវិលព្រួយបារម្ភថា នឹងធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ម្ចាស់ស្រុករស់នៅភ័យខ្លាច នឹងជះឥទ្ធិពលកាន់តែអាក្រក់មកលើសង្គមកម្ពុជា។
ប្រធានមជ្ឈមណ្ឌលដើម្បីប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍លោក យង់ គឹមអេង សង្កេតឃើញថា បញ្ហាអសន្តិសុខសង្គមក្នុងខេត្តព្រះសីហនុដែលបង្កឡើងដោយជនជាតិចិននៅតែបន្តកើតឡើងឥតឈប់ឈរ។ លោកបន្តថា បើទោះបីអាជ្ញាធរមូលដ្ឋានមានការចុះបង្ក្រាបបទល្មើសគ្រឿងញៀន ការប្រើប្រាស់អាវុធដោយខុសច្បាប់ និងការលួចបើកបនល្បែងតាមប្រព័ន្ធអនឡាញ ក៍ក្រុមជនជាតិចិនហាក់មិនញញឺតនឹងអាជ្ញាធរខ្មែរឡើយ ហើយនៅតែបន្តធ្វើសកម្មភាពបាញ់បោះនៅតាមដងផ្លូវសាធារណៈធ្វើឱ្យពលរដ្ឋព្រួយបារម្ភពវីសុវត្ថិភាព៖ «ការបាញ់បោះដោយមានការប្រើប្រាស់អាវុធនេះជាកង្វល់មួយដែលសាធារណៈជនតែងតែលើកឡើងជាទូទៅ ហើយក៍បានផ្ដល់ឥទ្ធិពលដ៍អាក្រក់សម្រាប់សង្គមខ្មែរដែរ។ មានទាំងបាញ់បោះ គ្រឿងញៀន ប្រព្រឹត្តិអំពើព្រៃផ្សៃ ក្នុងនោះក៍មានការបាញ់តបតជាមួយសមត្ថកិច្ចជាហូរហែពេលដែលចុះបង្ក្រាបកន្លងមក»។
ទោះបីរដ្ឋាភិបាលសម្រេចបិទបនល្បែងកាស៊ីណូអនឡាញ(Online)កាលពីខែសីហា ឆ្នាំ២០១៩ ក្តី ក៏អាជីវកម្មបនល្បែងកាស៊ីណូមួយចំនួននៅតែបើកដំណើរការធម្មតា ចំណែកការជម្រិតទារប្រាក់ពីសំណាក់ជនជាតិចិននៅតែកើតមានឥតថមថយ។ ជាងនេះទៅទៀត កន្លងមកមានក្រុមប្រដាប់អាវុធជនជាតិចិនកាន់កាប់អាវុធសេរីទំនើបៗ បាញ់បោះនៅតាមហាងផឹកស៊ី ដែលធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាច។
កាលពីដើមខែតុលាកន្លងទៅអាជ្ញាធរបានឃាត់ខ្លួនឧក្រិដ្ឋជនចាប់ជំរិតជនជាតិចិនជាច្រើននាក់ និងបានដកហូតអាវុធវែង ខ្លី ចំនួន ៧ ដើមរួមមានកាំភ្លើងម៉ាកអាកា ៤៧ (AK 47) មួយដើម កាំភ្លើងវែងម៉ាក អឹម ហ្វ័រ (M4) មួយដើម កាំភ្លើងខ្លីម៉ាកកា ៥៤ (K54) ពីរដើម កាំភ្លើងខ្លីម៉ាកកា ៥៩ (K59) មួយដើម កាំភ្លើងខ្លីម៉ាកសេអេហ្វ ៩៨ (CF98) មួយដើម និងកាំភ្លើងខ្លីម៉ាករ៉ូឡូមួយដើម ព្រមទាំងគ្រាប់កាំភ្លើងជាច្រើនគ្រាប់។
លោក យង់ គឹមអេង ទាមទារយ៉ាងទទូចដល់រដ្ឋាភិបាលឱ្យមានការស៊ើបអង្កេតឱ្យបានល្អិតល្អន់ដើម្បីសុវត្ថិភាពដល់ប្រជាពលរដ្ឋ។ លោកបន្តថាក្នុងដំណើរការស៊ើបអង្កេតរបស់អាជ្ញាធរនិងក្រសួងពាក់ព័ន្ធត្រូវមានតម្លាភាព រដ្ឋាភិបាលត្រូវវែកមុខរកប្រភពចម្បងអ្នកដែលបានលក់អាវុធឱ្យជនជាតិចិនប្រើប្រាស់ដោយខុសច្បាប់ រួមទាំងមេខ្លោងរត់ពន្ធគ្រឿងញៀនចូលមកកម្ពុជា។ លោកបារម្ភថា សកម្មភាពបទល្មើសរបស់ឧក្រិដ្ឋជនជាតិចិនមកនេះ បើនៅតែបន្តកើតមានទៀតនឹងធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិធ្ងន់ធ្ងរ។
ឆ្លើយតបបញ្ហានេះស្នងការនគរបាលខេត្តព្រះសីហនុលោក ជួន ណារិន ទទួលស្គាល់ថា បទល្មើសភាគច្រើន គឺបង្កឡើងដោយជនជាតិចិន តែលោកអះអាងថាអាជ្ញាធរតែងតែចុះបង្ក្រាបបទល្មើស ដោយឃើញមួយបង្ក្រាបមួយឃើញពីរបង្រ្កាបពីរ។ លោកបន្តថា លោកបានដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធបន្ថែមទៀត ដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ចំណែករឿងក្តីស៊ើបអង្កេតជនល្មើសដែលបានលក់អាវុធឱ្យជនជាតិចិនវិញ លោកប្ដេជ្ញាចិត្តថានឹងស្វែងរកមុខមេខ្លោងដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយបានសហការជាមួយសមត្ថកិច្ចជំនាញនិងព្រះរាជអាជ្ញា៖ «គឺត្រូវតែមាននាយកដ្ឋានជំនាញដើម្បីសហការទាំងលើទាំងក្រោម ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាតាមផ្លូវច្បាប់យើងអត់ទុកចោលទេរឿងនេះ។ ទោះបីជាយើងបង្ក្រាបបានមួយឬពីរ ក៍បើកការស៊ើបសួរជំនួសបន្តមិនឱ្យរលាត់នីតិវិធីទេ»។
របាយការណ៍ស្នងការនគរបាលខេត្តព្រះសីហនុកាលពីឆ្នាំ២០១៩ បង្ហាញថា អាជីវកម្មរួមមាន សណ្ឋាគារ និងផ្ទះសំណាក់ចំនួនជាង១រយកន្លែង (១៥៦) គ្រប់គ្រងដោយជនជាតិចិនចំនួន ១៥០ កន្លែង។ កាស៊ីណូចំនួន ៦២ កន្លែង វិនិយោគដោយជនបរទេស ៤៨ កន្លែង។ ក្លិបកំសាន្ត ខារ៉ាអូខេ ៤១ កន្លែងគ្រប់គ្រងដោយជនជាតិចិន។ ហាងម៉ាស្សាចំនួន ៤៦ កន្លែងគ្រប់គ្រងដោយជនជាតិចិន។ ភោជនីយដ្ឋានជាង ៤រយកន្លែង (៤៣៦) ក្នុងនោះចំនួន ៩៥% គ្រប់គ្រងដោយជនជាតិចិន។
ជុំវិញរឿងនេះអ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុអ្នកស្រី ជ្រៀប សុធារី មានប្រសាសន៍ថា ទោះបីរដ្ឋាភិបាលប្រកាសបិទល្បែងកាស៊ីណូអនឡាញក្នុងឆ្នាំ២០១៩ អ្នកលួចបើកអាជីវកម្មនេះនៅតែកើតមាន ហើយបទល្មើសដែលបង្កឡើងដោយជនជាតិចិននៅកើតមានឡើងជាបន្តបន្ទាប់។ អ្នកស្រីបន្តថា ដើម្បីកុំឱ្យមានការប្រើប្រាស់អាវុធចាញ់បោះដោយសេរីដូចពេលកន្លងមក គឺអាជ្ញាធរត្រូវអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង និងស៊ើបអង្កេតរកមេខ្លោងពាក់ព័ន្ធទាំងអស់មកផ្ដន្ទាទោសតាមច្បាប់៖ «យើងនៅតែមានការព្រួយបារម្ភអញ្ចឹងសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ព្រោះវាមិនមែនជាលើកទីមួយ។ ទោះបីជារដ្ឋាភិបាលប្រកាសឱ្យបិទល្បែងអនឡាញក៍ដោយ ប៉ុន្តែកាស៊ីណូនៅតែដំណើរការលេងចឹងគ្រាន់តែមិនសូវមានភ្ញៀវ។ បទល្មើសក៍នៅតែកើតមានដែរ ព្រោះរាល់ថ្ងៃហ្នឹងការចាញ់វាយគ្នានៅកណ្តាលផ្លូវទីសាធារណៈក៍មានទីប្រជុំជនក៍មាន កណ្តាលយប់កណ្តាលអធ្រាត្រលឺផ្ទុះអាវុធអីហ្នឹងយើងក៍មានការព្រួយបារម្ភដែរ»។
មន្រ្តីសង្គមស៊ីវិលរូបនេះបន្ថែមថា អាជ្ញាធរមូលដ្ឋានអនុវត្តច្បាប់នៅខ្វះចន្លោះប្រហោងច្រើន ដូចជាបណ្តែតបណ្តោយឱ្យមានបនល្បែងកាស៊ីណូអនឡាញមួយចំនួននៅដំណើរការ មានការចាប់ជម្រិត ការជួញដូរគ្រឿងញៀន និងការកាន់កាប់អាវុធខុសច្បាប់ជាដើម។
ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២១ អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនជិត១ម៉ឺននាក់ (៩.៨២៨) និងគ្រឿងញៀនសរុបជាង១ពាន់គីឡូក្រាម (១.០៤៩)។ ក្នុងចំណោមជនសង្ស័យទាំងនោះ មានមនុស្សជាង៦ពាន់នាក់ (៦.០៤៤) ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ហើយមនុស្សជាង៣ពាន់នាក់ (៣.៧៨៤) រួមទាំងជនបរទេសជាង២រយនាក់ទៀត (២១៧) ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។
កាលពីឆ្នាំ២០២០ សមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនជនជាតិចិនជាង ៥០០ (៥២៣)នាក់ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋដែលពួកគេបានប្រព្រឹត្តនៅកម្ពុជា។ សមត្ថកិច្ចឱ្យដឹងថា ជនជាតិចិនដែលត្រូវបានចាប់ខ្លួនភាគច្រើនមានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឃាតកម្ម ចាប់ជំរិតទារប្រាក់ អំពើហិង្សា ឆបោក ចោរកម្ម រត់ពន្ធថ្នាំញៀន និងការប្រើប្រាស់អាវុធខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។