ក្រុមយុវជន និងមន្ត្រីសង្គមស៊ីវិល ទាមទារដល់រដ្ឋាភិបាលស៊ើបអង្កេតម្ចាស់រថយន្តដែលបំពាក់ស្លាកលេខខេមរភូមិន្ទដឹកគ្រឿងញៀនជាង ២០០គីឡូក្រាម។ អាជ្ញាធរជាន់ខ្ពស់ផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនអះអាងថា រថយន្តដែលពាក់ស្លាកលេខ ខ.ម ដឹកគ្រឿងញៀនហើយបានជួបគ្រោះថ្នាក់ចរាចរណ៍នោះ គឺជនល្មើសបម្រុងដឹកគ្រឿងញៀនចាកចេញពីកម្ពុជាឆ្លងដែនទៅប្រទេសវៀតណាម។
ក្រុមយុវជន និងមន្ត្រីសង្គមស៊ីវិល លើកឡើងថា មូលហេតុដែលបណ្ដាលឱ្យកើតមានឧក្រិដ្ឋកម្មគ្រឿងញៀននៅកម្ពុជា ហើយសមត្ថកិច្ចបង្ក្រាបមិនចេះចប់មិនចេះហើយនោះ គឺដោយសារតែមានមន្ត្រីអាជ្ញាធរមួយចំនួនប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធក្នុងការឃុបឃិតគ្នាជាមួយក្រុមឧក្រិដ្ឋជនដែលបើករោងចក្រផលិត និងជួញដូរគ្រឿងញៀននៅកម្ពុជា។
មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៥ ខែវិច្ឆិកា ថា ការចរាចរគ្រឿងញៀននៅកម្ពុជាសព្វថ្ងៃនេះ ប្រសិនបើគ្មានមន្ត្រីអាជ្ញាធររដ្ឋាភិបាល និងក្រុមឧកញ៉ាមួយចំនួនជាប់ពាក់ព័ន្ធនឹងមុខរបរបែបឧក្រិដ្ឋនេះ នោះសមត្ថកិច្ចអាចនឹងទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។ លោកព្រួយបារម្ភថា បើរដ្ឋាភិបាល និងស្ថាប័នដែលមានតួនាទីក្នុងការអនុវត្តច្បាប់នៅតែបន្តពង្រឹងអំពើនិទណ្ឌភាព ពោលគឺគ្មានការស៊ើបអង្កេតលើមន្ត្រីដែលពាក់ព័ន្ធ លំហូរគ្រឿងញៀននឹងបន្តរីកសាយភាយក្នុងសង្គមកម្ពុជាកាន់តែខ្លាំង ដែលជាហេតុធ្វើឱ្យកើតមានបញ្ហាអសន្តិសុខសង្គម ជាពិសេសយុវជនជំនាន់ក្រោយប្រឈមរងផលប៉ះពាល់ធ្ងន់ធ្ងរ។
លោក អូត ឡាទីន ជំរុញរដ្ឋាភិបាល លោក ហ៊ុន សែន និងស្ថាប័នតុលាការ ស៊ើបអង្កេតមន្ត្រីអាជ្ញាធរដែលពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ហើយត្រូវដាក់ទោសពួកគេឱ្យបានធ្ងន់ធ្ងរតាមផ្លូវច្បាប់ ដូចដែលរដ្ឋាភិបាល និងតុលាការដាក់ទោសលើសកម្មជនដែលឈឺឆ្អាលនឹងបញ្ហាសង្គមនោះដែរ៖
«នៅពេលដែលបញ្ហាគ្រឿងញៀនវាជាប់ពាក់ព័ន្ធមន្ត្រីមួយចំនួនក្នុងជួររដ្ឋាភិបាល ហើយសុទ្ធតែមន្ត្រីដែលមានតួនាទីធំៗ ធ្វើឱ្យបញ្ហាគ្រឿងញៀននេះ យើងពិបាកក្នុងការទប់ស្កាត់មែនទែន។ បញ្ហានេះវាអាចជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ ឃុបឃិតគ្នាជាប្រព័ន្ធអាចមានទំនាក់ទំនងជាមួយជនបរទេសមករស់នៅក្នុងប្រទេសកម្ពុជាទៅទៀត។ ប្រសិនបើយើងចង់ដោះស្រាយបញ្ហាគ្រឿងញៀននេះ យើងត្រូវលុបបំបាត់អំពើពុករលួយ ហើយមួយទៀត ត្រូវធ្វើការអនុវត្តច្បាប់ចំពោះមន្ត្រីណា ដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀននេះ ដាក់ទោសឱ្យបានធ្ងន់ធ្ងរតែម្ដង»។
ប្រតិកម្មរបស់យុវជនបែបនេះ កើតឡើងបន្ទាប់ពីសមត្ថកិច្ចរាជធានីភ្នំពេញកាលពីថ្ងៃទី១៣ ខែវិច្ឆិកា បានរឹបអូសរថយន្តមួយគ្រឿងបំពាក់ស្លាកលេខខេមរភូមិន្ទ ០២-១៤១៥ ស្ថិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រោយមកទៀត សមត្ថកិច្ចក៏បានបន្តឆែកឆេរក្នុងរថយន្តបំពាក់ស្លាកលេខខេមរភូមិន្ទនេះ ដោយរឹបអូសគ្រឿងញៀនប្រមាណជាង ២រយគីឡូក្រាម (២០០)។
អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកប្រឆាំងបទល្មើសគ្រឿងញៀន លោក ម៉ក់ ជីតូ ប្រាប់វិទ្យុអាស៊ីសេរីថា គ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបានជាប្រភេទមេតំហ្វេតាមីន (ICE) ដែលឧក្រិដ្ឋជនអាចនឹងបម្រុងដឹកចាកចេញពីកម្ពុជាឆ្លងដែននៅប្រទេសវៀតណាម។ លោកអះអាងថា សមត្ថកិច្ចកំពុងបន្តការស៊ើបអង្កេត ដោយសារតែបន្ទាប់ពីកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរនោះម្ចាស់រថយន្តស្លាកលេខខេមរភូមិន្ទបានរត់គេចខ្លួនភ្លាមៗ៖
«អាចចេញពីភ្នំពេញទៅហើយតាមមើល។ ប៉ុន ប្រភពដើមចេញពីឡាវ យើងមិនទាន់ដឹងច្បាស់ទេ កំពុងធ្វើការស៊ើបអង្កេត ព្រោះថាគ្រឿងញៀន មេតំហ្វេតាមីន(ICE)នៅយើងអត់មានទេ មានតែឆ្លងពីឡាវមក»។
ទាក់ទងនឹងរឿងនេះដែរ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បញ្ជាក់ថា មកទល់នឹងពេលនេះសមត្ថកិច្ចមិនទាន់អាចកំណត់អត្តសញ្ញាណម្ចាស់រថយន្តដែលមានផ្ទុកគ្រឿងញៀនបាននៅឡើយទេ។ លោកអះអាងថា សមត្ថកិច្ចក៏បានត្រួតពិនិត្យស្លាកលេខរថយន្តដឹកជញ្ជូនគ្រឿងញៀនក្នុងប្រព័ន្ធគ្រប់គ្រង (System) របស់ក្រសួងមហាផ្ទៃដែរ ក៏ប៉ុន្តែលោកថា ពុំមានការបញ្ជាក់ថា អ្នកដែលដឹកគ្រឿងញៀននោះជាមន្ត្រីយោធា ឬកងទ័ពនោះទេ៖
«អត់ទាន់កំណត់បានអត្តសញ្ញាណថា បុគ្គលហ្នឹងជានរណាដែរ។ បន្ទាប់ពីយើងឆែក(Check)មើលទៅស្លាកលេខហ្នឹង អត់មានក្នុងSystem (ប្រព័ន្ធគ្រប់គ្រង)ពាក់ព័ន្ធខាងក្រសួងការពារជាតិនោះទេ។ អ៊ីចឹងមានន័យថា ស្លាកលេខហ្នឹង ជាស្លាកលេខក្លែងក្លាយ។ ឥឡូវសមត្ថកិច្ច យើងកំពុងធ្វើការស្រាវជ្រាវបន្ថែម ថាតើបុគ្គលជាបើកឡានជានរណា?អ៊ីចឹង ឥឡូវកម្លាំងជំនាញកំពុងតែសហការធ្វើការ លើករណីហ្នឹង»។
ទោះជាយ៉ាងណា អ្នកឃ្លាំមើល យល់ថា ករណីរថយន្តពាក់ស្លាកលេខ ខ.ម ដឹកគ្រឿងញៀននេះ គឺជារបស់មន្ត្រីយោធាជាន់ខ្ពស់ណាម្នាក់ ឬមានការឃុបឃិតគ្នាជាមួយនឹងមន្ត្រីយោធាខ្ពស់ ព្រោះមនុស្សសាមញ្ញ មិនអាចមានលទ្ធភាពប្រើប្រាស់រថយន្តពាក់ស្លាកលេខពិសេសនេះ ដើម្បីប្រព្រឹត្តអំពើខុសច្បាប់បានឡើយ។ កន្លងមក ក៏មានករណីមន្ត្រីអនុវត្តច្បាប់មួយចំនួន ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនដែរ។ លើសពីនេះ ករណីរថយន្តពាក់ស្លាកលេខ ខ.ម សម្រាប់យោធានេះ ត្រូវបានគេប្រើប្រាស់ជាមធ្យោបាយខុសច្បាប់នេះ មិនមែនជារឿងថ្មីឡើយ ដូចជាការលួចដឹក ឈើ និងគេចបង់ពន្ធចូលរដ្ឋជាដើម។
កម្ពុជានារយៈពេលចុងក្រោយនេះ ហាក់កំពុងរងការញ៉មញីយ៉ាងខ្លាំងពីលំហូរគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់តាមរយៈក្រុមឧក្រិដ្ឋជនជនជាតិចិនដែលបើករោងចក្រផលិតគ្រឿងញៀន និងដឹកគ្រឿងញៀនឆ្លងដែនចូលកម្ពុជា។ អាជ្ញាធរ បានបង្ក្រាបទ្រង់ទ្រាយធំជាបន្តបន្ទាប់ដោយរឹបអូសគ្រឿងញៀនម្តងៗ រាប់រយតោន ហើយថែមរកឃើញទីតាំងក្រុមឧក្រិដ្ឋជនបើករោងសិប្បកម្មគ្រឿងញៀនថែមទៀតផង។ មិនតែប៉ុណ្ណោះ ក្នុងប្រតិបត្តិការបង្ក្រាបខ្លះ ក្រុមឧក្រិដ្ឋជនបានដកកាំភ្លើងបាញ់តដៃជាមួយសមត្ថកិច្ចថែមទៀតផង។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center) លោក យង់ គិមអេង ព្រួយបារម្ភអំពីកំណើនគ្រឿងញៀននៅកម្ពុជា ខណៈរថយន្តដឹកជញ្ជូនគ្រឿងញៀនបំពាក់ស្លាកលេខខេមរភូមិន្ទ។ លោក លើកឡើងថា បើអាជ្ញាធរនៅតែបន្តប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ដោយគ្មានស្ថាប័នណាស៊ើបអង្កេត ដើម្បីយកពួកគេឱ្យទទួលទោសតាមច្បាប់នោះ លំហូរគ្រឿងញៀននៅកម្ពុជានឹងមិនអាចថមថយឡើយ៖
«មានព្រឹត្តិការណ៍គ្រោះថ្នាក់ក្រឡាប់ឡាន ឃើញគ្រឿងញៀនអ៊ីចឹងហើយ គឺត្រូវតែស្វែងរកចាប់ជនល្មើសជួញដូរគ្រឿងញៀនឱ្យបាន ដើម្បីយកមកផ្ដន្ទាទោស មិនអាចបន្ធូរបន្ថយ ឬពន្យារពេលក្នុងការនាំខ្លួន ក្នុងការចាប់ខ្លួនជនល្មើសយកមកកាត់ទោសបានទេ។ នេះជារឿងមួយសំខាន់ ព្រោះវាបង្កមហន្តរាយ វាបង្កវិនាសកម្ម យ៉ាងធ្ងន់ធ្ងរទៅដល់សង្គមជាតិយើងបាទ»។
កន្លងមក ពលរដ្ឋ និងសង្គមស៊ីវិល សង្កេតឃើញថា ការអនុវត្តច្បាប់បង្ក្រាបបទល្មើសគ្រឿងញៀន មានភាពធូររលុង និងមានអំពើពុករលួយ ដោយភាគច្រើន អាជ្ញាធរ បង្ក្រាបបានតែអ្នកជួញដូរ និងប្រើប្រាស់តូចតាច ប៉ុន្តែកម្របង្ក្រាបបានមេខ្លោងធំៗ។ ជាក់ស្ដែង ម្ចាស់មជ្ឈមណ្ឌលកម្សាន្តរ៉ក់ (Rock )និងត្រូវជាបងប្រុសឧកញ៉ា គិត ម៉េង គឺឧកញ៉ា គិត ធាង ដែលជាមេខ្លោងចែកចាយគ្រឿងញៀនក្នុងក្លឹបកម្សាន្តរបស់ខ្លួននោះ អាជ្ញាធរមិនហ៊ានបង្ក្រាបភ្លាមៗ ទេ លុះត្រាតែមានការរិះគន់ខ្លាំងពីអ្នកប្រើប្រាស់បណ្ដាញសង្គម ហើយមានបទបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបហ៊ានចូលទៅចាប់លោក គិត ធាង។ លើសពីនេះ ទោះបីជាលោក គិត ធាង ត្រូវបានចាប់ខ្លួនក្ដី ក៏លោក ជាប់ឃុំក្នុងពន្ធនាគារកន្លះខែប៉ុណ្ណោះ។ បន្ទាប់មក លោក បានជួលបន្ទប់ពិសេស វី.អាយ.ភី (VIP) នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅថា មន្ទីរពេទ្យរុស្ស៊ី សម្រាប់រស់នៅជំនួសពន្ធនាគារ ហើយទីបំផុត តុលាការឧទ្ធរណ៍ភ្នំពេញ ក៏បានជួយសម្រាលទោសដោះលែងលោកពីពន្ធនាគារស្ងាត់ៗថែមទៀត។ ករណីក្មួយប្រុសរបស់លោក ហ៊ុន សែន គឺឧកញ៉ា ហ៊ុន តូ ក៏ធ្លាប់ទទួលរងការចោទប្រកាន់ថា ជាប់ព័ន្ធនឹងការជួញដូរគ្រឿងញៀនទាំងក្នុងប្រទេស និងរហូតឆ្លងប្រទេសដែរ ដូចជាទៅប្រទេសអូស្ត្រាលី ជាដើម។
កាលពីថ្ងៃទី២៦ ខែមិថុនា អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដុតបំផ្លាញសារធាតុញៀន និងសារធាតុគីមី សរុបជាង ៦តោនក្នុងចំណោមវត្ថុតាងគ្រឿងញៀន សារធាតុគីមីផ្សំ និងសារធាតុគីមីពាក់ព័ន្ធផ្សេងៗ ដែលរឹបអូសបាន មានទម្ងន់សរុបជិត ១០០តោន។ អាជ្ញាធរឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ដែលមានការរីករាលដាលជំងឺកូវីដ-១៩ សមត្ថកិច្ចបង្ក្រាប និងរឹបអូសគ្រឿងញៀនបានជិត ១០តោន និងឃាត់ខ្លួនជនសង្ស័យបានជាង ៣ម៉ឺននាក់។ ក្នុងនោះសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួនជាង ១ម៉ឺនករណី (១០.៤៦១ករណី) ក្នុងឆ្នាំ២០២០ និងជាង ៦ពាន់ករណី (៦.៣០៨ករណី) ទៀតក្នុងឆ្នាំ២០២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។