មន្ត្រីរដ្ឋាភិបាលប្រាប់ថា កម្ពុជាបានបញ្ជូនជនជាតិចិនចំនួនជិត ៩០០នាក់ ទៅប្រទេសចិនវិញក្នុងរយ:ពេល ៩ខែដើមឆ្នាំនេះ ប៉ុន្តែចំនួននេះផ្ទុយពីរបាយការណ៍របស់ស្ថានទូតចិនដែលបានបង្ហាញថា ជនជាតិចិនដែលត្រូវបាន ទៅប្រទេសចិនវិញក្នុងរយ:ពេលដូចគ្នានេះ មានរហូតដល់ជាង ១ពាន់នាក់ បន្ទាប់ពីជាប់សង្ស័យ ប្រព្រឹត្តបទល្មើសផ្សេងៗនៅកម្ពុជា។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ លោក កែវ វាន់ថន បានប្រាប់អាស៊ីសេរីនៅថ្ងៃអង្គារ ទី២២ ខែតុលា ថា កម្ពុជាបានបញ្ជូនជនជាតិចិនចំនួន ៨៨៩ នាក់ ក្នុងនោះមានស្រី១៧១នាក់ក្នុងរយ:ពេល៩ខែដើមឆ្នាំនេះ។
លោក កែវ វាន់ថន បន្តថា ជនជាតិចិនដែលបានបញ្ជូនត្រឡប់ទៅប្រទេសចិនវិញនោះ មួយចំនួនមានជាប់ពាក់ព័ន្ធបទល្មើសសេដ្ឋកិច្ចនៅប្រទេសចិន ហើយបានមកលាក់ខ្លួននៅប្រទេសកម្ពុជា និងមួយចំនួនទៀតជាប់ពាក់ព័ន្ធទៅនឹងបទល្មើសល្បែងភ្នាល់គ្នាតាមប្រព័ន្ធអ៊ីនធឺណិតខុសច្បាប់ និងមួយចំនួនទៀតពាក់ព័ន្ធនឹងបទដែលក្លែងបន្លំឆបោកតាមរយ:ទូរគមនាគមន៍នៅកម្ពុជា (VOIP) ។
ទោះជាយ៉ាងណា របាយការណ៍ចុះផ្សាយដោយស្ថានទូតចិន កាលពីថ្ងៃទី១៧ ខែតុលា បានឱ្យដឹងថា ជនជាតិចិនចំនួនជាង ១ពាន់នាក់ ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសចិនវិញក្នុងឆ្នាំ២០១៩នេះ ហើយថា សមិទ្ធផលនេះកើតឡើងក្រោមកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់យ៉ាងជិតស្និទ្ធរវាងចិន និងកម្ពុជា៖ «យើងមានការឃាត់ខ្លួនមួយចំនួន ទីមួយគាត់មកលាក់ខ្លួននៅកម្ពុជា ហើយយើងដាក់ក្នុង Black List ប៉ុន្តែនៅពេលគាត់ចេញទៅយើងចាប់ ហើយមួយចំនួនទៀតគាត់ស្នាក់នៅខុសច្បាប់ ដោយសារថា យើងរកទៅអត់ឃើញមានលិខិតឆ្លងដែន ឬក៏ស្នាក់នៅលើសទិដ្ឋាការ»។
លោក កែវ វាន់ថន ក៏បានប្រាប់ឱ្យដឹងផងដែរថា អាជ្ញាធរខេត្តព្រះសីហនុបានឃាត់ខ្លួនជនជាតិចិនចំនួន ២៧នាក់ នៅថ្ងៃអង្គារម្សិលមិញនេះ ហើយបាននាំខ្លួនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត ដោយសារពួកគាត់មិនមានលិខិតឆ្លងដែន ហើយគ្មានប័ណ្ណការងារ។
លោកបន្តថា ជនជាតិចិនមានការថយចុះ ពីព្រោះពួកគាត់បានវិលត្រឡប់ទៅប្រទេសខ្លួនវិញ ដើម្បីទៅជួបជុំបងប្អូនក្នុងរដូវសែនព្រះខែ ប៉ុន្តែលោក ថា ការបិទល្បែងភ្នាល់តាមប្រព័ន្ធអ៊ីនធឺណិតក៏ជាហេតុផលមួយនៃការវិលត្រឡប់របស់ជនជាតិចិនផងដែរ។ ប៉ុន្តែលោកច្រានចោលព័ត៌មានដែលលើកឡើងថា ការចាកចេញរបស់ជនជាតិចិន គឺដោយសារបារម្ភពីសុវត្ថិភាពរបស់ខ្លួននៅពេលមន្ត្រីគណបក្សប្រឆាំង គ្រោងធ្វើដំណើរវិលត្រឡប់ចូលកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា នេះទេ៖ «តាមពិតមានទៅមួយចំនួនមែន ដោយសារថា រដូវហ្នឹងគឺដល់រដូវសែនព្រះខែទៅជួបជុំបងប្អូន»។
លោកបន្តថា ការបិទល្បែងភ្នាល់តាមប្រព័ន្ធអ៊ីនធឺណិតក៏ជាហេតុផលមួយផងដែរចំពោះការចាកចេញរបស់ជនជាតិចិនកន្លងមក ព្រោះជនជាតិចិនទាំងនេះបានបង្កអសន្តិសុខដល់ប្រជាពលរដ្ឋខ្មែរខ្លាំង អ៊ីចឹងហើយទើបរដ្ឋាភិបាលសម្រេចបិទល្បែងនេះ ដើម្បីរក្សាសន្តិសុខ និងកាត់បន្ថយបទល្មើសផ្សេងៗដែលបង្កដោយជនជាតិចិន។
អតីតអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ធ្លាប់បានធ្វើរបាយការណ៍មួយដាក់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង កាលពីខែមករាកន្លងទៅ ដោយបង្ហាញពីការព្រួយបារម្ភ អំពីទិដ្ឋភាព អវិជ្ជមាននៃការកើនឡើង នូវវត្តមានរបស់ជនជាតិចិន នៅក្នុងតំបន់នេះ។
លោក យន្ត មីន បាននិយាយថា ជនជាតិចិនមួយចំនួន បានចូលរួមក្នុងសកម្មភាពឧក្រិដ្ឋកម្ម ហើយបានចូលរួមក្នុងការជំរិតទារប្រាក់ពីវិនិយោគិនដទៃទៀត ហើយថា ពលករបរទេសដែលភាគច្រើនជាជនជាតិចិន កំពុងបង្កជម្លោះជាមួយអ្នកស្រុក៖ «ជាទូទៅ វាមានផលវិជ្ជមាននិងផលអវិជ្ជមាន តែយើងយល់ឃើញថា ផលអវិជ្ជមានហ្នឹងគឺធម្មតាតែមានល្បែង អ្នកដែលមកលេងល្បែង Online នេះឆ្លៀតចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត អ៊ីចឹងទៅវាបង្កអសន្តិសុខ អ៊ីចឹងបញ្ហាអវិជ្ជមានហ្នឹងហើយដែលយើងត្រូវតែបិទ online នេះ»។
គេសង្កេតឃើញបទឧក្រិដ្ឋនិងបទល្មើសផ្សេងៗដែលបង្កដោយជនជាតិចិនតែងកើតមានឡើងនៅខេត្តព្រះសីហនុ ព្រោះខេត្តនេះមានប្រជាជនចិនរស់នៅរហូតដល់ជាង១១ម៉ឺននាក់។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) នៅខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី មានប្រសាសន៍ថា បច្ចុប្បន្ននេះខេត្តព្រះសីហនុមានកាស៊ីណូច្រើន ហើយថា ទីណាមានល្បែងស៊ីសងមានបទល្មើសកើតឡើងច្រើន ព្រោះអ្នកលេងល្បែងមិនខ្លាចប្រព្រឹត្តបទល្មើសទេ នៅពេលពួកគេចាញ់ល្បែង។
អ្នកស្រីថា កាលពីមុនខេត្តព្រះសីហនុ មិនសូវមានឃាតកម្ម ឬបទល្មើសដូចសព្វថ្ងៃទេ ប៉ុន្តែបន្ទាប់ពីមានអ្នកវិនិយោគទុនជនជាតិចិនចូលមកច្រើន បទល្មើស និងឃាតកម្មក៏កើតមានច្រើនដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។