អ្នក​ឃ្លាំមើល​ថា គួរ​ស៊ើបអង្កេត​លោក លី យ៉ុងផាត់ ជា​ជាង​ឱ្យ​សមាគម​ឧកញ៉ា​ចេញ​មុខ​ការពារ

ដោយ ខាន់ លក្ខិណា
2024.09.16
អ្នក​ឃ្លាំមើល​ថា គួរ​ស៊ើបអង្កេត​លោក លី យ៉ុងផាត់ ជា​ជាង​ឱ្យ​សមាគម​ឧកញ៉ា​ចេញ​មុខ​ការពារ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន (ស្ដាំ) និង​ឧកញ៉ា លី យ៉ុងផាត់។
រូប៖ ហ្វេសប៊ុកសមាគមឧកញ៉ាកម្ពុជា

អ្នក​ឃ្លាំមើល និង​មន្ត្រី​សិទ្ធិ​មនុស្ស លើក​ឡើង​ថា ជា​ជាង​ឱ្យ​សមាគម​ឧកញ៉ា ចេញ​មុខ​ការពារ​លោក​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ដែល​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម ភាគី​ពាក់ព័ន្ធ​គួរ​តែ​បើក​ការ​ស៊ើប​អង្កេត​លើ​ឧកញ៉ា​រូប​នេះ ដោយ​បារម្ភ​ពី​ការ​ ប៉ះពាល់​កាន់​តែ​ខ្លាំង​ដល់​សេដ្ឋកិច្ច​កម្ពុជា ហើយ​ក៏​នឹង​អាច​នាំ​ទៅ​ដល់​អរិភាព​ការ​ទូត​ រវាង​កម្ពុជា-អាមេរិក។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​សមាគម​ឧកញ៉ា​ចេញ​ការពារ​ លោក​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ថា មិន​មាន​ធ្វើ​សកម្មភាព​ជួញ​ដូរ​មនុស្ស ដូច​ការ​ ចោទ​ប្រកាន់​ឡើយ ខណៈ​លោក ហ៊ុន ម៉ានី ហៅ​ទណ្ឌកម្ម​របស់​អាមេរិក​ថា«ចាប់​ដៃ ជាន់​ជើង»

អ្នក​ឃ្លាំមើល និង​សង្គម​ស៊ីវិល ទាមទារ​ឱ្យ​ស៊ើបអង្កេត​លើ​លោក​អ្នក​ឧកញ៉ា លី យ៉ុងផាត់ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ឧកញ៉ា​រូប​នេះ ពីព្រោះ​ករណី​នេះ ពាក់ព័ន្ធ​នឹង​មុខ​មាត់​សង្គម​កម្ពុជា​ទាំង​មូល រីឯ​ការ​ចេញ​លិខិត​ការពារ​ខ្លួន​របស់​សមាគម​ឧកញ៉ា គឺ​ជា​សិទ្ធិ និង​សេរីភាព​នៃ​បុគ្គល និង​ស្ថាប័ន​នីមួយៗ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​សិក្សា​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី១៥ ខែ​កញ្ញា ថា ប្រហែល​ជា​សហរដ្ឋ​អាមេរិក​ មាន​ភស្តុតាង​ច្បាស់លាស់ ទើប​អាមេរិក​ហ៊ាន​ដាក់​ទណ្ឌកម្ម​លើ​លោក​អ្នក​ឧកញ៉ា លី យ៉ុងផាត់។ លោក​ថា ទណ្ឌកម្ម​របស់​អាមេរិក​នេះ អាច​ធ្វើ​ឱ្យ​ជំនួញ​របស់​ឧកញ៉ា លី យ៉ុងផាត់ ដួល​រលំ និង​ក៏​ប៉ះពាល់​ដល់​ឧកញ៉ា​ផ្សេងៗ​ទៀត ដែល​នៅ​ក្នុង​សមាគម​ឧកញ៉ា​ជាមួយ​គ្នា​ដែរ ពីព្រោះ​លោក លី យ៉ុងផាត់ ជា​ប្រធាន​សមាគម​ឧកញ៉ា​ផង ជា​អ្នក​ជំនួញ​ធំ​របស់​កម្ពុជា​ផង និង​ជា​មន្ត្រី​មាន​ឥទ្ធិពល​នៃ​រដ្ឋាភិបាល​ផង។

លោក សេក សុជាតិ លើក​ឡើង​ថា បើ​ដូច​សហរដ្ឋ​អាមេរិក​រក​ឃើញ​មែន នោះ​នឹង​ មាន​បញ្ហា​ធំ​ណាស់​ដល់​កម្ពុជា ពីព្រោះ​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​ពឹង​ផ្អែក​ជា​សំខាន់ លើ​ ទីផ្សារ​អាមេរិក ហើយ​ទណ្ឌកម្ម​នេះ ក៏​នឹង​អាច​នាំ​ទៅ​ដល់​ការ​ថ្នាំង​ថ្នាក់​ផ្នែក​ការ​ទូត​រវាង​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត និង​សហរដ្ឋ​អាមេរិក​ទៀត។

លោក​ថា មាន​មធ្យោបាយ​ល្អ​តែ​មួយ​ទេ គឺ​ទាល់​តែ​មាន​រួម​គ្នា​របស់​ភាគី​ពាក់ព័ន្ធ​នានា ធ្វើ​ការ​ស៊ើបអង្កេត ដើម្បី​ដោះស្រាយ​ជម្រះ​មន្ទិល ទាក់ទង​នឹង​របាយការណ៍​របស់​ សហរដ្ឋ​អាមេរិក ដែល​ឈាន​ទៅ​ដល់​ការ​ដាក់​ទណ្ឌកម្ម​លើ​លោក លី យ៉ុងផាត់ នៅ​ពេល​នេះ។

លោក សេក សុជាតិ៖ «មាន​តែ​លោក​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ខ្លួន​ឯង​ទេ បើក​ជំហរ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​មួយ​ពី​សហគមន៍​អន្តជាតិ ហើយ​សហការ​ទី​ភ្នាក់​ងាយ ស្រាវជ្រាវ​ឯករាជ្យ​តើ​គេ​រក​ឃើញ​អី ហើយ​គេ​រក​ឃើញ​របៀប​ម៉េច ដើម្បី​ឱ្យ​មាន​ភាព​ច្បាស់លាស់​ទាំងអស់​គ្នា»

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ក្រោយ​ពី​សមាគម​ឧកញ៉ា​កម្ពុជា សម្ដែង​នូវ​ការ​ខក​ចិត្ត​ ចំពោះ​ការ​សម្រេច​ចិត្ត​របស់​រតនាគារ​សហរដ្ឋ​អាមេរិក ដែល​បាន​ដាក់​ទណ្ឌកម្ម​លើ​​លោក​អ្នក​ឧកញ៉ា លី យ៉ុងផាត់ និង​ក្រុមហ៊ុន L.Y.P Group ព្រម​ទាំង​អាជីវកម្ម​ ពាក់ព័ន្ធ​ចំនួន៤ទៀត របស់​ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា កាល​ពី​ថ្ងៃទី១២ ខែ​កញ្ញា ឆ្នាំ២០២៤។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមាគម​ឧកញ៉ា​កម្ពុជា កាល​ពី​ថ្ងៃទី១៣ ខែ កញ្ញា បាន​ចោទ​ប្រកាន់​ថា ការ​សម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិក ដាក់​ទណ្ឌកម្ម​លើ​លោក លី យ៉ុងផាត់ ជា​រឿង​អយុត្តិធម៌ ហើយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ពី​បទ​ជាប់​ពាក់ព័ន្ធ​ នឹង​បទ​ល្មើស​បច្ចេកវិទ្យា (Cyber Crime) និង​ទទូច​ឱ្យ​រតនាគារ​សហរដ្ឋ​អាមេរិក ពិចារណា​ឡើង​វិញ លុប​ចោល​ការ​ដាក់​ទណ្ឌកម្ម​នេះ ដោយ​បាន​ភ្ជាប់​នូវ​ការ​សរសើរ​ តួនាទី​របស់​លោក លី យ៉ុងផាត់ ក្នុង​ការ​អភិវឌ្ឍន៍ សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ផង។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បន្ថែម ពី​អ្នក​នាំ​ពាក្យ​សមាគម​ឧកញ៉ា​កម្ពុជា លោក ហ៊ុន ឡាក់ បាន​ទេនៅថ្ងៃទី១៥ ខែ​កញ្ញា។

រីឯ​កូន​ប្រុស​ពៅ​របស់​លោក ហ៊ុន សែន និង​ជា​ឧបនាយករដ្ឋមន្ត្រី នៃ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដែល​ជា​បង​ប្រុស​បង្កើត គឺ​លោក ហ៊ុន ម៉ានី បាន​សរសេរ​លើ​ហ្វេសប៊ុក​ ផ្លូវ​ការ​របស់​លោក​នៅ​ថ្ងៃទី១៥ ខែ​កញ្ញា​នេះ បញ្ចេញមតិ​ផ្ទាល់​ខ្លួន សំដៅ​ទៅ​សហរដ្ឋ​អាមេរិក ដោយ​ហៅ​ទណ្ឌកម្ម​របស់​អាមេរិក​ថា«ចាប់ដៃ ជាន់ជើង»

ដោយ​ផុស​ភ្ជាប់​រូប​ថត និង​រឿង​រ៉ាវ​ទណ្ឌកម្ម​លោក លី យ៉ុងផាត់ ឧបនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី លើក​ឡើង​ថា «ចាប់ដៃ ជាន់ជើង» ជា​ឃ្លា​ដែល​វប្បធម៌​ខ្មែរ ឬ​ សាសន៍​ណា​ក៏​ដោយ ពិបាក​ទទួល​ក្នុង​នាម​ជា​រដ្ឋ​អធិបតេយ្យ​មួយ និង​មាន​លក្ខណៈ​ អវិជ្ជមាន​ជា​ខ្លាំង សម្រាប់​ជា​មូលដ្ឋាន​ពង្រឹង​ទំនាក់ទំនង​ដោយ​ស្មោះត្រង់ ជឿ​ទុកចិត្ត និង​ស្មើភាព​គ្នា។

ជុំវិញ​រឿង​នេះ​ដែរ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី១៥ ខែកញ្ញា ថា ជា​ទូទៅ​ច្បាប់​របស់​សហរដ្ឋ​អាមេរិក ដែល​ដាក់​ទណ្ឌ​លើ​បុគ្គល​មួយ​ចំនួន មាន​បំណង​ឱ្យ​អ្នក​ ជំនួញ​ដែល​ធ្វើ​ពាណិជ្ជកម្ម​លើ​ពិភពលោក ត្រូវ​គោរព​តាម​គោល​ការណ៍​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​បាន​ត្រឹមត្រូវ ជៀសវាង​មាន​ការ​រក​ឃើញ​ណា​មួយ ពី​សហរដ្ឋ​អាមេរិក​ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស នោះ​អាច​នឹង​ទទួល​រង​ទណ្ឌកម្ម។

លោក អំ សំអាត ៖«សហរដ្ឋ​អាមេរិក​មុន​នឹង​ការ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ណា​មួយ​នៅ​បណ្ដា​ប្រទេស​ណា​មួយ​នៅ​លើ​ពិភពលោក​នេះ គឺ​គេ​មាន​ការ​ស្រាវជ្រាវ និង​ការ​ស៊ើបអង្កេត​របស់​គេ​បាន​ម៉ត់ចត់ តម្លាភាព ហើយ​នឹង​ច្បាស់លាស់។ អ៊ីចឹង បើ​សិន​បុគ្គល​ដែល​រង​ទណ្ឌកម្ម​នេះ ធ្វើ​ការ​បដិសេធ​ទាល់​តែ​បង្ហាញ​ភស្តុតាង​ផ្ទុយ ឬ​ភស្តុតាង​ណា​មួយ ដើម្បី​បញ្ជាក់​ភាព​ស្អាត​ស្អំ​ឡើង»

អ្នក​ឃ្លាំមើល លើក​ឡើង​ថា នេះ​ជា​ដំណាក់កាល​សម​ស្រប​មួយ ដែល​រដ្ឋាភិបាល​ ត្រកូល​ហ៊ុន ចាំ​បាច់​ត្រូវ​ដាក់​ចេញ​នូវ​ក្រម​សីលធម៌​មួយ អំពី​ការ​ធ្វើ​ជំនួញ អនុវត្ត​ច្បាប់ ដោយ​យុត្តិធម៌ គោរព​សិទ្ធិ​មនុស្ស និង​ស្ដារ​ប្រជាធិបតេយ្យ បើ​មិន​ដូច្នោះ​ទេ អាច​មាន​ អ្នក​ជំនួញ​ផ្សេងៗ​ទៀត នឹង​រង​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធ​មិត្ត ដែល​ជា​ទីផ្សារ​សេដ្ឋកិច្ច​របស់​កម្ពុជា។ លើស​ពី​នេះ​ទៀត ពួកគេ​ព្រមាន​ថា កម្ពុជា​នឹង​អាច​ឈាន​ដល់​អរិភាព​ការ​ទូត​ជាមួយ​សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​លោក​សេរី​ផ្សេង​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។