មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលលើកឡើងថា ក្រសួងមហាផ្ទៃ គួរពិនិត្យ និងអប់រំមន្ត្រីនគរបាល និងអាជ្ញាធរពាក់ព័ន្ធដែលចុះបង្ក្រាបល្បែងស៊ីសង ដើម្បីកុំឲ្យមន្ត្រីទាំងនោះ ឆ្លៀតឱកាសប្រព្រឹត្តអំពើពុករលួយ និងបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍។ ការលើកឡើងរបស់ពួកគាត់នេះ គឺស្របពេលដែលក្រសួងមហាផ្ទៃ ប្រកាសថា នឹងចាត់វិធានការច្បាប់ចំពោះការផ្សព្វផ្សាយល្បែងស៊ីសងចាប់ពីថ្ងៃទី១១ ខែធ្នូ ក្រោយផុតឱសានវាទ ៧ថ្ងៃ។
ឱសានវាទ៧ថ្ងៃរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដែលចេញសារាចរណែនាំឲ្យបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ទាំងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ (Online) បានផុតកំណត់ហើយនៅថ្ងៃទី១០ ខែធ្នូ ហើយចាប់ថ្ងៃទី១១ ខែធ្នូតទៅ លោក ស សុខា ធ្លាប់ព្រមានថា មន្ត្រីមានសមត្ថកិច្ចគ្រប់ថ្នាក់គ្រប់ជំនាញ ទាំងជំនាញស្រាវជ្រាវតាមទីតាំង តាមបណ្ដាញអ៊ីនធឺណិត និងជំនាញបង្ក្រាប នឹងសហការគ្នាចុះបង្ក្រាបដោយគ្មានការលើកលែងឡើយ។
ទោះជាយ៉ាងណា មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើល ហាក់គ្មានជំនឿលើវិធានការរបស់ក្រសួងមហាផ្ទៃឡើយ និងថែមទាំងព្រួយបារម្ភអំពីផលប៉ះពាល់មួយចំនួនដោយសារមន្ត្រីមួយចំនួនធំដែលបានប្រព្រឹត្តអំពើពុករលួយធ្លាប់ដៃ និងក្លាយជាមុខរបទៅហើយនោះ នឹងឆ្លៀតឱកាសនេះ ដើម្បីរកលុយដាក់ហោប៉ៅរបស់ខ្លួន ។
អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញមកពីគណបក្សសង្គ្រោះជាតិ លោក ម៉ន ផល្លា ថ្លែងថា វិធានការបង្ក្រាបល្បែងស៊ីសងនេះ នឹងមិនខុសពីវិធានការបង្ក្រាបបទល្មើសព្រៃឈើនោះទេ ពោលគឺបង្ក្រាបបានតែបទល្មើសតូចតាច ឬអ្នករកស៊ីតូច តាចប៉ុណ្ណោះ។ បន្ថែមពីនេះ លោក បារម្ភថា ដោយសារតែម្ចាស់ក្រុមហ៊ុនល្បែងអនឡាញនៅកម្ពុជាមួយចំនួនជាជនបរទេស ដូចជាជនជាតិចិន និងជនជាតិវៀតណាម ដូច្នេះមន្ត្រីពាក់ព័ន្ធមួយចំនួន អាចនឹងឆ្លៀតឱកាសនេះ ឃាត់ខ្លួនជនបរទេសទូទៅ ជាពិសេសភ្ញៀវទេសចរមកពីអាស៊ី ដើម្បីសួរនាំពាក់ព័ន្ធនឹងល្បែងស៊ីសង ហើយបន្ទាប់មកនឹងទាមទារលុយជាថ្នូរនឹងការដោះលែងវិញ។ មន្ត្រីបក្សប្រឆាំងរូបនេះ យល់ថា ប្រសិនបើអាជ្ញាធរឃាត់ខ្លួនជនបរទេសផ្តេសផ្តាសនោះ នឹងនាំឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍មួយកម្រិតទៀត។
លោក ម៉ន ផល្លា៖«ខ្ញុំយល់ថា អ្នកដែលរងគ្រោះពីយុទ្ធនាការបង្ក្រាបល្បែងស៊ីសងនេះ គឺអ្នករកស៊ីតូចតាច ។ រីឯអ្នករកស៊ីដែលមានខ្នងធំៗដែលពាក់ព័ន្ធនឹងការលាងលុយ ល្បែងស៊ីសងអនឡាញនេះ ភាគច្រើនគឺពាក់ព័ន្ធនឹងមេដឹកនាំកំពូលៗនៃរបបក្រុងភ្នំពេញ និងសែស្រឡាយលោក ហ៊ុន សែន មានលោក ហ៊ុន តូ ជាដើម និងឧកញ៉ាមួយចំនួនដែលជិតស្និតនឹងលោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត។ ទី២ អ្នកដែលកាងពីក្រោយខ្នងល្បែងរកស៊ីខុសច្បាប់ទាំងអស់នេះ សុទ្ធតែអ្នកដែលពាក់ផ្កាយ៣ ផ្កាយ៤ ពាក់ព័ន្ធនឹងជួរកងទ័ព ជាពិសេសកងរាជអាវុធហត្ថ និងក្រសួងមហាផ្ទៃខ្លួនឯង»។
កាលពីថ្ងៃទី៤ ខែធ្នូ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសារាចរណែនាំឲ្យបញ្ឈប់ ជាបន្ទាន់នូវការបង្កើតគេហទំព័រ ការផលិត និងការចែកចាយរូបភាព វីដេអូ និងមាតិកាដែលមានខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។ លោក ស សុខា ក៏បញ្ជាឲ្យអាជ្ញាធររាជធានីខេត្ត ក្រុង ស្រុក ខណ្ឌទាំងអស់ត្រូវចាត់វិធានការតឹងរ៉ឹងតាមដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងជំរុញការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីផលប៉ះពាល់នៃការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ការចេញសារាចរនេះ គឺបន្ទាប់ពីក្រសួងមហាផ្ទៃ រកឃើញថា បណ្ដាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានផលិតរូបភាព វីដេអូ និងមាតិកាដើម្បីអូសទាញប្រជា ពលរដ្ឋឲ្យលែងល្បែងខុសច្បាប់។ ក្រសួង ពិនិត្យឃើញទៀតថា ក្នុងសកម្មភាពផ្សព្វផ្សាយល្បែងខុសច្បាប់ទាំងនោះក៏មានការចូលរួមពីបុគ្គលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកាសង្គមមួយចំនួនផងដែរ ដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ការដាក់ចេញវិធានការរបស់ក្រសួងមហាផ្ទៃនៅពេលនេះ គឺក្រោយពីមានការរិះគន់ ពីប្រជាពលរដ្ឋជាហូរហែពាក់ព័ន្ធនឹងបញ្ហារីកដុះដាលល្បែងអនឡាញដោយសារតែកង្វះការយកចិត្តទុកដាក់របស់អាជ្ញាធរពាក់ព័ន្ធ។ បញ្ហាល្បែងអនឡាញ ត្រូវបានគេមើលឃើញថា បង្កើតឱ្យមានអំពើចោរកម្ម អំពើហិង្សា ធ្វើឱ្យខាតបង់ប្រាក់កាស និងពេលវេលារកស៊ីរបស់ពលរដ្ឋ ការសិក្សារបស់សិស្ស និងរហូតដល់ការសម្លាប់សមាជិកគ្រួសារ និងខ្លួនឯងជាដើម។ពលរដ្ឋ កត់សម្គាល់ឃើញថា ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការល្បែងអនឡាញនៅកម្ពុជា ភាគច្រើនជាក្រុមហ៊ុនរបស់ចិន និងវៀតណាម ដែលផ្តើមចេញពីទំនាក់ទំនងស្អិតល្មួតរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន និងរដ្ឋាភិបាលវៀតណាម។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការឆ្លើយតបពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានទេ នៅថ្ងៃទី១០ ខែធ្នូ។
អ្នកជំនាញច្បាប់ និងអភិបាលកិច្ចបែបប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត ថ្លែងថា ការរីករាលដាលនៃល្បែងស៊ីសងតាមអនឡាញ(Online)គ្រប់ប្រភេទ បង្ហាញឲ្យឃើញពីអំពើពុករលួយរបស់មន្ត្រី និងការបរាជ័យនៃការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាល។ លោក យល់ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរតែពិនិត្យ និងតាមដានមន្ត្រីដែលចុះបង្ក្រាបល្បែងស៊ីសងនោះ ដើម្បីទប់ស្កាត់ កុំឲ្យមានមន្ត្រីមួយចំនួន ឆ្លៀតឱកាសរកលុយនិងឃាត់ខ្លួនជនបរទេសផ្តេសផ្តាស ដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរបរទេស។
លោក វ៉ន ចាន់ឡូត៖«រឿងនេះវាលំបាកនៅក្នុងស្ថានភាពដែលប្រទេសកម្ពុជា កំពុងញាំញីដោយអំពើពុករលួយ ។ បន្ថែមពីនេះកម្ពុជា គឺជាប្រទេសដែលមាននីតិរដ្ឋខ្សោយបំផុត ដូច្នេះហើយវាជាឱកាសដែលឲ្យឧក្រិដ្ឋជន ប្រើប្រាស់ទឹកដីកម្ពុជា ឬក៏ងាយទិញទឹកចិត្តមន្ត្រីអាជ្ញាធរកម្ពុជាដើម្បីឲ្យជួយសហការជួយការពារបទឧក្រិដ្ឋទាំងអស់នោះ។ ដូច្នេះអ្វីដែលខ្ញុំមើលឃើញកត្តាចម្បងបំផុត វាត្រូវកើតចេញពីសុចរិតនៃនយោបាយ គឺអ្នកដឹកនាំរាប់ចាប់តាំងពីនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងនីមួយៗ លុះត្រាតែជាមនុស្ស ដែលមានសុចរិតភាព ជាមនុស្សដែលមានអំណាចដែលបានពីប្រជាពលរដ្ឋ ទើបអ្នកទាំងនោះ បម្រើឆន្ទៈ បម្រើប្រទេសជាតិដោយសុចរិត និងស្មោះត្រង់»។
មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើល លើកឡើងថា ប្រសិនបើរដ្ឋាភិបាលមិនចាត់វិធានការលើមន្ត្រីមួយចំនួនដែលប្រព្រឹត្តអំពើពុករលួយទេនោះរដ្ឋាភិបាលនឹងមិនអាចលុបបំបាត់ល្បែងភ្នាល់តាមអនឡាញនេះឱ្យមានប្រសិទ្ធភាពនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។