អ្នក​ឃ្លាំមើល និង​មន្ត្រី​គណបក្ស​ប្រឆាំង​ថា មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​អាច​ធ្វើការ​តាម​វិជ្ជាជីវៈ

0:00 / 0:00

អ្នក​ឃ្លាំ​មើល និង​មន្ត្រី​គណបក្ស​ប្រឆាំង​លើកឡើង​ថា ដោយសារ​តែ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​មាន​ឯករាជ្យ​ភាព ដូច្នេះ​មន្ត្រី​ដែល​អង្គភាព​នេះ​ប្រឡង​ជ្រើសរើស​នឹង​មិន​អាច​កាត់​បន្ថយ​អំពើ​ពុក​រលួយ​បាន​នោះ​ឡើយ។ ការ​លើក​ឡើង​បែប​នេះ ក្រោយ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ រួម​ជាមួយ​ក្រសួង​មុខ​ងារ​សាធារណៈ រៀប​ចំ​ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បន្ថែម​ចំនួន​៣៣នាក់​ទៀត។

អ្នក​ឃ្លាំមើល​កម្ពុជា និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​ថា ដោយសារ​តែ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើរ​តួនាទី​ជា​អ្នក​ការពារ​បក្ខពួក​របស់​គណបក្ស​កាន់​អំណាច ដូច្នេះ​ការ​ជ្រើសរើស​មន្ត្រី​បន្ថែម​ទៅ​ក្នុង​អង្គភាព​នេះ គ្រាន់​តែ​ជា​ការ​ចំណាយ​ថវិកា​ជាតិ​ខ្ជះខ្ជាយ​តែ​ប៉ុណ្ណោះ។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​នៅ​ប្រទេស​ន័រវេសន៍ (Norway) លោក ម៉ែន ណាត ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៤ ខែមីនា ថា បើ​ទោះបីជា​មន្ត្រី​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​សមត្ថភាព​ពិត​ប្រាកដ​ក្ដី ប៉ុន្តែ​ពួកគេ​នឹង​មិន​អាច​កាត់​បន្ថយ​អំពើ​ពុក​រលួយ​នៅ​ក្នុង​សង្គម​បាន​ឡើយ។ លោក​អះអាង​ថា ដោយសារ​តែ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​គឺជា​ឧបករណ៍​នយោបាយ​ផ្ដាច់​មុខ​របស់​ត្រកូល​ហ៊ុន ដូច្នេះ​អង្គភាព​នេះ​ក៏​បាន​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា តាម​រយៈ​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​គណបក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល។

លោក ម៉ែន ណាត៖«ឧទាហរណ៍​មួយ​ទៀត​ ដូច​លោក គង់ វិបុល មេ​ពន្ធដារ​អ៊ីចឹង ទ្រព្យ​សម្បត្តិ​នៅ​ស្រុក​អូស្ត្រាលី រហូត​ដល់​ប្រទេស​អូស្ត្រាលី​ស៊ើប​អង្កេត កាសែត​អន្តរជាតិ​ចុះ​ផ្សាយ​អំពី​រឿង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​អី មិន​ឃើញ ឱម យ៉ិនទៀង ទី​ស៊ើប​អង្កេត​អី​បាន​ទេ អ៊ីចឹង​ស្ថាប័ន​ហ្នឹង​ជា​ស្ថាប័ន​រញ៉េរញ៉ៃ ជា​ស្ថាប័ន​ដែល​ពាល​ស៊ី​ពាល​ក្នុង​ជួរ​រាជការ»។

ការ​លើក​ឡើង​របស់​អ្នក​ឃ្លាំ​មើល​កម្ពុជា​រូប​នេះ ក្រោយ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ រួម​ជា​មួយ​ក្រសួង​មុខ​ងារ​សាធារណៈ បាន​រៀប​ចំ​ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​រាជការ​ស៊ីវិល បម្រើ​ការងារ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចំនួន​៣៣នាក់​កាល​ពី​ថ្ងៃ​ទី៣ ខែមីនា។

របាយការណ៍​អំពី​សន្ទស្សន៍​នៃ​អំពើពុករលួយ​​លើ​ប្រទេស​ និង​ដែន​ដី​ចំនួន១៨០ ឆ្នាំ២០២៣ របស់​អង្គការ​តម្លាភាព​​​អន្តរជាតិ (Transparency International) បង្ហាញ​ថា កម្ពុជា​ទទួល​បាន​ពិន្ទុ២២ ធ្លាក់​មក​នៅ​ចំណាត់​ថ្នាក់​ទី១៥៨ ក្នុង​ចំណោម​ប្រទេស​ចំនួន១៨០។ របាយការណ៍​នេះ​សង្កត់​ធ្ងន់​ថា អំពើ​ពុក​រលួយ​នៅ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​គួរ​ឱ្យ​ព្រួយ​បារម្ភ ដោយសារ​តែ​កង្វះ​ខាត​​ឆន្ទៈ​របស់​រដ្ឋាភិបាល ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ និង​រូបភាព​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ​នៃ​បញ្ហា​ប្រឈម​រ៉ាំរ៉ៃ​នានា រួម​មាន​កង្វះ​ប្រសិទ្ធ​ភាព​ក្នុង​ការ​ផ្ដន្ទាទោស​មន្ត្រី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ការ​ប្រើប្រាស់​ធនធាន និង​យន្តការ​គណនេយ្យ​ភាព​ទន់​ខ្សោយ។ ក្រៅ​ពី​នេះ កម្ពុជា​នៅ​មាន​​ហានិភ័យ​ខ្ពស់​នៃ​ការ​ទទួល​សំណូក និង​ការ​ប្រព្រឹត្ត​ពុក​រលួយ​ក្នុង​ប្រតិបត្តិ​ការ​អាជីវកម្ម​ប្រចាំថ្ងៃ ប្រព័ន្ធ​តុលាការ​ដែល​មិន​ដំណើរ​ការ​ និង​កំណើន​ឥទ្ធិពល​នៃ​ផល​ប្រយោជន៍​របស់​ក្រុម​មនុស្ស​មួយ​ភាគ​តូច។

ជុំវិញ​រឿង​នេះ​ដែរ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ំ សំអាន មាន​ប្រសាសន៍​ថា មន្ត្រី​បម្រើ​ការ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ មិន​អាច​បំពេញ​ការងារ​តាម​វិជ្ជាជីវៈ​របស់​ខ្លួន​បាន​នោះ​ឡើយ ព្រោះ​តិច​ឬ​ច្រើន ពួកគេ​ស្ថិត​នៅ​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​លោក ឱម យ៉ិនទៀង ដែល​លោក​អះអាង​ថា គឺជា​មនុស្ស​ជំនិត​របស់​គ្រួសារ​ត្រកូល​ហ៊ុន។

លោក អ៊ំ សំអាន៖«សូម្បី​តែ​កូន​របស់​លោក ឱម យ៉ិនទៀង ពីរ​នាក់​ហ្នឹង ជំនួយ​ការ​របស់​គាត់​ហ្នឹង​ឋានៈ​ស្នើ​សុទ្ធ​តែ​រដ្ឋលេខាធិការ អនុ​រដ្ឋលេខាធិការ សុទ្ធ​តែ​បក្ខ​ពួក​សែស្រឡាយ​របស់​គាត់​ហ្នឹង។ ខ្ញុំ​យល់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ហ្នឹង គួរ​តែ​រំលាយ​ចោល​ទៅ អង្គភាព​ហ្នឹង​មិន​បាន​បំពេញ​ទៅ​តាម​តួនាទី​របស់​ខ្លួន​ក្នុង​ការ​បង្ក្រាប​អំពើ​ពុក​រលួយ ហើយ​ជា​អង្គភាព​ឯករាជ្យ​នោះ​ទេ»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក សយ ច័ន្ទវិចិត្រ ដើម្បី​សុំ​សួរ​បន្ថែម​អំពី​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី៤ ខែមីនា។

អ្នក​ឃ្លាំមើល​កម្ពុជា និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​លើក​ឡើង​ថា ដើម្បី​លុប​បំបាត់​អំពើ​ពុក​រលួយ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព រដ្ឋាភិបាល​គួរ​ធ្វើ​ឱ្យ​ប្រព័ន្ធ​តុលាការ​មាន​ឯករាជ្យ​ភាព ជាជាង​បន្ត​ចំណាយ​ថវិកា​ជាតិ​លើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​មាន​មុខងារ​ត្រួត​គ្នា​លើ​ការងារ​របស់​តុលាការ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។