អ្នកឃ្លាំមើលថា ការទប់ស្កាត់បទល្មើសឆបោកគ្មានប្រសិទ្ធភាពឡើយ បើជនល្មើសជាមនុស្សស្និទ្ធនឹងត្រកូលហ៊ុន
2024.07.04
អ្នកឃ្លាំមើលថា ការបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីទប់ស្កាត់បទល្មើស ឆបោករបស់ក្រសួងមហាផ្ទៃគ្មានប្រសិទ្ធភាពឡើយ ប្រសិនបើជនល្មើសពាក់ព័ន្ធ នឹងការឆបោកជាមនុស្សមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្រួសារត្រកូលហ៊ុន និងអ្នកមានអំណាច។ យ៉ាងណា អ្នកនាំពាក្យរងក្រសួងមហាផ្ទៃអះអាងថា ក្រសួងមិនការពារអ្នកប្រព្រឹត្ត និងបុគ្គលពាក់ព័ន្ធនឹងបទល្មើសឡើយ។
អ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលបង្កើតគណៈកម្មការចំពោះកិច្ចទប់ស្កាត់ បទល្មើសឆបោក គឺមានគោលដៅបន្ថយសម្ពាធរិះគន់ពីប្រជាពលរដ្ឋ និង សហគមន៍អន្តរជាតិតែប៉ុណ្ណោះ។
កាលពីថ្ងៃទី២៧ ខែមិថុនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ នៅតាមបណ្ដារាជធានី-ខេត្ត។ គណៈកម្មការចំពោះកិច្ចនេះ មានសមាសភាពចំនួន ១៤នាក់ ដឹកនាំដោយលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាននិង លោក ស ថេត អគ្គស្នងការនគរបាលជាតិ ជាអនុប្រធានអចិន្ត្រៃយ៍។
គណៈកម្មការនេះ មានភារកិច្ចអនុវត្ត និងបង្កើនការស្រាវជ្រាវទីតាំង ដែលមានបទ ល្មើសឆបោកតាមប្រព័ន្ធអនឡាញ គ្រប់ប្រភេទនិងគ្រប់រូបភាពក្នុងភូមិសាស្ត្រ បណ្តារាជធានី-ខេត្ត និងចាប់បញ្ជូនជនល្មើស វត្ថុតាង ព្រមទាំងអ្នកពាក់ព័ន្ធទៅតុលាការ ដើម្បីធ្វើការវិនិច្ឆ័យទោសតាមច្បាប់ជាធរមាន។ ក្នុងករណីជនល្មើសជាជនបរទេស គឺអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធី ដែលមានចែងក្នុងច្បាប់ស្ដីពីអន្តោប្រវេសន៍ជាដើម។
ទោះជាយ៉ាងណា ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក ម៉ែន ណាត ប្រាប់់វិទ្យុអាស៊ីសេរីថា ការបង្កើតគណៈកម្មការនេះ គឺរដ្ឋាភិបាលចង់ស្អំចិត្តប្រជាពលរដ្ឋកុំឱ្យរិះគន់រដ្ឋាភិបាល ពាក់ព័ន្ធនឹងអសមត្ថភាពក្នុងការដោះស្រាយកំណើនឧក្រិដ្ឋកម្មក្នុងសង្គមប៉ុណ្ណោះ។
លោកថា ចំណាត់ការបែបនេះ គ្មានប្រសិទ្ធភាពជាក់ស្ដែងឡើយ ពីព្រោះលោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត ដែលជាមេដឹកនាំកំពូលមិនគោរពច្បាប់ ហើយថែមទាំងតែងតាំងឧក្រិដ្ឋជនជាទីប្រឹក្សា និងជាមន្ត្រីធំឱ្យនៅក្បែរខ្លួនទៀតផង។
លោក ម៉ែន ណាត៖ «ជំនួយការលោក ហ៊ុន ម៉ាណែត ជាដើម។ អ្នកជិតដិតជាមួយនឹងលោក ហ៊ុន សែន បំផុតដូចជា ទ្រី ភាព កាប់បំផ្លាញព្រៃឈើឡើងខ្ទិចខ្ចីអស់ហើយ។ ដូចជាចេន ហ្ស៊ី ឧក្រិដ្ឋជនចិនជនជាតិចិន រដ្ឋាភិបាលចិនតាមចាប់ខ្លួនរត់មកកម្ពុជា លោក ហ៊ុន សែន តែងតាំងធ្វើជាទីប្រឹក្សាទៀត សុទ្ធតែមេឆបោក ហើយឆបោកកម្រិតអន្តរជាតិទៀត។ ដូចជាលោក លី យ៉ុងផាត់ អីហ្នឹង សុទ្ធតែពួកអ្នកឆបោក និងធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ហ្នឹង។អ្នកទាំងអស់ហ្នឹង មានអំណាចយ៉ាងខ្លាំង។ អ៊ីចឹងក្រសួងមហាផ្ទៃ តើគណៈកម្មការមួយរបស់ក្រសួងមហាផ្ទៃ មានសមត្ថកិច្ចទៅស៊ើបអង្កេតរកខុសត្រូវអីចេញ រកយុត្តិធម៌ជួយជនរងគ្រោះអីបានវាអត់»។
ការលើកឡើងរបស់អ្នកឃ្លាំមើលនេះ ធ្វើឡើងនៅស្របពេលដែលឧកញ៉ាល្បីឈ្មោះនៅកម្ពុជា ៤រូប ដែលស្និទ្ធនឹងត្រកូល«ហ៊ុន» រងនូវការសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹងឧស្សាហកម្មឆបោកតាមអនឡាញ។
ឧកញ៉ាទាំងនោះ រួមមាន ជនជាតិចិនលោក ចេន ហ្ស៊ី (Chen Zhi) ដែលជាទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមទាំងឧកញ៉ាជនជាតិខ្មែរ ៣ រូបទៀតមានឧកញ៉ា ទ្រី ភាព ដែលជាបេសកជនពិសេស និងជាទីប្រឹក្សារបស់ លោក ហ៊ុន សែន និង ឧកញ៉ា កុក អាន ដែលជាសមាជិកព្រឹទ្ធសភា គណបក្សប្រជាជនកម្ពុជា ហើយនិងឧកញ៉ា លី យ៉ុងផាត់ ដែលជាប្រធានសមាគមឧកញ៉ាកម្ពុជា ជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងក៏ជាប្រធាន គណៈកម្មាធិការហិរញ្ញវត្ថុរបស់គណបក្សប្រជាជនកម្ពុជា។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរីថា ការបង្កើតគណៈកម្មការជារឿងមួយ ប៉ុន្តែអ្វី ដែលសំខាន់គឺឆន្ទៈ និងការអនុវត្តឱ្យមានប្រសិទ្ធភាព។
ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសលោក អំ សំអាត ថារដ្ឋាភិបាលត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងតម្លាភាព និងត្រូវមានកិច្ចសហប្រតិបត្តិការល្អ រវាងអាជ្ញាធរក្នុងស្រុកជាមួយបណ្ដាប្រទេសជិតខាង និងអន្តរជាតិ ពីព្រោះការឆបោកតាមប្រព័ន្ធអនឡាញនេះ មានលក្ខណៈជាប្រព័ន្ធ។
លោក អំ សំអាត៖ «រាល់ជនដែលពាក់ព័ន្ធការឆបោកតាមប្រព័ន្ធអនឡាញ ត្រូវតែធានាថា យកមកអនុវត្តទៅតាមផ្លូវច្បាប់ ទី២ លុបបំបាត់រាល់អំពើពុករលួយគ្រប់រូបភាពកុំឱ្យមានក្នុងការជួញដូរមនុស្ស ឬឆបោកតាមប្រព័ន្ធអនឡាញហ្នឹង។ ទី៣ ត្រូវមានការបណ្ដុះបណ្ដាលទាក់ទងនឹងផ្នែកបច្ចេកទេសឱ្យទាន់បទទំនើបកម្មនៃប្រព័ន្ធ បច្ចេកវិទ្យាឱ្យមើលឃើញអំពីបទល្មើសនៃការឆបោក»។
ឆ្លើយតបនឹងរឿងនេះ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃលោក ទូច សុឃៈ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី០៣ ខែកក្កដា ថា ក្រសួងមហាផ្ទៃមិនការពារអ្នកប្រព្រឹត្តនិងអ្នកជាប់ពាក់ព័ន្ធនឹងបទល្មើសទេ។ លោក ទូច សុឃៈ ចាត់ទុកបទល្មើសឆបោកតាមអនឡាញជាបទល្មើសមានលក្ខណៈអន្តរជាតិ ដូច្នេះលោកថា កម្ពុជានឹងសហការជាមួយបណ្ដាអង្គការនិងបរទេសជាដៃគូដើម្បីបង្ក្រាបបទល្មើសទាំងអស់នេះ។
លោក ទូច សុឃៈ៖ «គណៈកម្មការចំពោះកិច្ចនេះ គឺមិនមែនទើបតែបង្កើតទេ។ គឺយើងបង្កើតតាំងពីអាណត្តិមុនៗមក ហើយបានវាយបំបែកបង្ក្រាបក្រុមឧក្រិដ្ឋជន ដែលលួចលបបើកនូវហ្គេមអនឡាញខុសច្បាប់នេះ រហូតដល់យើងកែសម្រួល សមាសភាពជាបន្តបន្ទាប់ ហើយក៏បានវាយបំបែកក្រុមពួកឆបោកតាមអនឡាញនេះ ជាបន្តបន្ទាប់ដូចគ្នា ហើយបញ្ជូនជនរងគ្រោះឱ្យវិលត្រឡប់ទៅប្រទេសកំណើតវិញ ឬក៏ជនល្មើសឱ្យទៅប្រទេសកំណើតវិញអនុវត្តតាមច្បាប់»។
បែបនេះក្តី អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ (MDO) លោក សេក សុជាតិ ប្រាប់វិទ្យុអាស៊ីសេរីថា ការទប់ស្កាត់បទល្មើសឆបោក តាមប្រព័ន្ធអនឡាញមានប្រសិទ្ធភាពទៅបាន អាស្រ័យទៅលើសមត្ថភាពនិងធនធាន របស់អាជ្ញាធរកម្ពុជា។
លោកថា រដ្ឋាភិបាលគួរដាក់ចេញគោលនយោបាយ និងបណ្ដុះបណ្ដាល សមត្ថភាពមន្ត្រីឱ្យបានខ្ពស់នឹងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ទៅលើក្រុមឧក្រិដ្ឋជន។
លោក សេក សុជាតិ៖ «គួរតែត្រូវបានរៀបចំឱ្យបានល្អជាងហ្នឹង ហើយដាក់ចេញនូវគោលនយោបាយឱ្យបានច្បាស់លាស់ ក៏ដូចជារៀបចំយន្តការដើម្បីគាំពារទៅដល់ការអនុវត្តមួយ ដោយមិនមានការអន្តរាគមន៍ពីភាគីផ្សេងៗដែលធ្វើឱ្យបទល្មើសនោះ មិនអាចបង្ក្រាបបាន។ បញ្ហាហ្នឹងទៀតសោត យើងដឹងហើយថា ប្រជាពលរដ្ឋរបស់យើង គឺគាត់មានកម្រិតមែនទែន នៅក្នុងការយល់ដឹងទាក់ទងនឹងការឆបោកតាមបែបបច្ចេកវិទ្យា»។
របាយការណ៍ស្ដីពីការជួញដូរមនុស្សនៅលើពិភពលោកប្រចាំឆ្នាំ ២០២៤ របស់ក្រសួងការបរទេសអាមេរិក ចេញផ្សាយកាលពីថ្ងៃទី២៤ ខែមិថុនាថ្មីៗ នេះ សហរដ្ឋអាមេរិក នៅតែបន្តដាក់ចំណាត់ថ្នាក់កម្ពុជាទាបបំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ការបង្ខាំងនិងកេងប្រវ័ញ្ចលើជនរងគ្រោះរាប់ម៉ឺននាក់ ដើម្បីឱ្យប្រព្រឹត្តអំពើឆបោកតាមអនឡាញនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។