ក្រុម​អ្នកឃ្លាំមើល​ថា ករណី​ឃាតកម្ម​នៃ​ជនបរទេស​នៅ​លើ​ទឹកដី​ខ្មែរ​កាន់តែ​ច្រើន​ធ្វើ​ឱ្យ​ប៉ះពាល់​មុខមាត់​ប្រទេស​ជាតិ​កាន់តែ​ខ្លាំង

0:00 / 0:00

អំពើ​ឃាតកម្ម​ដែល​មាន​ការ​បាញ់​សម្លាប់​មនុស្ស​ប្រព្រឹត្ត​ដោយ​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ចិន​នៅ​លើ​ទឹកដី​ខ្មែរ​នា​រយៈពេល​ចុងក្រោយ​នេះ ហាក់​កើតមានឡើង​ជា​បន្តបន្ទាប់​ដែល​ជា​រឿង​គួរ​ឱ្យ​ព្រួយបារម្ភ​សម្រាប់​សន្តិសុខ​ជាតិ​ទាំងមូល​។ ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា បើ​អំពើ​ឃាតកម្ម និង​ការ​ធ្វើ​អត្តឃាត​របស់​ជន​បរទេស​លើទឹក​ដី​កម្ពុជា​កាន់តែ​ច្រើន នោះ​វា​នឹង​ធ្វើ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ និង​កេរ្តិ៍ឈ្មោះ​ប្រទេសជាតិ​ធ្ងន់ធ្ងរ។

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកវិភាគ លើកឡើង​ស្របគ្នា​ថា កំណើន​ករណី​ធ្វើ​អត្តឃាត របស់​ជនបរទេស និង​អំពើ​ឃាតកម្ម លើ​ជនបរទេស រួម​នឹង​វត្តមាន​ជនជាតិ​ចិន​មួយចំនួន ដែល តែងតែ​មាន​អាវុធ​ប្រើប្រាស់ និង​បាញ់សម្លាប់​មនុស្ស​នៅ​លើក​ទឹកដី​ខ្មែរ ជា​បន្តបន្ទាប់​នេះ គឺជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ និង​អ្នក​វិនិយោគ​ល្អៗ ដែល​ចង់​មក​ធ្វើ​អាជីវកម្ម ជំនួញ​នៅ​កម្ពុជា។

នាយក​ទទួលបន្ទុក​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត លើកឡើង​ថា បើ​ជនបរទេស​នៅ​កម្ពុជា​មួយចំនួន​នៅតែ​អាច​បន្ត​បង្ក​អសន្តិសុខ​សង្គម​ដូចជា ការ​បាញ់បោះ​គ្នា​ដោយ​សេរី ករណី​ឃាតកម្ម និង​ករណី​ជនបរទេស​ធ្វើ​អត្តឃាត​ជាដើម នោះ​រដ្ឋាភិបាល​នឹង​រង​ការរិះគន់​អំពី​ការគ្រប់គ្រង និង​ការពារ​សុខ​សុវត្ថិភាព​ក្នុង​ប្រទេស​គ្មាន​ប្រសិទ្ធភាព៖ «បញ្ហា​ទាំងអស់​នេះ ប្រសិនជា​កើតឡើង​ច្រើន វា​បង្ក​ឱ្យ​មាន​បញ្ហា​អសន្តិសុខ ដែល​បង្ក​ឱ្យ​មាន​ការភ័យខ្លាច សម្រាប់​ពលរដ្ឋ​ទូទៅ ទោះបី​ជា​ការ​អត្តឃាត​ដោយ​ជនបរទេស​ក៏ដោយ​។ អ៊ីចឹង​វា ប៉ះពាល់​ច្រើន វា​ជះឥទ្ធិពល​មិនល្អ​ទេ ប្រសិនជា​ករណី [​ ជនបរទេស​ធ្វើ​អត្តឃាត ឬ​មាន​ករណី​ឃាតកម្ម​ ] កើតមាន​ច្រើន​។ មួយទៀត​វា​ក៏​អាច ជះឥទ្ធិពល​សម្រាប់​ការ​វិនិយោគ ភ្ញៀវ​ទេសចរ​ផ្សេងៗ​ទៀត​ដែរ»។

ចំណែកឯ អ្នកវិភាគ​នយោបាយ លោក គឹម សុខ វិញ​មើលឃើញ​ថា កំណើន​នៃ​អំពើ​ឃាតកម្ម​ដែល​បង្កឡើង​ដោយ​ជនបរទេស ជាពិសេស​ជនជាតិ​ចិន​នៅតែ​បន្ត​កើតមាន​ហូរហែ។ លោក​ថា ករណី​ជន​ជនជាតិ​ចិន​អាច​មាន​កាំភ្លើង​បាញ់សម្លាប់​មនុស្ស​តាម​អំពើ​ចិត្ត​នៅ​កម្ពុជា​ដោយ​គ្មាន​អាជ្ញាធរ​ណា​ស៊ើបអង្កេត ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា​រដ្ឋាភិបាល លោក ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស​ដែល​បណ្តោយ​ឱ្យ​ជនបរទេស​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ដោយ​ចំហ​។ លោក​សោកស្តាយ​ដែល​កម្ពុជា​ជា​ប្រទេស​មាន​ធនធាន​ធម្មជាតិ និង​វប្បធម៌​ល្អ​ប្រពៃ ប៉ុន្តែ បច្ចុប្បន្ន​បែរ​ក្លាយ​ជា​ទីតាំង​សម្រាប់​ឧក្រិដ្ឋជន​ប្រព្រឹត្ត​នូវ​បទល្មើស និង​ធ្វើ​ជំនួញ​មិន​ស្របច្បាប់​តាម​ទំនើងចិត្ត​ទៅវិញ៖ «ពីព្រោះ​អំពើ​ឃាតកម្ម ប្រភេទ​ប្រហារ​គ្នា លោត​សម្លាប់​ខ្លួន​ពីលើ​អគារ​មិនដឹង​មូលហេតុ ហើយ​កាន់តែ​ច្រើនឡើង មិនមែន​មានន័យ​សមត្ថកិច្ច មិនដឹង​ការពិត​នោះ​ទេ​។ ក៏ប៉ុន្តែ សមត្ថកិច្ច​ដឹង​ថា វា​គឺជា​អំពើ​របស់​ពួក​ម៉ាហ្វៀនិយម ហើយ​ពួក​នោះ​អាច មាន​ឥទ្ធិពល​ធំ​ទៅលើ​សមត្ថកិច្ច​ផង។ រឿង​បែប​ហ្នឹង វា​ច្រើនតែ​កើតឡើង​នៅក្នុង​ទឹកដី​នៃ​តំបន់​ម៉ាហ្វៀ​និយម​ដូចជា​នៅ​ម៉ាកាវ (Macau) ជាដើម»​។

ឆ្លើយតប​នឹង​ការ​លើកឡើង​នេះ អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊​ន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា រដ្ឋាភិបាល​មិន​ចង់​ឃើញ​រូបភាព​អំពើ​ឃាតកម្ម ឬ​អត្តឃាត​របស់​ជនបរទេស​នៅ​កម្ពុជា​ទេ​។ លោក​ថា ការ​លើកឡើង​នូវ​ក្តី​កង្វល់​របស់​មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកវិភាគ​គឺជា​រឿង​មួយ ប៉ុន្តែ ទន្ទឹម​គ្នា​នេះ​លោក​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ថា ត្រូវតែ​មាន​កិច្ចការ​សហការ​ជាមួយ​សមត្ថកិច្ច ប្រសិនបើ​ដឹង​តម្រុយ​ថា​ជនបរទេស​ណា​ដែល​តែងតែ​បង្ក​អសន្តិ​សង្គម​នៅ​កម្ពុជា៖ «​ដូច្នេះហើយ អ្វី​ដែល​សំខាន់​គឺ​ថា រដ្ឋាភិបាល​តែងតែ​អំពាវនាវ បងប្អូន​គ្រប់​និន្នាការ គ្រប់​ស្រទាប់​ទាំងអស់ ឱ្យ​ចូល​រួម​ជាមួយ​សមត្ថកិច្ច ក្នុង​ការ​សហការ​គ្នា ជាមួយ​សមត្ថកិច្ច នៅក្នុង​យុទ្ធនាការ ប្រយុទ្ធ​ប្រឆាំង​ជនបរទេស​ដែល​បង្ក​បទល្មើស​នៅ​កម្ពុជា ក៏ដូចជា​ជនជាតិ​ណា​ទាំងអស់​ដែល​បង្ក​បទល្មើស​នៅ​កម្ពុជា​។ នេះ​គឺជា បញ្ហា​រួម​របស់​សង្គម​ដែល​យើង​ទាំងអស់គ្នា​ត្រូវ​រួមគ្នា​ទប់ស្កាត់​បទល្មើស»។

ទោះ​បី​យ៉ាង​ណា​ក៏ដោយ ក្រុម​ឧក្រិដ្ឋជន​ជាតិចិន​មួយចំនួន នៅតែ​អាច​ដក​កាំភ្លើង​បាញ់សម្លាប់​មនុស្ស​នៅ​ទី​សាធារណៈ ជា​បន្តបន្ទាប់​នៅ​លើ​ទឹកដី​ខ្មែរ​។ លើស​ពី​នេះ ជន​ជាតិចិន​ទាំងនោះ គឺ​ពួកគេ​មិន​ញញើត​ច្បាប់​កម្ពុជា​ឡើយ ដ្បិត​ករណី​ខ្លះ​ក្នុង​ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​ថែមទាំង​ដក​កាំភ្លើង​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​ទៀត​ផង។

កាលពី​យប់​ថ្ងៃទី​១៥ ខែមិថុនា កន្លងទៅ នៅ​ខេត្ត​ព្រះសីហនុ ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ចិន និង​វៀតណាម​មាន​គ្នា​ជាង ១០​នាក់ បាន​ទាស់​ពាក្យ​សម្តី​ជាមួយ​អ្នក​រត់​ម៉ូតូ​កង់​បី​ខ្មែរ​ម្នាក់ ហើយ​បាន​ដក​កាំភ្លើង​បាញ់​ភ្ជង់​អ្នក​រត់​កង់​បី​រូប​នោះ​។ ក្រុម​ជន​បរទេស​ទាំង​នោះ​បាន​ដក​កាំភ្លើង​បាញ់រះ​មក​លើ​ក្រុម​សមត្ថកិច្ច​ពេល​ចុះ​បង្ក្រាប ដែល​បណ្តាល​ឱ្យ​សមត្ថកិច្ច​ម្នាក់​របួសធ្ងន់។

ដោយឡែក កាល​ពី​យប់​ថ្ងៃទី​៣០ ខែ​កក្កដា នៅ​ខេត្ត​ព្រះសីហនុ​ដែរ ជនជាតិ​ចិន​ម្នាក់​បាន​បាញ់​សម្លាប់​ជនជាតិ​ចិន​ដូចគ្នា​២​នាក់ ឱ្យ​ស្លាប់​នៅ​ហ្នឹង​កន្លែង ក្នុង​ពេល ដែល​ជនជាតិ​ចិន​ជាង ១០​នាក់​បាន​ឈ្លោះ​ទាស់ទែង​គ្នា​រឿង​អាជីវកម្ម​ពួកគេ។

រំលង​បាន​១០​ថ្ងៃ ពី​ករណី​អំពើ​ឃាតកម្ម​នេះ គឺ​កាលពី​រំលង​អធ្រាត្រ​ចូល​ដល់​ថ្ងៃទី​៩ ខែសីហា ជនជាតិ​ចិន​ម្នាក់​ត្រូវ​ជនជាតិ​ចិន​ដូចគ្នា​បាញ់សម្លាប់​ក្នុង​រថយន្ត និង​ម្នាក់ទៀត​របួស​។ ប៉ុន្តែ​ជន​ប្រព្រឹត្ត​ល្មើស​បាន​ស្លាប់​ទាំង​៣​នាក់ ដោយ​បើកឡាន​បុក​បង្គោល​ភ្លើង ក្រោយ​បាន​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ដែល​ដេញ​តាម​ពួកគេ​។ ករណី​មួយទៀត​កើតឡើង នៅ​ភ្នំពេញ កាល​ពី​ថ្ងៃទី​២៨ ខែសីហា គឺ​មាន​ជនជាតិ​ចិន​៣​នាក់​ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម ក្រោយ​ជនជាតិ​ចិន​មួយ​ក្រុម​ដក​កាំភ្លើង​បាញ់ នៅពេល​មាន​ជម្លោះ​នឹង​គ្នា។ ក្នុង​ពេល​នោះ​សមត្ថកិច្ច​បាន​រឹបអូស​កាំភ្លើងខ្លី​ចំនួន ២​ដើម និង​គ្រឿងញៀន​មួយចំនួន​ផង។

ក្រៅ​ពី​នេះ ក៏​មាន​ជនបរទេស ជាពិសេស​ជនជាតិ​ចិន​លោត​ពី​លើ​អគារ​សម្លាប់​ខ្លួន​ឯង​ជា​ញឹកញយ​ដែរ។

កាលពី​ថ្ងៃទី​២ កញ្ញា ជនជាតិ​ចិន​ម្នាក់​បាន​លោត​ពី​សណ្ឋាគារ​អន្តរជាតិ​ជុនហាវ (Chun Hao International Hotel) បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​។ សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​អះអាង​ថា នេះ​ជា​ករណី​បង្ខាំង​។ តាម​សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន​អន្តរជាតិ​បាន​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​ជនជាតិ​ចិន ឬ​ជនបរទេស​មួយចំនួន ដែល​តែង​លោត​សម្លាប់​ខ្លួន​ពីលើ​អគារ​ជា​ញឹកញាប់​មក​នេះ ពីព្រោះ​ពួកគេ​គឺជា​ជនរងគ្រោះ​ត្រូវ​បាន​ឧក្រិដ្ឋជន​ចាប់​បង្ខាំង​ថែមទាំង​មាន​ការ​ធ្វើ​ទារុណកម្ម​លើ​ពួកគេ​ផង ទើប​ជនបរទេស​ទាំងនោះ​មិនអាច​ទ្រាំទ្រ​បាន ក៏​បញ្ចប់ជីវិត​ដោយ​លោត​សម្លាប់​ខ្លួន​ពីលើ​អគារ។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និង​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ដើម្បី​សាកសួរ​បន្ថែម​ពី​បញ្ហា​នេះ​បានទេ​។ ចំណែក ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។

ទោះបីជា​យ៉ាងណា អ្នកវិភាគ​នយោបាយ លោក គឹម សុខ ថ្លែង​ថា បើ​កម្ពុជា​បន្ត​បណ្ដែតបណ្ដោយ​ឱ្យ​មាន​អាជីវកម្ម​ខុសច្បាប់​កាន់កាប់​ដោយ​ជនបរទេស ហើយ​មាន​វត្តមាន​ឧក្រិដ្ឋជន​កាន់តែ​ច្រើន នោះ​ប្រជាពលរដ្ឋ និង​សង្គម​នឹង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​ចៀស​មិន​រួច​ឡើយ ដ្បិត​លោក​ថា​ឧក្រិដ្ឋជន​ទាំងនោះ​អាច​មាន​ឥទ្ធិពល​ជាង​សមត្ថកិច្ច​ដែល​មាន​តួនាទី​បង្ក្រាប​លើ​ពួកគេ។ ទោះបីជា​យ៉ាងណា លោក អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​បទល្មើស​ឧក្រិដ្ឋកម្ម​នៅ​កម្ពុជា ហើយ​ពលរដ្ឋ​ក៏​គួរតែ​ប្រើ​សិទ្ធិ​តវ៉ា​ប្រឆាំង​អយុត្តិធម៌​គ្រប់​វិស័យ និង​ត្រូវ​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ការដឹកនាំ​ប្រទេស​បែប​ប្រជាធិបតេយ្យ​ទើប​កម្ពុជា​អាច​មាន​នីតិរដ្ឋ​ពិតប្រាកដ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។