ក្រសួងមហាផ្ទៃចាត់ទុកព័ត៌មានដែលថា កម្ពុជាលាក់រឿងផ្ដល់សញ្ជាតិឲ្យជនបរទេស ជាការមួលបង្កាច់
2024.10.09
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ចាត់ទុកការចោទប្រកាន់របស់ក្រុមអ្នកកាសែតស៊ើបអង្កេតអន្តរជាតិ OCCRP ថា កម្ពុជាកំពុងលាក់បាំងព័ត៌មានអំពីការផ្ដល់សញ្ជាតិឲ្យជនបរទេស ជាការមួលបង្កាច់ដោយគ្មានមូលដ្ឋាន។ ការឆ្លើយតបនេះ ធ្វើឡើងក្រោយក្រុមអ្នកកាសែតស៊ើបអង្កេតអន្តរជាតិបានរកឃើញថា កម្ពុជាកំពុងលាក់បាំងព័ត៌មានពាក់ព័ន្ធនឹងការផ្ដល់សញ្ជាតិឲ្យជនបរទេស ក្រោយពីនគរបាលប្រទេសសិង្ហបុរី (Singapore) បានចាប់ខ្លួន និងចោទប្រកាន់ឧក្រិដ្ឋជនដើមកំណើតចិនមានសញ្ជាតិខ្មែរមួយចំនួនពាក់ព័ន្ធនឹងសំណុំរឿងលាងលុយកខ្វក់ដ៏ធំបំផុតមិនធ្លាប់មានពីមុនមកក្នុងប្រទេសសិង្ហបុរី ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ចាត់ទុកការរកឃើញរបស់ក្រុមអ្នកកាសែតស៊ើបអង្កេតអន្តរជាតិ OCCRP ថា មានចេតនាមូលបង្កាច់ទាំងស្រុងដោយគ្មានមូលដ្ឋាន និងមិនយល់ពីបែបបទនៃការបំពេញភារកិច្ចរបស់រដ្ឋអធិបតេយ្យ។ អ្នកនាំពាក្យរូបនេះ អះអាងថា របាយការណ៍ ឬប្រធានបទដដែលនេះ មានលក្ខណៈអុចអាល រើកកាយរឿងរ៉ាវផ្ទៃក្នុងរបស់រដ្ឋឯករាជ្យ ហើយលោកថា គ្មានច្បាប់ជាតិ-អន្តរជាតិណា ចែងអំពីកាតព្វកិច្ចឲ្យរដ្ឋនីមួយៗផ្សាយនូវព័ត៌មានណាមួយឡើយ។ លោកអះអាងទៀតថា ការផ្សព្វផ្សាយព័ត៌មានផ្សេងៗ គឺអាស្រ័យលើការចាំបាច់របស់រដ្ឋនីមួយៗ ។ នេះបើតាមការប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៨ ខែតុលា។
ការឆ្លើយតបនេះ ធ្វើឡើងបន្ទាប់ពីក្រុមអ្នកកាសែតស៊ើបអង្កេតអន្តរជាតិ នៃគម្រោងរាយការណ៍អំពីឧក្រិដ្ឋកម្ម ដែលមានអង្គការចាត់តាំង និងអំពើពុករលួយ (OCCRP) បានចេញផ្សាយអត្ថបទមួយ កាលពីថ្ងៃទី៣០ ខែកញ្ញា ក្រោមចំណងជើងថា «ឧក្រិដ្ឋជនមួយចំនួន អាចទទួលបានផលប្រយោជន៍ ខណៈកម្ពុជាលាក់បាំងទិន្នន័យអំពីការទទួលបានសញ្ជាតិថ្មី»។
ការលាក់បាំងនេះ កើតមានឡើងក្រោយពីអាជ្ញាធរនៃប្រទេសសិង្ហបុរី បានចាប់ខ្លួន និងចោទប្រកាន់ឧក្រិដ្ឋជនដើមកំណើតចិន១០នាក់ ក្នុងនោះ៩នាក់កាន់សញ្ជាតិខ្មែរ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងបទល្មើសលាងលុយកង្វក់ និងក្លែងបន្លំឯកសារក្នុងទំហំទឹកប្រាក់ជាង ២ពាន់លានដុល្លារអាមេរិក ដែលបានមកពីការប្រព្រឹត្តិបទឧក្រិដ្ឋ ដូចជាអាជីវកម្មបនល្បែងអនឡាញ (Online) ខុសច្បាប់ និងសហការជាមួយឧក្រិដ្ឋជនឆបោកតាមអនឡាញ ជាដើម។ ពួកគេទាំង៩នាក់នោះទទួលបានសញ្ជាតិខ្មែរ កាន់លិខិតឆ្លងដែនកម្ពុជា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។
OCCRP បានពិនិត្យមើលទិន្នន័យពីសៀវភៅរាជកិច្ច និងរកឃើញថា ក្នុងចំណោមរាជកិច្ចចំនួន៦១ ដែលបានចេញផ្សាយក្នុងឆ្នាំ២០២៤ មានជនបរទេសតែ៥នាក់ប៉ុណ្ណោះ ដែលទទួលបានសញ្ជាតិខ្មែរតាំងពីចុងឆ្នាំ២០២៣។
OCCRP កត់សម្គាល់ឃើញថា ចំនួននេះ បានធ្លាក់ចុះខ្លាំងបើធៀបនឹងឆ្នាំ២០២៣ ដែលមានជនបរទេសទទួលបានសញ្ជាតិខ្មែរ ច្រើនជាង៦៥០ នាក់ ត្រូវបានប្រកាសក្នុងរាជកិច្ច។ ក្នុងនោះប្រមាណពាក់កណ្ដាលជាជនជាតិចិន។ ចំណែកឯក្នុងឆ្នាំ២០២១ និង២០២២ មានជនបរទេសទទួលបានសញ្ជាតិខ្មែររាប់រយនាក់ផ្សេងទៀត ត្រូវបានប្រកាសក្នុងរាជកិច្ច ហើយពួកគេភាគច្រើនជាជនជាតិចិន។
ប្រធានអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ប្រាប់វិទ្យុអាស៊ីសេរី កាលពីដើមខែតុលាថា កម្ពុជាគួរតែធានានូវសុចរិតភាព និងតម្លាភាពក្នុងការអនុវត្តច្បាប់ផ្ដល់សញ្ជាតិ ដោយសារតែការខកខានត្រួតពិនិត្យលក្ខខណ្ឌ និងអនុវត្តច្បាប់ផ្ដល់សញ្ជាតិឲ្យគ្រប់លក្ខខណ្ឌ អាចបង្កផលប៉ះពាល់ដល់អធិបតេយ្យ និងផ្ដល់ឱកាសឲ្យជនបរទេស ដែលគេចវេសពីការទទួលខុសត្រូវចំពោះមុខច្បាប់ ក្រោមយន្តការនៃការទទួលបានសញ្ជាតិទី២។
លោក ប៉ិច ពិសី៖ «យើងឃើញហើយបើសិនជាយើងមិនប្រុងប្រយ័ត្នទេ ជនឧក្រិដ្ឋអាចប្រើប្រាស់យន្តការនៃការទទួលបានសញ្ជាតិហ្នឹង ដើម្បីបន្តអនុវត្តអំពើខុសច្បាប់របស់ពួកគាត់ ដែលធ្វើឲ្យទឹកដីរបស់យើង ទៅជាដែនដីមួយដែលមានជនឧក្រិដ្ឋច្រើន កាលណាមានជនឧក្រិដ្ឋច្រើន យើងនឹងប៉ះពាល់ទី១ គឺកិត្តិនាម ប៉ុន្តែអ្វីដែលខ្ញុំបារម្ភជាងគេ ទី១ គឺ បរិយាកាសវិនិយោគហ្នឹងគឺកាន់តែធ្លាក់ចុះ ដែលធ្វើឲ្យយើងពិបាកក្នុងការទាក់ទាញវិនិយោគស្អាតស្អំ»។
កន្លងទៅគេឃើញមានភាពមិនប្រក្រតីមួយចំនួនក្នុងការផ្តល់សញ្ជាតិខ្មែរដល់ជនបរទេស ជាពិសេសគឺជនបរទេសភាគច្រើន ទទួលបានបានសញ្ជាតិខ្មែរ តាមរយៈសញ្ជាតូបនីយកម្ម ដោយសារតែរដ្ឋាភិបាលពុំបានបង្ហាញតម្លាភាពជុំវិញករណីនេះ។ ក្នុងនោះ មានជនបរទេសខ្លះធ្លាប់ប្រព្រឹត្តបទល្មើសនៅកម្ពុជា ហើយជនបរទេសខ្លះទៀត មានឈ្មោះក្នុងបញ្ជីឧក្រិដ្ឋជនអន្តរជាតិ ក៏នៅតែទទួលបានសញ្ជាតិខ្មែរ។
ជាក់ស្ដែង ករណីបុរសជនជាតិចិនម្នាក់លោក វ៉ាង យ៉ាវហ៊ុយ (Wang Yaohui) ដែលធ្លាប់ជាប់ពន្ធនាគារនៅទីក្រុងប៉េកាំងពាក់ព័ន្ធនឹងអំពើសូកប៉ាន់ និងការលាងលុយកខ្វក់នោះ បានទទួលបានសញ្ជាតិខ្មែរ និងក្លាយជាទីប្រឹក្សាលោក ហ៊ុន សែន កាលពីឆ្នាំ២០១៥ ហើយកាន់លិខិតឆ្លងដែនការទូត។
ក្រៅពីនេះ ក៏មានករណីឧក្រិដ្ឋជនចិនឈ្មោះ ស៊ូ អាយមីន (Xu Aimin) ដែលត្រូវបានតុលាការចិនកាត់ទោសឱ្យជាប់គុកនៅប្រទេសចិនរយៈពេល១០ឆ្នាំកាលពីឆ្នាំ២០១៣ ដោយសារតែលោកបានធ្វើជាមេខ្លោងនៃបនល្បែងស៊ីសងអន្តរជាតិខុសច្បាប់។ ឧក្រិដ្ឋជនចិនរូបនេះមិនបានជាប់គុកនៅចិនទេ តែបានមកកសាងអាណាចក្រជំនួញដ៏សម្បើមមួយនៅខេត្តព្រះសីហនុ។ ទិន្នន័យក្រសួងពាណិជ្ជកម្មកម្ពុជាបង្ហាញថាលោកទទួលបានសញ្ជាតិខ្មែរនៅមុនឆ្នាំ២០១២។
ករណីដ៏លេចធ្លោមួយទៀតនោះ គឺសំណុំរឿងរបស់មហាសេដ្ឋីដើមកំណើតចិនវ័យក្មេង ឈ្មោះ ចេន ហ្ស៊ី (Chen Zhi) ដែលទទួលបានសញ្ជាតិខ្មែរកាលពីដើមឆ្នាំ២០១៤។ លោក ចេន ហ្ស៊ី គឺជាម្ចាស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រូប (Prince Group) ជាទីប្រឹក្សារបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន។ តុលាការនៅប្រទេសចិន បានចោទប្រកាន់សម្ព័ន្ធក្រុមហ៊ុនលោកពីការលាងលុយកខ្វក់ដ៏សម្បើម និងពណ៌នាសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រូប របស់លោកថាជា «ក្រុមឧក្រិដ្ឋកម្មបនល្បែងអនឡាញឆ្លងដែនដ៏អាក្រក់»មួយ ដែលរកប្រាក់ចំណូលបានយ៉ាងហោចណាស់ ៥ពាន់លានយ័ន (៧០០លានដុល្លារ) ជាចំណូលមិនស្របច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។