ជនជាតិចិនចំនួនសរុប ៤១នាក់ ដែលធ្វើដំណើរតាមផ្លូវទឹកចូលកម្ពុជា បានជួបឧប្បត្តិហេតុលិចទូកស្ថិតក្នុងតំបន់ភូមិសាស្ត្រចន្លោះពយសារឿង និងកោះតាង ក្នុងខេត្តព្រះសីហនុ។ មកដល់ពេលនេះ សមត្ថកិច្ចអះអាងថា បានប្រទះឃើញសាកសពជនជាតិចិនម្នាក់ និងជួយសង្គ្រោះជនជាតិចិនចំនួន ២០នាក់ ខណៈ ២១នាក់ទៀតបានបាត់ខ្លួន ហើយសមត្ថកិច្ចកំពុងបន្តស្វែងរកក្នុងតំបន់ភូមិសាស្ត្រកើតហេតុ។
រដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់ថា ជនជាតិចិនចំនួន ២០នាក់ ដែលនៅរស់រានមានជីវិតក្នុងហេតុការណ៍លិចទូកនេះ សមត្ថកិច្ចបានយកទៅរក្សាទុក នៅវរសេនាតូចលេខ២៤០ ដើម្បីសួរនាំបន្ថែម។ រដ្ឋបាលខេត្តព្រះសីហនុ ក៏ប្រកាសដល់ក្រុមជួយសង្គ្រោះ និងទូកនេសាទទាំងអស់ ប្រសិនបើជួយសង្គ្រោះជនជាតិចិន ដែលជួបគ្រោះថ្នាក់លិចទូកបានម្នាក់នឹងទទួលបានថវិកាចំនួន ២លានរៀល។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទង ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ដើម្បីសាកសួរបន្ថែមអំពីរឿងនេះបាននៅឡើយទេ នៅថ្ងៃទី២៣ កញ្ញា។
គិតមកដល់ពេលនេះ រដ្ឋបាលខេត្តព្រះសីហនុពុំទាន់បានបញ្ជាក់ថា ជនជាតិចិន ដែលធ្វើដំណើរតាមផ្លូវទឹកឆ្លងដែនចូលកម្ពុជាបែបនេះ មានគោលបំណងអ្វី និងមានលិខិតឆ្លងដែនត្រឹមត្រូវនៅឡើយទេ។ ទោះបីជាយ៉ាងណា ក្ដី សាធារណជនមួយចំនួនសង្ស័យថា ជនជាតិចិនដែលជួបគ្រោះថ្នាក់លិចទូកនេះ ទំនងចាញ់បោកមេខ្យល់ ដែលល្បួងពួកគេឱ្យមកធ្វើការខុសច្បាប់នៅខេត្តព្រះសីហនុ។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ប្រាប់វិទ្យុអាស៊ីសេរីថា ករណីជនជាតិចិនឆ្លងដែនតាមផ្លូវទឹកចូលកម្ពុជាបែបនេះ អាចពួកគេចាញ់បោកមេខ្យល់ឱ្យមកធ្វើការខុសច្បាប់នៅកម្ពុជា។ អ្នកស្រីថា ជនជាតិចិន ឬជនបរទេសណា ដែលមកកម្ពុជាដោយមានលិខិតអនុញ្ញាតត្រឹមត្រូវនោះ ទំនងពួកគេមកមិនធ្វើដំណើរតាមផ្លូវទឹកឡើយ៖ «...។
ទោះបីជាយ៉ាងណាក្ដី មន្ត្រីសង្គមស៊ីវិលរូបនេះ ស្នើដល់អាជ្ញាធរខេត្តព្រះសីហនុ និងកម្លាំងជំនាញពន្លឿនការជួយសង្គ្រោះជនរងគ្រោះទាំងអស់ ដើម្បីស្រាវជ្រាវបន្តអំពីដំណើរការជនជាតិចិនទាំងនោះ ដែលបានឆ្លងដែនតាមផ្លូវទឹកចូលកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។