សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​សុំ​ឲ្យ​ក្រសួង​អប់រំ ជួយ​អន្តរាគមន៍​ដល់​សាលា​មួយ ដែល​ថ្នាក់​មួយ​មាន​សិស្ស​តែ​ម្នាក់​គត់​

0:00 / 0:00

សមាគមគ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ ស្នើសុំ​ទៅ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន ​នៅ​ក្នុង​អនុ​វិទ្យា​ល័យ​មួយ​ក្នុង​ខេត្ត​តាកែវ ដែល​កំពុង​ប្រឈម​នឹង​ការ​គ្មាន​សិស្សចូល​រៀន។ សំណើសុំ​នេះធ្វើ​ឡើង​តាម​រយៈ​លិខិត​មួយ​ច្បាប់កាល​ពី​ថ្ងៃ​ទី​១៩ មេសា​ដោយ​រៀបរាប់​ថាបញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទឹក​ចិត្ត​គ្រូប​ង្រៀន។ សំណើសុំ​នោះ​ត្រូវ​បាន​មន្ត្រី​ក្រសួង​អប់រំ​ទទួល​យក​ប៉ុន្តែ​មិន​ទាន់​មាន​ការ​សន្យា​ណា​មួយ​នៅ​ឡើយ​ទេ។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ អ្នក​ស្រី អ៊ុក ឆាយ៉ាវី ថ្លែង​ថា បញ្ហា​ដែលកំពុង​កើត​ឡើង​ក្នុង​អនុវិ​ទ្យា​ល័យ​ខ្លា​គ្រហឹម ក្នុង​ខេត្ត​តាកែវនោះ គឺ​ថ្នាក់​ទី​៧មាន​សិស្ស​តែ​ម្នាក់​ប៉ុណ្ណោះ​កំពុង​រៀន​នៅ​ទី​នោះ​ ដែល​បញ្ហា​នេះ​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ទឹក​ចិត្ត​គ្រូ​បង្រៀន​នៅ​សាលា​នោះ។

អ្នក​ស្រី​បន្ត​ថា លើសពី​នេះ លោក​គ្រូ​អ្នក​គ្រូ​ត្រូវ​បង្រៀន​ច្រើន​មុខ​វិជ្ជា និង​បង្រៀន​លើស​ម៉ោង ក៏​ប៉ុន្តែ​មិន​ទទួល​បាន​ប្រាក់​បន្ថែម​ម៉ោង​នោះ​ឡើយ​ ចំណែក​ឯ​មុខ​វិជ្ជា​ភាសា​អង់គ្លេស​វិញ គឺ​គ្មាន​គ្រូ​បង្រៀន​តែ​ម្តង។

អ្នក​ស្រី​អះអាង​ទៀត​ថា បញ្ហា​នេះ​ខាង​ក្រុម​គ្រូ​បង្រៀន​បាន​ស្នើ​ទៅ​ការិយាល័យ​អប់រំ​ស្រុក​ត្រាំកក់ និង​មន្ទីរ​អប់រំ​ខេត្ត​តាកែវ​ជា​ច្រើន​ដង​រួច​ហើយប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ​អ្វី​នៅ​ឡើយ​ទេ។ អ្នក​ស្រី​ទទូច​ឱ្យ​ក្រសួ​ង​អប់រំ​​ចុះ​ពិនិត្យ​ករណី​ជា​បន្ទាន់ ដើម្បី​រក​ដំណោះ​ស្រាយ កុំ​ឱ្យ​ខាត​បង់​ធន​ធាន​គ្រូ​បង្រៀន​ និង​ខាត​បង់​ថវិកា​ជាតិ​ និង​សំខាន់​ជាង​នេះ​ទៀត​ គឺ​ដើម្បី​កុំ​ឱ្យ​អនុវិទ្យាល័​យនោះ​ត្រូវ​បិទទ្វារ។

អាស៊ីសេរី​បាន​ទាក់​ទង​អ្នក​នាំពាក្យ​ក្រសួង​អប់រំ លោក​ រស់ សាលីន ដើម្បី​សាកសួរ​អំពី​វិធាន​ការ​របស់​ក្រសួង​ជុំ​វិញ​បញ្ហា​នេះ​ដែរ ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ។

គ្រូ​បង្រៀន​ម្នាក់​នៃអនុវិទ្យាល័យ​ខ្លា​គ្រហឹម លោក ង៉ែត នាង អះអាង​ប្រាប់​អាស៊ី​សេរី​ថា សិស្ស​ថ្នាក់​ទី៧ នៃ​អនុវិទ្យាល័យ​របស់​លោក​ ពិត​ជា​មាន​តែ​ម្នាក់ពិត​​មែន។ លោក​ថា ​កាល​ពី​ដើម​ឆ្នាំសិក្សា សិស្ស​ដែល​បាន​ចុះ​ឈ្មោះ​​ចូល​រៀន​មាន​ចំនួន​ ៦​នាក់​ ក៏​ប៉ុន្តែ​ពួក​គេ​បាន​ឈប់​រៀន​ជា​បន្ត​បន្ទាប់​ នៅ​សល់​តែ​​សិស្ស​ម្នាក់​ប៉ុណ្ណោះ​។ លោក​ថា បញ្ហា​នេះ​បាន​ប៉ះពាល់​ដល់​ទឹក​ចិត្ត​របស់​ក្រុម​គ្រូ​បង្រៀន​ជា​ខ្លាំង ដោយ​ពួក​គាត់​មាន​អារម្មណ៍​ធុញ​ទ្រាន់ បាក់​ទឹក​ចិត្ត និង​ស្រងេះ​ស្រងោច ព្រោះ​មាន​តែ​ពីរ​នាក់​គ្រូ​ និង​សិស្ស​ក្នុង​ថ្នាក់​រៀន​នោះ។

គ្រូ​បង្រៀន​រូប​នេះ​បន្ត​ថា សព្វថ្ងៃ​មាន​គ្រូ​បង្រៀន​ចំនួន ៥​នាក់ ដែល​ទទួ​ល​ខុស​ត្រូវ​បង្រៀន​សិស្ស​ម្នាក់​នោះ​គ្រប់​​មុខ​វិជ្ជា។ លោក​អះអាង​ថា ចាប់​តាំង​ពី​បង្កើត​ឡើង អនុវិទ្យាល័យ​ខ្លា​គ្រហឹម​នេះ មាន​សិស្ស​ចូល​រៀនថ្នាក់​ទី​៧ជិត​មួយ​រយ​នាក់​ក្នុង​មួយ​ឆ្នាំៗ។ ក៏​​ប៉ុន្តែ​ចំនួន​នេះ​បាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​ រហូត​ដល់​​ឆ្នាំ​នេះ បញ្ជី​ឈ្មោះ​​សិស្ស​ដែល​ការិយាល័យ​អប់​រំ​ស្រុក​បញ្ជូន​មក​ឱ្យ​សាលា​មាន​សិស្ស​តែ​ជាង ១០​នាក់​ប៉ុណ្ណោះ ហើយ​អ្នក​ដែល​បាន​ចុះ​ឈ្មោះចូល​រៀន​មាន​ចំនួន​ ៦​នាក់​ និង​ថយចុះ​សល់​តែ​ម្នាក់​គត់​នៅ​ពេល​នេះ។ លោក​យល់​ឃើញ​ថា បញ្ហា​នេះ​អាច​បណ្តាល​មក​ពីនៅ​តំបន់​នោះ​មាន​អនុវិទ្យាល័យ​ច្រើន​ ហើយ​អនុវិទ្យាល័យ​ខ្លា​គ្រហឹម​នៅ​ដាច់​ពី​គេ និ​ង​មិន​មាន​ការ​រៀបចំ​ត្រឹម​ត្រូវ។

អនុវិទ្យាល័យ​ខ្លា​គ្រហឹម​មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​តាភេម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ សាលា​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពីឆ្នាំ២០០២ ដោយ​ផ្តាច់​ចេញ​ពី​វិទ្យាល័យ សុខ អាន ១ ឧសភា។ សាលា​នេះ​មាន​ថ្នាក់​ដឹក​នាំ និង​បុគ្គលិក​អប់រំ​សរុប ១០​នាក់។ នៅ​ឆ្នាំ​នេះសិស្ស​ថ្នាក់​ទី​៩ មាន​ចំនួន​ជិត ៤០​នាក់ ថ្នាក់​ទី៨ ជាង ៣០​នាក់ និង​ថ្នាក់​ទី៧ មាន​តែ​ម្នាក់​គត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។