កម្មករ​រោងចក្រ​ជាង​៣០​នាក់​រង​របួស​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កំពង់ឆ្នាំង

ដោយ ជិន ជេដ្ឋា
2016.12.16
កម្មករ​គ្រោះថ្នាក់​ចរាចរណ៍ កំពង់ឆ្នាំង ៨៥៥ កម្មករ​ដែល​រង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុង​ស្រុក​កំពង់ត្រឡាច ​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Chin Chetha
RFA/Chin Chetha

កម្មករ កម្មការិនី ៣២​នាក់ ដែល​បម្រើ​ការងារ​រោងចក្រ​ពីរ​ផ្សេង​គ្នា​នៅ​ស្រុក​សាមគ្គីមានជ័យ និង​ស្រុក​កំពង់ត្រឡាច ​ខេត្ត​កំពង់ឆ្នាំង កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​ក្នុង​ស្រុក​កំពង់ត្រឡាច។ ចំណែក​អ្នក​របួស​ធ្ងន់​​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ក្រោយ​​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​រវាង​ឡាន​ដឹក​កម្មករ និង​ឡាន​ដឹក​អុស។

ឡាន​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរ​សម្រាក​ព្យាបាល តែ វណ្ណា បាន​បញ្ជូន​កម្មការិនី​​របួស​ធ្ងន់ ៦​នាក់ ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត នៅ​ព្រឹក​ថ្ងៃ​១៦ ខែ​ធ្នូ ក្រោយ​ពី​អ្នក​ជំងឺ​បាន​សង្គ្រោះ​បឋម​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ ខណៈ​ដែល​អ្នក​របួស​ជា​ច្រើន​ទៀត​ស្រែក​ថ្ងូរ ដោយ​ដៃ​ជាប់​សេរ៉ូម និង​ច្រមុះ​ដាក់​អុកស៊ីហ្សែន។ ក្រុមគ្រូ​ពេទ្យ​ថា អ្នក​របួស​ធ្ងន់​មាន​បាក់​ឆ្អឹង ខ្ទាំ​ថ្លើម និង​ប៉ះពាល់​ផ្ទៃ​ពោះ។

កម្មការិនី​ម្នាក់​នៅ​ភូមិ​ព្រៃញាម ឃុំ​ស្វាយជុក ស្រុក​សាមគ្គីមានជ័យ លោកស្រី មាស នី ថា លោកស្រី​ជិះ​ឡាន​ក្រោយ​គេ​ក្នុង​ចំណោម​កម្មករ កម្មការិនី​ក្នុង​ឡាន​ប្រមាណ ៤០​នាក់​ទៀត។ ពេល​ឡាន​បុក​គ្នា​ភ្លាម កម្មករ​ស្ទើរ​ទាំង​អស់​បាន​ខ្ទាត​ពី​ក្នុង​ឡាន ធ្លាក់​មក​ចិញ្ចើម​ផ្លូវ​សន្លប់​ស្ដូកស្ដឹង និង​ខ្លះ​នៅ​ដឹង​ខ្លួន។ ភ្លាម​នោះ លោកស្រី និង​កម្មករ​ដទៃ​ទៀត ​ត្រូវ​ឡាន​ដឹក​កម្មករ ១​គ្រឿង​ផ្សេង​ទៀត​ជួយ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ៖ «តៃកុង​ឡាន​បើក​ធម្មតា​ទេ តែ​ឡាន​គេ​មក​បុក​ហ្មង។ ខ្ញុំ​ជិះ​ឡាន​សាង ព្រោះ​មាន​ភ្លៀង ដល់​ពេល​អ៊ីចឹង​ទៅ គេ​មាន​តង់ អ៊ីចឹង​ម្ចាស់​ឡាន​ខ្ញុំ​ផ្ញើ​ជាមួយ មិន​មែន​តៃកុង​ឡាន​ខ្ញុំ​ជិះ​រាល់​ថ្ងៃ​ទេ ទើប​លើក​ទី​មួយ​ហើយ​ដែល​ខ្ញុំ​ជិះ​ឡាន​ហ្នឹង។ ធម្មតា​តែ​ឡាន​ចាប់​ហ្វ្រាំង​ខ្លាំង​គ្រាន់​តែ​ដួល​លើ​គ្នា នៅ​លើ​ឡាន ស្រាប់​តែ​មួយ​សា​ហ្នឹង​លេង​អត់​ដឹង​ថា ខ្លួន​ឯង​ធ្លាក់​ពី​លើ​ឡាន ស្រាប់​តែ​ដឹង​ខ្លួន​ឡើង​នៅ​លើ​ថ្នល់​រេល​អស់​បាត់​ហើយ។ ខ្ញុំ​ត្រូវ​ចង្កេះ ឆ្អឹង​ជំនី ដក​ដង្ហើម​មក​ឈឺ​ចាក់ និង​ត្រូវ​ក្បាល»

ប្រធាន​ការិយាល័យ​បេឡា​ជាតិ​​របប​សន្តិសុខ​សង្គម សាខា​ខេត្ត​កំពង់ឆ្នាំង លោក ស៊ឹម ប៊ុនធឿន មាន​ប្រសាសន៍​ថា គ្រប់​អ្នក​របួស​ក្នុង​ហេតុការណ៍​នេះ ត្រូវ​ក្រុម​គ្រូ​ពេទ្យ​នៅ​មន្ទីរ​សម្រាក​ព្យាបាល តែ វណ្ណា និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រឡាច យក​ចិត្ត​ទុក​ដាក់​សង្គ្រោះ ដោយ​មាន​ការ​សម្របសម្រួល​ពី​ក្រុម​ការងារ​របស់​លោក។

ទោះ​ជា​យ៉ាង​ណា​ហេតុការណ៍​នេះ​មិន​បណ្ដាល​ឲ្យ​កម្មករ​ណា​ម្នាក់​ស្លាប់​នោះ​ទេ៖ «ពេល​មាន​ករណី​គ្រោះ​ថ្នាក់​ភ្លាមៗ ខាង​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​ពី​ខាង​ក្រុម​ការងារ​ខ្ញុំ​នៅ​ស្រុក​កំពង់ត្រឡាច។ អ៊ីចឹង​យើង​ទាក់ទង​ទៅ​មន្ទីរ​ដើម្បី​គាត់​ជួយ​សម្រួល​នូវ​រថយន្ត​សាមុយ​ទៅ​យក​ជន​រងគ្រោះ​មក​សង្គ្រោះ និង​ព្យាបាល​គាត់។ ឥឡូវ​នេះ​ស្ថានភាព​គ្រូពេទ្យ​កំពុង​ពិនិត្យ​មើល​បើ​ថា​ធ្ងន់ គាត់​បញ្ជូន​ទៅ​កាល់ម៉ែង បើ​ស្រាល​គាត់​នឹង​ផ្ដល់​ការ​ព្យាបាល​នៅ​នឹង​កន្លែង​ហ្នឹង​តែម្ដង»

នាយ​រង​ផ្នែក​ចរាចរណ៍​ផ្លូវ​គោក​ស្រុក​កំពង់ត្រឡាច លោក ជុំ វិបុល បញ្ជាក់​ថា ហេតុការណ៍​គ្រោះ​ថ្នាក់​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​ជាង ៦​ព្រឹក ថ្ងៃ​ទី​១៦ ខែ​ធ្នូ នៅ​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៥ ទៅ​៤៦ ក្នុង​ឃុំ​សេដ្ឋី ស្រុក​សាមគ្គីមានជ័យ។

លោក​ថា ឡាន​នីសាន់​ដឹក​អុសស្ទែរ បាន​បើក​វ៉ា​រ៉ឺម៉ក​ជ្រុល​ទៅ​បុក​ឡាន​ដឹក​កម្មករ​ចំណុះ​មួយ​តោន​កន្លះ​ដែល​បើក​បញ្ច្រាស​ទិស​គ្នា​នោះ៖ «នៅ​កន្លែង​កើត​ហេតុ​យើង​មើល​ឃើញ​ថា ខាង​ឡាន​ដឹក​កម្មករ​នៅ​ចំណែក​ខាង​ស្ដាំ​របស់​គេ​ត្រឹមត្រូវ ប៉ុន្តែ​គ្រាន់​តែ​នេះ​វា​ជែង​ទៅ​បុក​ខាង​គេ​ណោះ។ នីតិវិធី​របស់​ខ្ញុំ​ទី​មួយ ខ្ញុំ​យក​វត្ថុ​តាង​មក​ដាក់​នៅ​ប៉ុស្តិ៍​ថែរក្សា​សិន បាន​ធ្វើ​កំណត់​ហេតុ ដើម្បី​ធ្វើ​សំណុំ​រឿង​បញ្ជូន​ទៅ​លើ»

ឡាន​ដឹក​កម្មករ និង​ឡាន​ដឹក​អុស​ស្ទែរ​ដែល​ជា​វត្ថុតាង​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ ត្រូវ​សមត្ថកិច្ច​អូស​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ប៉ុស្តិ៍​នគរបាល​ឃុំ​សេដ្ឋី ស្រុក​សាមគ្គីមានជ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។