ពលរដ្ឋប្រមាណ៥០នាក់ប្រមូលផ្តុំគ្នា ដាក់ញត្តិជាលើកទី៤ ស្នើឱ្យក្រសួងមហាផ្ទៃដកតំណែងមេភូមិ ព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយសារមេភូមិនេះមិនបានដោះស្រាយបញ្ហាអសន្តិសុខដែលកើតឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនរាប់ឆ្នាំមកហើយ។ ទោះជាយ៉ាងណា មេភូមិ ឆ្លើយតបថា ការដកដំណែងរបស់លោកគឺអាស្រ័យទៅលើថ្នាក់ដឹកនាំ។
ពលរដ្ឋប្រមាណ៥០នាក់រស់នៅក្នុងភូមិព្រែកតាគង់១ នៅរសៀលថ្ងៃទី៣ ខែមីនា បានជួបជុំគ្នានៅខាងមុខក្រសួងមហាផ្ទៃ ដើម្បីតាមដានលិខិតស្នើសុំបញ្ចប់តួនាទីមេភូមិព្រែកតាគង់១ ដែលអ្នកភូមិបានដាក់ជូនក្រសួងមហាផ្ទៃកាលពីលើកមុន។
ពលរដ្ឋចង់ដួរមេភូមិទើបព្យាយាមដាក់ញត្តិម្ដងហើយម្ដងទៀត
តំណាងពលរដ្ឋដែលមកដាក់ញត្តិ កញ្ញា ម៉ៅ លុនហេង លើកឡើងថា មូលហេតុដែលពលរដ្ឋមកដាក់ញត្តិម្ដងហើយម្ដងទៀត ទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ឱ្យដកដំណែងមេភូមិព្រែកតាគង់១ លោក ឡុង ហឿន គឺដោយសារមេភូមិរូបនេះ អសមត្ថភាពក្នុងការបិទល្បែងស៊ីសងអនឡាញនៅក្នុងភូមិដែលបានបង្កឱ្យមានអំពើចោរកម្ម លួចម៉ូតូ គាស់ផ្ទះយកទ្រព្យសម្បត្តិ លុយកាក់ និងរបស់របរផ្សេងៗរបស់ប្រជាពលរដ្ឋ។
បន្ថែមពីនេះ កញ្ញា ម៉ៅ លុនហេង ថា នៅពេលមានប្រជាពលរដ្ឋទៅប្ដឹងមេភូមិឱ្យជួយដោះស្រាយបញ្ហាមេភូមិពុំបានជួយអន្តរាគមន៍នោះទេ។ លើសពីនេះ កញ្ញាថា បញ្ហាថ្នាំញៀនកើតមានពេញភូមិមានការចែកចាយ និងប្រើប្រាស់យ៉ាងអនាធិបតេយ្យ ដោយមិនមានវិធានការទប់ស្កាត់ ដែលផ្ទុយទៅនឹងគោលការណ៍ណែនាំស្តីពី ភូមិឃុំសង្កាត់មានសុវត្ថិភាព។
កញ្ញា ម៉ៅ លុនហេង៖«យើងមានអារម្មណ៍ថា ក្រសួងហាក់បីដូចជាអត់ទាន់បានជួយឱ្យអស់ពីកម្លាំងគាត់ទេ ដោយសារតែជាក់ស្ដែងពួកយើងធ្លាប់ឮ ហើយដឹងថា ក្រសួងមហាផ្ទៃជាអ្នកទទួលស្គាល់ថា បុគ្គលម្នាក់ធ្វើជាមេភូមិនៅទីហ្នឹងបាន ដល់ពេលយើងមកហើយមកទៀត បែរជាក្រសួងថា គាត់អត់ដែនសមត្ថកិច្ចធ្វើរឿងនេះទេឱ្យពួកយើងទៅសាលារាជធានីវិញ ដល់ពេលអ៊ីចឹងទៅយើងសោកស្ដាយដែរដែលក្រសួងអត់ជួយយើងអ៊ីចឹង»។
ក្រសួងមហាផ្ទៃបដិសេធការស្នើដកតំណែងមេភូមិ
រីឯតំណាងពលរដ្ឋម្នាក់ទៀត លោក អ៊ុំ ណារី លើកឡើងថា លោកសោកស្ដាយដែលក្រសួងមហាផ្ទៃបដិសេធការស្នើសុំរបស់ពលរដ្ឋ និងបង្វែរឱ្យពលរដ្ឋដាក់ញត្តិទៅកាន់សាលាក្រុងភ្នំពេញវិញ។ លោកថា ប្រសិនការស្នើសុំរបស់ពលរដ្ឋបន្តអូសបន្លាយ ឬមិនមានការឆ្លើយតបនោះ បញ្ហាអសន្តិសុខក្នុងភូមិនឹងបន្តកើនឡើងទៀត។
លោក អ៊ុំ ណារី៖«ឱ្យក្រសួងគាត់ជួយដល់ពលរដ្ឋយើងផង ព្រោះអីពិបាកខ្លាំងណាស់ ពិបាកទាំងការដាក់ពាក្យបណ្ដឹង ពិបាកទាំងការរស់នៅ ទុករបស់របរក៏មិនបាន ហើយជម្លោះ ថ្នាំញៀន ពេលខ្លះគាត់ថាមេភូមិមិនមានសិទ្ធិចាប់ចងក៏ត្រូវមែន តែបញ្ហាតូចតាចក្នុងភូមិនែករស់នៅក្នុងភូមិគឺអត់ខ្វល់»។
ការតែងតាំង និងការដកដំណែងមេភូមិជាសិទ្ធិសម្រេចរបស់ថ្នាក់ដឹកនាំ
ឆ្លើយតបនឹងការលើកឡើងរបស់ពលរដ្ឋ មេភូមិព្រែកតាគង់១ លោក ឡុង ហឿន ប្រាប់វិទ្យុអាស៊ីសេរីយ៉ាងខ្លីថា ការតែងតាំង និងការដកដំណែងគឺជាសិទ្ធិសម្រេចរបស់ថ្នាក់ដឹកនាំ ហើយលោកថា បញ្ហាអសន្តិសុខក្នុងភូមិតែងមានការកើតឡើងបន្តិចបន្តួចដោយជៀសមិនផុត។
លោក ឡុង ហឿន៖«ផ្នែកអសន្តិសុខវាមានតិចតួច ហើយក្នុងភូមិខ្ញុំគឺជាភូមិអ្នកក្រវាចេះតែមានហើយកំប៉ិកកំប៉ុក តែដំកំភួនធំដុំអីវាអត់មានទេ ចោរលួចចោរប្លន់អីវាអត់មានទេ វាលួចតែដែកអេតចាយអីហ្នឹង»។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកទូច សុឃៈបានទេ នៅថ្ងៃទី៣ ខែមីនា។
អត្ថបទដែលទាក់ទង៖
មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យី សុខសាន្ត មានប្រសាសន៍ថា ចំពោះការស្នើសុំរបស់ពលរដ្ឋឱ្យមានការដកដំណែងមេភូមិដោយសារភាពអសកម្មនេះ ក្រសួងមហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតគួរចុះធ្វើការស្រាវជ្រាវពីមូលហេតុដែលនាំឱ្យមានអសន្តិសុខកើតឡើង និងអាចបញ្ចប់មុខដំណែងមេភូមិក្នុងករណីយកឃើញថា មានកំហុស។
លោក យី សុខសាន្ត៖«តាមពិតខ្ញុំយល់ថា ពាក់ព័ន្ធនឹងការស្នើសុំឱ្យដូរមេភូមិនេះ ភាគច្រើនមេភូមិកើតចេញពីការបោះឆ្នោត ការតែងតាំងពីក្រសួងមហាផ្ទៃ អ៊ីចឹងបើប្រជាពលរដ្ឋរកឃើញថាមេភូមិធ្វើខុសប្រជាពលរដ្ឋមានសិទ្ធិប្ដឹងទៅក្រសួងមហាផ្ទៃ ឬតុលាការក៏បានដែរ»។
ក្រោយក្រសួងមហាផ្ទៃបដិសេធទទួលញត្តិពលរដ្ឋអះអាងថា ពួកគាត់នឹងបន្តដាក់ញត្តិទៅកាន់សាលារាជធានីភ្នំពេញក្នុងពេលឆាប់ៗ។ ទោះជាយ៉ាងណា ពួកគាត់បន្តទទូចដល់អាជ្ញាធរពាក់ព័ន្ធឱ្យដកដំណែងមេភូមិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។