អាជ្ញាធរ​សង្កាត់​ចាក់អង្រែលើ​ប្រគល់​ក្រដាស​ស្នាម​មេដៃ​ឲ្យ​អ្នក​ភូមិ​ក្រោយ​មាន​ការ​តវ៉ា

0:00 / 0:00

អាជ្ញាធរ​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ​ប្រគល់​ក្រដាស​ស្នាម​មេដៃ​ឲ្យ​អ្នក​ភូមិ​វិញ​ហើយ នៅ​វេលា​ម៉ោង ៥ ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ។ ក្រដាស​ស្នាម​មេដៃ​នេះ ត្រូវ​បាន​អាជ្ញាធរ​ដក​ហូត​ពី​ប្រជាពលរដ្ឋ​កាល​ពី​សប្ដាហ៍​មុន។

ប្រធាន​ភូមិ​ព្រែកតាគង់១ នៃ​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ លោក ឡុង ហឿន បាន​យក​ក្រដាស​ស្នាម​មេដៃ​របស់​អ្នក​ភូមិ​ប្រគល់​ឲ្យ​អ្នក​ភូមិ​ព្រែកតាគង់១ វិញ ក្រោយ​កិច្ច​ប្រជុំ​មួយ​សម្រេច​នៅ​សង្កាត់​នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ៖ «អ៊ីចឹង​អ្នក​ណា​ទទួល​យក? ហើយ​យក​ទៅ​មើល​សិន គ្រប់​ចំនួន​ហើយ ឬ​នៅ? ប្រយ័ត្ន​ទៅ​ដល់​នោះ​ថា​បាត់»

អ្នក​ភូមិ​ព្រែកតាគង់១ ជិត ១០០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ផ្ទះ​លោក​មេភូមិ ចាប់​តាំង​ពី​ម៉ោង ២​រសៀល រហូត​ដល់​ម៉ោង ៥​ល្ងាច​ថ្ងៃ​ដដែល ដើម្បី​ទាមទារ​យក​ក្រដាស​ស្នាម​មេដៃ​របស់​ពួក​គាត់​ដែល​ធ្វើ​បញ្ជាក់​អំពី​កម្មសិទ្ធិ​ដីធ្លី​របស់​ពួក​គាត់​កាន់កាប់​សព្វ​ថ្ងៃ សម្រាប់​បញ្ជូន​ទៅ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់។

តំណាង​អ្នក​ភូមិ គឺ​លោក អ៊ុំ ណារី មាន​ប្រសាសន៍​ថា ក្រដាស​ដែល​ប្រមូល​ស្នាម​ផ្ដិត​មេដៃ​របស់​ពលរដ្ឋ​សហគមន៍​ព្រែកតាគង់១ គឺ​ធ្វើ​តាម​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ពន្លឿន​ការ​ស្នើ​សុំ​កាត់​ដី​របស់​អ្នក​សហគមន៍​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន អាយ.អិន.ជី ហូលឌីង (ING Holding) និង​លុប​អនុក្រឹត្យ​អាង​ស្តុក​ទឹក​របស់​រាជ​រដ្ឋាភិបាល លើ​ដី​ពួក​គាត់ ហើយ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ដល់​ប្រជាពលរដ្ឋ។

លោក អ៊ុំ ណារី៖ «ក្រសួង​ដែនដី​គាត់​ឲ្យ​ខ្ញុំ​ដើរ​ផ្ដិត (មេដៃ) ដើម្បី​យក​ឯកសារ​នេះ​យក​ទៅ​ដាក់​នៅ​សាលា​រាជធានី​ភ្នំពេញ និង​ស្នើ​ដល់​រាជរដ្ឋាភិបាល ហើយ​ឯកសារ​ដែល​ខ្ញុំ​ផ្ដិត​នេះ ដាក់​ថា បញ្ជី​ឈ្មោះ​របស់​ប្រជាពលរដ្ឋ​សហគមន៍​ព្រែកតាគង់១ ស្នើ​សុំ​កាត់​ដី​ប្រជាពលរដ្ឋ​ចេញ​គម្រោង​អភិវឌ្ឍន៍ អាយ.អិន.ជី និង​លុប​អនុក្រឹត្យ​អាង​ស្តុក​ទឹក​របស់​រាជ​រដ្ឋាភិបាល ព្រម​ទាំង​ស្នើ​ប្លង់​កម្មសិទ្ធិ​ដល់​ប្រជាពលរដ្ឋ។ អា​ហ្នឹង​ពួក​ខ្ញុំ​ដើរ​ធ្វើ ហើយ​ក្រសួង​នឹង​បង្កើត​គណៈកម្មការ​មួយ ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ហើយ​ដោយសារ​តែ​ពួក​ខ្ញុំ​រស់​នៅ​ទី​នេះ​យូរ​ហើយ ពួក​ខ្ញុំ​ចង់​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង»

ក្រដាស​ស្នាម​ផ្ដិត​មេដៃ ត្រូវ​បាន​អាជ្ញាធរ​សង្កាត់​ចាក់អង្រែលើ ដក​ហូត កាល​ពី​យប់​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ហើយ​ឃាត់​ខ្លួន​បុគ្គលិក​អង្គការ​ម្នាក់ និង​ប្រជាពលរដ្ឋ​ម្នាក់ យក​ទៅ​សាកសួរ​ជិត ៣​ម៉ោង ពេល​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​អ្នក​ភូមិ។ អាជ្ញាធរ​ថា ធ្វើ​ខុស​ម៉ោង​រដ្ឋបាល ដែល​មិន​បាន​ឲ្យ​អាជ្ញាធរ​ដឹង ប៉ុន្តែ​លោក អ៊ុំ ណារី ថា ការ​ធ្វើ​ពេល​យប់ ព្រោះ​អ្នក​ភូមិ​វិល​មក​ពី​ធ្វើ​ការងារ​វិញ។

ទោះ​យ៉ាង​នេះ​ក្ដី មេ​ភូមិ​ព្រែកតាគង់១ លោក ឡុង ហឿន ចង់​ឲ្យ​ពលរដ្ឋ​ប្រាប់​អាជ្ញាធរ​ដឹង​មុន។ ប៉ុន្តែ​ករណី​នេះ លោក​ឲ្យ​អ្នក​ភូមិ​ទាក់ទង​ទៅ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់។ ពេល​ទទួល​បាន​ក្រដាស​ស្នាម​មេដៃ​នេះ​វិញ អ្នក​ភូមិ​គ្រោង​ដាក់​ស្នាម​មេដៃ​នេះ​ទៅ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃ​ច័ន្ទ ទី​២០ កុម្ភៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។