លោក ហ៊ុន សែន បញ្ជា​ឱ្យ​អភិបាល​ខេត្ត​ប៉ៃលិន និង​ខេត្ត​បាត់ដំបង​ចុះ​កំណត់​ព្រំប្រទល់​រដ្ឋបាល​ខេត្ត​ទាំង​២​ឱ្យ​ច្បាស់លាស់

ដោយ សន ចាន់រដ្ឋា
2022.10.18
Share on WhatsApp
Share on WhatsApp
លោក ហ៊ុន សែន បញ្ជា​ឱ្យ​អភិបាល​ខេត្ត​ប៉ៃលិន និង​ខេត្ត​បាត់ដំបង​ចុះ​កំណត់​ព្រំប្រទល់​រដ្ឋបាល​ខេត្ត​ទាំង​២​ឱ្យ​ច្បាស់លាស់ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឱ្យ​អភិបាល​ខេត្ត​ប៉ៃលិន និង​ខេត្ត​បាត់ដំបង ពន្លឿន​នីតិវិធី​កំណត់​ភូមិសាស្ត្រ​ព្រំប្រទល់​រដ្ឋបាល​រវាង​ខេត្ត​ទាំងពីរ ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ និង​សិទ្ធិ​ស្របច្បាប់​លើ​កម្មសិទ្ធិ​ដីធ្លី។ សង្គម​ស៊ីវិល​សាទរ​ចំពោះ​ចំណាត់ការ​របស់​ប្រមុខ​រដ្ឋាភិបាល ហើយ​ស្នើ​ឱ្យ​អាជ្ញាធរ កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ និង​បែងចែក​តំបន់​រដ្ឋបាល​ច្បាស់លាស់។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឱ្យ​អភិបាល​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន ចុះ​កំណត់​ទីតាំង​ភូមិសាស្ត្រ​ព្រំប្រទល់​រវាង​ខេត្ត​ទាំងពីរ ឱ្យ​បាន​យ៉ាង​យូរ ២​សប្តាហ៍។ លោក​បញ្ជាក់​ថា បើ​ធ្វើ​មិនកើត នោះ​លោក​នឹង​ចុះ​ទៅ​ធ្វើ​ការងារ​នេះ​ដោយ​ផ្ទាល់​ដោយ​ខ្លួនឯង។

លោក ហ៊ុន សែន ថ្លែង​បែប​នេះ នៅក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ ជូន​និស្សិត​សាកលវិទ្យាល័យ​មួយ​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែ​តុលា។

លោក ហ៊ុន សែន លើកឡើង​ថា ពលរដ្ឋ​នៅ​តំបន់​ដែល​មិនទាន់​កំណត់​ព្រំប្រទល់ នៃ​ខេត្ត​ទាំងពីរ​នោះ គឺ​ពួកគេ ពិបាក​ទទួល​សេវា​សាធារណៈ ពិបាក​ក្នុង​ការ​បោះឆ្នោត និង​គ្មាន​កម្មសិទ្ធិ​លើ​ដី​ធ្លី ដើម្បី​យក​ទៅ​ប្រើប្រាស់​ជាមួយ​ធនាគារ និង​ប្រើប្រាស់​ជា​ប្រយោជន៍​ផ្សេងៗ​បាន​នោះទេ​។ លោក​ថា នៅពេល​ពលរដ្ឋ​ទៅ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន តែ ​អាជ្ញាធរ​ខេត្ត​ទាំង​នេះ មិន​ចេញ​កម្មសិទ្ធិ​ឱ្យ​ពួកគាត់ ដោយ​សំអាង​ថា តំបន់​មិនទាន់​វិនិច្ឆ័យ​កំណត់​តំបន់​ក្នុង​រដ្ឋបាល​ខេត្ត​ណាមួយ​ឱ្យ​បាន​ច្បាស់លាស់៖ «បាត់ដំបង​អត់​ចេញ​កម្មសិទ្ធិ​ដីធ្លី​ឱ្យ​ទេ ហើយ​នៅ​ខំ​កាន់កាប់​អី​ទៀត​។ ខ្ញុំ​ថា​តែ ឯកឧត្ដម សុខ លូ និង​បាន ស្រីមុំ ពីរ​នាក់​ហ្នឹង បើ​ធ្វើ​មិនទាន់​ទេ គឺ​ខ្ញុំ​និង​ចុះ​នៅ ២​អាទិត្យ​ទៀត ឱ្យ​ពេលវេលា​តែ​ប៉ុន​ហ្នឹង បើ​ធ្វើ​មិនទាន់​ទេ គឺ​ខ្ញុំ​នឹង​ចុះទៅ​ធ្វើ​ចៅហ្វាយខេត្ត​ប៉ុន្មាន​ហើយ​ធ្វើ​មិន​ចេញ។ វា​មាន​អ៊ីចឹង បើ​តាម​ខ្ញុំ​ស៊ើប វា​មាន​អា​អ្នកធំ​មួយចំនួន វា​ទៅ​ចាប់ដី​នៅ​កន្លែង​ហ្នឹង វា​ទៅ​ដាំ​ស្វាយ​នៅ​ហ្នឹង អ៊ីចឹង​វា​ទៅ​រារាំង នៅ​រដ្ឋបាល​ខេត្ត​បាត់ដំបង កុំ​ឱ្យ​កាត់​ដី​ហ្នឹង​ចូល​ទៅ​ប៉ៃលិន រឿង​វា​អ៊ីចឹង»

ពលរដ្ឋ​ម្នាក់​រស់នៅ​តំបន់​ដី​មិន​ទាន់​កំណត់​រដ្ឋបាល លោក សែម ឡាត់ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​នៅ​តំបន់​នោះ​ជា​អង្គភាព​ចាស់ នៃ​អតីត​ខ្មែរក្រហម​របស់​លោក​ចែក​ឱ្យ ហើយ​លោក​រស់នៅ​ទីនោះ​តាំង​ឆ្នាំ​១៩៩១​រហូត​មក​ទល់​សព្វថ្ងៃ​។ លោក​បន្ត​ថា ការ​កំណត់​រដ្ឋបាល​ខេត្ត​ណា​ក៏​ទឹកដី​ខ្មែរ​ដែរ សំខាន់​ឱ្យ​តែ​រដ្ឋាភិបាល​បញ្ជាក់​ថា ជា​តំបន់​របស់​ខេត្ត​មួយ​ណា ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ ងាយស្រួល​ទៅ​ទំនាក់ទំនង​ជាមួយ អាជ្ញាធរ​ពាក់ព័ន្ធ។ លោក សែម ឡាត់ ថា កន្លងមក​នៅ​តំបន់​នោះ មិន​ច្បាស់​លាស់​ថា ខេត្ត​ណា​គ្រប់គ្រង​ពិតប្រាកដ​ឡើយ។ លោក​សង្ឃឹម​ថា នៅ​ពេល​អាជ្ញាធរ​ចុះ​វាស់វែង​កំណត់​ព្រំប្រទល់​ខេត្ត​រួច និង​មាន​ការ​ផ្ដល់​សិទ្ធិ​ស្របច្បាប់ ដើម្បី​អាច​ប្រើប្រាស់​បាន​ក្នុង​ការ​ប្រកប​មុខរបរ​ផ្សេងៗ​។ លោក សែម ឡាត់ បញ្ជាក់​ថា ពលរដ្ឋ​រស់នៅ​តំបន់​នោះ ជាក់ស្ដែង​ជិត​៨០​គ្រួសារ និង​មាន អ្នក​អង្គភាព​ចាស់​ជាង​១​រយ​គ្រួសារ​(១០០) ក៏បាន​ដាក់ពាក្យ​ស្នើសុំ​ទៅ​អាជ្ញាធរ​ខេត្ត​បាត់ដំបង ដើម្បី​ទទួល​បាន​ដី​ស្របច្បាប់​ផង​ដែរ៖ «ដី​ហ្នឹង ខ្ញុំ​នៅ​តាំងពី​សមាហរណកម្ម តាំងពី​ជំនាន់​អ៊ុនតាក់​(UN)​មក ដី តំបន់ ហ្នឹង​តាំងពី​ឆ្នាំ​១៩៩១​មក​ម្ល៉េះ រហូត​មក​ដល់​ឆ្នាំ​១៩៩៦ ហ្នឹង បាន​សមាហរណកម្ម​ហើយ យើង​បាន​ទៅ​ធ្វើ​តាំងពី​ហ្នឹង​មក​។ ក្រោយមក​បរិស្ថាន​បាន​មិន​ឱ្យ​យើង​ចេញចូល ហើយ​យើង​ព្យាយាម​ធ្វើអោយ​ស្របច្បាប់ មិន​ចង់ទៅ​ទន្ទ្រាន ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​អ៊ីចឹង​ទៅណា​។ រដ្ឋាភិបាល​បានសម្រេច​អ៊ីចឹង វា​ជា​ការ​ងាយស្រួល​សម្រាប់​ព​ល​រដ្ឋ​ហើយ អ៊ីចឹង​ក៏​វា​សប្បាយចិត្ត​មែន ដើម្បី​កុំ​ឱ្យ​គាត់​ហេលហាល​អ៊ីចឹង​ទៅណា សប្បាយចិត្ត​និង​ឯង មក​ប៉ៃលិន​វា​ជិត​។ មិន​ដឹង​ថា អាជ្ញាធរ​គាត់​គិត​យ៉ាងម៉េច​ទៀត អាហ្នឹង​ចាំ​មើល​ចំណាត់ការ​របស់​គាត់​ថ្នាក់​ដឹកនាំ ខាង​អាជ្ញាធរ​ខេត្ត និង​ខេត្ត​មើល»

ក្រោយពី​សមាហរណកម្ម​ឆ្នាំ១៩៩៦ អតីត​ខ្មែរក្រហម ដែល​បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​រស់នៅ​តាម​តំបន់​ដែល​ធ្លាប់​រស់នៅ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​បាត់ដំបង និង​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​មិន​បាន​កំណត់​ព្រំប្រទល់​ខេត្ត​ឱ្យ​បាន​ច្បាស់លាស់ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ទាំងនោះ គ្មាន​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់ ដើម្បី​ប្រើប្រាស់​នៅ​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​បាត់ដំបង លោក សុខ លូ និង​អភិបាល​ខេត្ត​ប៉ៃលិន​អ្នកស្រី បាន ស្រីមុំ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ ថ្ងៃ​១៧ តុលា​នេះ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល​។ ប៉ុន្តែ​ហ្វេសបុក​របស់​អភិបាល​ខេត្ត​បាត់ដំបង លោក សុខ លូ បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ចំណុច​ព្រំប្រទល់​នៅ​ឃុំ​កំរៀង ស្រុក​កំរៀង ដែល​ជាប់​ជាមួយ​ឃុំ​ស្ទឹង​កាច់​ស្រុក​សាលា​ក្រៅ ជាមួយ​មន្ត្រី​ក្រោម​ឱវាទ​។ ចំណែក​អភិបាល​ខេត្ត​ប៉ៃលិន អ្នកស្រី បាន ស្រីមុំ ក៏បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះទៅ​កាន់​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ព្រំប្រទល់​ស្រុក​សំឡូត និង​ក្រុងប៉ៃលិន​ដែរ ថ្ងៃទី​១៧ តុលា​នេះ តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​ណា​មួយ​ពី​អាជ្ញាធរ​ខេត្ត​ទាំងពីរ អំពី​ចំនួន​ផ្ទៃដី​ជាក់លាក់ និង​ចំនួន​គ្រួសារ ដែល​ត្រូវធ្វើ​ការកំណត់​ព្រំប្រទល់​ខេត្ត​ឡើយ។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី លើកឡើង​ថា បញ្ហា​ព្រំប្រទល់​តំបន់​រដ្ឋបាល​នេះ គឺ​កើតឡើង​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​លោក​ក៏​ធ្លាប់​ទៅដល់​តំបន់​នោះ​ដែរ​។ លោក​បន្ត​ថា ជំនាន់​អភិបាល​ស្រុក​សំឡូត​លោក ឥន្ទ សាវឬទ្ធិ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ ហើយ​ខាង​ខេត្ត​ប៉ៃលិន ក៏បាន​នាំ​កម្លាំង​មក​ដែរ និង​សម្របសម្រួល​គ្នា ដោយ​ធ្វើ​ការ​ជំរឿន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជាក់ស្ដែង​។ លោក​ថា តំបន់​នោះ​ជា​តំបន់​អតីត​ខ្មែរក្រហម​រស់នៅ ហើយ​មាន​ដី​មួយចំនួន​ក៏​ត្រូវ​អាជ្ញាធរ​លើក​ឡើង​ថា​ប៉ះពាល់​ជាមួយ​ដី​បរិស្ថាន​ដែរ៖ «យើង​អត់​គប្បី​ទុក​បញ្ហា​ចោល​ទេ បញ្ហា​កើតមាន​ហើយ យើង​ត្រូវតែ​ធ្វើការ​ដោះស្រាយ​។ មិន​សំខាន់​ថា ដី​ហ្នឹង​ជា​ដី​របស់​ខេត្ត​ប៉ៃលិន ឬ​របស់​បាត់ដំបង​ទេ អ្វី​ដែល​ខ្ញុំ​ផ្ដោតអារម្មណ៍ ត្រង់​ថា​ពិនិត្យមើល​លទ្ធភាព​ជាក់ស្ដែង​ចំពោះ​ប្រជាពលរដ្ឋ ដែល​កាន់កាប់​ជាក់ស្ដែង ដែល​គាត់​អត់​ហាស លទ្ធភាព គឺ​ពិនិត្យមើល​ទៅលើ​បញ្ហា​ហ្នឹង​។ ទៅ​ខាង​ណាក៏ដោយ​ក៏​ប្រជាពលរដ្ឋ​គិតថា​មិន​មាន​បញ្ហា​ដែរ ឱ្យ​តែ​យើង​ជា​អ្នកគ្រប់គ្រង​ហ្នឹង លោក​ធ្វើ​ឱ្យ​បាន​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​ទៅ ហើយ​ដោះស្រាយ​ទៅ ឆ្វៀល​កាត់​អោយ​ប្រជាពលរដ្ឋ​ទៅ ហើយ​សល់​ប៉ុន្មាន ចាំ​យើង​បន្ត​ការគ្រប់គ្រង​ទៀត ។ អានេះ​ជា​ការ​យល់​ឃើញ​របស់ខ្ញុំ ដែល​ខ្ញុំ​ធ្លាប់​បាន​ទៅ​ដេក​នៅ​តំបន់​អូរ​ស្លេវ​នេះ​បាទ»

តំបន់​ដែល​មិនទាន់​កំណត់​ព្រំប្រទល់​រដ្ឋបាល​រវាង​ខេត្ត​ទាំងពីរ​នេះ រួមមាន ស្រុក​សាលា​ក្រៅ​ជាប់​ជាមួយ​ស្រុក​កំរៀង និង​ស្រុក​សំឡូត ជាប់​ជាមួយ​ក្រុង​ប៉ៃលិន។

សង្គម​ស៊ីវិល​យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​យកចិត្តទុកដាក់​តាមដាន ការ​កំណត់​ព្រំប្រទល់​រដ្ឋបាល​ខេត្ត​ទាំងពីរ​នេះ ដោយ​ឈរ​លើ​គោលការណ៍​ពលរដ្ឋ​ផ្ដល់​សិទ្ធិ​ស្របច្បាប់​ដល់​ពលរដ្ឋ​មូលដ្ឋាន និង​កាត់​ឆ្វៀល​ដី​ជូន​ដល់​ពលរដ្ឋ ដើម្បី​បង្ក​បង្កើន​ផល​ដោះស្រាយ​ជីវភាព​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។