អភិបាលក្រុងភ្នំពេញ យល់ព្រមឲ្យសង់រោងបុណ្យសពលោក ប៉ែន សុវណ្ណ នៅវត្តនួនមណីរាម ហៅវត្តថាន់ នៅរាជធានីភ្នំពេញហើយ។ តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ឡុង រី ឲ្យអាស៊ីសេរី ដឹងនៅរាត្រីថ្ងៃទី១ ខែវិច្ឆិកា ថា ក្រោយការជជែករវាងគណៈកម្មការរៀបចំកម្មវិធីបុណ្យសព ជាមួយមន្ត្រីសាលាក្រុង ជាលទ្ធផលនៅល្ងាចថ្ងៃដដែល ទើបអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស យល់ព្រម។
លោកថា នៅពេលនេះគណៈកម្មការរៀបចំកម្មវិធីបុណ្យសព បានដំឡើងរោងទាំងយប់រួចរាល់ហើយ នៅតែរៀបចំតុបតែងលំអទេ៖ «គណៈកម្មការរដ្ឋសភា ទើបតែជជែកគ្នាបានជាមួយអាជ្ញាធររាជធានីភ្នំពេញកាន់តែល្ងាចមែនទែនហើយ យើងបានសាងសង់រោងជាផ្លូវការ នៅកម្រាលព្រំនៅតុបតែងលំអ»។
ការព្រមព្រៀងបែបនេះ ក្រោយពេលអាជ្ញាធរខណ្ឌចំការមន នាំកម្លាំងសន្តិសុខប្រមាណ ៤០នាក់រារាំងមិនឲ្យគណបក្សសង្គ្រោះជាតិ សង់រោងបុណ្យសពលោក ប៉ែន សុវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអតីតនាយករដ្ឋមន្ត្រីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅក្នុងវត្តថាន់ កាលពីរសៀលថ្ងៃទី១ វិច្ឆិកា។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ ឲ្យដឹងថា សពលោក ប៉ែន សុវណ្ណ នឹងត្រូវដង្ហែពីខេត្តតាកែវ នៅថ្ងៃទី២ ខែវិច្ឆិកា មកតម្កល់នៅរៀបចំធ្វើបុណ្យនៅវត្តថាន់ ដល់ថ្ងៃទី៦ វិច្ឆិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
