ក្រុមយុវជន​ធ្វើយុទ្ធនាការ​៤សុំបង្ខំចិត្តបញ្ឈប់គម្រោង​ហែក្បួនដាក់​ញ្ញតិ​ទៅ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយសារ​សាលាក្រុង​ហាមឃាត់

ដោយ សុជីវី
2021-03-24
Share
ក្រុមយុវជន​ធ្វើយុទ្ធនាការ​៤សុំបង្ខំចិត្តបញ្ឈប់គម្រោង​ហែក្បួនដាក់​ញ្ញតិ​ទៅ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយសារ​សាលាក្រុង​ហាមឃាត់ កញ្ញា កែវ ទិត្យលីដា ប្រធានសមាគមស្ត្រីដើម្បីសង្គមត្រូវបានអាជ្ញាធររដ្ឋបាលខ័ណ្ឌស្ទឹងមានជ័យ១ ហៅទៅធ្វើកិច្ចសន្យា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុក ស្ត្រីដើម្បីសង្គម ថ្ងៃទី២៤ ខែមីនា ឆ្នាំំ២០២១។

ក្រុម​យុវជន​ធ្វើយុទ្ធនាការ​​៤​សុំ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ជួយដោះ​ស្រាយ​ជីវភាព​ពលរដ្ឋ​ក្នុងពេល​មាន​វិបត្តិកូវីដ​១៩ ​បង្ខំចិត្ត​បញ្ឈប់​គម្រោង​​ហែក្បួន​ដាក់​ញ្ញត្តិ​​ទៅ​​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ​ដោយ​សារ​​សាលាក្រុង​​ហាមឃាត់។

​ប្រធាន​​សមាគមស្រ្តីដើម្បី​​សង្គមកញ្ញា​ កែវ ទិត្យលីដា ប្រាប់​អាស៊ីសេរីថា ​​ក្រុមរបស់​នាង​បាន​សម្រេច​ថា​ នឹង​មាន​មនុស្ស​តែ​ម្នាក់​យក​ញ្ញត្តិដែល​ជាសំណូមពរ​របស់​ពលរដ្ឋដាក់ទៅ​នៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន នៅ​ថ្ងៃទី២៦ ខែមីនា ខាងមុខ ពោល​គឺមិនមាន​ការហែរក្បួន​ដូច​ការគ្រោងទុក​ឡើយ៖ «គាត់ថានៅ​ក្នុង​ករណីដែលយើង​នៅតែបន្តស្មើនឹង​យើងប្រឆាំង​នឹង​ខាងសាលាក្រុងអាជ្ញាធរ។ អ៊ីចឹងពួកខ្ញុំមិនមែន​ធ្វើ ដើម្បី​ប្រឆាំង​ដែរ បើ​គេ​គិតថា​ទង្វើហ្នឹង​ប្រឆាំង​ខ្ញុំ​សម្រប​តាមគេ ​បើគេអោយទៅម្នាក់ខ្ញុំទៅម្នាក់ សំខាន់​អោយ​តែ​សំណើបាន​ទៅដល់រដ្ឋាភិបាល​ គឺពួកខ្ញុំអស់ចិត្ត»

ការសម្រេចនេះ​បន្ទាប់ពី​សាលារាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី២៤ ខែមីនា​បាន​ចេញ​លិខិត​មិនអនុញ្ញាតិ​ឱ្យ​ក្រុមយុវជន ដើរហែក្បួន​ជាក្រុម ប៉ុន្តែ​អាចឱ្យ​តំណាង​ម្នាក់​ទៅ​ដាក់ញ្ញតិ​បាន។​ សាលា​រាជធានី​ភ្នំពេញ​​សំអាង​ហេតុផល​​ទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺកូវីដ​-​១៩ ​ដែល​ត្រូវចៀស​វាង​ការ​ប្រមូល​ផ្តុំ​មនុស្សច្រើន​។​

ក្រុម​យុវជន​​បាន​ដាក់​​លិខិត​​ទៅ​សាលារាជធានី​​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៣ ​ខែមីនា ​ដើម្បី​​ស្នើ​សុំ​ហែក្បួន​​ដាក់ញ្ញត្តិ ​ដោយ​​ធ្វើ​ដំណើរ​ចេញ​​ពី​វត្តភ្នំ​ ទៅ​ខុទ្ធកាល័យ​​លោក​ ហ៊ុន​ សែន ​នៅព្រឹ​ក​​ថ្ងៃ​ទី២៦ ​ខែមីនា ​ខាងមុខ។ ​ញត្តិនោះ​​មាន​សំណូមពរ និង​ស្នាម​មេដៃ​ពលរដ្ឋ​ជិត ​២០០នាក់ គឺ​ជាអ្នកដែល​ជួប​ការលំបាក​ក្នុង​ជីវភាព​ដោយសារ​វិបត្តិជំងឺកូវីដ-១៩។ ពួកគេ​ស្នើសុំ លោក ហ៊ុន សែន អន្តរាគមន៍​លើកលែង​ថ្លៃទឹកភ្លើង​ចំនួ​ន ៣ខែ រក្សាតម្លៃ​ប្រេងសាំងឱ្យ​នៅក្រោម ៣០០០​រៀល ​ក្នុង​១លីត្រ លើកលែង​ការសងប្រាក់​ទៅ​ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ​រយៈពេល ៣ខែ និង​បញ្ចុះតម្លៃបន្ទប់ជួល​ពាក់កណ្តាល​ក្នុង​រយៈពេល ៣ខែ​ ដែរ។ ពួកគេបញ្ជាក់ថា ​ក្បួន​របស់​ពួកគេ​មាន​គ្នាមិនលើសពី ៥០​នាក់ឡើយ ដោយ​គោរពតាមការណែនាំ​របស់​ក្រសួង​សុខាភិបាល ព្រមទាំង​មាន​បដាពាក្យស្លោកមួយចំនួន និង​ទង់ជាតិខ្មែរ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល